អង្គការ​ផ្តល់​ជំនួយ​បារម្ភ​ពី​រលក​ជំងឺ​កូវីដ១៩​ លើក​ទី៣​នៅ​​មីយ៉ាន់ម៉ា ​នៅ​ក្រោយ​រដ្ឋប្រហារ

រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងរបបយោធាបានប្រមូលផ្តុំគ្នាបង្ហាញការប្រឆាំងរបស់ពួកគេ នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

ទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ី — ក្រុម​អង្គការ​ផ្តល់​ជំនួយលើកឡើង​ថា ​កិច្ចប្រឹងប្រែង​របស់​មីយ៉ាន់ម៉ា​ក្នុង​ការ​គ្រប់គ្រងការឆ្លងរាលដាលនៃ​វីរុស​កូរ៉ូណា​បាន​បរាជ័យ ​ចាប់តាំងពី​រដ្ឋប្រហារ​យោធា ​កាលពី​ថ្ងៃទី១ ខែកុម្ភៈ​មក ដែល​ធ្វើ​ឱ្យ​ផ្នែក​ជាច្រើន​ក្នុង​ប្រទេស​នេះ ​ធ្លាក់​ចូល​ក្នុង​ភាពចលាចល។ ការណ៍នេះ​ធ្វើ​ឱ្យ​មាន​ការ​ភ័យខ្លាច​ពី​រលក​ទី ៣ ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

ការ​ដណ្តើម​អំណាច​យោធា​ធ្វើ​ឱ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ហិង្សា​រវាងក្រុម​អ្នក​តវ៉ានិងយោធាមីយ៉ាន់ម៉ា​ជារៀងរាល់​ថ្ងៃ​ នៅ​ទូទាំង​ប្រទេស។ អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​ អះអាង​ថា ទាហាន និង​ប៉ូលិស​បាន​ចាប់​ខ្លួន​មនុស្ស​រាប់​ពាន់​នាក់ ​និង​បាន​សម្លាប់​មនុស្ស​ជាង ៧០០ នាក់ ដែល​ក្នុង​នោះ​មាន​ក្មេងៗ​រាប់​សិប​នាក់​ផង​ដែរ ដើម្បី​ព្យាយាម​បញ្ចប់​ការ​តវ៉ា​នេះ។​

នៅ​ក្នុង​ចលនា​បះបោរ​ស៊ីវិល​មួយ ​បុគ្គលិក​ក្នុង​វិស័យ​សារធាណៈ និង​ឯកជន​រាប់​ពាន់​នាក់​ បាននាំគ្នាធ្វើ​កូដកម្ម ដែល​ធ្វើ​ឱ្យ​ជីវិត​ប្រចាំ​ថ្ងៃ និង​អាជីវកម្ម​ត្រូវ​បាន​ផ្អាក​បន្តិច​ម្តងៗ។

ចលនា​នេះ​ក៏ទទួលបានការចូលរួមពីបុគ្គលិកបម្រើការងារក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​ផង​ដែរ។ ប្រព័ន្ធ​សុខាភិបាលរបស់មីយ៉ាន់ម៉ា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​ល្អ​ សូម្បី​តែ​មុន​រដ្ឋប្រហារ​ក៏​ដោយ ដោយ​សារ​តែ​កង្វះខាត​មូលនិធិ​រាប់​ទសវត្សរ៍​មក​ហើយ។

ប្រភព​ព័ត៌មាន​មួយ​បាន​ប្រាប់ VOA ថា វេជ្ជបណ្ឌិត​និង​គិលានុបដ្ឋាក​រាប់​ពាន់​នាក់​ បាន​ដើរចេញ​ពី​កន្លែងធ្វើការងារ ​ដើម្បី​ចូលរួម​ក្នុង​កូដកម្ម​។ បណ្តាញ​សារព័ត៌មាន Frontier Myanmar ដែល​ជា​សារព័ត៌មាន​ក្នុង​ស្រុកមួយ ​បាន​ស្រង់​សម្តី​របស់​ប្រភព​មួយ​នៅ​ក្រសួង​សុខាភិបាល​និង​កីឡា​មីយ៉ាន់ម៉ា​ថា ​បុគ្គលិក​សុខាភិបាល​ដែល​បាន​ចូលរួម​ក្នុង​កូដកម្ម​ មាន​ចំនួន​ជាង ៦០.០០០ នាក់។ ​

រូបឯកសារ៖ ក្រុមអ្នកតវ៉ាប្រឆាំងរបបយោធាបានប្រមូលផ្តុំគ្នាបង្ហាញការប្រឆាំងរបស់ពួកគេ នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១។

«ស្ថានភាព​ក៏​លំបាក»

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី ១ ខែមេសា សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម (IFRC) បាន​ឱ្យ​ដឹង​ថា ភាព​ចលាចល «បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​ខ្លាំង​ដល់​កិច្ចប្រឹងប្រែង​ក្នុង​ការ​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩»។

លោក Alexander Matheou នាយក​សហព័ន្ធ​អន្តរជាតិ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម (IFRC) ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ត្រូវ​បាន​ដក​ស្រង់​សម្តីរ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះថា៖ «នៅ​ក្នុង​ប៉ុន្មាន​ខាង​មុខ យើង​អាច​នឹង​ប្រឈមមុខ​នឹង​ស្ថានភាព​ដ៏​លំបាក​នៅ​មីយ៉ាន់ម៉ា​ នៅតាមទីកន្លែង​ដែល​មាន​រលក​ថ្មី​នៃ​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩ បូក​រួម​ជាមួយ​នឹង​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​ដែល​ធ្លាក់​ចុះ​នៅ​ទូទាំង​ប្រទេស»។​

លោក Andrew Kirkwood អ្នក​សម្របសម្រួល​ស្តីទី​របស់​អង្គការ​ប្រជាជាតិ​ប្រចាំ​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែតមួយដែលធ្វើឡើង​តាម​ប្រព័ន្ធអ៊ីនធឺណិត​ កាលពី​ខែ​មុន​ថា ប្រព័ន្ធ​សុខាភិបាល​មីយ៉ាន់ម៉ា «បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង» ហើយ​ថា «ការ​ធ្វើ​តេស្ត និង​ការព្យាបាលជំងឺ​កូវីដ១៩​ ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​ផ្អាក»។​

អ្នកស្រី Khin Khin Gyi ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​ថ្មី​នៃ​ក្រសួង​សុខាភិបាល​មីយ៉ាន់ម៉ា​ បាន​បដិសេធ​ការ​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​នៃគុណភាពវិស័យសុខាភិបាលដែល​នឹង​កើត​មាន​នេះ នៅ​ពេល​អ្នកស្រី​ថ្លែង​ប្រាប់ VOA កាលពី​សប្តាហ៍​មុន។ ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​បាន​បញ្ជាក់​ថា អត្រា​ធ្វើ​តេស្ត​ប្រចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ ២៥.០០០ ​ក្នុង​មួយ​ថ្ងៃ​ ដែល​ជា​ចំនួន​នៅ​មុន​រដ្ឋប្រហារ មក​នៅ​សល់​តែ ២.០០០ ករណី​ប៉ុណ្ណោះ​ នៅ​ពេល​នេះ។

ចំនួន​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី ​ដែល​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវ​ការ ​ក៏​ធ្លាក់​ចុះ​ស្រដៀង​នឹង​តួលេខ​ធ្វើ​តេស្ត​ផងដែរ។

នៅ​មុន​រដ្ឋប្រហារ មីយ៉ាន់ម៉ា​បាន​រាយការណ៍​ករណី​សរុប​ជាង ១៤០.០០០ ករណី និង​ការ​ស្លាប់​ចំនួន ៣.១៣១ ករណី។ ប្រទេស​មីយ៉ាន់ម៉ា​បាន​ធ្លាក់​ចូល​ក្នុង​រលក​ឆ្លង​រាលដាល​លើក​ទី ២ ដែល​ជា​ចំនួន​ឆ្លងរាលដាល​អាក្រក់​បំផុត ​ចាប់​តាំង​ពី​ពេល​មាន​ការ​រាតត្បាត​មក ប៉ុន្តែ​មីយ៉ាន់ម៉ា​នៅ​តែ​រាយការណ៍​ករណី​ថ្មី​តែ​ប៉ុន្មាន​រយ​ករណី​ប៉ុណ្ណោះ ​ក្នុង​មួយ​ថ្ងៃ។​

ភ្លាមៗ ចាប់​ពី​ថ្ងៃទី ៥ ដល់​ទី ៦ ​ខែកុម្ភៈ ករណី​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ​ពី ២០០ ករណី​ក្នុង​មួយ​ថ្ងៃ ទៅ​សូន្យ​ករណី និង​មាន​ជា​មធ្យម​តែ​ ៣០ ឬ ៤០​ ករណី​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ ចាប់​តាំង​ពី​ពេល​នោះ​មក។

អ្នកស្រី Khin Khin Gyi បាន​ទទួល​ស្គាល់​ថា តួលេខ​ចុង​ក្រោយ​បំផុត​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​ធ្លាក់​ចុះ​នៃ​ការ​ធ្វើ​តេស្ត​ ដោយសារ​តែ​កង្វះខាត​បុគ្គលិក។​

អ្នកស្រី​បាន​និ​យាយ​ក្នុង​សម្តី​ដើម​ថា៖ ​«យើង​មិន​អាច​ធ្វើ​តេស្ត​បាន​ច្រើន​នោះ​ទេ។ នេះ​ជា​មូលហេតុ​ដែល​ករណី​ឆ្លង​ហាក់​ដូច​ជា​ទាប​ជាង​ខែ​មុនៗ​ខ្លាំង»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា «យើង​អាច​មើល​ឃើញ​តែ​ចុង​ដ៏​តូច​មួយ​នៃបញ្ហាដ៏ធំមួយ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មិន​អាច​មើល​ឃើញ​នូវ​ទំហំ​បញ្ហា​ដែល​កប់​ក្នុង​នោះ​បានទេ»។

រូបឯកសារ៖ បុគ្គលិកសុខាភិបាលមីយ៉ាន់ម៉ាចូលរួមធ្វើបាតុកម្មប្រឆាំងរបបយោធា និងទាមទារឲ្យមានការដោះលែងលោកស្រី Aung San Suu Kyi នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១។

«ការ​ធ្វើ​ឱ្យ​គាំង​ដល់​ប្រព័ន្ធ​សាធារណៈ»

ប្រភព​មួយ​ចេញ​ពី​អង្គការ​ផ្តល់​ជំនួយ​ក្នុង​វិស័យ​សុខាភិបាល​មីយ៉ាន់ម៉ា​ បាន​ប្រាប់ VOA ថា មន្ទីរពេទ្យ​និង​គ្លីនិក​រដ្ឋាភិបាល ​កំពុង​ខ្វះខាត​បុគ្គលិក ដោយសារ​តែ​ការ​ធ្វើ​កូដកម្ម​ ចាប់តាំងពី​មាន​រដ្ឋប្រហារ​មក ដោយ​ធ្វើ​ឱ្យ​មណ្ឌល​សុខភាព​មួយ​ចំនួន​មាន​បុគ្គលិក​តិចតួច ឬ​មិន​មាន​តែ​ម្តង ដែល​បង្ខំ​ឱ្យ​មណ្ឌល​សុខភាព​មួយ​ចំនួន​បិទ​ទ្វារ។

ប្រភព​រូប​នោះ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព ​ថា «យើង​បាន​ឃើញ​ស្ថានភាព​ដូចនេះ​ នៅ​តាម​កន្លែង​ជាច្រើន»។

លោក​បាន​បន្ថែម​ថា «[ចលនា​បះបោរ​ស៊ីវិល]​បាន​ធ្វើ​ឱ្យ​គាំង​ប្រព័ន្ធ​សេវាសាធារណៈ ហើយ​ច្បាស់​ណាស់​ ដោយសារ​តែ​បញ្ហា​កូវីដ១៩​ ជា​ការ​ឆ្លើយតប​ក្នុង​[វិស័យ] សារធារណៈ វា​ធ្វើ​ឱ្យ​គាំង​ដល់​ប្រព័ន្ធ​ឆ្លើយតប​ជំងឺ​កូវីដ១៩​ ទាំង​អស់»។

ប្រភព​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា សូម្បី​តែ​ទិន្នន័យ​ធ្វើ​តេស្ត​ដែល​មាន​តិចតួច​ស្តួចស្តើង​នេះ ​មិន​មាន​ភ្ជាប់​មក​ជាមួយ​នឹង​ព័ត៌មាន​លម្អិត​សំខាន់ៗ​ទៀត​ទេ ដែល​រួម​មាន​ព័ត៌មាន​ពី​ទីកន្លែង​ដែល​រក​ឃើញការ​ឆ្លង និង​ព័ត៌មានថាតើ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ដែរ​ឬ​យ៉ាងណា។

លោក Alexander Matheou ​បាន​លើក​ឡើង​ពី​ក្តីបារម្ភ​របស់​សហព័ន្ធ IFRC ពី​រលក​ថ្មី​នៃ​ការ​ឆ្លង​រាលដាល ​ខណៈប្រទេស​នេះមាន​ការ​ត្រៀម​ខ្លួន​ដោះស្រាយ​រលក​ថ្មី​នេះ​បាន​តិច​បំផុត។​

លោក​បាន​ឱ្យ​ដឹង​ថា​ក្នុង​សម្តី​ដើម​ថា៖ «ច្បាស់​ណាស់ យើង​មាន​ការ​បារម្ភ ដោយសារ​រដ្ឋាភិបាល​របប​យោធា​មិន​អាច​លុបបំបាត់​ជំងឺ​កូវីដ១៩ ដូច​ការ​លុបចោល​ច្បាប់​ជាច្រើន​នោះ​ទេ។ អ្នក​អាច​បិទ​ភ្នែក​របស់​អ្នក​បាន ប៉ុន្តែ​ជំងឺ​នឹង​បន្ត​ឆ្លងរាលដាល»។​

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សប្បុរសធម៌​អន្តរជាតិ​មួយ​ ដែល​បាន​សហការ​ជាមួយ​នឹង​រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សរបស់លោកស្រី Aung San Suu Kyi​ ដើម្បី​ធ្វើ​ការ​ឆ្លើយតប​ចំពោះ​ការ​រាតត្បាត​ជំងឺ​នេះ និង​ដែល​សុំ​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ដែរ​នោះ ​បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ​សុខាភិបាល​ឯកជន​ ដែល​មិន​សូវ​មាន​ច្រើន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ បាន​ទទួល​បន្ទុក​មួយ​ចំនួន​ពី​វិស័យ​សាធារណៈ​ ប៉ុន្តែ​មិន​អាច​ជំនួស​បាន​នោះ​ទេ។

លោក​បាន​ប្រាប់ VOA ថា៖ «មន្ទីរពេទ្យ​សាធារណៈ​ជាច្រើន​ បាន​បិទ​ទ្វារ ឬ​គ្រប់គ្រង​ដោយ​យោធា។ ដូច្នេះ អ្វី​ដែលនៅដំណើរការ ​គឺ​មាន​ត្រឹម​តែ​គ្លីនិក​ឯកជន​ទាំង​នេះ ឬ​មណ្ឌល​សុខភាព​ដែល​ទើប​តែ​រៀបចំ​ឡើង​ ដើម្បី​ព្យាបាល​អ្នក​ជំងឺដែល​រង​ការ​បាញ់​ប្រហារ​ពី​យោធា​រដ្ឋប្រហារ ឬ​អ្នក​ជំងឺ​ដែល​មាន​បញ្ហាសុខភាព​ផ្សេងៗតែប៉ុណ្ណោះ»។

លោក​បាន​ឱ្យ​ដឹងទៀត​ថា ភាព​ចលាចល និង​កង្វះខាត​បុគ្គលិក ​ធ្វើ​ឱ្យ​ការ​តាមដានពី​ប្រភព​ចម្លង​មិន​អាច​ធ្វើ​ទៅ​បាន និង«ស្ទើរ​តែ​រារាំងយុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​មាន​ការ​រៀបចំ និង​សម្របសម្រួល​មួយ​បាន»។

រូបឯកសារ៖ បុគ្គលិកសុខាភិបាលកំពុងយកសំណាកពីស្ត្រីមីយ៉ាន់ម៉ាម្នាក់ ដើម្បីធ្វើតេស្តរកវីរុសកូរ៉ូណា នៅទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០។

ការ​ភ័យ​ខ្លាច និង​ការ​ស្អប់ខ្ពើម

ប្រទេស​មីយ៉ាន់ម៉ា​បាន​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ​ជា​លើក​ដំបូង​ ទៅ​ឱ្យ​ក្រុម​គិលានុបដ្ឋាក​នៅ​មន្ទីរពេទ្យ Yangon General Hospital​ កាលពី​ថ្ងៃទី ២៧ ខែមករា ប៉ុន្មាន​ថ្ងៃ​មុន​រដ្ឋប្រហារ។

អ្នកស្រី Khin Khin Gyi ​បាន​ឱ្យ​ដឹង​ថា មន្ទីរពេទ្យ​សាធារណៈ​បាន​ចាក់​វ៉ាក់សាំង​ចំនួន​ ១,៤ លាន​ដូស​ ចាប់​តាំង​ពី​ពេល​នោះ​មក ​ដែល​ភាគច្រើន​ផ្តល់​ទៅ​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល។ ចំនួន​ចាក់​ប្រចាំ​ថ្ងៃ​កំពុង​កើន​ឡើង​ ដោយសារ​តែ​បុគ្គលិក​មួយ​ចំនួន​ដែល​ចូលរួម​ក្នុង​កូដកម្ម​បាន​ត្រឡប់​មក​ធ្វើ​ការ​បណ្តើរៗ​វិញ។

នៅ​មុន​រដ្ឋប្រហារ រដ្ឋាភិបាល​បាន​កំណត់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន ៤០% ទៅ​ឱ្យ​ប្រជាជន​របស់​ខ្លួន​ដែល​មាន​ចំនួន ៥៤ លាន​នាក់​ នៅ​ត្រឹម​ចុង​ឆ្នាំ ២០២១។ អ្នកស្រី Khin Khin Gyi ថា គោលដៅ​នេះ​ជា​គោលដៅ «បណ្តោះអាសន្ន» និង​មិន​ដឹង​ថា ​តើ​របប​ថ្មី​នេះ​អាច​សម្រេច​បាន​ដែរ​ឬ​ទេ។

ភាព​ភ័យខ្លាច និង​ការ​ធ្វើ​ពហិការ​កំពុង​កើត​មាន​ឡើង

សារព័ត៌មាន Frontier Myanmar បាន​រាយការណ៍​ថា បុគ្គលិក​សុខាភិបាល​ភាគច្រើន​ដែល​ចូលរួម​កូដកម្ម​ កំពុង​បដិសេធ​មិន​ព្រម​ចាក់​វ៉ាក់សាំង​លើក​ទី ២​ នោះ​ទេ រហូត​ទាល់​តែ​រដ្ឋាភិបាល​របប​យោធា​ដក​ថយ។ ពួកគេបាន​ព្រួយបារម្ភ​ថា ពួកគេ​នឹង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ត្រឡប់​មក​ធ្វើ​ការ​វិញ ប្រសិន​បើ​ពួកគេ​មក​ចាក់​វ៉ាក់សាំង​នោះ។

នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សប្បុរសធម៌​ខាង​លើ​ថា របាយការណ៍​ជាច្រើន​អំពី​ការ​ចាប់ខ្លួន​តាម​ទំនើងចិត្ត និង​ការ​បាញ់ប្រហារ​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​របស់​ប៉ូលិស និង​ទាហាន​ដែល​កំពុង​ល្បាត​ ធ្វើ​ឱ្យ​បុគ្គលិក​របស់​លោក​មាន​ការ​ភ័យខ្លាចខ្លាំង ​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​នោះ​ទេ មិន​ថា​ដើម្បី​ទៅ​ទិញ​អង្ករ ឬ​ចាក់​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ​នោះ​ទេ។​

លោក​បាន​បន្ត​ថា ជាមួយ​នឹង​របប​យោធា​ដែល​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា ​និង​ដែល​ដើរ​បញ្ច្រាស​ពី​ការ​វិវត្ត​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​ដ៏​លំបាក​ជាច្រើន​ឆ្នាំ ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ឥឡូវ​នេះ​ហាក់​ដូច​ជា​មិន​មែន​ជា​ការ​ភ័យខ្លាច​ទេ ​សម្រាប់​ពលរដ្ឋមីយ៉ាន់ម៉ា​ភាគច្រើន។​

លោក​បាន​ឱ្យ​ដឹង​ថា៖ «និយាយ​ឱ្យ​ស្មោះត្រង់​ទៅ ពួកគេ​ពិតជា​មិន​បារម្ភ​ពី​ការ​ផ្ទុះ​ជំងឺ​ម្តង​ទៀត​ទេ។ អ្វី​ដែល​ពួកគេ​បារម្ភ​ខ្លាំង​ជាង​នោះ ​គឺ​ការ​ព្យាយាម​បណ្តេញ​របប​យោធា​ចេញ​ពី​អំណាច។ លទ្ធភាព​ដែល​អាច​មាន​ការ​ផ្ទុះ​ជំងឺ​នៅ​ពេល​នេះ ​គឺ​ប្រហែល​ជា​ខ្ពស់​ណាស់។ វា​ស្ទើរ​តែ​មិន​អាច​ទៅ​រួច ​ក្នុង​ការ​ទទួល​បាន​តួលេខ​ត្រឹមត្រូវ​ណា​មួយ»៕​

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា