មន្ទីរបញ្ចកោណឲ្យដឹងថា សេចក្តីរាយការណ៍ស្តីពីអំពើហឹង្សា អំពើពុករលួយ កងកម្លាំងសន្តិសុខមូលដ្ឋានមានគុណភាពអន់ខ្សោយ និងការរីកចម្រើនដ៏យឺតយ៉ាវជាងការរំពឹងទុកនៅភាគខាងត្បូង ប្រទេសអាហ្វកានីស្ថាន កំពុងបង្កើតឲ្យមានការចាប់អារម្មណ៍ដែលមានភាពអវិជ្ជមានច្រើនហួសហេតុទៅលើប្រទេសនេះទាំងមូល។ ប៉ុន្តែមន្រ្តីមួយចំនួនបានឲ្យដឹងថា ភាគច្រើននៅក្នុងប្រទេសមានស្ថេរភាពបង្គួរ ឬមានការរីកចម្រើនយឺតៗឆ្ពោះទៅរកស្ថេរភាព។
នៅឯសវនាការមួយរបស់ព្រឹទ្ធសភាកាលពីសប្តាហ៍មុន លោករដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក រ៉ូប៊ឺត ហ្គេតស៍ (Robert Gates) បានសម្តែងការព្រួយបារម្ភអំពីអ្វីដែលលោកយល់ឃើញថា ជាការបង្ហាញមិនត្រឹមត្រូវចំពោះអ្វីដែលកំពុងកើតមាននៅក្នុងប្រទេសអាហ្វកានីស្ថាន។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំគិតថា ការអធិប្បាយកាលពីសប្តាហ៍មុនៗ ហើយមើលទៅប្រហែលជាដោយសារតែមានមហន្តរាយច្រើនជាងមុន ព្រមទាំងកត្តាផ្សេងៗទៀត មានភាពអវិជ្ជមានខ្លាំងពេក។ ខ្ញុំគិតថា យើងមានការផ្តួចផ្តើមឡើងវិញហើយ។ ខ្ញុំគិតថា យើងកំពុងមានការរីកចម្រើនទៅមុខ»។
ក្រោយមកលោក ហ្គេតស៍ បានប្រាប់អ្នកយកព័ត៌មានម្នាក់របស់ព័ត៌មាន ហ្វក់ស៍ (Fox News) ថា ព័ត៌មានចេញមកពីប្រទេសអាហ្វកានីស្ថាន គឺ «មិនពេញលេញ »ទេ និងជាផ្នែកមួយនៃអ្វី ដែលលោកហៅថាជា « ការប្រញាប់ធ្វើការវិនិច្ឆ័យ» មុនពេលដែលកងកម្លាំងបន្ថែមទាំងអស់បានទៅដល់ និងយុទ្ធសាស្ត្រថ្មីត្រូវបានដាក់ឲ្យដំណើរការទាំងស្រុង។ លោកសុំទុកពេលវេលា ដើម្បី ឲ្យយុទ្ធសាស្រ្តនេះដំណើរការ ហើយលោកបានឲ្យដឹងថា លោករំពឹងថានឹងទទួលបានភស្តុតាងច្បាស់លាស់ស្តីពីរឿងនេះនៅត្រឹមដំណាច់ឆ្នាំនេះ។
លោកចេហ្វ ម៉ូរ៉េល (Geoff Morrell) មន្រ្តីព័ត៌មានរបស់មន្ទីរបញ្ចកោណនិយាយថា លោកហ្គេតស៍ មិនបន្ទោសប្រព័ន្ធផ្សព្វផ្សាយទេ។ លោកបន្តថា៖
« ខ្ញុំមិនដឹងថា គាត់ស្តីបន្ទោសនរណាម្នាក់ជាពិសេសនោះទេ។ វាហាក់ដូចជារឿងធំដុំ គឺមិនត្រឹមតែមានភាពមន្ទិលសង្ស័យ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពចំអកឡកឡឺយច្រើនផងដែរ ទៅលើអ្វីដែលកំពុងកើតឡើងទាក់ទងនឹងប្រតិបត្តិការរបស់យើងនៅទីនោះ និងកិច្ចខិតខំប្រឹងប្រែងក្នុងការវិនិច្ឆ័យទុកមុនចំពោះលទ្ធផលនៃយុទ្ធសាស្ត្រនេះ»។
អ្នកយកព័ត៌មានមួយចំនួនបានចាត់ទុកការអធិប្បាយរបស់លោករដ្ឋមន្រ្តី ថាជាការវាយប្រហារទៅលើការងាររបស់ពួកគេ។
«តាមពិត ខ្ញុំមានការភ្ញាក់ផ្អើលបន្តិចដែរ»។
លោកស្រី ដាហ្វនេ បិនណ័ត (Daphne Benoit) ជាអ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានបារាំង អាហ្សង់ ហ្រ្វង់ប្រេស (Agence France Presse) ទើបតែបានចំណាយពេលពីរសប្តាហ៍ ដើម្បីធ្វើសេចក្តីរាយការណ៍ស្តីពីកងកម្លាំងសហរដ្ឋអាមេរិក និងអង្គការណេតូនៅក្នុងទីក្រុងកាន់ដាហារ (Kandahar) ដែលជាទីក្រុងសំខាន់ភាគខាងត្បូងរបស់អាហ្វកានីស្ថាន។ លោកស្រីនិយាយថា៖
«ខ្ញុំគិតថា វាជាការប្រមាថមើលងាយបន្តិចដែរទៅលើអ្នកយកព័ត៌មាន ដោយសារតែយើងបានប្រថុយជីវិតចូលទៅកាន់កន្លែងមួយដ៏គ្រោះថ្នាក់បំផុត ដើម្បីព្យាយាមរាយការណ៍ឲ្យបានច្បាស់លាស់បំផុតតាមដែលអាចធ្វើទៅបានចំពោះអ្វីដែលកំពុងកើតមានឡើងក្នុងអំឡុងសង្រ្គាមនេះ ហើយរាយការណ៍ឲ្យបានត្រឹមត្រូវបំផុតតាមដែលអាចធ្វើទៅបាន អំពីអ្វីដែលកំពុងកើតមានឡើងទៅលើបុរស និងស្ត្រីក្នុងឯកសណ្ឋាន និងចំពោះភាពរីកចម្រើននានា ដែលត្រូវបានធ្វើឡើងដែរឬយ៉ាងណា។ ដូច្នេះ ខ្ញុំគិតថានោះជាការវិនិច្ឆ័យមិនយុត្តិធម៌ចំពោះពួកយើង»។
អ្នកយកព័ត៌មានដែល «បង្កប់ខ្លួន» នៅក្នុងអង្គភាពយោធា មានឱកាសផ្តល់រឿងរ៉ាវលម្អិតទាំងឡាយអំពី ការប្រឈមមុខរបស់ កងទ័ព និងការរីកចម្រើន ដែលពួកគេបានធ្វើឡើងខាងវិស័យសន្តិសុខ ការបង្ហាត់កងកម្លាំងអាហ្វកានីស្ថាន និងបេសកកម្មសំខាន់ជាច្រើនទៀត។ ប៉ុន្តែអ្នកយកព័ត៌មានមួយចំនួនទទួលស្គាល់ថា នៅពេលរស់នៅតាមមូលដ្ឋានតូចៗនៅកាន់ដាហារ ឬនៅតាមប៉ុស្តិ៍នៅលើវាលខ្សាច់ក្នុងតំបន់ដាច់ស្រយាល សេចក្តីរាយការណ៍របស់ពួកគេប្រហែលជាមិនមានព័ត៌មានទូលំទូលាយ ពីទីបញ្ជាការថ្នាក់តំបន់ ឬថ្នាក់ជាតិឡើយ។
ប៉ុន្តែលោកស្រី បិនណ័ត និយាយថា ការទៅកាន់កន្លែងដែលមានសកម្មភាពដូចនៅភាគខាងត្បូងប្រទេសអាហ្វកានីស្ថាននាពេលបច្ចុប្បន្ននេះ គឺមិនគ្រាន់តែស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាសំខាន់ណាស់។
« ខេត្តនេះជាខេត្តគន្លឹះចំពោះប្រទេសអាហ្វកានីស្ថាន។ ដូច្នេះ ខ្ញុំគិតថា វាមិនមែនជាការបកស្រាយខុសពីការពិតក្នុងការផ្តោតការយកចិត្តទុកដាក់ទៅលើខេត្តមួយនេះនោះទេ។ ហើយនៅក្នុងខេត្តនេះ ជាពិសេស មានបញ្ហាសន្តិសុខកើតឡើងច្រើន។ ប្រជាពលរដ្ឋមិនមានអារម្មណ៍ ថាមានសុវត្ថិភាពទេនៅក្នុងទីក្រុងនេះ ។ អភិបាលក្រុងត្រូវបានសម្លាប់។ ក្នុងសប្តាហ៍ដែលខ្ញុំនៅទីនោះ ទាហាន៣០នាក់របស់អង្គការណេតូត្រូវបានសម្លាប់។ នេះជាការពិតរបស់សង្រ្គាមនេះ ហើយអ្នកត្រូវតែរាយការណ៍អំពីរឿងរ៉ាវទាំងនេះ»។
លោកចេហ្វ ម៉ូរ៉េល យល់ស្របថា វាជាការសំខាន់ក្នុងការយកព័ត៌មាននៅទីក្រុងកាន់ដាហារ និងខេត្តហេលម៉ានដ៍ (Helmand)ដែលនៅក្បែរនោះ ដែលជាទីតាំងរឹងមាំរបស់ពួកតាលីបាន។
«ខ្ញុំមិនមែនមានន័យថាមិនឲ្យមានអ្នកណា ទៅយកព័ត៌មានពីកន្លែងទាំងពីរនេះទេ។ នោះជាទីកន្លែងដែលយើងផ្តោតការយកចិត្តទុកដាក់។ នោះជាកន្លែងដែលកងកម្លាំងរបស់យើងភាគច្រើនកំពុងត្រូវបានបញ្ជូនទៅ។ ហើយកងកម្លាំងទាំងនេះសំខាន់ ណាស់សម្រាប់លទ្ធផលនៃជម្លោះនេះ។ អ្នកដឹងទេថា ជួនកាលខ្ញុំមិនគ្រាន់តែ ស្វែងរកបរិបទធំធេងនោះទេ»។
លោករដ្ឋមន្រ្តី ហ្គេតស៍ បានប្រដូចសភាពការណ៍បច្ចុប្បន្ននៅក្នុងប្រទេសអាហ្វកានីស្ថាន ទៅនឹងប្រទេសអ៊ីរ៉ាក់កាលពីបីឆ្នាំមុន នៅពេលចាប់ផ្តើមយុទ្ធសាស្រ្តថ្មីនៅទីនោះ ដែលជាយុទ្ធសាស្រ្តមួយ ដែលក្រោយមកបានស្តែងឲ្យឃើញពីភាពជោគជ័យលឿនជាងខែកន្លងមក ។ ប៉ុន្តែអ្នកដទៃទៀតនិយាយថា ប្រទេសអាហ្វកានីស្ថានសព្វថ្ងៃ គឺដូចប្រទេសអ៊ីរ៉ាក់កាលពីបួនឆ្នាំមុន នៅពេលដែលមន្ត្រីមួយចំនួនធ្វើឲ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅកន្លែងភាគច្រើននៃប្រទេស ខណៈដែលទីក្រុងនិងតំបន់សំខាន់ផ្សេងទៀតត្រូវបានយាយីដោយអំពើហិង្សា។
«ឥឡូវនេះ ខ្ញុំខ្លួនឯងមិនដឹងថាតើត្រូវដាក់ប្រទេសអាហ្វកានីស្ថាននៅក្នុងទស្សនៈណាមួយឲ្យពិតប្រាកដនោះទេ»។
នេះគឺលោកម៉ៃខល អូហានឡុន (Michael O'Hanlon) នៃវិទ្យាស្ថានប្រ៊ុកឃីង (Brookings Institution)។ លោកថ្លែងថា៖
«ជារឿយៗ យើងពិតជាបានឮថា អ្នកនៅក្នុងនិតិប្រតិបត្តិអាចធ្វើឲ្យប្រសើរបំផុតនៅក្នុង សភាពការណ៍ដ៏លំបាក។ ហើយមនុស្សមួយចំនួនអាចចោទប្រកាន់ពួកគេថា និយាយកុហក ឬបំភ្លៃការពិត។ ខ្ញុំគិតថា វាជាការធ្វើឲ្យប្រសើរបំផុតនៅក្នុង សភាពការណ៍ដ៏លំបាកនេះ ដោយព្យាយាមស្វែងរកសេចក្តីសង្ឃឹមចំពេលដែលមានសញ្ញាណនៃបញ្ហា »។
លោក អូហានឡុន ដែលបានធ្វើដំណើរទៅកាន់ប្រទេសអាហ្វកានីស្ថានដើម្បីវាយតម្លៃសភាពការណ៍ ដោយខ្លួនឯងបានឲ្យដឹងថា គាត់មិនមានការភ្ញាក់ផ្អើលទេដែលថា នៅក្នុងសង្គ្រាមបែបនេះ មានព័ត៌មានល្អសម្រាប់រាយការណ៍ពីកន្លែងខ្លះ និងព័ត៌មានមិនល្អពីកន្លែងផ្សេងៗទៀត៕
ប្រែសម្រួលដោយលី សុខឃាង