ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​បើក​ទូលាយ​សិទ្ធិ​ពលរដ្ឋ ​និង​នយោបាយ ​មុន​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

រូប​ឯកសារ៖ អ្នក​ចូលរួម​លាងសម្អាតដៃ​ដោយ​ទឹក​អាល់​កុល​ ក្នុងពិធីប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ​នៅ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិមនុស្ស នា​ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២០។ (ហ៊ុល រស្មី​/វីអូអេ)​​​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២៤​ស្ថាប័ន ​រួម​មាន​អង្គការ​អាដហុក ​សង់ត្រាល់ ​និង​ CHRAC ​នឹង​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នា​ថ្ងៃទី​១០​ ខែធ្នូ ​ឆ្នាំ២០២២​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ​សិទ្ធិ​ពលរដ្ឋ ​និង​នយោ​បាយ​ជា​ដើម។ ​នេះ​បើ​យោង​តាម​លោក​ រស់ សុដ្ឋា ​នាយក​ប្រតិ​បត្តិ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ ហៅ​កាត់​ថា​ CHRAC។

លោក​ រស់ សុដ្ឋា ​បាន​ឱ្យ​ដឹង​ថា ​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ​នេះ ​គឺដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​អំពី​សិទ្ធិ​មនុស្ស ​ជា​ពិសេស​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ។​លោក​បន្ត​ថា​ អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹង​រៀបចំ​ឱ្យ​មាន​មនុស្ស​ប្រមាណ​២​ពាន់​នាក់​ចូល​រួម ប៉ុន្តែ​លោក​ថា ​មិន​ទាន់​បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី​ភ្នំពេញ​ និង​ថា​ តើ​អាជ្ញាធរ​ក្រុង​នឹង​អនុញ្ញាត​ឱ្យ​ចូលរួម​ទាំង​អស់​ ឬ​ក៏​ត្រូវ​កាត់​បន្ថយ។

លោក​ រស់ សុដ្ឋា បាន​អះអាង​ថា​ សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ល្អ ដែល​តម្រូវ​ឱ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​កែ​លម្អ​ច្រើន​ទៀត​ពី​រដ្ឋា​ភិបាល។​

លោក​ថ្លែង​ថា៖​ «យើ​ង​ឃើញ​ថា ​កន្លង​មក​សិទ្ធិ​នយោបាយ​មាន​ការ​រកាំ​រកូស​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ​សិទ្ធិ​បោះឆ្នោត​ មាន​ការ​ប្តឹង​ផ្តល់​អ្នក​នយោ​បាយ​ ​ពាក់ព័ន្ធ​ជា​មួយ​សិទ្ធិ​ជា​មូលដ្ឋាន ​សិទ្ធិ​បញ្ចេញ​មតិ ​និង​សិទ្ធិ​នយោបាយ»។​

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បើក​លម្ហ​សេរី​ភាព​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ដើម្បី​ឱ្យ​ការ​អភិវឌ្ឍ​កាន់​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។​

លោក ​នី សុខា​ ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​មើល​ឃើញ​ថា​ ក្រោយ​មាន​ភាព​ចម្រូងចម្រាស​នយោ​បាយ ​ដោយ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ ​កាលពី​ឆ្នាំ​២០១៧​មក ​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ ​ខណៈ​ថា ​មក​ទល់​ពេល​នេះ​មិន​មាន​ការ​ស្តារ​ឡើង​វិញ​ទេ​ ពាក់​ព័ន្ធ​នឹង​សិទ្ធិ​សេរី​ភាព​នៃ​ការ​ជួបជុំ​ ការ​បញ្ចេញ​មតិ ​និង​សិទ្ធិ​នយោបាយ។​

បើ​តាម​លោក​ នី សុខា​ រដ្ឋាភិបាល​ត្រូវ​តែ​បើក​ទូលាយ​នូវ​សិទ្ធិ​ទាំង​អស់​នេះ​ដើម្បី​អាច​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទទួល​យក​បាន។​

លោក​ ជិន ម៉ាលីន​ អ្នក​នាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ​យល់​ថា ​ ការ​លើក​ឡើង​របស់​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​ពិត​នៅ​កម្ពុជា​ឡើយ​ ​ក្រោម​ហេតុ​ផល​ថា ​ ​មន្ត្រី​អនុវត្ត​ច្បាប់​បាន​ដាក់​ទោស​ទណ្ឌ​តែ​ទៅ​លើ​ជន​ណា​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«សេរី​ភាព​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ដូច​ជាមិន​រឹត​ត្បិត​អី​នោះ​ទេ។ ​វា​អាច​រឹត​ត្បិត​សម្រាប់​តែ​ក្រុម​ឱកាស​និយម​ ក្រុម​ជ្រុល​និយម​មួយ​ចំនួន ​ដែល​មាន​ចេតនា​មិន​ល្អ ​ ចេតនា​ទុច្ចរិត​ ដែល​ធ្វើ​សកម្ម​ភាព​ក្នុង​គោល​ដៅ​មួយ​បង្ក​នូវ​ភាព​ចលាចល»។ ​

គួរ​បញ្ជាក់​ថា​ កាលពី​កន្លង​ទៅ ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ​លោក​ Joe Biden​ ប្រធានាធិបតី​អាមេរិក ​ដែល​មក​កម្ពុជា ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន ​បាន​លើក​ឡើង ​និង​ជំរុញ​ឱ្យ​កម្ពុជា​ដោះ​លែង​សកម្មជន ​និង​បើក​លម្ហ​សេរី​ភាព​ស៊ីវិល ​និង​នយោ​បាយ​ នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ៕