តំណាងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជា និយាយថា ការខកខានរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីជាក់ស្ដែង សម្រាប់សហគមន៍ជនជាតិដើមភាគតិច បានបង្កការឈឺចាប់ដល់ពួកគេអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ លោក យុន ឡូរ៉ង់ អ្នកសម្របសម្រួលលេខាធិការដ្ឋាននៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា យ៉ាងដូច្នេះថា៖
«ការអនុវត្តន៍ជាក់ស្ដែងនេះហើយ ដែលធ្វើឲ្យជនជាតិដើមភាគតិច មិនដែលទទួលបានដំណោះស្រាយ ដែលធ្វើឲ្យយើងនៅពេលនេះ គឺដូចថាមានការឈឺចាប់ សឹងថាទ្រាំលែងបាន»។
Your browser doesn’t support HTML5
ការថ្លែងបែបនេះ ធ្វើឡើង ក្រោយពីតំណាងសហគមន៍ជនជាតិដើមភាគតិចនៅក្នុងខេត្តព្រះវិហារ ដែលរងផលប៉ះពាល់ពីគោលនយោបាយសម្បទានដីសេដ្ឋកិច្ចរបស់រដ្ឋាភិបាល កាលពីសប្ដាហ៍មុន បានដាក់ញត្តិទៅស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រុមការងារអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនិងជំនួញ ដោយទាមទារឲ្យស្ថាប័នទាំងនោះ ជួយរកដំណោះស្រាយសម្រាប់ពួកគេ។
ក្រុមប្រជាសហគមន៍ជនជាតិដើមភាគតិចទាំងនោះ លើកឡើងថា ផ្ទៃដីសរុបជាង៤ម៉ឺនហិកតានៅក្នុងឃុំប្រមេ និងឃុំជាច្រើនទៀត ក្នុងស្រុកត្បែងមានជ័យ ស្រុកជ័យសែន និងស្រុកឆែបនៃខេត្តព្រះវិហារ ត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៥នៃក្រុមហ៊ុនចិនមួយឈ្មោះ ហេង ហ្វូ ដើម្បីដាំដំណាំអំពៅ។
សហគមន៍ជនជាតិដើមភាគតិច និយាយថា ក្រុមហ៊ុនទាំង៥រួមមាន ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ហេង ណុង ហេង រួយ និងហេង យូ ដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចនេះ មិនត្រឹមតែមិនបានគោរពសិទ្ធិមនុស្សរបស់សហគមន៍ពួកគេប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញបរិស្ថាន សេដ្ឋកិច្ចនិងវប្បធម៌របស់ពួកគេយ៉ាងធ្ងន់ធ្ងរទៀតផង ចាប់តាំងពីក្រុមហ៊ុនទាំងនេះ បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ២០១២មក។
លោក យុន ឡូរ៉ង់ ថ្លែងថា៖
«នៅពេលដែលយើងងើប តវ៉ា ឬទាមទារទៅតាមគោលការណ៍ច្បាប់ឬសិទ្ធិរបស់យើង បែរជារងការចោទប្រកាន់ គំរាមកំហែង រហូតដល់ចោទយើងថា យើងចង់បំបែករដ្ឋ បំបែកអីទៀត។ នេះគឺជារឿងមួយដែលគួរឲ្យឈឺចាប់»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់វីអូអេ កាលពីសប្តាហ៍មុនថាក្រុមហ៊ុនចិនទាំង៥នេះ មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ហើយទំហីដីដែលរដ្ឋាភិបាលបានផ្តល់ទៅឲ្យក្រុមហ៊ុនទាំងនេះ សរុបទៅ មិនបានដល់២ម៉ឺនហិកតាផងទេ។
លោកបន្តថា រដ្ឋាភិបាល ក៏មិនបានព្រងើយកន្តើយចំពោះបញ្ហារបស់ប្រជាពលរដ្ឋរបស់ខ្លួនរួមទាំងជនជាតិដើមភាគទាំងនេះដែរ គឺលោកថា រដ្ឋាភិបាល បាននិងកំពុងបន្តដោះស្រាយបញ្ហាដីធ្លីនេះជាបន្តបន្ទាប់មកហើយ។
«ជនជាតិដើមភាគតិច គាត់មិនមានព្រំដីទេ ពីព្រោះគាត់ថា គាត់ធ្វើចម្ការ មួយឆ្នាំធ្វើតំបន់នេះ មួយឆ្នាំធ្វើតំបន់នោះ ហេតុដូច្នេះហើយ បានជាយើងជួបបញ្ហា ប៉ុន្តែ មិនមែនបានសេចក្ដីថា យើងមិនដោះស្រាយទេ គឺយើងដោះស្រាយ។ បើសិនជាយើងមិនដោះស្រាយ ប្រហែលជាធ្វើបដិវត្តន៍ដីធ្លីរួចស្រេចទៅហើយ»។
មន្ត្រីរដ្ឋាភិបាលតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ជារឿយៗ តែងតែលើកឡើងថា គោលការណ៍ផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនឯកជននេះ គឺដើម្បីផ្ដល់ការងារបន្ថែមដល់ពលរដ្ឋនៅក្នុងសហគមន៍និងកែប្រែរបៀបរបបនិងជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច ឲ្យមានស្ថានភាពល្អប្រសើរជាងមុន។
ប៉ុន្តែ សហគមន៍ជនជាតិដើមភាគតិចទាំងនេះ ហាក់យល់ឃើញខុសពីនេះទៅវិញ។ លោក យុន ឡូរ៉ង់ មានប្រសាសន៍ថា៖
«ប្រសិនជាដូរពីការរកអនុផលព្រៃឈើ ទៅជាធ្វើជាកម្មករគេ ឬក៏អាចឈានទៅជាទាសករគេនៅក្នុងជំនាន់ថ្មី អាហ្នឹងមិនមែនជាការអភិវឌ្ឍន៍ដែលជនជាតិដើមភាគតិចយើង ត្រូវការទេ»៕