កូនសិស្សសាលានៅក្នុងទីក្រុងប៉េកាំងបានស្ថិតនៅផ្ទះ ហើយអ្នកធ្វើដំណើរក្នុងទីក្រុង បានប្តូរទៅប្រើការដឹកជញ្ជូនសាធារណៈ នៅពេលដែលការប្រកាសភាពអាសន្នពីខ្យល់កខ្វក់របស់រដ្ឋធានីនៃប្រទេសចិនបានចូលជាធរមាន។
អ្នកស្រុកបានពាក់របាំងការពារមុខ នៅពេលដែលពួកគេដើរកាត់តាមផ្លូវដែលពោរពេញទៅដោយផ្សែងលាយអ័ព្វពណ៌ប្រផេះ ដែលបានគ្របដណ្តប់ទស្សនីយភាពរបស់ទីក្រុងប៉េកាំង។
លោក ហេ សៀបាវ អ្នកស្រុកក្រុងប៉េកាំងបាននិយាយថា «ខ្ញុំបានរស់នៅក្នុងទីក្រុងប៉េកាំងអស់រយៈពេល២០ឆ្នាំ ហើយកាលពីពេលមុន ខ្ញុំមិនបានធ្លាប់ឃើញដូចនេះទេ។ កាលពីពេលមុន មានរថយន្តបន្តិចបន្តួចប៉ុណ្ណោះ ក៏ប៉ុន្តែឥឡូវនេះ ចូរអ្នកមើល មានរថយន្តច្រើនណាស់។ នេះជាហេតុផលយ៉ាងច្រើនដែលបានបណ្តាលឲ្យមានជាតិកខ្វក់»។
អាជ្ញាធរទីក្រុងប៉េកាំង បានចេញការប្រកាសភាពអាសន្នកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានឃើញកម្រិតធាតុល្អិតៗប្រកបដោយគ្រោះថ្នាក់ ដែលហៅថា PM2.5 ហួសពីចំនួន២៥ Micrograms ក្នុងមួយម៉ែត្រគូប ដែលត្រូវបានស្នើដោយអង្គការសុខភាពពិភពលោក (WHO)។
នៅក្រោមការប្រកាសភាពអាសន្ននេះ សាលារៀនត្រូវបានបិទទ្វារ រថយន្តនឹងត្រូវបានអនុញ្ញាតិឲ្យបើកបរនៅលើផ្លូវមួយថ្ងៃរំលងមួយថ្ងៃ ដោយផ្អែកលើចំនួនចុងក្រោយនៅលើស្លាកលេខរបស់រថយន្ត ហើយការសាងសង់នៅខាងក្រៅទាំងអស់ ត្រូវបានបញ្ជារឲ្យបញ្ឈប់។ ការប្រកាសភាពអាសន្ននឹងបញ្ឈប់នៅថ្ងៃព្រហស្បតិ៍ នៅពេលអាកាសធាតុត្រជាក់ ត្រូវគេរំពឹងនឹងកាត់បន្ថយកម្រិតផ្សែងលាយអ័ព្ទនេះ។
ក្រុមអាជ្ញាធរបានស្ថិតនៅក្រោមការរិះគន់ ចំពោះការខកខានមិនបានចេញការប្រកាសភាពអាសន្នកាលពីសប្តាហ៍មុន នៅពេលដែលទីក្រុងប៉េកាំង ក៏ត្រូវបានគ្របដណ្តប់ដោយផ្សែងលាយអ័ព្ទប្រកបដោយគ្រោះថ្នាក់នេះ៕