នៅចុងឆ្នាំនេះ ការចាប់ផ្តើមដកកងកម្លាំងសហរដ្ឋអាមេរិក នៅប្រទេសអាហ្វហ្កានីស្ថាន ធ្វើឡើងបន្ទាប់ពីមានការធ្លាក់ចុះជាប្រចាំចំពោះការគាំទ្រជាសាធារណៈរបស់ជនជាតិអាមេរិកាំងទៅលើសង្គ្រាមមួយ ដែលបានបន្តអស់រយៈពេលជិត១០ឆ្នាំមកហើយ។ ការស្ទង់មតិសាធារណៈបង្ហាញថា សង្គ្រាមនៅអាហ្វហ្កានីស្ថាន មានតួនាទីនៅក្នុងនៅក្នុងការពិភាក្សាគ្នាក្នុងស្រុក។
នៅពេលដែលលោកឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីក្នុងឆ្នាំ២០០៨ បេក្ខជន បារ៉ាក់ អូបាម៉ា បានសន្យាថានឹងដកកងកម្លាំងសហរដ្ឋអាមេរិកពីសង្គ្រាមមួយដែលលោកបានប្រឆាំងនៅប្រទេសអ៊ីរ៉ាក់ ព្រមទាំងពង្រឹងកិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងពួកតាលីបាន និងក្រុមអាល់កៃដានៅអាហ្វហ្កានីស្ថាន។
នៅចុងឆ្នាំ២០០៩ លោកប្រធានាធិបតីបានប្រកាសថា លោកនឹងបញ្ជូនកងទ័ពបន្ថែមចំនួន៣ម៉ឺននាក់ ទៅអាហ្វហ្កានីស្ថាន ដែលជាវិធានការមួយមិនសូវមានប្រជាប្រិយភាពទេ សម្រាប់សមាជិកខ្លះនៃគណបក្សប្រជាធិបតេយ្យផ្ទាល់របស់លោក។
កាលពីពីរឆ្នាំកន្លងទៅ ការគាំទ្រក្នុងប្រទេសទៅលើសង្គ្រាមនៅអាហ្វហ្កានីស្ថានបានចុះខ្សោយយ៉ាងខ្លាំង។ ការស្ទង់មតិកាលពីពេលថ្មីៗនេះ បានរកឃើញថា ៦៤ភាគរយនៃអ្នកដែលត្រូវបានធ្វើការស្ទាបស្ទង់មតិជឿថា សង្គ្រាមនៅអាហ្វហ្កានីស្ថានលែងមានតម្លៃក្នុងការប្រយុទ្ធទៀតហើយ។ នៅចុងឆ្នាំ២០០៩ តួលេខនេះមានតែ៤៤ភាគរយប៉ុណ្ណោះ។
លោក ដេនីស គូជិននីក (Dennis Kucinich) សមាជិករដ្ឋសភានៃរដ្ឋអូហៃយ៉ូ (Ohio) របស់គណបក្សប្រជាធិបតេយ្យ គឺជាអ្នកជំទាស់ជាយូរមកហើយទល់និងសង្គ្រាមនៅអ៊ីរ៉ាក់ និងអាហ្វហ្កានីស្ថាន និងទល់និងការជាប់ពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកនៅក្នុងបេសកកម្មរបស់អង្គការណាតូ(អូតង់)នៅប្រទេសលីប៊ី។
«បញ្ហាកំពុងមានស្មុគស្មាញយ៉ាងខ្លាំងនៅក្នុងប្រទេស ខណៈដែលយើងកំពុងស្វែងរកសត្វនាគមួយដើម្បីសម្លាប់នៅក្នុងពិភពលោកទៅវិញ»។
កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ភាពធុញទ្រាន់ទៅលើសង្គ្រាមនៅអាហ្វហ្កានីស្ថានក៏បានលេចឡើងក្នុងការពិភាក្សាក្នុងចំណោមអ្នកប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋក្នុងឆ្នាំ២០១២ ដោយរាប់បញ្ចូលទាំងគូប្រកួតម្នាក់ គឺលោកមីត រ៉ុមនី (Mitt Romney) ដែលជាអតីតអភិបាលរដ្ឋម៉ាសាជូសេត (Massachusetts) ផងដែរ។
«ប៉ុន្តែខ្ញុំក៏គិតដែរថាយើងបានរៀនមេរៀនរួចហើយថា កងទ័ពរបស់យើងមិនគួរចេញទៅព្យាយាមធ្វើសង្គ្រាមដើម្បីឯករាជ្យភាពរបស់ប្រទេសមួយផ្សេងទៀតនោះទេ។ មានតែជនជាតិអាហ្វហ្កានីស្ថានតែមួយគត់ ដែលអាចទទួលបានឯករាជ្យភាពសម្រាប់ប្រទេសអាហ្វហ្កានីស្ថាន ពីពួកតាលីបាន»។
សូម្បីតែអ្នកសាធារណរដ្ឋចុងក្រោយបង្អស់ដែលចូលរួមការប្រកួតប្រជែង គឺលោក ហ្សន ហ៊ុនស្ម័ន (Jon Huntsman) អតីតអភិបាលរដ្ឋយូតា (Utah) ក៏មានប្រសាសន៍ថា សហរដ្ឋអាមេរិកគួរមានសេចក្តីស្វាហាប់ច្រើនថែមទៀតក្នុងការដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន។ លោក ហ៊ុនស្ម័ន បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ NBC Today។
«អ្វីដែលយើងត្រូវការនាពេលឥឡូវនេះ គឺកម្រិតដ៏ធំមួយសម្រាប់ការកសាងប្រទេសជាតិ នៅក្នុងប្រទេសរបស់យើង។ ស្នូលផ្ទៃក្នុងរបស់យើងមានភាពខ្សោយ។ យើងត្រូវតែផ្តោតទៅលើការរៀបចំផ្ទះសម្បែងរបស់យើងឲ្យមានសណ្តាប់ធ្នាប់នៅទីនេះ»។
លោក ភីតធើ ប្រោន (Peter Brown) អ្នកស្ទង់មតិមហាជននៃសាកលវិទ្យាល័យឃ្វីននីភីយ៉ាក (Quinnipiac University) ថ្លែងថា ក្នុងអំឡុងពេលជាច្រើនខែ ការស្ទាបស្ទង់មតិរបស់ជាតិបានបង្ហាញឲ្យឃើញពីកម្រិតនៃភាពធុញទ្រាន់ជាមួយសង្គ្រាមដែលកាន់តែកើនឡើង ក្នុងចំណោមសាធារណជនអាមេរិកាំង។
«ខ្ញុំពិតជាមិនមានការមន្ទិលសង្ស័យអ្វីទាល់តែសោះថា នៅអាហ្វហ្កានីស្ថាន ការជាប់ពាក់ព័ន្ធនៅអ៊ីរ៉ាក់ ហើយឥឡូវនេះការជាប់ពាក់ព័ន្ធនៅប្រទេសលីប៊ី បានចោទជាសំណួរសម្រាប់ជនជាតិអាមេរិកាំងជាច្រើន អំពីគតិបណ្ឌិតរបស់គោលនយោបាយទាំងអស់នេះ»។
ជនជាតិអាមេរិកាំងមិនគ្រាន់តែធុញទ្រាន់ជាមួយនឹងជម្លោះនៅអាហ្វហ្កានីស្ថានប៉ុណ្ណោះទេ។ លោក ស្ទេហ្វិន ហេស (Stephen Hess) អ្នកជំនាញនៅឯវិទ្យាស្ថានប្រ៊ុកឃីង (Brookings Institution) និយាយថា ពួកគេមើលឃើញពីអាទិភាពសំខាន់ជាងនេះនៅក្នុងប្រទេស ជាពិសេសការធ្វើឲ្យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកងើបឡើងវិញ។
«នៅពេលនេះ សង្គ្រាមនៅប្រទេសទាំងបីនេះមិនមែនជាអ្វីដែលជនជាតិអាមេរិកាំងចាប់អារម្មណ៍ទេ នៅពេលដែលពួកគេមានបញ្ហាយ៉ាងពោរពាសនៅក្នុងប្រទេស»។
លោកប្រធានាធិបតី អូបាម៉ា ទទួលបានការគាំទ្រខ្ពស់ជាបង្គួរនៅក្នុងការធ្វើប្រជាមតិ បន្ទាប់ពីការសម្លាប់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិនឡាដិន។ ប៉ុន្តែការឡើងខ្ពស់នោះហាក់ដូចជាបានរលាយអស់ទៅហើយ ដោយសារតែជនជាតិអាមេរិកាំងផ្តោតការយកចិត្តទុកដាក់ឡើងវិញទៅលើសេដ្ឋកិច្ចក្នុងស្រុកដ៏លំបាក និងអត្រាអត់ការងារធ្វើដ៏ខ្ពស់ចំនួន៩.១ភាគរយ៕
ប្រែសម្រួលដោយ លី សុខឃាង