អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សមាជិក​បក្ស​ប្រឆាំង

រូបឯកសារ៖ ក្រុមអ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​កាន់​រូបថត​លោក សម រង្សុី​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​បញ្ឈប់​ការ​ចាប់​ខ្លួន​និងការ​ចោទ​ប្រកាន់​លើ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​តាម​អំពើ​ចិត្ត ហើយ​ត្រូវ​ដោះលែង​អ្នក​ទោស​មនសិការ​និង​អ្នក​ទោស​នយោបាយ​ទាំង​អស់​នោះ​ជា​បន្ទាន់។ នេះ​បើ​យោង​តាម​ការ​អំពាវ​នាវ​របស់​អង្គការសិទ្ធិមនុស្ស Amnesty International ដែល​បាន​ប្រកាស​តាមរយៈ​សេចក្តីថ្លែង​ការណ៍​មួយ​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្តីថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ថា៖ «អង្គការ​ Amnesty International សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​បុគ្គល​ទាំងអស់​នោះ​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ ដោយ​សារ​តែ​ពួកគេ​បាន​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ដោយ​សន្តិវិធី ហើយ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទម្លាក់​បទ​ចោទ​មក​លើ​ពួកគេ​ជា​បន្ទាន់‍»។

ចាប់​តាំង​ពី​ខែ​សីហា បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តី​ទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ បាន​ប្រកាស​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​យ៉ាង​ហោច​ណាស់​ ចំនួន​៤១នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ហើយ​៨៨នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​នីតិវិធី​របស់​តុលាការ​កម្ពុជា ដែល​ជា​ញឹកញាប់​រង​ការ​រិះគន់​ថា​មាន​ការ​លម្អៀង​ខាង​នយោបាយ​គាំទ្រ​និន្នាការ​របស់​រដ្ឋាភិបាល។

ថ្មីៗនេះ​ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​ម្នាក់ ឈ្មោះ សំ បុប្ផា បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​សារ​តែ​ធ្លាក់​ពី​លើ​ម៉ូតូ​របស់​ប៉ូលិស នៅ​ពេល​ដែល​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ​ទាំង​បង្ខំ។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​សាច់ញាតិ ដែល​បច្ចុប្បន្ន​កំពុង​ទាមទារ​រក​យុត្តិធម៌​ឲ្យ​អ្នកស្រី សំ បុប្ផា។ ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​នេះ​ទេ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Amnesty International ក៏​បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ឃ្លាំ​មើល​ឲ្យ​បាន​ដិតដល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ផង​ដែរ៕