អ្នក​ជំនាញ​ខាង​ស្បៀង​អាហារ​ស្នើ​ឱ្យ​បញ្ចូល​សារធាតុ​ដែល​មាន​ជីវជាតិ​ក្នុង​ពេល​ផលិត​អាហារ

ដំណាំ​​ខ្ទឹមបារាំង​នៅ​ប្រទេស​ឥណ្ឌា។​

រដ្ឋធានី​ញូដេលី៖ ក្រុម​អ្នកជំនាញការ​ខាង​កសិដ្ឋាន​សុខភាព​និង​ចំណី​អាហារ​ជាង​៩០០​នាក់​មក​ពី​ប្រទេស​ជាង​៦០​បាន​ប្រមូលផ្តុំ​គ្នា​កាល​ពី​ដំណាច់​សបា្តហ៍​មុន​នេះ​នៅ​ក្នុង​រដ្ឋធានី​ New Delhi ​នៃ​ប្រទេស​ឥណ្ឌា​ដើម្បី​ពិភាក្សា​គ្នា​អំពី​ថា​តើ​កសិកម្ម​អាច​ជួយ​បែបណា​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​មនុស្ស​ក្រីក្រ​ក្នុង​ពិភពលោក។

មនុស្ស​ជិត​១ពាន់​លាន​នាក់​ឬ​១ភាគ៦​នៃ​ចំនួន​មនុស្ស​ក្នុង​ពិភពលោក​ស្រេកឃ្លាន​រៀងរាល់​ថ្ងៃ។​ ចំនួន​មនុស្ស​គ្មាន​អាហារ​មាន​ជីវជាតិ​បរិភោគ​គ្រប់គ្រាន់​មាន​ច្រើន​ជាង​នេះ​ទៅ​ទៀត។​ ម្ហូបអាហារ​ទ្បើង​ថ្លៃ​ច្រើន​នៅ​ក្នុង​ប្រទេស​ជាច្រើន។​ ហើយ​នៅ​ក្នុង​ផ្នែក​ជាច្រើន​នៃ​ពិភពលោក​ការប្រែប្រួល​ធាតុអាកាស​មាន​ផល​ប៉ះពាល់​លើ​ផលិតភាព​កសិកម្ម។

ទាំងនេះ​ជា​បញ្ហា​សំខាន់ៗ​ដែល​បាន​ត្រូវ​គូសបញ្ជាក់​ដោយ​ពួក​អ្នកជំនាញការ​នៅ​ក្នុង​ក្រុង​ New Delhi ​នៅ​ក្នុង​សន្និសីទ​មួយ​អំពី​«ការបង្កើន​កម្លាំង​កសិកម្ម​ដើម្បី​ធ្វើ​ឱ្យ​ការផ្តល់​ម្ហូបអាហារ​មាន​ជីវជាតិ​និង​សុខភាព​មាន​ភាព​ល្អប្រសើរ​ជាងមុន» ចាត់ចែង​ដោយ​វិទ្យាស្ថាន​អន្តរជាតិ​ផ្នែក​ស្រាវជ្រាវ​អំពី​គោលនយោបាយ​ម្ហូបអាហារ។

លោក​ដេវីដ ណាបារ៉ូ (David ​Nabarro)​ ដែល​ជា​អ្នកតំណាង​ពិសេស​របស់​អ.ស.ប.​អំពី​សន្តិសុខ​ស្បៀង​និយាយ​ថា​កំណើន​តម្លៃ​ម្ហូបអាហារ​យ៉ាង​ច្រើន​កាល​ពី​ឆ្នាំ​២០០៨​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា​«ការមានខ្ចោះ​ខាង​ទម្រង់​នៅ​ក្នុង​ប្រព័ន្ធ​កសិកម្ម​ពិភពលោក»។

«ការផលិត​និង​ការចែកចាយ​ម្ហូបអាហារ​មិនបាន​ឆ្លុះ​បញ្ចាំង​ពិតប្រាកដ​អំពី​អ្វី​ដែល​មនុស្ស​ត្រូវការ​ដើម្បី​បរិភោគ​ទេ​ ហើយ​មាន​និន្នាការ​ឆ្លុះបញ្ចាំង​ច្រើន​អំពី​អ្វី​ដែល​ក្រុម​កសិករ​និង​អង្គការ​ទិញ​និង​លក់​ម្ហូប​អាហារ​ធំៗ​ចង់​បាន​ប្រាក់កាស​ទៅវិញ»។

សន្និសីទ​នេះ​អំពាវនាវ​ដល់​ពួក​អ្នករៀបចំ​គោលនយោបាយ​ឱ្យ​បញ្ចូល​ការផ្តល់​ម្ហូបអាហារ​មាន​ជីវជាតិ​ក្នុង​ការធ្វើ​ស្រែចម្ការ។​ លោក​ Nabarro ​ថ្លែង​ថា​កំណើន​ផលិតភាព​ក្នុង​កសិដ្ឋាន​តែ​មួយ​គត់​នឹង​មិន​ដោះស្រាយ​បញ្ហា​ខ្វះខាត​ជីវជាតិ​ក្នុង​ម្ហូបអាហារ​បាន​ទេ​ពីព្រោះ​ពួក​កសិករ​ចង់​ដាំ​ដំណាំ​ច្រើន​ជាងមុន​ដូចជា​ស្រូវ​សាទ្បី​និង​ស្រូវ​ជាដើម​ជាជាង​ដាំ​ដើមឈើ​យក​ផ្លែ​ បន្លែ​ឬ​ផលិត​ទឹកដោះគោ។

«យើង​មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ថា​អ្នក​ចូល​រួម​ធំ​មួយ​ដល់​កម្រិត​ខ្ពស់​នៃ​ការមាន​ម្ហូបអាហារ​បរិភោគ​មិន​គ្រប់គ្រាន់​ដែល​មាន​នៅ​ក្នុង​សង្គម​អាស៊ី​ អាហ្វ្រ៊ិក​និង​អាមេរិក​ទ្បាទីន​បណ្តាល​មក​ពី​ការបរិភោគ​មិន​គ្រប់គ្រាន់​នូវ​អាហារ​ដែល​ធ្វើ​ឱ្យ​ធំធាត់​ដោយ​មនុស្ស​គ្រប់​ឋានៈ​ទាំងអស់​ មិនមែន​តែ​ជន​ក្រីក្រ​ទេ។​ហើយ​ហេតុផល​មួយ​ក្នុង​បណ្តា​ហេតុផល​នានា​គឺ​ថា​កសិកម្ម​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការផលិត​ស្បៀងអាហារ​ជា​មូលដ្ឋាន​ដែល​ងាយស្រួល​អភិវឌ្ឍ​និង​ងាយ​ទុកដាក់​ ហើយ​មិនមែន​ទៅលើ​ផលិតផល​ដែល​មាន​សារធាតុ​ច្រើន​ធ្វើ​ឱ្យ​ឆាប់​ធំធាត់​ដែល​មាន​ការពិបាក​ច្រើន​ក្នុង​ការរក្សាទុក​ហើយ​ដែល​ឆាប់​ខូច​ផងដែរ»។

ពួក​អ្នកជំនាញការ​អំពាវនាវ​ដល់​ប្រទេស​ផ្សេងៗ​ឱ្យ​ពង្រីក​កម្មវិធី​ដែល​ដាក់​បន្ថែមវីតាមីន​និង​ខនិជ​ក្នុង​គ្រាប់​ធញ្ញជាតិ​ដើម្បី​ដោះស្រាយ​ការខ្វះខាត​សារធាតុ​ធ្វើ​ឱ្យ​រាងកាយ​ឆាប់​ធំធាត់។​ លោក​ Shenggen​ Fan​ ជា​អគ្គនាយក​វិទ្យាស្ថាន​អន្តរជាតិ​ផ្នែក​ស្រាវជ្រាវ​អំពី​គោល​នយោបាយ​ម្ហូបអាហារ។​ លោក​និយាយ​ថា​គេ​គួរ​លើក​ទឹកចិត្ត​ក្រុម​កសិករ​ឱ្យ​ដាំ​ដំណាំ​ធញ្ញជាតិ​ដែល​មាន​កម្រិត​ខ្ពស់​នៃ ​Micronutrients​ ដូចជា​វីតាមីនអានិង​សារធាតុ​ដែក​ជាដើម។

«ការពង្រឹង​បន្ថែម​គុណភាព​បែប​ជីវសាស្ត្រ​ឬ​ម្ហូប​មាន​ការពង្រឹង​គុណភាព​ជា​ជម្រើស​មួយ​ក្នុង​បណ្តា​ជម្រើស​នានា​ក្នុង​ការកែលម្អ​សុខភាព​មនុស្ស​និង​ការផ្តល់​ម្ហូបអាហារ។ របៀប​ដោះស្រាយ​មួយ​ក្នុង​បណ្តា​របៀប​ដោះស្រាយ​បញ្ចូល​របៀប​ថ្មី​គឺ​តាម​រយៈ​ការបង្កាត់​ដែល​លោកអ្នក​អាច​យក​សារធាតុ​ micro-nutrients​ បញ្ចូល​ក្នុង​ដំណាំ។​ដូច្នេះ​ លោកអ្នក​មិន​គ្រាន់​តែ​ដាំ​ដំណាំ​ម្ហូបអាហារ​ថែមទៀត​ ដាំ​ដំណាំ​ថែមទៀត​ប៉ុណ្ណោះទេ​ ក៏​ប៉ុន្តែ​លោកអ្នក​ដាំ​ដំណាំ​ដែល​មាន​សារធាតុ​នាំ​ឱ្យ​ធំធាត់​ថែមទៀត»។

ពួក​អ្នកជំនាញការ​ចង់​ឱ្យ​គេ​ផ្តល់​គ្រឿងលើកទឹកចិត្ត​ដល់​ក្រុម​កសិករ​ដើម្បី​ដាំ​ដំណាំ​ម្ហូបអាហារ​ដែល​ពិភពលោក​ត្រូវការ។​ ដើម្បី​ធ្វើ​ដូច្នេះ​គេ​ត្រូវការ​ការបណ្តាក់​ទុន​ថែមទៀត​ដើម្បី​ជួយ​ក្រុម​កសិករ​តូចតាច​៥០០លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​ដែល​គ្មាន​ប្រាក់កាស​ដើម្បី​ផលិត​ដំណាំ​មាន​គុណភាព​ខ្ពស់។

លោក​ M.S. Swaminathan ​ដែល​ជា​អ្នកវិទ្យាសាស្ត្រ​កសិកម្ម​ឥណ្ឌា​និយាយ​ថា​ ជា​ឧទាហរណ៍​ក្រុម​កសិករ​ឥណ្ឌា​ដែល​មាន​ដី​តូច​ចូលចិត្ត​ដាំ​ស្រូវសាទ្បី​និង​ស្រូវ​ ពីព្រោះ​រដ្ឋាភិបាល​ទិញ​ដំណាំ​ទាំងនេះ​នៅ​ក្រោយ​ពេល​ច្រូតកាត់​ដែល​ធានា​រ៉ាប់​រង​ប្រាក់ចំណូល​ដល់​ពួកគេ។

«ចំពោះ​ក្រុម​កសិករ​ទាំងនេះ​សន្តិសុខ​នៃ​ប្រាក់ចំណូល​មាន​សារៈសំខាន់​ណាស់។​ កសិករ​ដែល​មាន​ដី​តូច​ត្រូវការ​ផលិតផល​លើស​ដែល​អាច​លក់ដូរ​បាន​បើ​មិន​ដូច្នេះ​ទេ​ពួកគេ​គ្មាន​ប្រាក់កាស​ទ្បើយ។​ អ្វី​ដែល​ពួកគេ​ធ្វើ​គឺ​ពួកគេ​ឃើញ​ទីណា​ដែល​ពួកគេ​អាច​ធ្វើ​ឱ្យ​ប្រសើរ​បំផុត​ដល់​ប្រាក់ចំណូល​ពី​ផ្ទៃដី​ដែល​ពួកគេ​មាន»។

ពួក​អ្នកជំនាញការ​និយាយ​ថា​ការរក្សា​ទុក​និង​ការដឹកជញ្ជូន​ដំណាំ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាងមុន​ក្រោយ​ការច្រូតកាត់​នឹង​កែលម្អ​ការផ្តល់​ម្ហូបអាហារ​មាន​ជីវជាតិ​និង​សុខភាព។​ពួក​អ្នកជំនាញការ​ថ្លែង​ថា​ប្រទេសជាតិ​នានា​ត្រូវ​យល់​ឃើញ​ថា​កសិកម្ម​មាន​លើស​ពី​ម៉ាស៊ីន​ផលិត​ម្ហូបអាហារ​ទៅទៀត​ពីព្រោះ​វា​មាន​ទាក់ទិន​ជាមួយ​សុខុមាលភាព​របស់​មនុស្ស​ច្រើន​បែបយ៉ាង៕

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ