ព្រះម្ចាស់​រណឫទ្ធិ​សម្ពោធ​គណបក្ស​ទីបី​ហើយ​សំឡឹង​យក​ជ័យ​ជម្នះ​អាណត្តិ​​ក្រោយ

ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​មាន​បន្ទូល​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ប្រមាណ​ជាង​២០០​នាក់​ថា​ព្រះអង្គ​រំពឹង​ថា​នឹង​ប្រមែ​ប្រមូល​អ្នក​រាជានិយម​មក​រស់​ក្រោម​ដំបូល​គណបក្ស​ថ្មី​នេះ​ដើម្បី​យក​ជ័យ​ជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ជាសកល​នៅ​អាណត្តិ​​ក្រោយ​នេះ។​

គណបក្ស​សង្គមរាស្ត្រ​រាជាធិបតេយ្យ​របស់​ព្រះ​អង្គម្ចាស់​នរោត្តម​រណ​ឫទ្ធិ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ​ហើយ​បន្ទាប់​ពី​ក្រសួង​មហា​ផ្ទៃ​បាន​យល់​ព្រម​ចុះ​បញ្ជី​សម្រាប់​ការ​បង្កើត​គណបក្ស​នយោបាយ។​

ព្រះ​អង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​មាន​បន្ទូល​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ប្រមាណ​ជាង​២០០​នាក់​ថា​ព្រះអង្គ​រំពឹង​ថា​នឹង​ប្រមែ​ប្រមូល​អ្នក​រាជានិយម​មក​រស់​ក្រោម​ដំបូល​គណបក្ស​ថ្មី​នេះ​ដើម្បី​យក​ជ័យ​ជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ជាសកល​នៅ​អាណត្តិ​ក្រោយ​នេះ។​

ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះ​អង្គ​បង្ហាញ​ព្រះ​ភ័ក្រ​ក្នុង​ពេល​បើក​ស្នាក់​ការ​ដំបូង​មិន​មាន​សមាជិក​រាជ​វង្ស​សំខាន់ៗ​មាន​វត្តមាន​នៅ​ទី​នោះ​ទេ។​

ក្រុម​អ្នក​គាំទ្រ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​សុទ្ធសឹង​តែ​ជាមនុស្ស​មាន​វ័យ​ចំណាស់ៗ​មិន​សូវ​មាន​ក្រុម​យុវជន​ដូច​គណបក្ស​ផ្សេងៗ​ទេ​ក៏ប៉ុន្តែ​ព្រះ​អង្គមាន​បន្ទូល​ថា​ចំនួន​សមាជិក​ចូលរួម​ត្រូវ​បាន​កំណត់​ដោយ​សារ​តែ​ទី​ស្នាក់​ការ​គណបក្ស​មាន​សភាព​តូច​ចង្អៀត។​

មាន​បន្ទូល​ក្នុង​ខណៈពេល​ដែល​ព្រះ​អង្គ​ចូល​រួម​សម្ពោធ​ទី​ស្នាក់​ការ​គណបក្ស​ថ្មី​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ព្រះ​អង្គ​ក៏បាន​បង្ហាញ​ពី​គោល​នយោបាយ​មិន​ខុស​ពី​គណបក្ស​ប្រឆាំង​ដែរ​គឺ​ព្រះ​អង្គ​បាន​សន្យា​ថា​បើ​គណបក្ស​ព្រះអង្គ​ឈ្នះ​ឆ្នោត​នឹង​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​៩៩​ឆ្នាំ​ និង​ដោះ​ស្រាយ​បញ្ហា​ចម្បងៗ​របស់​ប្រទេស​ជាតិ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម។​

ព្រះ​អង្គបាន​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​បូរណ​ភាព​ទឹក​ដី​ជាមួយ​ប្រទេស​ជិត​ខាង​និង​ត្រូវ​សើ​រើ​ឡើង​វិញ​ពីព្រោះ​កម្ពុជា​មាន​ផែន​ទី​ដម្កល់​នៅ​អង្គការ​សហ​ប្រជាជាតិ​និង​ប្រទេស​បារាំង។​

ព្រះ​អង្គ​មាន​បន្ទូល​ថា៖

«ការ​គូស​វាស​ព្រំដែន​ដោយ​យើង​មាន​ផែនទី​ជាពិសេស​ដែល​ឪ​យើង​យក​ផែន​ទី​ទៅ​តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​ហើយ​ដែល​អ្នក​ជិត​ខាង​សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​ពេល​តស៊ូ​ទទួល​ស្គាល់​ថា​ជា​ព្រំដែន​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​យើង​មាន​សិទ្ធិ។ ​តើ​យើង​សើ​រើ​ឡើង​វិញទេ?»។​

ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ក៏បាន​បរិហារ​រិះ​គន់​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ថា​នៅក្នុង​រយៈ​ពេល​ជិត​១២​ខែ​មក​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​ដែល​បណ្តោយ​ឱ្យ​ភាព​ជាប់​គាំង​នយោបាយ​បាន​អូស​បន្លាយ​មក​ទល់​ពេល​នេះ។

ពាក់​មួក​និង​អាវ​ដែល​មាន​ស្លាក​សញ្ញា​គណបក្ស​សង្គម​រាស្ត្រ​រាជា​ធិបតេយ្យ​ ​លោក​ស៊ុំ ស៊ាន​ អាយុ​៦៦​ឆ្នាំ​មក​ពី​ខេត្ត​ព្រៃ​វែង​មាន​ប្រសាសន៍​ថា​លោក​គាំទ្រ​របប​រាជា​និយម​តាំង​ពី​សម្តេច​ឪ​នរោត្តម​សីហនុ​នៅ​មាន​ព្រះ​ជន្ម។​

លោក​មាន​ប្រសាសន៍​ថា​លោក​សុខ​ចិត្ត​ដង្ហែរ​តាម​ព្រះ​អង្គម្ចាស់​នរោត្តម​រណឬទ្ធិ​ដោយ​សារ​តែ​សមាជិក​រាជ​វង្ស​គឺជា​អាជ្ញា​កណ្តាល​មិន​ដែល​ឱ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​វេទនា​ទេ។​

លោក​និយាយ​ថា៖

​«ពី​ព្រោះ​ព្រះ​អង្គ​មិន​ដែល​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ពិបាក​ដោយ​សារ​ព្រះ​អង្គ​។​ដូច​លោក​ជ្រាប​ស្រាប់​ហើយ​កន្លង​មក​វា​យ៉ាង​ម៉េច​។​ព្រះបិតា​និង​ព្រះមាតា​ព្រះ​អង្គ​ធ្វើ​អ្វី​ខ្លះ​ចំពោះ​ជាតិ​ អញ្ចឹង​ទេ​ព្រះ​អង្គ​ក៏​យក​តាម​បម្រើ​ជាតិ​ គិត​តែ​ពី​រឿង​ជាតិ​អត់​មាន​រឿង​អ្វី​ទេ»។​

ព្រះ​អង្គ​ម្ចាស់​នរោត្តម​ រណឫទ្ធិ​ធ្លាប់​ធ្វើ​ជាប្រធាន​គណបក្ស​ហ៊្វុនស៊ិន​ប៉ិច​ ហើយ​ក្រោយ​មក​បាន​បង្កើត​គណបក្ស​ថ្មី​ដោយ​ដាក់​ព្រះនាម​ព្រះ​អង្គ​ផ្ទាល់​គឺ​គណបក្ស​នរោត្តម រណឫទ្ធិ។ ​គណបក្ស​នេះ​ទទួល​បាន​តែ​ពីរ​អាសនៈ​តែ​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​សកល​អណត្តិ​ទី​៤៕ ​