ក្រោយ​មាន​ការ​កាត់​ជំនួយ លោក ហ៊ុន សែន ចោទ​​អាមេរិក​ថា​បង្ខូចកេរ្តិ៍​ឈ្មោះ​កម្ពុជា

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៅកាន់កម្មករកម្មការនី​នៅរោងចក្រមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

ថ្មី​ៗនេះ មាន​ការ​ឆ្លើយ​ឆ្លង​គ្នា​រវាង​ស្ថាន​ទូត​អាមេរិក​នៅ​ភ្នំពេញ ​និង​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​របស់​កម្ពុជា​ ដែល​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា ​ដែល​ត្រូវ​បាន​សេត​វិមាន​លោក​ប្រធានាធិបតី ​ដូណាល់ ​ត្រាំ​ ប្រកាស​ផ្អាក​ផ្ដល់​ជំនួយ។ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន បានប្រតិកម្ម​ខ្លាំងៗ​ថា មិន​មាន​ជំនួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ចាប់​តាំងពី​ឆ្នាំ២០១៦។ លោក​បាន​ចាត់ទុក​ការ​លើកឡើង​ពី​ជំនួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​កម្ពុជា និងឯកអគ្គរដ្ឋទូត​អាមេរិក​ជា​មនុស្ស​កុហក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​សៅរ៍​នេះ បាន​ហៅ​ការ​ប្រកាស«កាត់​ជំនួយ​របស់​អាមេរិក​ទៅ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ» ថាមាន​គោលដៅ​បង្ខូចកេរ្តិ៍ឈ្មោះ​កម្ពុជា និង​មានចរិតនយោបាយ​សុទ្ធសាធ។

ការ​ថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ជួប​ជុំ​កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសខេត្ត​ព្រះសីហនុ កាលពីព្រឹកថ្ងៃសៅរ៍ ពោលគឺបួនថ្ងៃក្រោយ ​សេតវិមាន​សហរដ្ឋអាមេរិក បាន​ប្រកាស​កាត់​បន្ថយ​ ឬ​ព្យួរ​ជំនួយ​ទៅ​ប្រទេស​កម្ពុជា​ក្នុង​នោះ​មាន ​ជំនួយ​យោធា​ ការ​ពង្រឹង​សមត្ថភាព​រដ្ឋបាល​មូលដ្ឋាន ​និង​អគ្គនាយកដ្ឋាន​ពន្ធដារ។

រដ្ឋាភិបាល​អាមេរិក​បាន​លើក​ឡើង​ថា ​ស្ថាប័ន​ទាំង​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ការ​ព្យួរ​ជំនួយ​របស់​អាមេរិក ធ្វើ​ឡើង​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ហ៊ុន សែន​ បាន​ឈ្នះ​អាសនៈ​ព្រឹទ្ធសភា​ទាំង​៥៨​ ក្នុងការបោះឆ្នោតអសាកលមួយ កាលសប្ដាហ៍មុន ដែល​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ថា​ «មិន​បាន​តំណាង​ឱ្យ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​កម្ពុជា‍» ដោយ​សារ​មិន​មាន​វត្តមាន​ចូលរួមពីសំណាក់គណបក្ស​ប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្រ្គោះជាតិ ដែល​ត្រូវ​បាន​រំលាយ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ​មុន។

នៅ​ក្នុង​ពិធី​ជួប​ជុំ​កម្មករ​នោះ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា អាមេរិក​ធ្លាប់​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​មួយ​ចំនួន​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ប៉ុន្តែ​ត្រូវ​បាន​បញ្ចប់​តាំង​ពី​ចុង​ឆ្នាំ​២០១៦។ លោក​បាន​ប្រតិកម្ម​ខ្លាំងៗ និង​បាន​ចោទ​សួរ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt ឲ្យ​បំភ្លឺ​ករណី​នេះ។ លោក​ចាត់​ទុក​ការ​ការ​ប្រកាស​កាត់​ជំនួយ​នា​ពេល​នេះ គឺ​ដើម្បី​កេង​ចំណេញ​នយោបាយ​យកពិន្ទុឲ្យ​គណបក្ស​សង្រ្គោះជាតិ។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖

«ប៉ុន្តែ​ខ្ញុំ​ចង់​សួរ​ឯកឧតុ្តម​ ឆ្លើយ​ឲ្យ​បាន​ច្បាស់​មើល តើ​ជំនួយ​ដែល​បាន​បញ្ចប់តាំងពី​ឆ្នាំ២០១៦ ហេតុ​អី​បាន​មកប្រកាស​កាត់​នៅ​ឆ្នាំ​២០១៨? បាន​សេចក្តីថា ខ្យល់​សុទ្ធ។ ប៉ុន្តែ​ខ្យល់​នេះ​ គឺជា​កម្មវត្ថុ​នៃ​នយោបាយ​ពិតប្រាកដណាស់»។

លោកនាយករដ្ឋមន្ត្រីកម្ពុជាបានបន្ថែមទៀតថា៖

«តើ​គោល​បំណង​ជាក់លាក់​លើ​បញ្ហា​នេះ គឺ​ជា​អ្វី? ប្រហែល​ជាពិបាក​ឆ្លើយ​នឹង​សំណួរ​នេះ។ ខ្ញុំ​មិន​យល់ បង្ហាញ​ការ​មិន​យល់។ តើ​អ្នក​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា ថា​អ្នក​គឺ​ជា​អ្នក​ផ្តល់​ជំនួយ​ ហើយ​អ្នកកាត់​ជំនួយ​ ដោយ​អ្នក​មិន​ពេញចិត្ត»។

លោក ហ៊ុន សែន ក៏​បាន​ហៅ​អគ្គរដ្ឋទូត​អាមេរិក​ថា ជា«អគ្គរដ្ឋ​ទូត​កុហក» ដែលលោកមាន​ប្រសាសន៍​បន្ថែម​ថា៖

«នៅ​លើ​ពិភពលោក​នេះ ទើប​ហ្នឹង​មានប្រទេសអាមេរិក​ទេ។ ទើប​នឹង​មាន​ប្រធានាធិបតី​អាមេរិក​ទេ ដែល​គាត់​ធុញ​ទ្រាន់​ជាមួយ​នឹង​ការ​ភូត​កុហក។ ពី​មុន​គ្រាន់​តែ​មាន​សារព័ត៌មាន​ភូត​កុហក ប៉ុន្តែ​ឥឡូវ​មាន​អគ្គរដ្ឋទូត​ភូតកុហក»។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីផ្សាយតាមហ្វេសប៊ុក

VOA មិន​ទាន់​អាច​សុំការ​ឆ្លើយ​តប​ភ្លាមៗ​ពី​មន្រ្តី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ។

បន្ទាប់​ពី​ការ​ប្រកាស​កាត់​ជំនួយ​របស់​សេតវិមាន ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក William Heidt កាល​ពី​ថ្ងៃ​ទី​១ ខែមីនា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល ដោយ​បង្ហាញ​ពី​ការ​កាត់​ជំនួយ​របស់​អាមេរិក ក្នុង​នោះ​បាន​លើក​ឡើង​ពី​ជំនួយ​គាំទ្រ​ដល់​អគ្គនាយក​ពន្ធដារ​ផង​ដែរ។

លោក William Heidt បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា៖

«ជា​លទ្ធផល រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ព្យួរ​ការ​គាំទ្រ​ក្នុង​ការ​កសាង​សមត្ថភាព​ទៅ​កាន់​អគ្គនាយក​ដ្ឋាន​ពន្ធដារ និង​មន្រ្តី​នានា»។ លោក​ក៏​បាន​បញ្ជាក់​ថា មាន​ក្តី​បារម្ភខ្លាំង​ចំពោះ​ចំណាត់ការ​ដោយ​ផ្ទាល់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ទៅ​លើ​បុគ្គល​ជាក់លាក់ និង​អង្គភាព​នៅ​កម្ពុជា ថា​មាន​លក្ខណៈ​នយោបាយ។

ជា​ការ​ឆ្លើយ​តប លោក គង់ វិបុល បាន​ផ្ញើ​លិខិត​មួយ​ច្បាប់ ដោយ​លើក​ឡើង​ថា មិន​មាន​ជំនួយ​របស់​អាមេរិក​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ចាប់​តាំងពី​ខែធ្នូ ឆ្នាំ​២០១៦។ លោក​បាន​បញ្ជាក់​ថា អគ្គរដ្ឋទូត​អាមេរិក​«កំពុង​តែ​ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​នយោបាយ»។

អគ្គនាយកដ្ឋានពន្ធដារ ក៏​បាន​ចោទ​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ី​សេរី ​ដែល​បាន​រាយ​ការណ៍​លើ​ព្រឹត្តិការណ៍​នៃ​ការ​កាត់​ជំនួយ​នេះ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បន្លំ​សាធារណ​មតិ។​

សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​ The Cambodia Daily ​បាន​បិទទ្វារ​ដោយសារ​តែ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ចោទ​ថា​ ជំពាក់​ប្រាក់ពន្ធ​ជាង​៦,៣​លានដុល្លារ​អាមេរិក។ រដ្ឋាភិបាល​ក៏​បាន​ហាមឃាត់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​មិន​ឱ្យ​ផ្សាយ​កម្មវិធី​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ (VOD)​ផងដែរ។ ការណ៍​នេះ​បង្ខំ​ឱ្យ​វិទ្យុអាស៊ី​សេរី​ដែល​ផ្តល់​ថវិកា​ដោយ​សហរដ្ឋ​អាមេរិក​ត្រូវ​បិទ​ការិយាល័យ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ថ្ងៃ​សៅរ៍​នេះ លោក​ ហ៊ុន សែន បាន​ការពារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ទៅ​លើ​កាសែត The Cambodia Daily និង​វិទ្យុ​អាស៊ី​សេរី ថា​ពួកគេ​មិន​បាន​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា។

លិខិតអគ្គនាយកដ្ឋានពន្ធដារ​ជូនឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​នៅ​កម្ពុជា

ទំនាក់ទំនង​អាមេរិក​-កម្ពុជា​ មាន​ភាព​មិន​ល្អ​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ ស្រប​ពេល​នយោបាយ​នៅ​កម្ពុជា​ឡើង​កំដៅ។ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​តែង​តែ​វាយ​ប្រហារ​អាមេរិក ​ជាពិសេស​ការ​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា ​ក្នុង​សម័យ​សង្រ្គាម​ ហើយ​លោក​ក៏​ព្រមាន​កុំ​ឲ្យ​ប្រទេស​មហា​អំណាច​មួយ​នេះ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា។ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ចោទ​ចោទ​ប្រកាន់​គណបក្ស​សង្រ្គោះជាតិ​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ដែល​សំដៅ​លើ​អាមេរិក ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

រាល់ការ​ចោទ​ប្រកាន់ទាំង​នេះពីសំណាក់រដ្ឋអំណាចដឹកនាំនៅទីក្រុងភ្នំពេញ ត្រូវ​បាន​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ គឺ​ លោក William Heidt ​ថាជា​ ការណ៍មិន​ពិត ​ភូត​កុហក​ និង​គ្មាន​ហេតុផល។

ភ្លាមៗ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ខែវិច្ឆិកា ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្អាក​ជំនួយ​បោះ​ឆ្នោត​ ហើយ​ថ្មីៗ​នេះ​បណ្ដា​សមាជិក​នាំ​មុខ​មក​ពី​គណបក្ស​ទាំង​ពីរ​ក្នុង​ព្រឹទ្ធ​សភា​អាមេរិក​ ក៏​បាន​ផ្ដួច​ផ្ដើម​គំនិត​រៀប​ចំ​ ច្បាប់​CARI ​Act ​ស្តី​ពី ​«ការ​ទទួល​ខុស​ត្រូវ​របស់​កម្ពុជា ​និង​ធ្វើ​ឱ្យ​ការ​វិនិយោគ​ត្រឡប់​ដូច​ដើម​វិញ‍‍»​ ដែល​និយាយ​ពី​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក ​ហ៊ុន​ សែន ​ដើម្បី​ដាក់​សម្ពាធ​ឱ្យ​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​ឡើង​វិញ។​

ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​នៃ​ក្រសួង​ការបរទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​សុក្រ​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ​ហោ ​ណាំហុង​ ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​ការណ៍​ដែរ​មាន​ការ​«កៀប​សង្កត់​ផ្នែក​នយោបាយ»​ដែល​ចេះ​តែ​កើន​ឡើង​ ដើម្បី​«ជ្រៀត​ជ្រែក»​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ​តែ​លោក​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​មិន​ទាន់​ចេញ​ជា​រូប​រាង​នៅ​ឡើយ៕