ស្ថានភាព​ជម្ងឺ​អេដស៍​នៅ​អាស៊ី​ចុះធ្ងន់​ធ្ងរ​ជាង​មុន

នៅ​ឯ​សន្និសីទ​អំពី​ជំងឺ​អេដស៍​នៅ​ទីក្រុង​ហ្សឺណែវ​ក្នុង​ពេល​ខាង​មុខ​ អ្នក​ជំនាញ​នឹង​ពិនិត្យ​មើល​ស្ថាន​ភាព​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ និង​មេរោគ​អេដស៍។​ អសប​និយាយ​ថា​ ប្រទេស​អាស៊ី​ភាគ​ច្រើន​មាន​អត្រា​ឆ្លង​ជំងឺ​អេដស៍​ក្រោម​១%​ ប៉ុន្តែ​ដោយ​សារ​ចំនួន​ពលរដ្ឋ​ច្រើន​ ដូច្នេះ​អ្នក​មាន​មេរោគ​អេដស៍​មាន​ចំនួន​ដល់​ទៅ​ជិត​៥​លាន​នាក់។​ អ្នក​ជំនាញ​ខាង​សុខាភិបាល​និយាយ​ថា​ គន្លឹះ​ក្នុង​ការ​ទប់ស្កាត់​ការ​រាល​ដាល​ជំងឺ​នេះ​នៅ​អាស៊ី ​គឺ​អប់រំ​ប្រជាជន​ដែល​ប្រឈម​មុខ​នឹង​សកម្ម​ភាព​ដ៏​គ្រោះថ្នាក់​ឆ្លង​មេរោគ​អេដស៍ ​និង​ជំងឺ​អេដស៍។

Rasta​ មាន​អារម្មណ៍​តប់​ប្រម៉ល់​ដូច​អ្នក​ជំងឺ​អេដស៍​ដំបូងៗ​ផ្សេង​ទៀត​ ក្នុង​គ្លីនិក​ថែទាំ​អ្នក​ជំងឺ​អេដស៍​ក្នុង​ទីក្រុង​ហ្សាការតា​នេះ​ដែរ។

Rasta​ និយាយ​ថា នាង​ភ័យ​ខ្លាច​លទ្ធផល​នៃ​ការ​ពិនិត្យ​ឈាម​របស់​នាង​ចេញ​មក​មាន​ផ្ទុក​មេរោគ​អេដស៍។

នេះ​ជា​គ្លីនិក​មួយ​ក្នុង​ចំណោម​គ្លីនិក​ជាង​៧០០ ​ដែល​ធ្វើការ​ដើម្បី​សិក្សា​អំពី​អត្រាឆ្លង​មេរោគ​អេដស៍​កើន​ឡើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។​ នៅ​ទីនេះ​ក៏​ដូច​តំបន់​ជាច្រើន​ទៀត​នៅ​អាស៊ី​ដែរ​ ជំងឺ​អេដស៍​មាន​ច្រើន​ក្នុង​ចំណោម​ក្រុម​ប្រជា​ពលរដ្ឋ​មាន​សកម្មភាព​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​ឆ្លង​មេរោគ​នេះ​ ដូច​ជា​អ្នក​រកស៊ី​ផ្លូវ​ភេទ​ អ្នក​រួម​ភេទ​ដូច​គ្នា​ និង​អ្នក​ចាក់​ថ្នាំ​ញៀន។

លោក​ស្រី ​Lisa ​Baldwin ​ទីប្រឹក្សា​អំពី​មេរោគ​អេដស៍/​ជំងឺ​អេដស៍​ធ្វើ​ការ​ឲ្យ​ទីភ្នាក់ងារ​សរអ​សម្រាប់​អភិវឌ្ឍន៍​អន្តរ​ជាតិ ​USAID ​និយាយ​ថា ថ្វី​បើ​ប្រទេស​ឥណ្ឌូនេស៊ី​មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​ទូទាំង​ប្រទេស​តែ​ ០,១​ភាគ​រយ​ក៏ដោយ​ ក៏​អត្រា​អ្នក​ចាក់​ថ្នាំ​ញៀន​ឆ្លង​មេរោគ​អេដស៍​ក្នុង​ក្រុង​ហ្សាការតា​គឺ​មាន​ ៥៦%​ រីឯ​អ្នក​រក​ស៊ី​ផ្លូវ​ភេទគឺ​មាន​១៦%។

Baldwin​ និយាយ​ថា​ ធ្វើការ​ជាមួយ​ក្រុម​ប្រឈម​មុខ​គ្រោះថ្នាក់​ខ្លាំង​ទាំង​នេះ​ អាច​ទប់​ស្កាត់​ការ​រាល​ដាល​មេរោគ​អេដស៍​ខ្លាំង​ឡើង​នៅ​ប្រទេសឥណ្ឌូនេស៊ី​និង​តំបន់​ផ្សេង​ទៀត​នៅអាស៊ី។

«ពួក​គេ​ជា​អ្នក​ដែល​ពិត​ជា​អាច​ចម្លង​ជំងឺ​នេះ​ទៅ​សហគមន៍​ទូទៅ​កាន់​តែ​ច្រើន​ឡើងៗ។​ ដូច្នេះ​ខ្ញុំ​គិត​ថា​ មាន​ឱកាស​ដែល​ពិត​ជា​អាច​ទប់ស្កាត់​មិន​ឲ្យ​រាល​ដាល​លើស​ពីនេះ​ ប៉ុន្តែ​ក៏​មាន​ចំណុច​ខ្សោយ​ច្រើន​ដែរ​ ដែល​ជំងឺ​នេះ​អាច​រាល​ដាល​លើស​ពី​នេះ»។

ក្រៅ​ពី​ពិនិត្យ​ឈាម​មើល​មេរោគ​អេដស៍​ បុគ្គលិក​នៅ​គ្លីនិក​នេះ​ក៏​ផ្តល់​ការ​ប្រឹក្សា​ឲ្យ​អតិថិជន​ប្រើ​ស្រោម​អានាម័យ​ក្នុង​ការ​រួម​ភេទ​និង​ប្រើ​ម្ជុល​ដែល​បាន​ស្ងោរ​រម្ងាស់​សម្លាប់​មេរោគ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​នេះ។

សមាជិក​ខ្លះ​ក្នុង​សហគមន៍​សាសនា​អ៊ិស្លាម​ដែល​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​និយាយ​ថា​ ប្រើ​ស្រោម​អនាម័យ​គឺ​មិន​មាន​សីលធម៌។ ​ក៏​ប៉ុន្តែ​ Nafsia​ Mboi​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មការ​ជាតិ​ឥណ្ឌូនេស៊ី​ទប់ស្កាត់​មេរោគ​អេដស៍ និយាយ​ថា​ តួនាទី​របស់​គណៈ​កម្មការនេះ​មិនមែន​ដើម្បី​វាយ​តម្លៃ​អំពី​អ្នក​ជំងឺ​អេដស៍​ទេ​ គឺ​ដើម្បី​ជួយ​ព្យាបាល​ និង​ទប់ស្កាត់​ជំងឺ​នេះ។

«ខណៈ​ដែល​មាន​មតិ​និយាយ​ថា​ នេះ​ជា​ជំងឺ​របស់​អ្នក​មាន​បាប​នោះ​ ខ្ញុំ​តែងតែ​ឆ្លើយ​ថា​ ទោះ​បី​ជា​គេ​មាន​បាប ​ឬ​គ្មាន​បាប​ក៏​ដោយ​ ក៏​ពួក​គេ​នៅ​តែ​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី។​ ពួកគេ​នៅ​តែ​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី ហើយ​ពួក​គេ​មាន​សិទ្ធិ​សេរីភាព​រស់​នៅ​ និង​មាន​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព​ ការ​សិក្សា​អប់រំ​ ហើយ​ទាំងនេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​យើង»។

អសប​និយាយ​ថា​ ក្នុង​ប្រទេស​ចិន​មាន​មនុស្ស​ ៧០​ម៉ឺន​នាក់​មាន​ផ្ទុក​មេរោគ​អេដស៍​ ឬ​ជំងឺ​អេដស៍។ ​មន្ត្រី​សុខាភិបាល​ចិន​និយាយ​ថា​ កាល​ពីមុន​ ព័ត៌មាន​ដែល​ផ្សព្វ​ផ្សាយ​ខុស​អំពី​ការ​រាល​ដាល​នៃ​មេរោគ​អេដស៍ ​ជំងឺ​អេដស៍ ​និង​កង្វះ​ការ​ព្យាបាល បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្ទាក់​ស្ទើរ​មិន​ចង់​មក​ស្វែង​រក​ជំនួយ​ទេ។

ប៉ុន្តែ​គេ​និយាយ​ថា​ ការ​ប្រឹង​ប្រែង​អប់រំ​នាពេល​បច្ចុប្បន្ន​ ដូច​ជា​ការ​ប្រកាស​អំពី​សេវា​សាធារណៈ​ ដោយ​ការ​បង្ហាញ​អំពី​តារា​បាល់​បោះ​ Yao Ming​ នោះ​ បាន​ជួយ​បង្កើន​ការ​យល់​ដឹង​ច្រើន។

ដោយ​មាន​ការ​គាំទ្រ​ពី​អង្គ​ការ​អន្តរ​ជាតិ ​ដូច​ជា​មូល​និធិ​ពិភព​លោក​ Global Fund​ ជា​ដើម​ ថ្នាំ​ពន្យារ​ជីវិត​ទប់ស្កាត់​ជំងឺ​អេដស៍​មាន​ផ្តល់​ច្រើន​ឡើងៗ​ក្នុង​ប្រទេស​ចិន​ និង​នៅ​ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី។

ការ​អភិវឌ្ឍន៍​ទាំង​នេះ​បាន​ជំរុញ​ទឹក​ចិត្ត​មនុស្ស​ច្រើន​ឡើងៗ​នៅ​ប្រទេស​ចិន​ឲ្យ​ទៅ​ពិនិត្យ​ឈាម។ ​ក៏ប៉ុន្តែ​លោក ​Jiang ​ រស់​នៅ​ក្រុង​ប៉េកាំង​ ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​ ហើយ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ពេញ​បាន​និយាយ​ថា​ ស្លាក​ស្នាម​ទុរយស​អំពី​ជំងឺ​អេដស៍​នៅតែ​ដិត​ដាម​នៅ​ឡើយ។

លោក​និយាយ​ថា ដោយ​សារតែ​គំនាប​ក្នុង​សង្គម​មាន​ច្រើន​ពេក​ លោក​ចង់​និយាយ​អំពី​ស្ថានភាព​សុខភាព​របស់​លោក​ប្រាប់​តែ​គ្រូពេទ្យ​និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ប៉ុណ្ណោះ។

ថៃ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​តូច​ក្នុង​តំបន់​អាស៊ី​ ដែល​បាន​កាត់​បន្ថយ​ច្រើន​គួរ​សម​នូវ​ការ​រាលដាល​នៃ​មេរោគ​អេដស៍ ​និង​ជំងឺ​អេដស៍។

អង្គការ​សុខភាព​ពិភព​លោក​ World​ Health​ Organization​ និយាយ​ថា​ រវាង​ឆ្នាំ​១៩៨៩​ និង​ឆ្នាំ​១៩៩៤​ ចំនួន​ករណី​ថ្មី​នៃ​អ្នក​ឆ្លង​មេរោគ​នេះ​តាម​រយៈ​ការ​រួម​ភេទ​ ហើយ​ដែល​បាន​មក​ទទួល​ការ​ថែទាំ​សុខភាព​នៅ​តាម​គ្លីនិក​រដ្ឋាភិបាល​គឺ​បាន​ធ្លាក់​ចុះ​ជាង​៩០%។​ លោក ​Mechai ​Viravaidya ​អតីត​រដ្ឋ​មន្ត្រី​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ដឹកនាំ​កម្ម​វិធី​ផ្សព្វ​ផ្សាយ​អំពី​ការ​ប្រើ​ស្រោម​អនាម័យ។ ​ការ​ប្រឹង​ប្រែង​របស់​លោក​រួម​មាន​ការ​បើក​ភោជនីយ​ដ្ឋាន​មួយ​ឈ្មោះ​ថា​ Cabbages​ and​ Condoms ​ដែល​ផ្តល់​ស្រោម​អនាម័យ​ឲ្យ​ភ្ញៀវ​ដែល​បាន​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច។ ​ក៏ប៉ុន្តែ​សកម្ម​ជន​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ​និយាយ​ថា ​ការ​តាំង​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ​គឺ​ជា​គន្លឹះ​ទប់​ស្កាត់​ជំងឺ​នេះ។

«មុន​ដំបូង​ មាន​ការ​តាំង​ចិត្ត​ផ្នែក​នយោបាយ​ និង​ហិរញ្ញវត្ថុ។​ ៩០%​នៃ​លុយ​ទាំងអស់​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ក្នុង​ប្រទេស​ថៃ​ គឺ​បាន​មក​ពី​រដ្ឋា​ភិបាល​ និង​សប្បុរស​ជន​ក្នុង​ប្រទេស។ ​លុយ​១០%​ទៀត​បាន​ពី​ក្រៅ​ប្រទេស។​មាន​ប្រទេស​ច្រើន​ណាស់​មិន​មាន​ការ​តាំង​ចិត្ត​ខាង​នយោបាយ​និង​ហិរញ្ញ​វត្ថុ​ដោយ​ខ្លួន​ឯង​ទេ​ គឺ​ពឹង​ផ្អែក​លើ​ពិភព​លោក​ជួយ​សង្គ្រោះ​ខ្លួន»។

ហើយ​ដោយ​សារ​តំបន់​ភាគ​ច្រើន​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ល្អ​នោះ​ Baldwin​ដែល​ធ្វើ​ការ​ឲ្យ​ USAID​និយាយ​ថា ​ប្រទេស​ផ្តល់​ជំនួយ​រំពឹង​ថា​ ប្រទេស​អាស៊ី​ច្រើន​ឡើង​នឹង​ទទួល​ខុស​ត្រូវ​ជា​បន្ត​ក្នុង​ការ​ផ្តល់​ហិរញ្ញ​វត្ថុ​សម្រាប់​កម្ម​វិធី​ទប់​ស្កាត់​ជំងឺ​អេដស៍។

«ដូច្នេះ​អ្នក​ដឹង​ហើយ ខ្ញុំ​គិត​ថា​ ប្រទេស​ផ្តល់​ជំនួយ​កំពុង​ផ្តល់​អាទិភាព​លើ​បញ្ហា​នេះ​ហើយ​កត្តា​មួយ​នៃ​កត្តា​ជាច្រើន​ដែល​តែង​តែ​ត្រូវ​ពិចារណា​នោះ​គឺ​ថា​ តើ​ក្នុង​សហគមន៍​មាន​លុយ​កម្រិត​ណា ហើយ​តើ​ត្រូវ​ចូល​រួម​វិភាគ​ទាន​ ឬ​មិន​គួរ»។

ក្នុង​ប្រទេស​ខ្លះ​ ដូច​ជា​ប្រទេស​ឥណ្ឌូនេស៊ី​ជាដើម​ ប្រទេស​ផ្តល់​ជំនួយ​អន្តរ​ជាតិ​ផ្តល់​លុយ​៨០% ​ឬ​ផ្តល់​មូល​និធិ​បន្ថែម​សម្រាប់​កម្ម​វិធី​ទប់​ស្កាត់​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍។​ Baldwin​ និយាយ​ថា​ ការ​ផ្តល់មូល​និធិ​មិន​អាច​បន្ត​រហូត​បាន​ទេ៕

ប្រែ​សម្រួល ​ដោយ​ ពិន ស៊ីសុវណ្ណ