រដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី៤ ខែវិច្ឆិកា ជាពេលជួបពិគ្រោះយោបល់ជាមួយតំណាងសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីពិភាក្សាលើសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលហៅកាត់ថា LANGO។ នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយជាសាធារណៈនៅដើមសប្តាហ៍នេះ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល យល់ថា ការបន្ទន់ជំហររបស់រដ្ឋាភិបាល ដែលបើកផ្លូវឲ្យមានកិច្ចពិគ្រោះយោបល់អំពីសំណើធ្វើវិសោធនកម្មលើច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលនេះ ជាផ្នែកមួយនៃការបំពេញទៅតាមការទាមទាររបស់សហភាពអឺរ៉ុប ដែលបានផ្តើមនីតិវិធីសើរើដកកម្ពុជាចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» ឬហៅថា EBA ដោយសារការធ្លាក់ចុះខ្សោយយ៉ាងគំហុកនៃដំណើរការប្រជាធិតេយ្យនៅកម្ពុជា។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានៅពេលនេះ កំពុងចាប់ផ្តើមធ្វើទៅតាមសំណើរបស់សហភាពអឺរ៉ុប ដែលដាក់លក្ខខណ្ឌឲ្យកម្ពុជាផ្តល់សេរីភាពដល់អង្គការសង្គមស៊ីវិល បំពេញការងារដោយមិនរងសម្ពាធពីអាជ្ញាធរ។
លោកបន្ថែមថា នេះជាចេតនារបស់រដ្ឋាភិបាលកម្ពុជា ដែលនៅត្រូវការប្រព័ន្ធឋានៈអនុគ្រោះពន្ធសហភាពអឺរ៉ុប ដែលបានអនុញ្ញាតឲ្យកម្ពុជានាំចូលផលិតផលក្នុងស្រុករបស់ខ្លួនមួយចំនួន ទៅក្នុងបណ្តាប្រទេសនៅសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ។
«ខ្ញុំគិតថា អាហ្នឹងជាផ្នែកមួយដែលរាជរដ្ឋាភិបាល ហាក់បង្ហាញនូវចេតនា នៅក្នុងការថែរក្សា ប្រព័ន្ធអនុគ្រោះពន្ធហ្នឹង»។
មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ កត់សម្គាត់ទៀតថា ការប្រែប្រួលរបស់រដ្ឋាភិបាល ដែលផ្តល់ឱកាសឲ្យមានវិសោធនកម្មលើច្បាប់ដ៏ចម្រូងចម្រាសនេះ កើតមានឡើង ក្រោយទស្សនកិច្ចរបស់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានឥទ្ធិពលមួយក្នុងសហគមន៍អឺរ៉ុប។
កាលពីឆ្នាំ២០១៥ រដ្ឋសភាជាតិបានអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ បើទោះបីជាមានការតវ៉ាប្រឆាំងនឹងការអនុម័តនេះក៏ដោយ។ បួនឆ្នាំក្រោយការអនុម័តច្បាប់នេះ ក្រុមសង្គមស៊ីវិលបានប្រឈមនឹងផលវិបាកក្នុងការអនុវត្តការងាររបស់ខ្លួនមួយចំនួន ដូចជានីតិវិធីនៃការចុះបញ្ជី ការផ្លាស់ប្តូរថ្នាក់ដឹកនាំ និងអាសយដ្ឋាន ការបើកគណេនយ្យធនាគារ ការបំពេញកាតព្វកិច្ចពន្ធដារ និងការដាក់ជូនរបាយការណ៍ទៅក្រសួងមហាផ្ទៃជាដើម។
យោងតាមការសិក្សាសង្ខេបរបស់ក្រុមអង្គការសង្គមស៊ីវិលលើច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ មាត្រាមួយចំនួននៃច្បាប់នេះ ត្រូវបានសរសេរឡើងដោយមិនស្របទៅតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា និងក្របខណ្ឌគតិយុត្តិជាតិ និងអន្តរជាតិផ្សេងទៀតនោះទេ។
ចំណុចរសើបមួយដែលត្រូវគេយកមកធ្វើការសិក្សានោះ គឺមាត្រា២៤ ដែលចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលត្រូវប្រកាន់ជំហរអព្យាក្រឹត្យចំពោះគណបក្សនយោបាយទាំងអស់នៅកម្ពុជា។ ក្រសួងមហាផ្ទៃអាចព្រមានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលអំពីការលម្អៀង ហើយបើការលម្អៀងនេះនៅតែមាន ក្រសួងអាចលុបឈ្មោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនោះចេញពីបញ្ជី។ ការសិក្សាសង្ខេបនោះ បានទាមទារឲ្យលុបចោលមាតា្រនេះទាំងស្រុង។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចពិគ្រោះយោបល់ដែលគ្រោងនឹងធ្វើនៅក្រសួងមហាផ្ទៃសប្តាហ៍ក្រោយនេះ អាចជាផ្នែកមួយនៃការខិតខំរបស់រដ្ឋាភិបាលដែលនៅចង់បន្តរក្សាទុកប្រព័ន្ធឋានៈអនុគ្រោះ EBA។
«អាហ្នឹងក៏ជាផ្នែកមួយអាច បន្ធូរឬក៏ដោះស្រាយនូវលក្ខខណ្ឌដែល EBA ខាងសហភាពអឺរ៉ុប គេបានកំណត់ហ្នឹងមួយផ្នែកដែរ»។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា ការបកស្រាយណាមួយ ដែលភ្ជាប់ប្រព័ន្ធអនុគ្រោះ EBA ទៅនឹងការពិគ្រោះយោបល់អំពីសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ ជា«ការបញ្ចេញមតិ»។
លោកបន្ថែមថា ក្រសួងនឹងប្រើវេទិកាពិគ្រោះយោបល់នោះ ប្រមូលធាតុចូលសម្រាប់ការពិចារណាលើការបើកឲ្យមានវិសោធនកម្មច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
កញ្ញាលី ស្រីស្រស់ ប្រធានអ្នកវិភាគវ័យក្មេងនៅកម្ពុជា យល់ថា ប្រសិនបើរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីបើកលំហរសេរីភាពបន្ថែមដល់អង្គការសង្គមស៊ីវិលពិតមែននោះ វាបង្ហាញថា រដ្ឋាភិបាលកំពុងផ្គាប់ចិត្តសហភាពអឺរ៉ុប ក្រោមក្របខណ្ឌប្រព័ន្ធឋានៈអនុគ្រោះ EBA។
ក្រុមការងាររបស់សហភាពអឺរ៉ុបមួយនឹងចេញរបាយការណ៍នៃការរកឃើញរបស់ខ្លួនអំពីបច្ចុប្បន្នភាពរបស់កម្ពុជាក្រោមក្របខ័ណ្ឌ EBA នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ហើយរបាយការណ៍នេះនឹងត្រូវបញ្ជូនឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតប។ រដ្ឋាភិបាលកម្ពុជានឹងមានពេលបីខែ សម្រាប់ធ្វើការឆ្លើយតបទៅនឹងរបាយការណ៍នេះ៕