ការ​បាញ់​សម្លាប់​អ្នក​ការពារ​ព្រៃឈើ​៣​នាក់​នាំ​ឲ្យ​មាន​ការ​សង្ស័យ​​អំពី​ការ​ទទួល​សំណូក

នៅក្នុង​រូបភាពដែល​ថត​ពី​វីដេអូ​ផ្សាយតាម​ទំព័រ​Facebook របស់​បណ្តាញ​ព័ត៌មាន Fresh News នេះ លោក ផល ពេញ (ឆ្វេងទី២) មេប៉ុស្តិ៍​ព្រំដែន​អូរលា ​ក្នុង​ខេត្ត​មណ្ឌលគិរី កាលពី​សប្តាហ៍​មុន បាន​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ថា លោក​ពិត​ជា​បាន​បាញ់​សម្លាប់​មន្រ្តី​បរិស្ថាន​ទាំង​បីនាក់។ (រូបថត​ពី​គេហទំព័រ Fresh News)

ជន​សង្ស័យ​ម្នាក់​បាន​សារភាព​ថា ពិត​ជា​បាន​បាញ់​សម្លាប់​ដោយសារ​ជន​រង​គ្រោះ​​បាន​រាយការណ៍​ទៅ​តុលាការ​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ហើយ​មន្រ្តី​ក្រសួង​បរិស្ថាន​បាន​បដិសេធ​អំពី​ការ​ទទួល​សំណូក។

ការ​បាញ់​សម្លាប់​មន្រ្តី​បរិស្ថាន​ខ្មែរ​បីនាក់​ ដែល​ការពារ​ព្រៃ​ឈើ​និង​សត្វព្រៃ​ ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ កែវសីម៉ា​នៃ​ខេត្ត​មណ្ឌលគិរី កាល​ពីសប្តាហ៍​មុន​បាន​ចោទ​ជា​សំណួរ​អំពី​ការ​ទទួល​សំណូក​ ដោយ​មិន​រាយការណ៍​អំពី​ការ​កាប់​ព្រៃឈើ​នៅ​ទី​នោះ។

បុរស​បី​នាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​៣០ ខែមករា គឺ​លោក តើន សុខណៃ អាយុ​៣៧​ឆ្នាំ មន្រ្តី​ឧទ្យាន​អនុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក សេក វឌ្ឍនា អាយុ​៣៤​ឆ្នាំ មន្រ្តី​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​លោក ធុល ខ្នា អាយុ​២៤​ឆ្នាំ មន្រ្តី​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ(WCS)។ ពួកគេ​ត្រូវ​បាន​បាញ់​សម្លាប់​ខណៈ​កំពុង​ល្បាត​ព្រៃ។

នៅ​ក្នុង​ការ​បាញ់​សម្លាប់​នេះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​៦​នាក់ កាល​ពី​សប្តាហ៍​មុន ក្នុង​នោះ​មាន​លោក ផល ពេញ មេ​ប៉ុស្តិ៍​ព្រំដែន​អូរលា ក្នុង​ស្រុក​អូររាំង និង​ដៃគូ​របស់​លោក គឺ​លោក កើត វេហា ជា​មន្រ្តី​យោធា ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន។ ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត គឺ​លោក កើត វេត្តា ជា​មន្រ្តី​យោធា​ដែរ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​រឿង​នេះ។

ចំណែក​ជន​សង្ស័យ​៣​នាក់​ទៀត ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ជួយ​សម្រួល​ធ្វើ​អាជីវកម្ម​ព្រៃឈើ​នៃ​ច្បាប់​ព្រៃឈើ។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ហើយ​ចៅក្រម​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ករណី​នេះ។

លោក ម៉ៅ ប្រុស អ្នក​នាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​ថ្លែង​ប្រាប់​ VOA​ ថា ការ​ចោទ​ប្រកាន់​មនុស្ស​ពីរ​នាក់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជាមុន​នេះ ​គឺ​ដោយសារ​ពួកគេ​មាន​កាន់​កាំភ្លើង ហើយ​បាន​ត្រៀម​ទុក​មុន​នូវ​ការ​បាញ់​សម្លាប់​នេះ។

លោក​មាន​ប្រសាសន៍​ថា៖

«ប៉ុន្តែ​គេ​មាន​កាំភ្លើង​ទាំង​ពីរ ហើយ​បើ​ម្នាក់​មិន​បាញ់ ក៏​ម្នាក់​ទៀត​បាញ់​ដែរ។ បើ​មនុស្ស​តែ​ម្នាក់​បាញ់​ប្រាំ​មួយ ប្រាំពីរ​គ្រាប់​ហើយ។ ចាំ​បាច់​បាញ់​អី​ទៀត ម្នាក់​ទៀត​នោះ។ វា​មាន​កាំភ្លើង​ក្នុង​ដៃ។ ភ្ជង់​គេ​ បម្រុង​នឹង​បាញ់​ហើយ ប៉ុន្តែអាមួយ​វា​បាញ់​មុន»។

ក្នុង​វីដេអូ​ឆ្លើយ​សារភាព​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​ Fresh News លោក ផល ពេញ ដែល​ជា​ជន​សង្ស័យ បាន​អះអាង​ថា លោក​បាន​ហាមឃាត់​មន្រ្តី​ការពារ​បរិស្ថាន​ទាំង​បី​ កុំ​ឲ្យ​ឆ្លង​ចូល​ទៅ​ក្នុង​តំបន់​មួយ ដែល​លោក​ថា​ ជា​តំបន់​នៅ​មាន​ភាព​ចម្រូងចម្រាស​ជាមួយ​វៀតណាម។ លោក​បន្ត​ថា លោក​ខ្លាច​ពួកគេ​ត្រូវ​បាញ់​សម្លាប់ ឬ​ត្រូវ​ចាប់​ខ្លួន​ដោយ​វៀតណាម។

លោក ផល ពេញ មាន​ប្រសាសន៍​នៅ​ក្នុង​វីដេអូ​នោះ​ថា៖

«ខ្ញុំ​ប្រាប់​ពួកគាត់​ថា បើ​ទៅ​សហការ​ជាមួយ​ពួក​ខ្ញុំ​ទៅ ឬ​ក៏​ចង់​ទៅ​ ប្រាប់​ឲ្យ​ដឹង​ទៅ ចង់​ទៅ​ដល់​ណា ក៏​ទៅៗ តែ​គាត់​អត់​ទុកចិត្ត​ខ្ញុំ គាត់​លួច​ចូល​ទៅ ខ្ញុំ​ថា​ប្រយ័ត្ន​មាន​បញ្ហា»។

លោក​បាន​បន្ថែម​ថា៖ «បរិស្ថាន​ហ្នឹង ខ្ញុំ​ប្រាប់​ជា​រឿយៗ ខ្លាច​ពួក​វៀតណាម​ហ្នឹង គេ​ចាប់ ឬ​ក៏​គេ​បាញ់​ដោយ​ប្រការ​ណា។ អត់​ប្រាប់​ខ្ញុំ ដល់​ពេល​មាន​រឿង គេ​បន្ទោស​ខ្ញុំ ព្រោះ​ខ្ញុំ​នៅ​តំបន់​ហ្នឹង។ ខ្ញុំ​គ្រាន់​តែ​សំណូមពរ​អញ្ចឹង​ទេ ដល់​ពេល​គាត់​អត់​យក​ចិត្ត​ទុក​ដាក់​នឹង​សំណូមពរ​ហ្នឹង​ទេ»។

លោក​ ផល ពេញ បាន​រៀបរាប់​ទៀត​ថា ក្រុម​បរិស្ថាន​ដែល​ត្រូវ​បាញ់​សម្លាប់ បាន​ចូល​ទៅ​តំបន់​នោះ ហើយ​ប្រទះ​ឃើញ​អ្នក​កាប់​ឈើ​ជនជាតិ​វៀតណាម រោង​សម្រាប់​ស្នាក់​នៅ ម៉ូតូ​ដឹកឈើ និង​រណារ​អារ​ឈើ​ជាដើម។ លោក ​បន្ត​ថា ក្រុម​របស់​លោក ក៏​បាន​ទាក់ទង​គ្នា​ជាមួយ​មន្រ្តី​បរិស្ថាន រហូត​ដល់​មាន​ការ​ឯកភាព​គ្នា​លើ​លុយ​ចំនួន​៥​លាន​ដុង ជា​លុយ​វៀតណាម ដែល​ស្មើ​នឹង​ប្រមាណ​២២០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​មិន​រាយការណ៍​អំពី​បទ​ល្មើស​នេះ។

ប៉ុន្តែ​លោក​ ផល ពេញ ថា​ បទល្មើស​ព្រៃឈើ​នេះ​នៅ​តែ​ត្រូវ​បាន​រាយការណ៍​ទៅ​ប្រធាន​របស់​លោក និង​ព្រះរាជអាជ្ញា ដែល​ធ្វើ​ឲ្យ​លោក​ខឹង​សម្បារ​ខ្លាំង រហូត​ដល់​ការ​បាញ់​សម្លាប់។

មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​អំពី​ទំនាក់ទំនង​រវាង​ជនសង្ស័យ លោក ផល ពេញ ដែល​បាន​សារភាព និង​អ្នក​កាប់​ឈើ​ជា​ជនជាតិ​វៀតណាម​នោះ​ទេ។

ការ​លើក​ឡើង​របស់​ជន​សង្ស័យ​នេះ ត្រូវ​បាន​អ្នកនាំ​ពាក្យ​តុលាការ​ខេត្ត​មណ្ឌលគិរី​បដិសេធ។

អ្នក​នាំ​ពាក្យ​តុលាការ​មណ្ឌលគិរី លោក ម៉ៅ ប្រុស មាន​ប្រសាសន៍​ថា អ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ មិន​បាន​លើក​ឡើង​អំពី​ការ​ផ្តល់​សំណូក​អ្វី​នោះ​ទេ។ លោក​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​ជន​សង្ស័យ គឺ​គ្រាន់​តែ​ជា​ការ​ដោះសារ​តែ​ប៉ុណ្ណោះ។ លោក​មាន​ប្រសាសន៍​ថា៖

«អ្នក​ដែល​នៅ​រស់​ម្នាក់​ហ្នឹង ដែល​មក​ប្រាប់​ថា អាពួក​ហ្នឹង អ្នក​បាញ់ហ្នឹង គឺ​អត់​បាន​និយាយ​រឿង​លុយ​រឿង​កាក់​អី​ផង។ បើ​និយាយ​រឿង​លុយ​រឿង​កាក់​អី វា​ចាំបាច់​ទៅ​ចាប់​ម៉ាស៊ីន ចាប់​អី យក​លុយ​មក​តែ​ខ្លួន​មិន​ស្រួល»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ដើម្បី​វា​ឆ្លើយ​ដោះ​បន្ទុក​ទៅ​ តែ​តាម​ពិត​វា​ទៅ​អង្គុយ​ចាំ​បាញ់​គេ​មួយ​ម៉ោង​ទៅ​ហើយ នៅ​ហ្នឹង​ផ្លូវ​ហ្នឹង»។

លោក ជា សំអាង អគ្គនាយក​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន​ បាន​ថ្លែង​ប្រាប់​ VOA ​ថា មន្រ្តី​បរិស្ថាន​ទាំង​នោះ​បាន​រាយការណ៍​ទៅ​ប្រធាន​របស់​ពួកគេ និង​តុលាការ ដែល​លោក​ថា នេះ​ជា​ការ​បំពេញ​ការងារ​ត្រឹមត្រូវ​មួយ។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​ដែល​គាត់​រាយការណ៍​ទៅ​នាយក​ដែរ​នេះ ចង់​បញ្ជាក់​ថា គាត់​បាន​ធ្វើ​ការ​ត្រឹមត្រូវ​ទៅ​តាម​ឋានានុក្រម និង​ការ​ទទួល​ខុសត្រូវ​លើ​ការងារ​ហើយ។ ចំណុច​ទី​ពីរ​គឺ​បាន​រាយការណ៍​ទៅ​ដល់​ព្រះរាជ​អាជ្ញា។ ពេល​ដែល​រាយការណ៍​ទៅ​ព្រះរាជអាជ្ញា​នេះ បាន​ន័យ​ថា គាត់​បាន​ធ្វើ​ការ​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី។ ហើយ​ចំណុច​ទី​បី នៅ​លើ​សាក​សព​នេះ ពុំ​មាន​អ្វី​បញ្ជាក់​ថា គាត់​មាន​លុយ​នោះ​ទេ។ អញ្ចឹង​មាន​ភស្តុតាង​ណា គាត់​យក​លុយ​គេ»។

លោក​បញ្ជាក់​ថា ការ​ឈាន​ដល់​ការ​បាញ់​សម្លាប់​នេះ ជា​រឿង​បុគ្គល​ដែល​បង្ក​ដោយ​ជន​ដៃដល់។

លោក ជា សំអាង ទទួល​ស្គាល់​ថា ការ​កាប់​ឈើ​ទ្រង់ទ្រាយ​តូច​នៅ​តែ​មាន ដែល​លោក​ថា នឹង​បន្ត​ចាត់​វិធានការ​លើ​បញ្ហា​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​វា​ចេះ​តែ​ឆ្លៀតឆ្លក។ យើង​ដឹង​ហើយ លើក​មុន មាន​អាទ្រង់​ទ្រាយ​ធំ តែ​អាទ្រង់ទ្រាយ​ធំ យើង​បាន​បង្រ្កាប​ហើយ ប៉ុន្តែ​ឥឡូវ​មាន​អា​ឆ្លៀតឆ្លក​តាម​ម៉ូតូ​តាម​អី នៅ​មាន។ ហើយ​អាហ្នឹង​ជា​ការងារ​មួយ​ដែល​យើង​ត្រូវ​ធ្វើ​បន្ត»។

ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) លោក កែន សេរីរដ្ឋា បាន​ថ្លែង​ថា មន្រ្តី​អង្គការ​របស់​លោក​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នោះ ជា​មនុស្ស​ដែល​ធ្វើ​ការ​ស្អាតស្អំ មិន​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក​នោះ​ទេ។

របាយការណ៍​របស់​ WCS ចេញ​ផ្សាយ​កាល​ពី​ខែ​មករា ក្នុង​ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹង​ថា ក្រុម​ការពារ​ព្រៃឈើ ដែល​ដឹកនាំ​ដោយ​ក្រសួង​បរិស្ថាន ជាមួយ​សមាជិក​នៅ​តាម​សហគមន៍ បាន​បង្រ្កាប​បទល្មើស​ចំនួន​៥២​ដង ក្នុង​តំបន់​ជម្រក​សត្វ​ព្រៃ កែវសីម៉ា ដោយ​ចាប់​បាន​អន្ទាក់​សត្វ​ជាង​៥០០ រណា​អារ​ឈើ​ជាង​៨០ ត្រូវ​បាន​រឹប​អូស រក​ឃើញ​កាំភ្លើង​កែច្នៃ​តាម​ផ្ទះ​ចំនួន​៦ ពូថៅ​ចំនួន​៧២ និង​ម៉ូតូ​ដឹក​ឈើ​ចំនួន​១៧៕