អ្នកជំនាញលើកឡើងថា ការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដ៏ចម្រូងចម្រាសនាពេលថ្មីៗនេះ អាចធ្វើឲ្យប្រជាពលរដ្ឋមានសមានចិត្តកាន់តែខ្លាំងជាងមុនចំពោះគណបក្សសង្រ្គោះជាតិ នៅមុនពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ។
Your browser doesn’t support HTML5
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ បានថ្លែងបែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះ៖ «ការដែលចេញច្បាប់នេះឡើងអាចបង្កើនសមានចិត្តដល់បក្សប្រឆាំងថែមបន្តិចទៅទៀត ដោយសារតែទាំងអស់គ្នាមានអារម្មណ៍យល់ថា គណបក្សនេះតាមរយៈវិសោធនកម្មស្ដីពីគណបក្សនយោបាយនេះ កំពុងតែរងនូវសម្ពាធនៃច្បាប់ថ្មីនេះ»។
លោក ឱក សេរីសោភក្តិ៍ ពន្យល់ថា ការណ៍នេះតែងកើតឡើងជាទូទៅនៅលើពិភពលោកមិនមែនតែនៅកម្ពុជា ដាច់ដោយឡែកនោះទេ។
«មិនមែនតែនៅស្រុកយើងទេ ស្រុកណាក៏ដោយ ឲ្យតែអ្នកកាន់អំណាចហ្នឹង រឹតត្បិតទៅលើគណបក្សណាមួយ គឺអ្នកបោះឆ្នោតហ្នឹងតែមានសមានចិត្តទៅលើអ្នកនោះ ព្រោះគេយល់ថា មានការរងនូវភាពអយុត្តិធម៌ពីអ្នកដែលមានអំណាច»។
រដ្ឋសភាកម្ពុជាកាលពីសប្ដាហ៍មុន បានអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលគណបក្សប្រឆាំងនិងអ្នកវិភាគមួយចំនួនចាត់ទុកថា មានគោលដៅដាក់សម្ពាធឬឈានទៅរំលាយគណបក្សឆាំង ដែលជាគូប្រជែងដ៏សំខាន់ជាមួយគណបក្សកាន់អំណាច។
វិសោធនកម្មច្បាប់នេះធ្វើឡើងតែជាង៣ខែប៉ុណ្ណោះ មុនពេលពលរដ្ឋកម្ពុជាគ្រោងនឹងចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤របស់ពួកគេនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ។
លោក ឱក សេរីសោភក្តិ៍ ថ្លែងថា ទោះបីជាសមានចិត្តរបស់អ្នកបោះឆ្នោត អាចមានការកើនឡើងបន្តិចចំពោះគណបក្សប្រឆាំងដោយសារតែការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនេះយ៉ាងណាក៏ដោយ ក៏គេត្រូវរង់ចាំមើលលទ្ធផលដែលចេញពីប្រអប់ឆ្នោតនៅខែមិថុនាខាងមុននេះដែរ៕