ប្រែសម្រួលដោយ៖ ឌី ខាំបូលី
លោកស្រី អិនកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosaana Dlamini-Zuma) បានបង្កើតប្រវត្តិសាស្រ្តមួយនៅថ្ងៃទី១៥ ខែកក្កដា ដោយបានក្លាយទៅជាស្រ្តីទីមួយ ដែលត្រូវបានបោះឆ្នោតជ្រើសរើស ឱ្យដឹកនាំគណៈកម្មការសហភាពអាហ្រ្វិក (African Union Commission)។
ប្រធានថ្មីរបស់សហភាពអាហ្រ្វិក បានជំនួសដំណែងរបស់លោក ជីន ពីង (Jean Ping) ប្រធានបច្ចុប្បន្នដែលជាជនជាតិ ហ្គាបូន (Gabonese) និងដែលបានដឹកនាំអង្គការដែលមានសមាជិក៥៤រូបនេះតាំងពីឆ្នាំ២០០៨មក។ លោកស្រី អិនកូសាហ្សាណា ដ្លាមីនី ហ្សូម៉ា (Nkosaana Dlamini-Zuma) វ័យ៦៣ឆ្នាំ គឺជាអតីតភរិយារបស់លោក ចាកូប ហ្សូម៉ា (Jacob Zuma) ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកខាងត្បូង ហើយនាពេលថ្មីៗនេះ បានបម្រើការជារដ្ឋមន្រ្តីក្រសួងកិច្ចការក្នុងប្រទេសរបស់លោក។
«វាពិតជាអស្ចារ្យណាស់ ដែលមានមនុស្សម្នាក់ដឹកនាំសហភាពអាហ្រ្វិក ដែលមនុស្សម្នាក់ធ្លាប់ជាវេជ្ជបណ្ឌិតមួយរូប ប៉ុន្តែ លោកស្រីក៏ជាសកម្មជនមួយរូបផងដែរ»។
លោកស្រី អ៊ីមីរ៉ា វូដស៍ (Emira Woods) ធ្វើការជាមួយវិទ្យាស្ថានសម្រាប់ការសិក្សាអំពីគោលនយោបាយ (Institute for Policy Studies) នៅក្នុងទីក្រុង វ៉ាស៊ីនតោន (Washington)។ លោកស្រីនិយាយថា ការជឿជាក់យ៉ាងមុតមាំរបស់លោកស្រី ដ្លាមីនី ហ្សូម៉ា នៅក្នុងមហាសន្និបាតជាតិអាហ្រ្វិក (ANC) និងដំណែងផ្សេងៗជាច្រើនដែលលោកស្រីធ្លាប់បានទទួល ចាប់តាំងពីការដួលរលំនៃរបប អាផាថេត (apartheid) បានបង្ហាញថា លោកស្រីមានសមត្ថភាព ប៉ុន្តែបញ្ហាប្រឈមយ៉ាងធំធេង កំពុងរង់ចាំលោកស្រី។
«រឿងរ៉ាវគ្រប់យ៉ាង ដែលកំពុងកើតឡើងដោយសារវិបត្តិនៅក្នុងប្រទេស ម៉ាលី (Mali) គឺជាបញ្ហាប្រឈមសំខាន់បំផុតមួយនៅក្នុងពេលនេះ។ នេះបើយោងតាមការរកឃើញរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ឥឡូវនេះ អ្នកក៏មានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោផងដែរ ដែលរដ្ឋជិតខាងមួយនេះ ត្រូវបានរកឃើញថាមានការទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរឆ្លងកាត់ព្រំដែន ភាគខាងកើតនៃប្រទេសកុងហ្គោ។ តើអ្នកនឹងបញ្ចប់វិបត្តិទាំងនេះយ៉ាងដូចម្តេច?»
ជាងនេះទៅទៀត លោក ស្ទីវវែន ហ្រ្វិដមែន (Steven Friedman) អ្នកវិភាគនយោបាយនៃសាកលវិទ្យាល័យ ចូហាននែសប័ក (University of Johannesburg) និយាយថា មានការព្រួយបារម្ភអំពីសិទ្ធិជាមូលដ្ឋាន។
ប្រជាពលរដ្ឋនៅក្នុងទ្វីបនេះ នៅតែទទួលរងផលប៉ះពាល់ជាអវិជ្ជមានដោយសារសង្រ្គាម។ នៅតាមផ្នែកជាច្រើន ពួកគេនៅតែមិនត្រូវបានស្តាប់ឭពីសំណាក់មនុស្សដែលគ្រប់គ្រងពួកគេទេ ហើយប្រជាពលរដ្ឋជាច្រើនកំពុងរស់នៅក្នុងភាពក្រីក្រ»។
លោកស្រី ដ្លាមីនី ហ្សូម៉ា មកពីខេត្ត ខ្វាហ្សូលូ ណាតាល (KwaZulu Natal) នៃប្រទេស អាហ្រ្វិកខាងត្បូង។
ប្រតិកម្មនៅក្នុងទ្វីបនេះគឺមានភាពចម្រុះ។
«យើងត្រូវតែរង់ចាំមើលសិន។ ប៉ុន្តែ ប្រទេសអាហ្រ្វិកខាងត្បូង មានឧទាហរណ៍ដ៏ល្អសម្រាប់ទ្វីបអាហ្រ្វិក ទាក់ទងនឹងរដ្ឋាភិបាលនិងលទិ្ធប្រជាធិបតេយ្យ»។
«នៅប្រទេសលីប៊ីរីយ៉ា (Liberia) យើងមានស្រ្តីមួយរូបនៅក្នុងលំដាប់កំពូល ហើយដូចគ្នាផងដែរនៅប្រទេស ម៉ាឡាវី (Malawi)។ ហើយឥឡូវនេះ យើងមានស្ត្រីជាតិអាហ្រ្វិកខាងត្បូងមួយរូបនៅក្នុងលំដាប់កំពូលនៃសហភាពអាហ្រ្វិក។ ខ្ញុំគិតថា វាអាចដំណើរការបាន»៕