ទោះ​កម្តៅ​ថយ​ចុះ​បន្តិច​ក្តី អ្នក​វិភាគ​ថា​ស្ថានភាព​នយោបាយ​ខ្មែរ​នៅ​ផុយ​ស្រួយ

ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ពិភាក្សា​គ្នា​នៅ​មុន​ការប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា ដែល​ធ្វើ​ឡើង​នៅ​សភា​កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

តំណាង​នៃ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ​​ បាន​បញ្ជាក់​ពី​ជំហរ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​​ថា​​ ការ​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា​ពេញ​អង្គ​​នឹង​មិន​អាច​កើត​មាន​បន្ត​ទៀត​នោះ​ទេ​ បន្ទាប់​ពី​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ។

ស្ថានភាព​នយោបាយ​កម្ពុជា​ដែល​បាន​ឈាន​ដល់​សភាព​ស្ងប់ស្ងាត់​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ត្រូវក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​យល់​ឃើញ​ថា​ ស្ថិត​នៅ​ក្នុង​ភាព​ផុយស្រួយ​នៅ​ឡើយ ហើយ​វិបត្តិ​នយោបាយ​ដ៏​ស្មុគស្មាញនឹង​អាច​កើត​មាន​វិញដដែល ប្រសិន​បើ​អ្នក​នយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​មិន​តម្កល់​ប្រយោជន៍​ជាតិឲ្យ​ធំ​ជាង​ប្រយោជន៍​គណបក្ស​នយោបាយ។​ ការ​មើល​ឃើញ​យ៉ាង​ដូច្នេះ​ កើត​មាន​ឡើង​បន្ទាប់​ក្រុម​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដែល​គ្រប់គ្រង​គណៈកម្មការ​៥​នៃ​គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា​ វិល​ទៅ​សភា​វិញ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​កន្លង​ទៅ។​

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា មើល​ឃើញ​ទាំង​ភាព​វិជ្ជមាន​ និង​ក្តី​បារម្ភនៃ​ដំណើរការ​ត្រឡប់​មក​រក​ភាព​ប្រក្រតីវិញ​របស់​នយោបាយ​កម្ពុជា​ បន្ទាប់​ពី​ការ​វិលត្រឡប់​ចូល​សភា​វិញ​នៃ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​គ្រប់​គ្រងគណៈកម្មការ​ចំនួន​៥​នៃ​គណៈកម្មការ​ទាំង​១០​នៃ​រដ្ឋសភា។​ ​

​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​គ្រប់​គ្រងគណៈកម្មការចំនួន​ប្រាំ មក​ពី​គណបក្ស​ប្រឆាំង​បាន​វិល​ទៅ​កាន់​សភា​ដែល​ជាទីតាំង​ដេញដោល​អំពី​សេចក្តី​ព្រាង​ច្បាប់ និង​គោល​នយោបាយ​នានា​ ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ កន្លង​ទៅ​នេះ​ ដើម្បី​ចូលរួម​ប្រជុំ​អនុម័ត​លើ​របៀបវារៈ​មួយចំនួន​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែល​បាន​ទទួល​ពី​រដ្ឋាភិបាល​ និងតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

តំណាង​នៃ​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ បាន​បញ្ជាក់​ពី​ជំហរ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំងថា ការ​ធ្វើ​ពហិកា​មិន​ចូល​ប្រជុំ​សភា​ពេញ​អង្គនឹង​មិន​អាច​កើត​មាន​បន្ត​ទៀត​នោះ​ទេ​ បន្ទាប់​ពី​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ។​

លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ថ្លែង​បា្រប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នោះថា ក្រុម​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ដែល​ប្រើ​ពាក្យ​ថា ​ធ្វើ​ពហិការ​នោះ​ទេ​ បើ​ទោះ​ជា​ ​ក្រុម​អ្នក​តំណាងរាស្ត្រ​មិន​ចូល​ប្រជុំ​សភា​ក្តី។​ លោក​ថា​ ក្រោយ​ការ​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នោះ​ ការ​ធ្វើ​ពហិកានឹង​មិន​អាច​កើត​ឡើង​នោះ​ទេ។​ ​

លោក យ៉ែម បុញ្ញាឬទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​នៃ​សភា ដែល​ធ្វើ​ឡើង​នៅ​សភា​កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

​លោក​ យ៉ែម​ បុញ្ញឫទ្ធិ​ ថ្លែង​ថា៖

«យើង​ពុំ​ដែល​គិត​ដូច្នោះ​ទេ​បាទ​ ពីព្រោះ​សំខាន់​យើង​ត្រូវ​គិត​ថា​ តើ​យើង​ក្នុង​នាម​ជា​អ្នក​ស្នើ​ដើម្បី​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​វិសោធនកម្ម​វិស័យ​យុត្តិធម៌​ យើង​ជា​អ្នក​ស្នើ​ ហើយ​ដូច្នេះ​ យើង​ត្រូវ​តែ​មក​ការពារ​សំណើ​របស់​យើង»។​

យ៉ាង​ណា​ក៏​ដោយ ​ការ​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ បាន​កើត​ឡើង​តែ​ជាង​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ដែល​លើក​ឡើង​ថា​ ការ​ចរចា​ផ្នែក​នយោបាយ​ណាមួយ​អាច​កើត​មាន​បាន​ តែ​ក្នុង​សភា។​

នយោបាយ​ទៅ​មុខ​ ឬ​បន្ត​ទាល់ច្រក?​

ក្រុម​អ្នក​ឃ្លាំមើល​ដំណើរ​វិវត្តន៍​នយោបាយ​កម្ពុជា​មិន​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​ព្រមាន​របស់​នាយករដ្ឋមន្ត្រី ទាក់ទង​នឹង​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​ដ៏តាន​តឹង​នោះ​ទេ។​

ពួក​គេ​បាន​ចាត់​ទុក​ថា​ ការ​វិល​ចូល​សភា​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នេះ​ នឹង​បញ្ជាក់​ដល់​ក្រុម​អ្នក​ខ្វាយខ្វល់​ពី​នយោបាយ​កម្ពុជា​ថា​ ​ស្ថានភាព​នឹងនរ​នៃ​នយោបាយ​ក្នុង​ប្រទេស​ក្រីក្រ​នេះ​ កំពុង​តែ​វិល​ត្រឡប់​មកវិញ​ ហើយ​ប្រសិន​បើ​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​មិន​ធ្វើ​ពហិការ​ប្រជុំ​ទៀត​នោះ​ នោះ​បរិយាកាស​បោះឆ្នោត​នៅ​កម្ពុជា​ នឹង​រឹត​តែ​ល្អ​ប្រសើរ​ឡើង។​

ក៏​ប៉ុន្តែ​ពួកគេ​អះអាង​ថា​ ភាព​ផុយស្រួយ​នៃ​នយោបាយ​ខ្មែរ​ដែល​អាច​នឹង​ឈាន​ដល់​ជម្លោះ​មុខ​ជា​នឹង​អាច​កើត​មាន​តទៅទៀត​ជា​ដដែលៗ​ ដរាប​ណា​អ្នក​នយោបាយ​ធ្វើ​ការ​ដោយ​តម្កល់ប្រយោជន៍​គណបក្ស​នយោបាយ​ខ្លួន​ធំ​ជាង​ប្រយោជន៍​ជាតិ​ បើ​ធៀប​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ ឬ​ភូមា​ ដែល​កំពុង​បើក​ទ្វា​យក​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ពេញ​លេញ​ ​បន្ទាប់​ពី​ប្រទេស​នេះស្ថិត​ក្រោម​អំណាច​យោធាជាច្រើន​ទសវត្សរ៍​មក​នោះ។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍន៍​សង្គម​ថ្លែងថា៖​

«ខ្ញុំ​គិត​ថា​ អា​នេះ​វា​ជា​កាយវិការ​វិជ្ជមាន​មួយ​ ដើម្បី​ឆើ្លយ​តប​ទៅ​នឹង​ទំនោរ​របស់​គណបក្ស​កាន់​អំណាច​ផង​ដែរ​ ខ្ញុំ​គិត​ថា​ អានេះ​ វា​ជា​ការ​សាកល្បង​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក​ ក៏​ប៉ុន្តែ​យើង​ក៏​មិន​ទាន់​ដឹង​ថា​តើ​ វា​នឹង​អាច​ឈាន​ទៅ​រក​បន្ថយ​ភាព​តានតឹង​នយោបាយ​យ៉ាង​ម៉េច​នោះ​ គឺ​យើង​មិន​ទាន់​ដឹង​ទេ។​ អ្វី​ដែល​យើង​ឃើញ​មក​ដូច​កាល​ជំនាន់​ក្នុង​ពេល​ដែល​មាន​ការ​បង្កើត​នៃ​ពាក្យ​វប្បធម៌​សន្ទនា​នោះ​ ដែល​ពលរដ្ឋ​ខ្មែរ​ទន្ទឹង​រង់​ចាំ​ចង់​ឃើញ​ថា ​តើ​វប្បធម៌​សន្ទនា​នឹង​មាន​ដំណើរការ​យ៉ាង​ម៉េច មិន​បាន​បន្តិច​ផង​ ក៏​រលាយ​ទៅ​វិញ។​ បើ​អញ្ចឹង​នៅ​ក្នុង​ស្ថានភាព​នេះ​ សម្រាប់​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​អី​ថា​ វា​ទៅ​ល្អ​ឬក៏​អាក្រក់​យ៉ាងម៉េច​ទេ​ ប៉ុន្តែ​នឹង​រង់​ចាំ​មើល​ភ្ជុំ​ហើយ​សិន»។

លោក​ប្រាប់​ ​VOA​ បន្ថែម​ថា​ ប្រសិន​បើ​ពិធី​បុណ្យ​ភ្ជុំ​បញ្ចប់​ទៅ​ ហើយ​ស្ថានភាព​នឹង​នៅ​តែ​ធូរស្រាល​នោះ​ នោះ​នឹង​មាន​ក្តី​សង្ឃឹម​ថា​ ជម្លោះ​នយោបាយ​នឹង​បញ្ចប់ ប៉ុន្តែ​បើ​អ្នក​នយោបាយ​នៃ​គណបក្ស​ធំៗ​ពីរ​នេះ​ បន្ត​យក​ការ​ប្រឈមមុខ​ដាក់​គ្នា​ទៀត​នោះ​ បញ្ហា​ធំៗ​ពាក់​ព័ន្ធ​នឹង​នយោបាយ​អាច​នឹង​កើត​ឡើង​បន្ត​ទៀត​ នៅ​មុន​ការ​បោះឆ្នោត​មក​ដល់។​ ​

លោក​ស្នើ​ឲ្យ​ក្រុម​អ្នក​នយោបាយ​បក្ស​កាន់​អំណាចជៀសវាង​ការ​ប្រើ​វោហាស័ព្ទ​នយោបាយ​ វាយ​បំបាក់​ចិត្តសាស្ត្រ​នយោបាយ​នៃ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ ដែល​នឹង​មិន​អាច​នាំ​ដល់​ការ​ឯកភាព​ជាតិ​មួយ​បាន​នោះ។​

នៅ​ក្នុង​ពេល​ស្ថានភាព​កំពុង​តែ​វឹកវរ​នោះ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ពង្រាយ​កម្លាំង​ចម្រុះ​មាន​ទាំង​ជើង​គោក​ ជើងទឹក​ និង​ជើងអាកាស ក្បែរ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ។​ មេដឹកនាំគណបក្ស​ប្រឆាំង​ចោទ​ថា​ ការ​ដាក់​ពង្រាយ​នេះ​ ជា​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​របស់​សមាសភាព​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ តែ​ក្រុម​មន្ត្រី​យោធា​អះអាង​ថា ​ការ​ដាក់​ពង្រាយ​កម្លាំង​នោះ​ជា​ការ​ធ្វើ​សមយុទ្ធ។​

ការ​បង្ហាញ​កម្លាំង​ទ័ព​ក៏​បន្ត​កើត​មាន​បន្ថែម​ទៀត​ ​នៅ​មុន​ពេលតុលាការ​កាត់​ទោស​ប្រធាន​ស្តី​ទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម ​សុខា​ នា​ដើម​ខែ​កញ្ញា​នេះ​ ពី​បទ​បដិសេធ​មិន​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​របស់​តុលាការ​ចំនួន​ពីរ​លើក​ពាក់ព័ន្ធ​នឹង​បទល្មើស​សញ្ចរកម្ម​ ឬ​អំពើ​ពេស្យាចារ។

លោក​ កឹម សុខា​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ រហូត​មក​ដល់​ពេល​នេះ​ គឺ​ប្រមាណ​៤​ខែ​ហើយ មិន​ចាក​ចេញ​ពី​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ។​ មួយ​រយៈពេល​ចុង​ក្រោយ​នេះអនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ ផ្តើម​ការ​ជួបជុំ​ជាមួយ​ក្រុម​យុវជន​អ្នក​គ្រាំ​គណបក្ស​ប្រឆាំង​ នឹង​ធ្វើ​ការ​ប្តេជ្ញា​ការពារ​លទិ្ធ​ប្រជាធិបតេយ្យ​ ដែល​លោក​ជឿ​ថា​ កំពុង​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ប្រព័ន្ធ​ដឹកនាំ​របៀប​ផ្ដាច់ការ។​

ក្រោយ​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​អំពី​លទ្ធភាព​នៃ​ការ​ចរចា​ក្នុង​សភា​ និង​ប្រកាស​ឲ្យ​មាន​បទ​ឈប់​បាញ់​នយោបាយ​ក្នុង​ពិធីបុណ្យ​ភ្ជុំ​ លោក កឹម សុខា​ ក៏​ប្រកាស​ដល់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​មិន​ឲ្យ​ប្រើ​ពាក្យ​អសុរស​ដែល​អាច​នាំ​ដល់​ការ​កើត​ឡើង​នៃ​ហិង្សា​នយោបាយ។​

លោក ​សម​ គន្ធាមី​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ​និកហ្វិក​ (NICFEC)​ ទទួល​ស្គាល់ការ​បន្ទន់​ជំហរ​គណបក្ស​ប្រឆាំង​ដែល​ចូល​ទៅ​ក្នុង​សភា​ថា​ ជា​ការ​ចាប់​ផ្តើម​ឡើង​វិញ​នៃ​ការ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រកាំរកូស​នៃ​គណបក្ស​ប្រឆាំងជាមួយ​គណបក្ស​កាន់​អំណាច​មាន​វិជ្ជមាន​ឡើងវិញ។​

យ៉ាងណា​មិញ​ លោក​នៅ​តែ​បារម្ភ​ថា​ ក្រុម​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រឆាំងអាច​នឹង​មិន​ចូល​សភា​ទៀត​ បើ​សិន​ជា​មាន​សំពាធ​ណាមួយ​ពី​គណបក្ស​កាន់​អំណាច។​

​លោក ​សម​ គន្ធាមី បញ្ជាក់​ប្រាប់ VOA ថា៖

«មិន​ថា​សង្គម​ស៊ីវិល​យើង​ទេ​ សហគមន៍​អន្តរជាតិ​ ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត​នោះ​ ក៏​ចង់​ឲ្យ​មាន​បរិយាកាស​ល្អ​ ដើម្បី​កុំឲ្យ​មាន​ការ​ភ័យ​ខ្លាច​ ការ​គំរាម​កំហែង​ហ្នឹង​ ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់​ទាំង​អស់​គ្នា​មិន​ថា​អ្នក​បោះឆ្នោត​ក្តី​ ឲ្យ​មាន​ទំនុក​ចិត្ត​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​ហ្នឹង​ព្យាយាម​សម្រុះសម្រួល​គ្នា​ បើៗ​មិន​ដូច្នោះ​ទេ​ គាត់​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ដំណើរការ​បោះឆ្នោត​ក្រុមប្រឹក្សា​ហ្មង»។​

លោក​ សម គន្ធាមី ថ្លែង​ថា​ ​ការ​វិល​ចូល​សភា​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នឹង​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​សន្ទនា​ផ្នែក​នយោបាយ​ ដើម្បី​បញ្ចៀសការ​ប្រឈម​មុខ​ដាក់​គ្នា​នៃ​ក្រុម​អ្នក​នយោបាយ​គណបក្ស​ធំៗ​ពីរនេះ​ ដែល​កន្លង​មក​ មាន​ការ​ព្រមាន​ធ្វើ​មហា​បាតុកម្ម​ និង​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​ដើម្បី​បង្ក្រាប។​

ដ្បិត​តែ​មាន​ការយល់​ឃើញ​ពី​លទ្ធភាព​នៃ​ការ​បង្កើត​ច្រក​សម្រាប់​សន្ទនា​ក្នុង​សភា​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ឃុំខ្លួន​នៃ​ក្រុម​អ្នក​នយោបាយ​ប្រឆាំងយ៉ាង​នេះ​ក្តី​ លោក​ ឡេង​ ប៉េងឡុង​ អ្នកនាំពាក្យ​សភា​ជាតិ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សភា ក្រោយ​ការ​ប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​នោះ​ថា សភា​នឹង​ធ្វើ​តែ​កិច្ចការ​សភា​តែ​ប៉ុណ្ណោះ​ ហើយ​សភា​នឹង​មិន​ពិចារណា​លើ​រឿង​ក្តីក្តាំ​ដែល​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងមួយ​ចំនួន​កំពុង​ប្រឈម​មុខ​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«នៅ​ទី​នេះ​អត់​ អត់​គឺ​ថា ​អត់​មាន​រឿង​ហ្នឹង​ទេ​ គឺ​ថា​យើង​និយាយ​ពី​កិច្ចការ​របស់​សភា​ រឿង​តុលាការ​គឺ​អត់​មាន​ពាក់​ព័ន្ធ​ទេ​ លើក​លែង​តែ​ មាន​សំបុត្រ​អី​បញ្ជូន​មក​អាហ្នឹង​បាន​ពាក់​ព័ន្ធ»។​

អភ័យ​ឯកសិទ្ធិ​គណបក្ស​ប្រឆាំង

នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​បាន​កើន​កម្តៅ​ខ្លាំង ដែល​មួយ​ផ្នែក​កើត​ចេញ​ពីរឿង​អាស្រូវ​ស្នេហា​របស់​លោក​ កឹម​ សុខា ​នោះ​ អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ គឺ លោក តុ​ វ៉ាន់ចាន់​ តំណាងរាស្ត្រ​ខេត្ត​កណ្តាល​ និង​លោក​ ពិន​ រតនា​ តំណាងរាស្ត្រ​ខេត្ត​បាត់​ដំបង​ ត្រូវ​បាន​ស្នើ​ឲ្យ​លើក​អភ័យ​ឯកសិទ្ធិ​ដោយ​ក្រសួង​យុត្តិធម៌។​ តំណាងរាស្ត្រ​ទាំង​ពីរ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទ​ថា​ ជា​ ​«ជន​សង្ស័យ»​ ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ដ៏​ចម្រូងចម្រាស​របស់​លោក កឹម សុខា ​ដដែល​នោះ។​

ក្រោយ​ពី​កិច្ចប្រជុំ​ធ្វើ​ឡើង​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ អង្គ​ប្រជុំ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ បាន​បដិសេធ​ការ​ស្នើ​លើក​អភ័យ​ឯកសិទ្ធិ​សភា​តំណាងរាស្ត្រ​ពីរ​រូប​នេះ​ ដែល​ជា​សំណើ​របស់ក្រសួង​យុត្តិធម៌​ ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា។​ សភា​នឹង​ ជូន​ដំណឹង​ទៅ​ក្រសួង​វិញ​ ពី​ការ​ពិនិត្យ​ឃើញ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ចំពោះ​ករណី​អ្នក​តំណាងរាស្ត្រ​ទាំង​ពីរ​នាក់​នេះ ដែល​ពុំ​បាន​ប្រព្រឹត្តបទល្មើស​ជាក់​ស្តែង​នោះ​ឡើយ។​

អ្នក​សង្កេតការណ៍​នយោបាយ​និយាយ​ថា​ ការ​បដិសេធ​មិន​លើក​អភ័យ​ឯកសិទ្ធិ​ រឹត​តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​សញ្ញាណ​មួយ​ល្អ​ ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយ​បញ្ហា​នយោបាយ​នានា​ ហើយ​ការណ៍​នេះ​នឹង​មាន​អំណាយផល​ដល់​ដំណើរការ​ចុះ​ឈ្មោះ​បោះឆ្នោត​បន្ថែម​ទៀត។​

​វិបតិ្ត​នយោបាយ​ដែល​បាន​រើប​ឡើង​វិញ ​ក្រោយ​ពេល​រដ្ឋាភិបាល​បើក​យុទ្ធនាការ​ច្បាប់​វាយ​ប្រហារ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៥​មក​នោះ​ បាន​ក្លាយ​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំងដល់​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​ ​១៩៩១ សភា​អាមេរិក​ ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ។​

ពួក​គេយល់​ថា​ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ក្រុម​អ្នកជំទាស់​ បង្ហាញ​ពី​ដំណើរ​ចុះ​ទន់​ខ្សោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​នាំ​យក​មក​ប្រទេស​កម្ពុជា​ម្តង​ទៀត​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣​ ដែល​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​សហប្រជាជាតិ៕​