សហរដ្ឋអាមេរិករវាងសង្គ្រាមនិងសន្តិភាព

  • Faiza Elmasry

យន្តហោះគ្មាន​អ្នកបើកបរ​របស់​សហរដ្ឋ​អាមេរិកហោះកាត់កានដាហារ នាភាគខាងជើង​ប្រទេស​អាហ្វហ្គានីស្ថាន។

កាល​ពីពីរ​សតវត្សរ៍មុន កម្រ​មាន​ពេលណា​មួយ​ដែលសង្គ្រាម​ មិន​រីក​រាល​ដាលទៅ​កាន់​កន្លែង​ផ្សេង​ទៀតនៃ​ពិភពលោក​ណាស់។​ សហរដ្ឋ​អាមេរិក ត្រូវ​ជាប់​ពាក់​ព័ន្ធ​ក្នុងជម្លោះ​ជា​ច្រើន​ ហើយមិន​មែនតែងតែមាន​សមត្ថភាព​ទទួលលទ្ធផលគួរ​ជាទីពេញ​ចិត្តរាល់​លើក​នោះដែរ។ ប្រវត្តិវិទូ​សំខាន់ៗខាងយោធាមួយ​ក្រុម ស្វែង​រក​មូលហេតុ​នេះ នៅ​ក្នុងសៀវភៅ​ថ្មី​មួយ​។

លោកវរៈសេនីយ៍​ឯក​ ម៉ាធ្យូ ម៉ូទេន (Matthew Moten) ប្រធានដេប៉ាតឺម៉ង់ប្រវត្តិសាស្រ្ត​នៅ​សាលាវ៉េសភញ (​West Point) នៃ​បណ្ឌិត្យ​សភាយោធា​សហរដ្ឋអាមេរិក​ (U.S. military academy) មាន​ប្រសាសន៍​ថា ​សង្គ្រាម​មិន​ដែល​បញ្ចប់​ដោយ​ឯកឯង​នោះ​ទេ​។ សង្គ្រាម ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ទទួល​លទ្ធផលណាមួយដែល​មេដឹកនាំ​នយោបាយបានសម្រេចចិត្ត​ ​មិន​អាច​ទទួល​បាន​តាម​រយៈ​ការ​បញ្ចុះ​បញ្ចូល​ ការចរចា​ ឬ​ការគំរាមកំហែង​ឡើយ​។ បើទោះជាគ្រឿង​សព្វាវុធ​និង​យុទ្ធសាស្រ្ត​ បានផ្លាស់ប្តូរអស់​ជាច្រើនសតវត្ស​ក៏​ដោយ​ លោក​វរៈសេនីយ៍ឯក ​ម៉ូទេន ​បញ្ជាក់ថា​ សារជាតិនៃ​សង្គ្រាម ​គ្មានការផ្លាស់​ប្តូរ​ទាល់​តែ​សោះ​។​

«​សង្គ្រាម បន្ត​ក្លាយជាបញ្ហា​ជម្លោះ​រវាងក្រុម​មនុស្សដែល​មាន​ផលប្រយោជន៍​ផ្ទុយគ្នា​។​ សង្គ្រាម ​អាច​ត្រូវបានប្រដួចទៅ​នឹងប្រកួត​កាច់​ដៃ​គ្នា​។​ ប៉ុន្តែ​នៅ​ទី​បំផុត​ គោល​បំណង​នៃ​សង្រ្គាម ត្រូវ​ដាក់បង្ខំ​ឆន្ទះ​របស់​ក្រុមមួយ​ទៅ​លើ​សត្រូវរបស់​ខ្លួន​»។​

លោក​វរៈសេនីយ៍ឯក ​ម៉ូទេន ​បាន​ដឹក​នាំ​អ្នក​សិក្សាស្រាវជ្រាវល្បី​ៗ​មួយ​ក្រុម ដើម្បី​ពិនិត្យមើល​ប្រវត្តិសាស្រ្តយោធាសហរដ្ឋអាមេរិក​។ ​លទ្ធផល​ បង្ហាញនៅ​ក្នុង​សៀវភៅ​ថ្មី​មួយ ក្រោមចំណង​ជើងថា៖ «រវាង​សង្គ្រាម​និង​សន្តិភាព​៖ តើ​អាមេរិក​បញ្ចប់​សង្គ្រាម​ដោយ​របៀប​ណា?»

«យើង​បាន​បង្កើតបញ្ជីនៃ​ជំពូក​អត្ថបទ ដែលរាប់បញ្ចូល​នូវ​អ្វី​ដែល​យើងគិត​ថា​ជាសង្គ្រាមធំៗ​ជា​ច្រើន ​ដោយចាប់​ផ្តើម​ពី ​បដិវត្តន៍​អាមេរិក​ (American Revolution) និងការ​បញ្ចប់​ ​សង្គ្រាម​ឈូង​សមុទ្រ(Gulf war) ​កាល​ពី​ឆ្នាំ​1991​ ដែល​ជា​សង្រ្គាមចុង​ក្រោយ ដែលយើងចាត់​ទុក​ថា​បាន​បញ្ចប់​រួច​ហើយ។ អាស្រ័យ​ហេតុ​នេះ យើងបានគិតថា យើងអាច​ពិភាក្សាពីការ​បព្ចាប់​សង្គ្រាមបានហើយ។»

ក្នុង​ចំណោម​សង្គ្រាម​ចំនួន ១៤ នៅក្នុង​សៀវភៅ​ មាន​តែ​សង្គ្រាមនៅ​ម៉ិចសិកូ​ (Mexican War) ចាប់ពីឆ្នាំ​១៨៤៦ ដល់​១៨៤៨ ​មួយ​គត់ បានបញ្ចប់ទៅ​ដោយ​សហរដ្ឋ​អាមេរិក​សម្រេច​បាន​គ្រប់គោល​បំណង​របស់​ខ្លួនទាំងអស់​ ដោយ​រាប់​បញ្ចូលទាំង​ ការ​កាន់​កាប់​ទៅលើ​អ្វី​ដែល​ ជាទឹកដីនៅភាគ​និរតី​របស់សហរដ្ឋ​អាមេរិក នា​ពេល​បច្ចុប្បន្ន​។ គ្មាន​ជម្លោះផ្សេង​ទៀត​របស់​សហរដ្ឋ​អាមេរិក ​បាន​ទទួល​លទ្ធផល ដែលឆ្លើយ​តបទាំងស្រុង ​តាម​ការរំពឹង​ទុក​មុន​សង្គ្រាម​នោះ​ទេ។

លោកវរៈសេនីយ៍ឯក ​ម៉ូទេន ​កត់សម្គាល់ថា​ ខណៈដែល​សង្គ្រាម​មួយ​ចំនួន ​បានបញ្ចប់​ដោយ​សន្ធិសញ្ញា​សន្តិភាព ​ការ​បញ្ចប់​សង្គ្រាមដទៃ​ទៀត គ្មាន​ភាព​ច្បាស់​លាស់ទាល់​តែ​សោះ។

«​សង្គ្រាម​ដែលពិបាក​បញ្ចប់​បំផុត​ គឺ​សង្គ្រាម​មួយ​ដែល​យើង​ទទួលបរាជ័យ។ នោះជាសង្គ្រាម​វៀតណាម​។ សង្គ្រាមនោះ ជា​ករណីមួយ ​ដែល​មានគោលនយោបាយ​និង​យុទ្ធសាស្រ្ត​ដ៏ច្របូកច្របល់​ និងត្រូវការពេលវេលាយូរ ដើម្បី​ស្វែងយល់​ថា ​យើងនឹង​គ្មាន​លទ្ធភាពឈ្នះ ​ស្របទៅតាមសោ​ហ៊ុយ​ ​ដែលយើងត្រូវចំណាយនោះឡើយ​។»​

ជា​រឿយៗ ​ការ​កំណត់និយមន័យ​ពាក្យ ជ័យ​ជម្នះនិងបរាជ័យ អាចមាន​ការ​លំបាកយ៉ាងខ្លាំង​។

ប្រវត្តិវិទូ​ ចូសិហ្វ គ្លាថា (Joseph Glatthaar) និយាយថា ​ការ​បញ្ចប់​សង្គ្រាម​ អាច​មាន​ឥទ្ធិពល​ទៅ​លើ​សន្តិភាព ដែលកើតឡើង​នៅ​ពេលក្រោយមក​។

​មាន​ភាពកម្រិត​ចំពោះ​អ្វីដែលសង្គ្រាម អាច​សម្រេច​បាន​ ហើយ​ប្រវត្តិវិទួ រូជឹរ ស្ពីលឹរ (Roger Spiller)​ បាន​ពន្យល់​ទៀត​ថា ភាពកម្រិត ត្រូវ​បាន​កំណត់​ដោយ​ ក្រុម​ទាហាន​ខ្លួនឯង​តែម្តង។​

«​មនុស្ស​ អាចចាប់​ផ្តើមធ្វើសង្គ្រាម ​ដោយ​មាន​ការ​រំពឹងទុកប្រកបដោយភាព​មិនប្រាកដ​និយម​ជាច្រើន ទៅលើអ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន​ ប៉ុន្តែ​អ្វី​ដែល​ពួកគេ​ពិត​ជា​អាច​ធ្វើ​បាន គឺ​ត្រូវគ្រប់​គ្រងកាន់​តែ​ខ្លាំង​ជាងមុន ​ដោយសារ​ភាព​មានកម្រិត ដែលអំណាច និង​សមត្ថភាពរបស់ពួកគេ​ បាន​ដាក់បង្ខំលើ​ពួកគេ​ ដែលមិន​ទាន់​រាប់​បញ្ចូលភាព​មានកម្រិតនៃអន្តរសកម្មភាព​ជាមួយ​សត្រូវ​ផង​។»

​លោក​ ស្ពីលឹរ ​និយាយ​ថា​ នៅ​ពេល​ខ្លះ បើ​ទោះ​ជាអ្នក​ចម្បាំងបាន​ប្រឆាំងគ្នា ចាប់តាំង​ពីការ​ចាប់​ផ្តើមសង្គ្រាម​យ៉ាង​ណាក៏​ដោយ​ ភាគីទាំងអស់ ​នឹង​រួបរួម​គ្នាឆ្ពោះទៅ​រក​កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ឈប់​ការ​ប្រយុទ្ធគ្នា បើ​ទោះ​ជាជម្លោះនោះ បន្ត​នៅ​ក្នុងឆាក​នយោបាយក៏​ដោយ។

ឥឡូវនេះ សៀវភៅមាន​ចំណងជើងថា «រវាង​សង្គ្រាម​និង​សន្តិភាព​» ត្រូវបាន​អនុម័ត​ឲ្យ​ក្លាយ​ទៅ​ជាសៀវភៅ​សិក្សា​ នៅតាមសាលារៀន​មួយ​ចំនួន នៅសហរដ្ឋ​អាមេរិក។ លោក ម៉ាធីវ ម៉ូទេន អ្នកកែសម្រួល​សៀវភៅ​នេះ​ ​និយាយ​ថា លោក​ ​សង្ឃឹម​ថា ​សៀវភៅនេះ​ នឹង​ជួយ​សាធារណជននិង​អ្នក​ធ្វើ​គោលនយោបាយ​ទាំងឡាយ ​ឲ្យ​យល់​ដឹង​អំពី​សង្គ្រាម​របស់សហរដ្ឋអាមេរិក​ ហើយរៀនសូត្រ​អំ​ពី​សង្គ្រាមទាំងនោះ​ទៀតផង៕​

ប្រែសម្រួលដោយ៖ គឹង ភិរុណ