ខណៈពេលដែលសេដ្ឋកិច្ចអឺរ៉ុបមានភាពទន់ខ្សោយ បានបង្កឱ្យមានការព្រួយបារម្ភនៅជុំវិញពិភពលោក សេដ្ឋវិទូនៅទ្វីបអាហ្វ្រិកកំពុងតែជំរុញឱ្យកាត់ផ្តាច់ទំនាក់ទំនងដែលចងភ្ជាប់ទ្វីបនេះជាមួយអតីតប្រទេសមហាអំណាចអាណានិគម។ មតិមួយគឺចង់បំបែករូបិយប័ណ្ណ ហ្វ្រង់ស៊ីអេហ្វអេ (CFA franc) ដែលរូបិយប័ណ្ណនេះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន១៤របស់ទ្វីបអាហ្វ្រិក ចេញពីរូបិយប័ណ្ណអឺរ៉ូ។
វាគ្មិនម្នាក់នៅឯវេទិកាស្តីពីភាពលូតលាស់នៅទូទាំងទ្វីបអាហ្វ្រិក (Revival of Pan-Africanism Forum) គឺសេដ្ឋវិទូ សាឡូម៉ុន សាមេន (Salomon Samen) ដែលផ្តល់ប្រឹក្សាដល់ប្រទេសអាហ្វ្រិកមួយចំនួន ស្តីពីគោលនយោបាយសេដ្ឋកិច្ច។
លោក សាមេន បានពណ៌នារូបិយប័ណ្ណហ្វ្រង់ស៊ីអេហ្វអេ ក្រោយសង្គ្រាមលោកលើកទីពីរ ដែលត្រូវបានប្រើប្រាស់នៅទ្វីបអាហ្វ្រិកខាងលិចនិងកណ្តាល ថាជាទងសុកដែលត្រូវតែកាត់ផ្តាច់ចេញ។ លោក មានប្រសាសន៍ថា ការចាប់ផ្តើមដ៏ល្អ អាចជួយបន្ធូរបន្ថយទំនាក់ទំនងឥតប្រែប្រួលរវាងរូបិយប័ណ្ណអឺរ៉ូនិង ហ្វ្រង់ស៊ីអេហ្វអេ។
«អត្រាប្តូរប្រាក់ថេររវាងរូបិយប័ណ្ណស៊ីអេហ្វអេ និងអឺរ៉ូ លែងមានភាពសមហេតុផលតទៅទៀតហើយ ពីព្រោះវិស័យពាណិជ្ជកម្មរវាងអាហ្វ្រិកនិងអឺរ៉ុបបានផ្លាស់ប្តូរយ៉ាងខ្លាំងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយតួនាទីកាន់តែធំធេងជាងមុន ត្រូវបានជំនួសដោយបណ្តាប្រទេសអាស៊ីនិងចិន(China) ហើយពាណិជ្ជកម្មជាច្រើនត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះ វាមិនអាចទទួលយកបានទេ ដែលមានត្រឹមតែអត្រាប្តូរប្រាក់ថេរដ៏សាមញ្ញមួយ រវាងប្រាក់ហ្រ្វង់ស៊ីអេហ្វអេ និងប្រាក់អឺរ៉ូ។ អត្រានេះត្រូវតែត្រួតពិនិត្យឡើងវិញ។»
សេដ្ឋវិទូអាហ្វ្រិកម្នាក់ទៀតឈ្មោះ លោក ណាស់ ផូគូ (Nash Kpokou) ដែលជាជនជាតិកូតឌីវ័រ (Ivory Coast) ចង់ឱ្យប្រទេសចាយប្រាក់ ហ្រ្វង់ស៊ីអេហ្វអេ មានរូបិយប័ណ្ណខ្លួនឯង ដូច្នេះហើយសេដ្ឋកិច្ចអាហ្វ្រិកអាចបង្កើនភាពប្រកួតប្រជែងរបស់ពួកគេ ហើយមិនទទួលរងឥទ្ធិពលខ្លាំងពេកពីសំណាក់ជំហរមិនច្បាស់លាស់របស់ប្រាក់អឺរ៉ូ។
«ប្រសិនបើយើងមានរូបិយប័ណ្ណផ្ទាល់ខ្លួន វាពិតជានឹងជួយសេដ្ឋកិច្ចរបស់យើងក្នុងការដោះស្រាយជាមួយប្រទេសភាគច្រើនបំផុត ហើយពួកគេអាចលក់ទំនិញទៅកាន់ពិភពលោកទាំងមូល។»
លោក ផូគូ បានពណ៌នាប្រព័ន្ធនាពេលបច្ចុប្បន្ននេះ ថាជា«ទេសចរណ៍ធនាគារ»ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសបារាំងនិងអ្នកដឹកនាំដែលគាំទ្រដោយបារាំង ដែលមិនមែនគាំទ្រដោយប្រជាពលរដ្ឋអាហ្វ្រិកទេ សូម្បីតែនៅពេលដែលប្រទេសរបស់ពួកគេបង្ហាញអំពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំក៏ដោយ។
«នៅពេលយើងនិយាយអំពីកំណើនសេដ្ឋកិច្ច វាគួរតែរាប់បញ្ចូលទាំងអស់តែម្តង។ ពួកគេភ្លេចថា កំណើនបែបនោះ គួរតែគិតពិចារណាលើការកាត់បន្ថយភាពក្រីក្រ។ ដូច្នេះនៅពេលដែលកំណើនសេដ្ឋកិច្ចមិនពិចារណាទៅលើប្រជាពលរដ្ឋ នោះមានន័យថាគ្មានកំណើននោះឡើយ។»
លោក ផូគូ ក៏កត់សម្គាល់ដែរថា ប្រព័ន្ធនាពេលបច្ចុប្បន្ននេះ ទាមទារឱ្យបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ រក្សាទុកប្រាក់បម្រុងបរទេសភាគច្រើនរបស់ពួកគេនៅក្នុងគណនេយ្យ ដែលមាននៅក្នុងរតនាគារបារាំង។ អ្នកចូលរួមផ្សេងទៀតនៅឯវេទិកានេះ បាននិយាយថា ជាជាងពឹងផ្អែកលើប្រព័ន្ធនេះដើម្បីធានាឲ្យប្រាកដចំពោះក្រុមវិនិយោគិនដែលមានការប្រយ័ត្នប្រយែងចំពោះការធ្វើជំនួញនៅក្នុងតំបន់ដែលជំពាក់បំណុលច្រើន បណ្តាប្រទេសអាហ្វ្រិកត្រូវតែធ្វើឱ្យប្រសើរឡើងខាងវិស័យជំនួញរបស់ពួកគេ និងបរិយាកាសវិនិយោគ ព្រមទាំងបង្កើនការធ្វើពាណិជ្ជកម្មអន្តរទ្វីបទៀតផង៕
ប្រែសម្រួលដោយ ឃួន ធារ៉ា