ក្រសួងទេសចរណ៍បានឲ្យដឹងនាពេលថ្មីៗនេះថា ការមកដល់របស់ទេសចរបរទេសនៅកម្ពុជាមានសន្ទុះឡើងវិញ ក្រោយកម្ពុជាបានបើកប្រទេសក្នុងរយៈពេល៦ខែចុងក្រោយនេះ។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដោយមិនមានវិធានការបិទខ្ទប់ប្រទេស ឬបិទតំបន់ណាមួយក្នុងប្រទេស នៅពេលការឆ្លងរាតត្បាតជំងឺកូវីដ១៩បានចុះថមថយ ដល់កម្រិតក្រោម៥០នាក់ក្នុងមួយថ្ងៃ។
ប្រធាននាយកដ្ឋានស្ថិតិទេសចរណ៍នៃក្រសួងទេសចរណ៍លោក គង់ សុភារក្ស ប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងរយៈពេល៥ខែនៃឆ្នាំ២០២២នេះ ចំនួនទេសចរអន្តរជាតិមកកាន់កម្ពុជាបានកើនដល់ជាង៣៤ម៉ឺននាក់ ដែលមានកំណើន២៧៥ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ហើយនៅក្នុងរយៈពេល៦ខែនៃឆ្នាំ២០២២នេះ ចំនួនទេសចរបរទេសអាចកើនដល់ជាង៥០ម៉ឺននាក់ ដែលមានអត្រាកំណើនប្រមាណ៣៩០ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
លោកបន្ថែមថា៖ «ដូច្នេះជាសរុបរួម យើងឃើញថា ក្រោយពីការបើកប្រទេសឡើងវិញ យើងឃើញថា កំណើនទេសចរល្អ ហើយស្ថានភាពអ្នកធ្វើដំណើរក៏ល្អដែរ»។
បើតាមលោក គង់ សុភារក្ស ការរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ក្នុងសហគមន៍នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងមិនបង្អាក់នៃការមកដល់របស់ភ្ញៀវនៅកម្ពុជាទេ ប៉ុន្តែអ្វីដែលជាការបារម្ភនោះ គឺកត្តាពីខាងក្រៅប្រទេស។
លោកនិយាយថា៖«នេះមិនមែនជាបញ្ហាសំខាន់ សម្រាប់វិស័យទេសចរណ៍យើងទេបាទ ព្រោះដោយសាររាជរដ្ឋាភិបាល មិនមានចេញជាសារាចររឹតបន្តឹងនៃការធ្វើដំណើរគឺអត់មានទេបាទ។ ប៉ុន្តែនៅក្នុងហ្នឹង គឺវាអាស្រ័យទៅលើបញ្ហាខាងក្រៅស្រុកវិញ ដោយសារស្ថានភាពសកលលោករាល់ថ្ងៃ វាពុំទាន់ច្បាស់លាស់ ជាក់ស្តែងយើងឃើញប្រទេសមួយចំនួនមិនទាន់បើកទូលាយនៃការធ្វើដំណើរនៅឡើយ នេះហើយជាបញ្ហាធំទីមួយបាទ»។
មន្ត្រីទទួលបន្ទុកស្ថិតិទេសចរណ៍រូបនេះ បន្ថែមទៀតថា គោលនយោបាយរបស់ចិនដែលមិនឲ្យមានការឆ្លងទាល់តែសោះនៃជំងឺកូវីដ១៩ ក៏ជាឧបសគ្គមួយ ក្នុងការជំរុញកំណើនទេសចរនៅកម្ពុជា ដោយសារទេសចរចិនបានរួមចំណែកដល់កំណើនទេសចរចំនួន៣៥ភាគរយនៃទេសចរសរុប។ មួយវិញទៀត ភាពមិនច្បាស់លាស់ផ្សេងៗ ដែលកើតចេញពីវិបត្តិនៅអ៊ុយក្រែន បានកំពុងជំរុញឲ្យថ្លៃថាមពល និងអតិផរណាកើនឡើងខ្ពស់ ដែលអាចបង្កផលប៉ះពាល់ដល់ទេសចរដែលមានបំណងមកទស្សនាប្រទេសកម្ពុជា។
ស្ថិតិទេសចរផ្លូវការរយៈពេល៥ខែរបស់ក្រសួងទេសចរណ៍បានបង្ហាញថាបន្ទាប់ពីកម្ពុជាបើកប្រទេសឡើងវិញនោះ ទេសចរប្រទេសវៀតណាមបាននាំមុខគេ និងតាមពីក្រោយជាបន្តបន្ទាប់ដោយប្រទេសថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី ចក្រភពអង់គ្លេស និងអូស្រ្តាលី។
អ្នកជំនាញក្នុងវិស័យទេសចរណ៍បានវាយតម្លៃកន្លងមកថាវិបត្តិជំងឺឆ្លងកូវីដ១៩ បានធ្វើឲ្យវិស័យទេសចរណ៍កម្ពុជាជួបស្ថានភាពអាក្រក់បំផុតដែលមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ អំឡុងពេលកម្ពុជាកំពុងរងការវាយប្រហារខ្លាំងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នេះ អ្នកពឹងលើចំណូលបានមកពីវិស័យទេសចរណ៍រាប់ម៉ឺននាក់បានបាត់បង់ការងារធ្វើ ហើយសណ្ឋាគារនៅជាង៣.៦០០ទីតាំងបានបិទទ្វារ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន កត់សម្គាល់ថាកម្ពុជាបានឃើញរំហូរចូលនៃទេសចរបរទេស តែចំនួនមិនទាន់ហក់ឡើងខ្លាំងនៅឡើយ ព្រោះការដកចេញនូវរបាំងផ្សេងៗនៃការធ្វើដំណើរ ត្រូវបានធ្វើឡើងតាមដំណាក់កាល ហើយសេវាកម្មទទួលទេសចរក៏នៅខ្វះ។
អ្នកស្រីថ្លែងថា៖ «បើសិនថាភ្ញៀវហក់មកខ្លាំង ក៏យើងមានការលំបាកដែរ ដោយអ្នកផ្គត់ផ្គង់សេវាកម្មរបស់យើងហ្នឹង ក៏នឹងពិបាកងើបឡើងវិញបានទាំងអស់។ អ៊ីចឹង ឃើញថាសេវាកម្មយើងនៅខ្វះមួយចំនួនផងដែរគឺថា ភ្ញៀវកាលណាតែគេចូលមកហើយ គឺគេត្រូវការសេវាកម្មហ្នឹងឱ្យសម្បូរបែបបន្តិច បើប្រៀបធៀបជាមួយប្រទេសដទៃ ឃើញការបើកទ្វារ មានការចូលរួមទាំងអស់គ្នាតែម្តង គឺសេវាកម្មសម្បូរបែប»។
អ្នកស្រីឱ្យដឹងទៀតថាសេវាកម្មទេសចរណ៍សំខាន់ៗ ដែលមិនទាន់ស្តាបានទាំងស្រុងឡើងវិញនោះ រួមមានសេវាដឹកជញ្ជូនទាំងតាមជើងអាកាស ជើងគោក និងជើងទឹក សេវាផ្តល់ការស្នាក់នៅ និងផ្តល់ម្ហូបអាហារ និងមគ្គុទេសក៍ សេវាកម្មនៅតាមសហគមន៍ទេសចរណ៍ និងក្លឹបកម្សាន្តរាត្រីជាដើម។
អ្នកស្រីនិយាយថា៖ «ភ្ញៀវចូលមកគាត់មិនចង់មើលតែប្រាសាទ អង្គរវត្តមួយទេ។ អ៊ីចឹងគាត់មើលរយៈពេលប៉ុន្មានពីរបីថ្ងៃហើយអ៊ីចឹង គាត់ត្រូវការមើលអ្វីបន្ថែមទៀត សេវាកម្មដឹក សេវាកម្មទៅកន្លែងសប្បាយអីផ្សេងៗទៀតផងដែរ»។
បើតាមអ្នកស្រី ឆាយ ស៊ីវលីន អ្នកផ្គត់ផ្គង់សេវាកម្មក្នុងវិស័យទេសចរណ៍កំពុងវិលមកចាប់ផ្តើមអាជីវកម្មរបស់ពួកគេវិញទៅតាមលទ្ធភាព ដោយខ្លះបានខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ឬលក់ទ្រព្យសម្បតិ្តដែលមានស្រាប់ដើម្បីទ្រទ្រង់ដល់អាជីវកម្មរបស់ពួកគេ រីឯខ្លះទៀតកំពុងរង់ចាំការផ្តល់ប្រាក់កម្ចីហិរញ្ញប្បទាន។
អ្នកស្រីឱ្យដឹងទៀតថាសេវាកម្មផ្តល់ការស្នាក់នៅដែលផ្អាកកន្លងមកបានចាប់ផ្តើមដំណើរការឡើងវិញបានប្រមាណ៤០ភាគរយ ក្រោយមានយន្តការជំរុញភ្ញៀវទេសចរក្នុងស្រុក៕
ក្រសួងទេសចរណ៍៖ ក្រោយពេលបើកប្រទេស៦ខែ ទេសចរបរទេសមកកម្ពុជាផ្តើមមានកំណើន តែនៅបារម្ភពីកត្តាខាងក្រៅ
ភ្នំពេញ —