ការ​ប្រយុទ្ធ​នៅ​បន្ត​ក្នុង​តំបន់​ហ្កាហ្សា​កាលពី​យប់​ថ្ងៃ​សៅរ៍​ចូល​ថ្ងៃ​អាទិត្យ

រថក្រោះ​យោធា​របស់​អ៊ីស្រាអែល​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​កាហ្សា​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ហាម៉ាស់ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការ​ប្រយុទ្ធ​គ្នា​តាម​ផ្លូវ​គោក​និង​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នៅ​បន្ត​ទៅ​មុខ​កាលពី​យប់​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​តំបន់​ហ្កាហ្សា (Gaza)។

មន្ទីរពេទ្យ Shifa ដែល​ជា​មន្ទីរពេទ្យ​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា ត្រូវ​បាន​ហ៊ុមព័ទ្ធ​ទាំង​ស្រុង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mohammad Abu Salmiya ដែល​ជា​ប្រធាន​មន្ទីរពេទ្យ​នេះ​កាលពី​យប់​ថ្ងៃ​សៅរ៍។

ទារក​ពីរ​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​នៅ​ឯ​មន្ទីរពេទ្យ Shifa នេះ ហើយ​ទារក​រាប់​សិប​នាក់​ទៀត​ប្រឈម​នឹង​ហានិភ័យ​នៅ​ពេល​ដែល​មិន​មាន​ប្រេង​ឥន្ធនៈ​សម្រាប់​ម៉ាស៊ីន​ភ្លើង។

លោក Abu Salmiya បាន​ថ្លែង​តាម​ទូរសព្ទ​ដោយ​មាន​ឮ​សូរ​ស្នូ​កាំភ្លើង​និង​ការ​ផ្ទុះ​ថា៖ «គ្រឿង​បរិក្ខារ​ពេទ្យ​លែង​ដំណើរការ។ អ្នក​ជំងឺ ជាពិសេស​អ្នក​ដែល​ស្ថិត​ក្នុង​បន្ទប់​ព្យាបាល​ដិតដល់ បាន​ចាប់ផ្ដើម​ស្លាប់»។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បដិសេធ​យ៉ាង​ខ្លាំងក្លា​ចំពោះ​ការ​អំពាវនាវ​ឱ្យ​មាន​កិច្ច​ឈប់​បាញ់​គ្នា​ណា​ដែល​មិន​រួម​បញ្ចូល​នូវ​ការ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ក្រុម​ហាម៉ាស់ (Hamas) បាន​ចាប់​យក​ទៅ​ក្នុង​អំឡុង​ពេល​ដែល​ក្រុម​នេះ​ឆ្មក់​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី ៧ ខែ​តុលា។

អង្គការគ្រូពេទ្យ​គ្មាន​ព្រំដែន (MSF) បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​បាន​រង «ការ​បាញ់​ផ្លោង​ដាក់​ឥត​ឈប់ឈរ»។

អង្គការ​នេះ​បន្ថែម​ថា មន្ទីរពេទ្យ Shifa បាន​រង​ការ​បាញ់​ផ្លោង​ដាក់​ជា​ច្រើន​ដង ដែល​ក្នុង​នោះ​ផ្នែក​សម្រាល​កូន​និង​ផ្នែក​ពិនិត្យ​ព្យាបាល​ជំងឺ​ក៏​បាន​រង​ការ​បាញ់​ផ្លោង​ផង​ដែរ ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​និង​រង​របួស​ជា​ច្រើន។

ស្រប​ពេល​នេះ​ដែរ លោក Netanyahu បាន​ច្រានចោល​នូវ​គំនិត​ដែល​ចង់​ឱ្យ​អាជ្ញាធរ​ប៉ាឡេស្ទីន​គ្រប់គ្រង​លើ​តំបន់​ហ្កាហ្សា​នៅ​ពេល​ណា​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បញ្ចប់​ទៅ។ គោល​ជំហ​របស់​លោក Netanyahu នេះ​គឺ​ផ្ទុយ​ពី​គោល​ជំហ​របស់​រដ្ឋបាល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden។

លោក Netanyahu បាន​និយាយ​នៅ​ឯ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​សៅរ៍​ថា៖ «ចាំបាច់​ត្រូវ​មាន​អ្វី​មួយ​ផ្សេង​នៅ​ទីនោះ»។ លោក​ថ្លែង​ដូច្នេះ​នៅ​ពេល​ដែល​ដែល​គេ​សួរ​ថា​តើ​អាជ្ញាធរ​ប៉ាឡេស្ទីន​ដែល​មាន​ការ​គ្រប់គ្រង​ផ្នែក​រដ្ឋបាល​មួយ​ផ្នែក​នៅ​ក្នុង​តំបន់ West Bank ដែល​ជា​តំបន់​កាន់កាប់​ដោយ​អ៊ីស្រាអែល អាច​នឹង​គ្រប់គ្រង​តំបន់​ហ្កាហ្សា​បន្ទាប់ពី​សង្គ្រាម​ចប់​ឬ​ក៏​អត់។

លោក Netanyahu បន្ថែម​ថា៖ «នឹង​មិន​មាន​អាជ្ញាធរ​ស៊ីវិល​ណា​ដែល​អប់រំ​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ស្អប់​អ៊ីស្រាអែល ឱ្យ​សម្លាប់​ប្រជាជន​អ៊ីស្រាអែល ឱ្យ​កម្ទេច​ប្រទេស​អ៊ីស្រាអែល​បាន​ទេ»។

កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​បង្ហាញ​អំពី​លក្ខខណ្ឌ​សម្រាប់​រដ្ឋាភិបាល​ក្រោយ​សង្គ្រាម​សម្រាប់​ដែនដី​ប៉ាឡេស្ទីន។

លោក​បាន​និយាយ​ថា៖ «រដ្ឋាភិបាល​នោះ​ត្រូវតែ​មាន​ការ​គ្រប់គ្រង​ដែល​ដឹកនាំ​ដោយ​ប៉ាឡេស្ទីន ហើយ​តំបន់​ហ្កាហ្សា​ត្រូវ​បង្រួបបង្រួម​ជាមួយ​នឹង​តំបន់ West Bank នៅ​ក្រោម​អាជ្ញាធរ​ប៉ាឡេស្ទីន»។

ទាហាន​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ខ្មាន់​កាំភ្លើង​ក្រុម​ហាម៉ាស់​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ Shifa កាលពី​ថ្ងៃ​សោរ៍ ដោយ​ធ្វើ​ឱ្យ​អ្នក​រង​របួស​ដោយសារ​សង្គ្រាម បុគ្គលិក​សុខាភិបាល និង​ជន​ស៊ីវិល​ដែល​រត់​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ជាប់​ផុង​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ។

មន្ត្រី​អ៊ីស្រាអែល​លោក​វរសេនីយ៍​ឯក Moshe Tetro បាន​បញ្ជាក់​ថា​ពិតជា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ខាង​ក្រៅ​មន្ទីរពេទ្យ​នេះ​ប្រាកដ​មែន ប៉ុន្តែ​បាន​បដិសេធ​ថា​មន្ទីរពេទ្យ Shifa មិន​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​ឬ​ក៏​ការ​វាយ​ប្រហារ​ដោយ​ផ្ទាល់​ណា​មួយ​ទេ។

លោក​បាន​បន្ថែម​ថា លោក​បាន​ទាក់ទង​ជាមួយ​នឹង​ប្រធាន​មន្ទីរពេទ្យ​និង​បាន​ផ្ដល់​ការ​ធានា​សុវត្ថិភាព​ចំពោះ​ការ​ចាកចេញ​ពី​មន្ទីរពេទ្យ​នេះ​សម្រាប់​អ្នក​ណា​ដែល​ចង់​ចាកចេញ​តាម​ផ្នែក​ខាង​កើត​នៃ​មន្ទីរពេទ្យ​នេះ៕

អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ទីភ្នាក់ងារ​សារព័ត៌មាន AFP។