ក្បួន​រថយន្ត​ធំៗដឹក​​ជំនួយ​​​ចាប់​ផ្តើម​​​​​បើក​ចូល​​​ក្នុងតំបន់​ហ្កាហ្សា​តាម​​ច្រក Rafah

បុគ្គលិក Palestinian Red Crescent ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​កាន់​តំបន់​កាហ្សា​ពី​អេហ្ស៊ីប​តាម​ច្រក​ព្រំដែន Rafah នៅ​ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣​នេះ។

ក្បួន​រថយន្ត​ធំៗដឹក​ជញ្ជូនជំនួយ​ មាន​រួម​ស្បៀង​អាហារ ថ្នាំ​ពេទ្យ​និងទឹកបាន​ចាប់ផ្តើម​បើកចូល​ក្នុងតំបន់​ហ្កាហ្សា​កាលពីថ្ងៃសៅរ៍តាមច្រកRafah ដែល​ត្រួតត្រាដោយ​ប្រទេស​អេហ្ស៊ីប។

រូបថត​តាម​ទូរទស្សន៍បាន​បង្ហាញ​ក្បួន​រថយន្ត​ដឹក​ទំនិញ​ធំៗបើកចូល​តាមច្រក​ព្រំដែនពី​ផ្នែក​អេហ្ស៊ីប។ បើ​តាមពួក​ហាម៉ាស់​ដែល​គ្រប់គ្រង​តំបន់​ហ្កាហ្សា​ថា​មាន​រថយន្ត​ដឹក​ទំនិញ​ធំៗប្រមាណ២០គ្រឿង​ប៉ុណ្ណោះនឹង​បើក​ចូល​ហ្កាហ្សា​នៅ​ថ្ងៃ​សៅរ៍ ដោយនាំ​យកជំនួយ​មានកម្រិត។

រថយន្ត​ដឹក​ទំនិញ​ធំៗទាំង​នេះបានចត​បន្ត​គ្នា​បី​បួនថ្ងៃមកហើយរង់ចាំ​ការបើក​ព្រំដែន។ រថយន្ត​ធំៗដឹក​ជំនួយ​មនុស្សធម៌​កាលពី​ថ្ងៃសៅរ៍ជាលើក​ដំបូងហើយដែល​ជំនួយត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​ហ្កាហ្សា​តាំងពី​ពួក​ហាម៉ាស​បានធ្វើ​ការវាយប្រហារ​នាំ​ឱ្យ​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល​កាលពីថ្ងៃទី​៧​តុលា ដែល​បណ្តាល​ឱ្យ​មនុស្ស​ប្រមាណ១ ពាន់៤រយ​នាក់ស្លាប់ និងនាំឱ្យ​មាន​ការទម្លាក់​គ្រាប់បែក​និង​ការបាញ់​ផ្តក់​ពី​អ៊ីស្រាអែល​និង​នាំ​ឱ្យអ៊ីស្រាអែល​រាំង​ខ្ទប់​តំបន់​ហ្កាហ្សា​ទាំង​ស្រុង។

ស្ថានទូត​សហរដ្ឋអាមេរិកនៅ​អ៊ីស្រាអែល​បានព្រមាន​ថាជន​បរទេស​ទាំង​ឡាយណា​ដែល​ប៉ុ​នប៉ងចាកចេញពី​តំបន់​ហ្កាហ្សា​នៅ​ពេលច្រកព្រំដែនបើក«គួរ​រំពឹង​ថាមានភាព​ចលាចលនិងគ្មានរបៀបរៀបរយនៅផ្នែក​ទាំងពីរនៃ​ច្រកនេះ»។

អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​សន្និសីទ​សន្តិភាព​ក្នុង​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប​នៅ​ថ្ងៃ​សៅរ៍​ថា​រថយន្ត​ធំៗដឹក​ជំនួយដែល​បាន​ជាប់គាំងនៅព្រំដែន​រវាងអេហ្ស៊ីប​និង តំបន់​ហ្កាហ្សា​ជា«វត្ថុសម្រាប់ជួយ​ជីវិត​មនុស្ស»​ត្រូវតែ​អនុ ញ្ញាត​ឱ្យបើក​ចូល​ក្នុង​តំបន់​ហ្កាហ្សា។ លោក​ក៏​បាន​ថ្លែង​អំណរគុណ​ប្រទេស​អេហ្ស៊ីប​ដែល​បាន​សម្រប​សម្រួល​ឱ្យ​មាន​ការដឹក​ជញ្ជូន​ជំនួយ​នេះ។

លោក Guterres បាន​និយាយថា«​យើង​ត្រូវការ ​យើងត្រូវ​ការដាច់ខាត​ឱ្យ​រថយន្ត​ធំៗ ​ទាំងនេះ​ដឹកជញ្ជូនជំនួយ​ឱ្យ​បានឆាប់រហ័ស​តាមអាច​ធ្វើបាន​ ហើយ​ឱ្យ​បាន​ច្រើន​គ្រឿង​តាម​ការចាំបាច់»។

លោក​បានបន្ថែម​ថា«យើង​មិន​មែន​ទន្ទឹង​ចាំ​ក្បួន​រថយន្ត​ធំៗមួយ​ខ្សែ​មក​ទេ យើងទន្ទឹង​រង់ចាំ​ក្បួន​រថយន្ត​ធំៗច្រើន​ខ្សែ​ដែល​ត្រូវ​អនុញ្ញាត​ឱ្យដឹកជញ្ជូន​ជំនួយទៅកាន់​គ្រប់​ទី កន្លែងក្នុង​តំបន់​ហ្កាហ្សា​ដើម្បីផ្តល់​ការជួយ​ឧបត្ថម្ភ​ឱ្យ​បាន​គ្រប់គ្រាន់​ដល់​ប្រជារាស្ត្រនៅ​តំបន់​ហ្កាហ្សា»។ មាន​មនុស្សជាង​២លាន​នាក់រស់​ក្នុងតំបន់​ហ្កាហ្សា​នោះ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោកJoe Biden បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃពុធ​ទី១៨តុលា​នៅ​ក្រុងTel Avivថា​អ៊ីស្រាអែល​បាន​យល់ព្រមអនុញ្ញាត​ឱ្យ​ជំនួយ​មនុស្ស ធម៌​មានកម្រិត​ចាប់ផ្តើម​ដឹក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​ពីប្រទេស​អេហ្ស៊ីប​ ដោយ​មាន​លក្ខ ខ័ណ្ឌ​ឱ្យមាន​ការត្រួតពិនិត្យ​និង​ថា​ជំនួយទាំង​នេះ​សម្រាប់តែ​ជន​ស៊ីវីល​ហើយ​មិន​មែនឱ្យពួក​ហាម៉ាស​ទេ។

លោក Guterres បាន​និយាយថា«ខ្ញុំ​ដឹង​ថា​មាន​កិច្ចព្រមព្រៀង​មួយ​រវាង​អេហ្ស៊ីប​និង​អ៊ីស្រាអែលដើម្បីឱ្យការណ៍​នេះ​អាចធ្វើបាន តែ​សេចក្តី​ប្រកាស​ទាំង​នេះ​ត្រូវ​បានធ្វើ​ដោយ​មាន​លក្ខខ័ណ្ឌ​ខ្លះ​និង​ការរឹតត្បិត​ខ្លះ»។

លោកបានថ្លែង​ថា​អង្គការ​សហប្រជាជាតិ​បាន​ពិភាក្សាជា​មួយអេហ្ស៊ីប អ៊ីស្រាអែល​និងសហរដ្ឋ​អាមេរិកឱ្យបំភ្លឺ​អំពី​លក្ខខ័ណ្ឌ​ទាំង​នេះ​និង​អំពី​ការកម្រិត​ការរឹតត្បិតដើម្បី​ធ្វើឱ្យ​រថយន្ត​ដឹក​ជញ្ជូន​ជំនួយ​ទៅតំបន់​ហ្កាហ្សា​បាន។

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​ម្នាក់​បាន​ប្រាប់​ពួក​អ្នកកាសែតនៅ​បូរី New York ​កាល​ពី​ថ្ងៃ​សុក្រ ទី២០ តុលា​ថាលោក Guterres ចង់​ឃើញ​មាន​យន្តការ​មួយនៅ​នឹង​កន្លែងសម្រាប់​ការផ្ទៀងផ្ទាត់​ឆាប់រហ័ស​តែ​ម៉ត់ចត់​នៃ​រថយន្ត​ដឹក​ជញ្ជូន​ជំនួយ​ទាំង​នេះ​តាមច្រកRafah លោក​ចង់​ឱ្យ​មុខនាទី​អង្គការ​អឌ្ឍចន្ទ​ក្រហមអេហ្ស៊ីបនិង​ស្ថាប័នអេហ្ស៊ីបឯ​ទៀត​ៗ​ត្រូវទទួល​ស្គាល់ ហើយ​លោក​ចង់​ឱ្យប្រាកដ​ប្រជា​ថាទីភ្នាក់ងារ​អង្គ ការ​សហប្រជាជាតិ​ដែលជួយក្រុម​ជនភៀសខ្លួន​ប៉ាឡេស្ទីន UNRWA មាន​ប្រេងឥន្ធនៈ​គ្រាប់គ្រាន់ក្នុង​តំបន់​ហ្កាហ្សា​ ដើម្បី​ឱ្យ​ពួកគេ​អាច​ចែក​ចាយ​ជំនួយ​សង្គ្រោះ​បាន។

លោក Farhan Haq អ្នកនាំ​ពាក្យ​បាន​និយាយ​ថា«ទាំង​នេះ​ជា​អ្វីៗ​ដែល​យើងត្រូវការឱ្យ​កើត​មាន»​ដោយលោក​មិន​បាន​និយាយបន្ថែម​អំពី​ភាគី​ណា​ដែល​រារាំង​សំណើ​សុំ​ទាំង​នេះ​ទេ។

គ្មានស្បៀង​អាហារ ប្រេង​ឥន្ធនៈ ទឹក​និង​ការផ្គត់ផ្គង់ខាង​វេជ្ជសាស្ត្រត្រូវបាន​ដឹក​ជញ្ជូន​ចូល​ក្នុង​តំបន់​ហ្កាហ្សា​ទេ​ហើយ​ដែនដី​នេះ​គ្មាន​ភ្លើង​អគ្គិសនី​ទាំង​ស្រុង​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ អង្គការ​សហប្រជាជាតិ​បាន​ស្ទង់ប្រមាណថា​អ្នក​ស្រុក​តំបន់​ហ្កាហ្សា​មួយ​លាន​នាក់​បាន​ធ្វើ​តាម​ការបញ្ជា​ឱ្យ​ជម្លៀស​ដោយ​អ៊ីស្រាអែលហើយ​បានទៅ​កាន់​ផ្នែក​ខាង​ត្បូងដែនដី​នោះ។ នៅ​ពេល​នេះ​ប្រជារាស្ត្រ​នៅទី​នោះ​ប្រុងប្រៀប​សម្រាប់​ការលុក លុយតាមផ្លូវ​គោករបស់​អ៊ីស្រាអែល។

នៅ​ក្នុងស​ប្តាហ៍នេះលោក Guterres បាន​អំពាវនាវ​ឱ្យមាន​ការឈប់​បាញ់​គ្នាខាង​មនុស្សធម៌​ជា​បន្ទាន់​ហើយ​លោកបាននិយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ការឈប់​បាញ់​គ្នា​អាច«ធ្វើ​ឱ្យ​អ្វីៗ​ស្រួល​ជាងមុន​ច្រើន​និង​នាំ​ឱ្យ​មនុស្ស​គ្រប់​គ្នា​មាន​សុវត្ថិភាព​ជាង​មុន​ច្រើន​ដែរ»តែ​វា​មិនមែន​ជា​ការតម្រូវដំបូង​សម្រាប់​ការដឹក​ជញ្ជូន​ជំនួយចូល​ក្នុង​តំបន់​ហ្កាហ្សា​ទេ។

នៅ​ពេល​អង្គការ​សហប្រជាជាតិ​រង់ចាំ​ការយល់ព្រម ទីភ្នាក់ងារនានា​របស់ខ្លួនបានដឹក​ជញ្ជូន​ជំនួយ​តាម​យន្តហោះ​ជាង​បី​ពាន់​តោនទៅ​កាន់ Rafah។ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​មាន​អាហារ​អាច​បរិភោគ​បាន​ភ្លាមៗនិងម្ហូប​កំប៉ុង​មួយ​ពាន់​តោន​ដែល​គ្រប់ គ្រាន់​សម្រាប់​ចិញ្ចឹម​មនុស្ស​កន្លះ​លាន​នាក់ក្នុងពេល​មួយ​សប្តាហ៍​នៅRafahឬ​តាម​ផ្លូវទៅ​តំបន់​ហ្កាហ្សា។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​មាន​សម្ភារៈពេទ្យនិង​ឱសថថែម​ទៀត​ត្រូវបាន​ដឹកជញ្ជូនទៅ​ដល់ចំណត​យន្តហោះអេហ្ស៊ីប​នៅ​ជិត​បំផុត​នឹងច្រកព្រំដែន Rafah គឺ​គ្រប់គ្រាន់​សម្រាប់​ធ្វើការ​វះកាត់​ចំនួន​មួយ​ពាន់៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ