មេដឹកនាំក្រុមប្រឆាំងរុស្ស៊ីលោក Alexey Navalny ដែលបានទទួលអនិច្ចកម្មនៅក្នុងពន្ធនាគារមួយក្នុងតំបន់ Arctic កាលពីថ្ងៃសុក្រទី១៦កុម្ភៈ បានប្រើបណ្តាញព័ត៌មានសង្គមនិងការធុញទ្រាន់ជាមួយអាជ្ញាធរក្រឹមឡាំងដើម្បីឱ្យបានល្បីឈ្មោះ។
ក្នុងរយៈពេលច្រើនឆ្នាំលោក Alexey Navalny ជាអ្នករិះគន់ខ្លាំងក្លាដល់ប្រធានាធិបតី Vladimir Putin និងគោលនយោបាយរបស់លោក។ លោកបានវិលត្រឡប់មករុស្ស៊ីវិញក្រោយបានជាសះស្បើយពីការវាយប្រហារដោយថ្នាំពុលដែលស្ទើរតែសម្លាប់លោកដែលក្រុមអ្នកគាំទ្រលោកនិយាយថាត្រូវបានសម្របសម្រួលដោយវិមានក្រឹមឡាំង។ លោកបានជាប់ពន្ធនាគារភ្លាមៗពេលលោកមកដល់រុស្ស៊ីវិញ។
សេវាពន្ធនាគារបាននិយាយកាលពីថ្ងៃសុក្រថាពួកពេទ្យមិនអាចធ្វើឱ្យលោកដឹងខ្លួនទេនៅពេលលោកសន្លប់ក្រោយពីលោកបានដើរ។
នៅពេលលោកជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ បុរសអាយុ៤៧ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងវីដេអូមានគុណភាពអន់ថតនៅក្នុងសវនាការបណ្តោះអាសន្ន ដោយលោកហ៊ានរិះគន់ខ្លាំងក្លាដល់លោក Putin អំពីការវាយលុករបស់លោកនៅក្នុងប្រទេសអ៊ុយក្រែន។
សាររបស់លោក--ត្រូវផ្សាយបន្តដល់ក្រុមអ្នកគាំទ្រលោកតាមរយៈបណ្តាញព័ត៌មានសង្គម--ផ្ទុយស្រឡះពីសាររបស់លោក Putin ដែលជាអតីតភ្នាក់ងារ KGB បែបសូវៀតអាយុ៧១ឆ្នាំដែលបានគ្រប់គ្រងប្រទេសរុស្ស៊ីជាង២០ឆ្នាំមកហើយ។
លោក Navalny បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ប្រទេសរុស្ស៊ីកំពុងវិលវល់នៅក្នុងថ្លុកភក់ឬថ្លុកឈាម ជាមួយឆ្អឹងបែកបាក់ ជាមួយពលរដ្ឋក្រីក្រនិងត្រូវប្លន់ ហើយនៅជុំវិញថ្លុកនេះមានមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមល្ងីល្ងើនិងគ្មានន័យបំផុតនៃសតវត្សរ៍ទី២១»។
ការរិះគន់របស់លោកដែលត្រូវបានគាំទ្រដោយពួកអ្នកគាំទ្ររាប់ពាន់នាក់ជាប្រភពមួយនៃការធ្វើឱ្យអាជ្ញាធរក្រឹមឡាំងរកាំចិត្ត។ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់វិមានក្រឹមឡាំងថាបានកម្ចាត់ក្រុមប្រឆាំងតាមវិធីចាំបាច់ទាំងអស់។
មរណភាពរបស់លោកនឹងបង្កើនកង្វល់ទាំងនេះថែមទៀត។
«ខ្ញុំមិនខ្លាចទេ»
កាលពីឆ្នាំ២០១៨លោកបានឃោសនាបោះឆ្នោតនៅទូទាំងប្រទេសសម្រាប់តំណែងប្រធានាធិបតី ដោយលោកបានបោះពុម្ពផ្សាយការស៊ើបអង្កេតអំពីអំពើពុករលួយដែលនាំឱ្យអាជ្ញាធរវិមានក្រឹមឡាំងអាម៉ាស់មុខ ហើយលោកបានប្រមូលហ្វូងមនុស្សតាមដងផ្លូវផងដែរ។
ការវិលត្រឡប់របស់លោកមករុស្ស៊ីវិញកាលពីខែមករា ឆ្នាំ២០២១ ទោះជាប្រឈមនឹងការជាប់ឃុំក្នុងពន្ធនាគារក៏ដោយ បានដាក់លោកឱ្យប៉ះទង្គិចខ្លាំងជាមួយលោក Putin នៅក្រោយពេលលោក Navalny បានបន្ទោសវិមានក្រឹមឡាំងអំពីការបំពុលលោកនៅស៊ីបេរី។
លោកបានមានប្រសាសន៍នៅក្នុងការអំពាវនាវមួយដល់ក្រុមអ្នកគាំទ្រលោកនៅពេលលោកធ្វើដំណើរតាមយន្តហោះមកដល់ក្រុងមូស្គូថា«ខ្ញុំមិនខ្លាចទេហើយខ្ញុំអំពាវនាវដល់អស់លោកអ្នកកុំឱ្យខ្លាច»។ មិនយូរប៉ុន្មាន លោកក៏ត្រូវបានចាប់ខ្លួនដោយរងការចោទប្រកាន់ទាក់ទិននឹងការគៃបន្លំ។
ការចាប់ខ្លួនលោកបានបណ្តាលឱ្យមានបាតុកម្មធំបំផុតនៅរុស្ស៊ីដែលគេមិនដែលបានឃើញជាច្រើនទសវត្សរ៍មកហើយ។ មនុស្សច្រើនពាន់នាក់ត្រូវបានឃាត់ខ្លួននៅក្នុងបាតុកម្មនៅទូទាំងប្រទេសដែលអំពាវនាវឱ្យដោះលែងលោក។
ក្រុមរបស់លោក Navalny បានតតាំងនឹងលោក Putin ជាមួយការចេញផ្សាយការស៊ើបអង្កេតមួយមានចំណងជើងថា«វិមានរបស់លោក Putin»អំពី វិមានដ៏ធំប្រណិតមួយនៅជាប់សមុទ្រខ្មៅដែលក្រុមនេះអះអាងថាជារង្វាន់ដល់លោក Putin តាមរយៈអំពើពុករលួយ។
ការលាតត្រដាងនេះបានបង្ខំឱ្យមានការបដិសេធពីលោក Putin ដែលបាននិយាយថាប្រសិនបើសេវាសន្តិសុខរបស់លោកពិតជានៅពីក្រោយការបំពុលនេះមែន ពួកគេប្រាកដជាបង្ហើយការងារនេះហើយ។
ខណៈលោក Navalny ធ្វើការផ្សព្វផ្សាយដោយមានទំនុកចិត្តតាមរយៈសារបែបកំប្លែងmemes លោក Putin ដែលគេដឹងថាមិនបានប្រើ internet លោកបានសួរយុវជនជំទង់ម្នាក់ដែលចង់ឱ្យលោកតាមមើល YouTube របស់ខ្លួនថា«តើគួរឱ្យខ្ញុំចុះហត្ថលេខាលើអ្វី?»។
វីដេអូមួយស្រដៀងគ្នានេះរបស់លោក Navalny ដែលយកលោក Dmitry Medvedev នាយករដ្ឋមន្ត្រីនៅពេលនោះជាទីដៅបាននាំឱ្យមានបាតុមកម្មធំៗក្នុងឆ្នាំ២០១៧ ដោយក្រុមបាតុករកាន់រូបទាធ្វើពីកៅស៊ូដែលបានក្លាយជានិមិត្តរូបមួយនៃការតវ៉ា។
នៅមុនការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៨ លោក Navalny បានអញ្ជើញទៅកាន់ទីក្រុងនានានៅទូទាំងប្រទេសដើម្បីប្រមូលការគាំទ្រ តែលោកត្រូវបានរារាំងមិនឱ្យឈរឈ្មោះដោយសារមានការចោទពីមុនអំពីការគៃបន្លំ។
លោកបានមានប្រសាសន៍ប្រាប់ AFP នៅពេលនោះថា«លោក Putin ខ្លាចខ្ញុំហើយគាត់ខ្លាចប្រជាពលរដ្ឋដែលខ្ញុំតំណាង»។
នៅមុននោះ លោកបានប្រកួតប្រជែងនឹងលោក Sergei Sobyanin ដើម្បីក្លាយជាអភិបាលក្រុងមូស្គូ ហើយបានបង្ខំឱ្យមានការបោះឆ្នោតជុំថ្មី។
«ពួកមនុស្សទុច្ចរិតនិងក្រុមចោរ»
នៅក្នុងការប្រមូលផ្តុំគ្នានិងនៅក្នុងបន្ទប់តុលាការ លោក Navalny ជាវាគ្មិនសាធារណៈដ៏ប៉ិនប្រសប់ម្នាក់។ លោកបានប្រមែប្រមូលក្រុមបាតុករនិងប្រើពាក្យស្លោកផ្សេងៗដូចជាថា«គណបក្សរបស់ពួកមនុស្សទុច្ចរិតនិងក្រុមចោរ»ដើម្បីវាយប្រហារខ្លាំងៗលើគណបក្ស United Russia ដែលជាបក្សគ្រប់គ្រងប្រទេស។
ប៉ុន្តែលោកមានការសៅហ្មងដោយទស្សនៈជាតិនិយមជ្រុល និងដោយវីដេអូលម្អៀងទៅខាងពួកនិយមកាំភ្លើងកាលពីឆ្នាំ២០០៧ដែលបានលេចឡើងជាថ្មីដែលនៅក្នុងនោះលោកបានប្រៀបធៀបមនុស្សមកពីតំបន់ Caucasus ខាងត្បូងនៃអតីតសហភាពសូវៀតថាជាកន្លាត។
លោក Navalny ក៏នៅតែជាឥស្សរជនបន្ទាប់បន្សំម្នាក់សម្រាប់មួយភាគធំនៃសង្គមរុស្ស៊ីដែលគាំទ្រការពណ៌នាជាផ្លូវការណ៍របស់វិមានក្រឹមឡាំងដែលថាលោកជាខ្ញុំបម្រើពួកប្រទេសលោកខាងលិចនិងជាឧក្រិដ្ឋជន។
លោកបានក្លាយជាឆ្អឹងទទឹងកនៅខាងភាគីវិមានក្រឹមឡាំងដែលលោក Putin បានប្រកែកមិនព្រមនិយាយឈ្មោះលោកជាសាធារណៈ។ ក្រុមប្រឆាំងអំពើពុករលួយរបស់លោកត្រូវបានបិទ ហើយក្រុមសម្ព័ន្ធមិត្តជាន់ខ្ពស់របស់លោកបានជាប់ឃុំក្នុងពន្ធនាគារឬនិរទេសខ្លួននៅប្រទេសក្រៅ។
«មិនអាចបំបិទមាត់ខ្ញុំបានទេ»
ក្រុមលោក Navalny បានថ្លែងថាលោកត្រូវបានយាយីនៅក្នុងពន្ធនាគារហើយត្រូវបាននាំខ្លួនជាញឹកញយទៅកាន់បន្ទប់តូចក្នុងគុកដើម្បីដាក់ទណ្ឌកម្មលោក។
លោក Navalny បានមានប្រសាសន៍ថាពួកឆ្មាំគុកបានដាក់លោកនិងអ្នកទោសឯទៀតៗឱ្យរង«ការធ្វើទារុណកម្មដោយលោក Putin»ដោយបង្ខំឱ្យពួកគេស្តាប់សុន្ទរកថារបស់ប្រធានាធិបតីរូបនេះ។
លោក Navalny នៅតែមានសុទិដ្ឋិនិយមនិងចំអកមើលងាយពួកមេដឹកនាំរុស្ស៊ីតាមគណនីបណ្តាញសង្គមគ្រប់គ្រងដោយសហការីរបស់លោក ទោះជាលោកស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ។
លោក Navalny ដែលជាមេធាវីបានប្រយុទ្ធដើម្បីសិទ្ធិជាមូលដ្ឋានហើយបានប្តឹងពួកមន្ត្រីគុកឱ្យឡើងតុលាករ។ លោកក៏បានធ្វើឱ្យពួកគេវិលក្បុងដែរ ដោយបានដាក់ពាក្យជាផ្លូវការណ៍ទាមទារឱ្យមានសម្លៀកបំពាក់ kimono របស់ជប៉ុននិង balalaika ដែលជាឧបករណ៍ភ្លេងប្រពៃណីមួយ។ លោកក៏សុំរក្សាទុកសត្វ kangaroo មួយក្បាលផងដែរ។
លោកបានប្រកាសថា«អ្នកឯងមិនអាចបិទមាត់ខ្ញុំបានឡើយ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ