លោក សុខ ឥសាន៖ កម្ពុជា​នឹង​បង្កើត​ច្បាប់​ប្រឆាំង​ក្រុម​ភេរវកម្មឲ្យ​បាន​ឆាប់ បើ​ក្រុម​ជំទាស់​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស

រូបឯកសារ៖ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​លោក​សុខ ឥសាន​ ផ្តល់​បទសម្ភាសន៍​ជាមួយ​សំឡេង​សហរដ្ឋ​អាមេរិក​ (វីអូអេ​)​ នៅ​ទីស្នាក់​កណ្តាល​គណបក្ស​ប្រជាជនកម្ពុជា​ ក្នុងទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៦ កក្កដា​ ឆ្នាំ​ ២០២៣។ (ពិន ស៊ីសុវណ្ណ/វីអូអេ)

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា ​គណបក្ស​កាន់​អំណាច​នឹង​ពន្លឿន​ច្បាប់​ស្តី​ពី​ភេរវ​កម្ម​ប្រឆាំង​នឹង​ក្រុម​ជំទាស់​នៅ​ក្រៅ​ប្រទេស ប្រសិន​បើ​មាន​ការ​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស។

នេះ​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​កាន់​មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​គឺលោក សម រង្ស៊ី។ ​កាល​ពី​ខែ​វិច្ឆិកា លោក សម រង្ស៊ី បានប្រកាសបង្កើត​«ចលនា​ជាតិ​តស៊ូ»មួយ ​ក្នុង​គោល​បំណង​ទាមទារ​រដ្ឋា​ភិបាល​កម្ពុជា​វិល​ត្រឡប់​មក​ដឹកនាំ​តាម​បែប​ប្រជា​ធិប​តេយ្យ និង​ដើម្បី​ធានា​សេរី​ភាព ​និង​យុត្តិធម៌​ពេញ​លេញ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ​ចលនា​នេះ​មាន​ឈ្មោះ​ពេញ​ថា​ «ចលនា​ជាតិ​តស៊ូ ​ដើម្បី​ការពារ​ទឹក​ដី​ប្រទេស​កម្ពុជា និង​ទាមទារ​សេរីភាព ​និង​យុត្តិ​ធម៌​សម្រាប់​ប្រជា​រាស្រ្ត​ខ្មែរ​»។

លោក សុខ ឥសាន បាន​ចាត់​ទុក​ក្រុម​ជំទាស់​នៅ​ក្រៅ​ប្រទេសថាជា​«ក្រុម​ឧទ្ទាមក្រៅ​ច្បាប់»​។ លោកថា ​ច្បាប់​ប្រឆាំង​នឹង​ចលនា​«ភេរវកម្ម» នឹង​ត្រូវ​បាន​បង្កើត​ឆាប់ៗ បើ​សិន​ណាជា​លោក សម រង្ស៊ី បង្កើតរដ្ឋា​ភិបាល​ក្រៅ​ប្រទេស​។

លោក សុខ ឥសាន ប្រាប់វីអូអេនៅ​ថ្ងៃសុក្រថា៖ ​«​ស្តាប់​ខ្លឹម​សារ​ប្រសាសន៍​របស់សម្តេច​តេជោ ​ប្រធាន​គណ​បក្ស​ លោក​ធ្វើ​តាម ​ក្រោយ​សកម្ម​ភាព​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​។ ​បើ​សិន​ណា​ជា​ទណ្ឌិត ​សម រង្ស៊ី ប្រកាស​[បង្កើត]​រដ្ឋា​ភិបាល​ក្រៅ​ប្រទេស ​អាហ្នឹង​អាច​នឹង​មាន​ច្បាប់​ឆាប់។ ​តែ​បើ​គាត់​ពន្យារ​ពេល គាត់​មិន​ប្រកាស​ទេ​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក៏ចង់រង់​ចាំ​មើល​ដែរ​។ អាហ្នឹង​មិន​មែន​ថា ធ្វើ​មុន​បញ្ហា​ទេ​»។

កាលពី​ខែ​វិច្ឆិកា អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​បច្ចុប្បន្ននេះជា​ប្រធាន​ព្រឹទ្ធសភា បាន​លើក​ឡើង​អំពី​ការ​តាក់​តែង​ច្បាប់​នេះ នៅ​ក្នុង​គោល​បំណង​ដើម្បី​ដាក់​ក្រុម​ជំទាស់​នៅ​ក្រៅ​ប្រទេស​ថា ជា​ក្រុម​ភេរវ​កម្ម។ លោក​ ហ៊ុន សែន បាន​អះអាងថា ​ក្រុម​ជំទាស់​នៅ​ក្រៅ​ប្រទេស​បាន​ញុះញង់​អុជ​អាល​ប្រជាពល​រដ្ឋ​អំពីបញ្ហា​កោះ​គុត ​ដែល​លោក​ថា ​វា​អាច​នាំ​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​រវាង​កម្ពុជា​និង​ថៃ​។

លោក ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​កាល​ពីថ្ងៃទី​ ២១ ខែ​វិច្ឆិកា ឆ្នាំ​ ២០២៤ ​ថា៖ «ឥ​ឡូវ​នេះ គេ​កំពុង​ធ្វើ​ថាឲ្យ​ប្រជា​ជន​កម្ពុជា​ធ្វើបាតុ​កម្ម ​ដើម្បី​រុញ​រដ្ឋាភិបាល​ឲ្យប្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​។ ​ដំបៅ​មិន​ឈឺ យក​ឈើ​ចាក់​។ រឿង​គេ​កំពុង​តែ​ជជែក​គ្នា ឯ​យើង​មក​រុញ ​តើ​នេះ​ជា​អ្វីទៅ? ជា​អំពើ​អ្វី​? ដែល​ម្តង​ហើយ​ម្តង​ទៀត​ រុញ​ឲ្យប្រជា​ជន​មិន​ទទួល​បាន​សេចក្តី​សុខ​ណាមួយ​តាម​រយៈ​ការបង្កើត​ចលនា​ប្រឆាំង​។ ព្រះ​តេជ​គុណ តើ​ដល់​ពេល​វេលា​ដែល​រាជ​រដ្ឋា​ភិបាល​ ឬក៏​អ្នក​តាក់​តែង​ច្បាប់ ​ដើម្បី​រៀប​ចំ​នូវ​ច្បាប់​ដាក់​ក្រុម​នេះទៅ​ជា​ក្រុម​ភេរវ​កម្ម​ហើយ​ឬនៅ​?​ នេះ​ជា​បញ្ហាដែល​ខ្ញុំ ព្រះករុណា​ខ្ញុំ ក៏​ដូចជា​អ្នកនយោ​បាយដទៃ​ទៀតកំពុង​តាម​ដាន​ពិនិត្យ​ថា តើ​ដល់​ពេល​ហើយឬ​នៅ​? ព្រោះ​នេះ វា​មាន​ចំណុច​នៃ​ការ​ញុះ​ញង់​ អុជ​អាល ​ដែល​វា​អាច​នាំ​ទៅ​ដល់​ការ​ផ្ទុះ​អាវុធរវាង​កម្ពុជា​និង​ថៃ​តែ​ម្តង​ មិន​គ្រាន់​តែ​បញ្ហា​នៅផ្ទៃ​ក្នុង​កម្ពុជា​នោះ​ទេ​»។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ គណ​បក្ស​នយោ​បាយ​មួយ​ដែលមាន​ឈ្មោះ​ថា ​គណបក្ស​ខ្មែរ​អភិរក្ស​ ដែល​ដឹកនាំ​ដោយ​អតីត​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​មួយ​រូប ​គឺ​លោក​ រៀល ខេមរិន្ទ្រ​ បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត ​ឲ្យបង្កើត​ច្បាប់​ភេរវ​កម្ម។ ​នេះ​បើ​តាម​លិខិត​ដែលលោក​ រៀល ខេម​រិន្ទ្រ​ បង្ហោះ​លើប​ណ្តាញ​សង្គម​ហ្វេស​ប៊ុក កាល​ពីថ្ងៃ​ទី ​១៩ ខែ​ធ្នូ។

លោក អ៊ុំ សំអាន អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ និង​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា ​លោក​មិន​ដែល​ឃើញ​ប្រទេស​ណាបង្កើត​ច្បាប់ ដើម្បី​ដាក់អ្នក​បញ្ចេញ​មតិ​យោបល់​ថា​ជា​ក្រុម​ភេរវករ​នោះឡើយ​។

លោក​ថ្លែងថា​ថា​៖ «​យើង​អត់​មាន​ការ​ព្រួយ​បារម្ភអ្វី​ទាំងអស់​។ អ្វី​ដែល​ជា​ការ​គំរាម​កំហែង​របស់​លោក ហ៊ុន សែន ​ឥឡូវ​នេះ​វា​សាំ​ហើយ ​សម្រាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ លែង​ខ្លាច​ការ​គំរាម​កំហែង​ត្រកូល​ហ៊ុន​ហើយ ​ព្រោះ​លោក ហ៊ុន សែន គាត់​គំរាម​កំហែង​តាម​សារ​បែក​ធ្លាយ ​រហូត​ធ្វើ​ទុក្ខបុក​ម្នេញ តាម​វាយ​គេ​ដល់​ផ្ទះ ​ដល់​អី សារគាត់​ច្រើន​ណាស់។ ក៏​ប៉ុន្តែ​សារ​របស់​គាត់​យូរ​ៗ​ទៅ សាប​ទៅៗ ប្រជា​ពលរដ្ឋ​លែងខ្លាច ព្រោះគេ​ដល់​ក​ហើយ​»។

ចំណែក​លោក ​អ៊ូ ច័ន្ទរ័ត្ន​ សហ​ស្ថាបនិក​គណ​បក្ស​កែ​ទម្រង់​កម្ពុជា ថ្លែង​ថា ​កម្ពុជាមិន​ចាំ​បាច់​ប​ង្កើត​ច្បាប់​ភេរវ​កម្មនោះ​ទេ ដោយ​សារ​តែកម្ពុជា​មាន​ច្បាប់​រួច​ទៅ​ហើយ​ ដូច​ជា​ច្បាប់​ព្រហ្ម​ទណ្ឌ​ជាដើម។

លោក ​អ៊ូ ច័ន្ទរ័ត្ន យល់ថា ការ​ចង់​បង្កើត​ច្បាប់​ភេរវកម្ម​ក៏អាច​ជា«​ចេតនា​បំបិទ​»​ទំនាក់​ទំនង​រវាង​អ្នក​នយោ​បាយ​ប្រឆាំង​ក្រៅ​ប្រទេស និង​អ្នក​នយោ​បាយ​ក្នុង​ប្រទេស​ផង​ដែរ។​ ហើយ​ច្បាប់​នេះ​ក៏​ជា​អាវុធ​មុខ​ពីរ ដែល​លោក​ថា​មាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជ​មាន។

លោក​ថ្លែង​ថា៖​ «ថ្ងៃ​ក្រោយ​ទៅ ​ឧទាហរណ៍ ​បើសិនជា​ក្រុម​ដទៃ​ឡើង​មក​គ្រប់​គ្រង​អំណាច​ ហើយ​ប្រើប្រាស់​ច្បាប់​ហ្នឹងដើម្បី​កម្ទេច​គ្នា​ទៅវិញ​ទៅមក​ អាហ្នឹង​វា​រឿងមួយ​គ្រោះ​ថ្នាក់​សម្រាប់​ប្រទេស​ណាស់​។ ​ហើយ​ខ្ញុំ​គិត​ថា ​វាជា​រឿង​ដែល​មិន​មាន​អីចាំបាច់​សម្រាប់​បង្កើត​ច្បាប់​ហ្នឹង​ទេ​។ មែន​ទែន​ទៅ ​ច្បាប់​ភេរវ​កម្ម​អន្តរ​ជាតិ​ក៏គេ​មាន​ហើយ»។

លោក​ អ៊ូ ច័ន្ទរ័ត្ន ថ្លែង​បន្ថែមថា​ បើសិន​ជា​ច្បាប់​ភេរវ​កម្ម​នេះ​ពិត​ជា​ត្រូវ​បាន​បង្កើត​ឡើង​មែន​នោះ ​វានឹង​ធ្វើ​ឲ្យសេរី​ភាព​បញ្ចេញ​មតិ ​និង​សេរី​ភាព​នយោបាយ​កាន់​តែ​រួម​តូច និង​ធ្វើ​ឲ្យអ្នក​នយោបាយនិង​សកម្មជន​នយោ​បាយ​កាន់​តែ​លំបាក​ក្នុងការ​ធ្វើ​សកម្មភាព​។
គួរ​បញ្ជាក់​ថា​ កាលពី​ខែវិច្ឆិកា ​លោក សម រង្ស៊ី ​បាន​លើក​ឡើង​ថា​ «ចលនា​ជាតិ​តស៊ូ» នឹង​បង្កើត«​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ»​ដែល​ជា​ក្បាល​ម៉ាស៊ីន ​ហើយ​ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​នេះ​ នឹង​ឈាន​ទៅ​បង្កើត​«រដ្ឋា​ភិបាល​បណ្តោះ​អាសន្ន​»​៕