ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ចំណាត់​ការ​តុលាការ​លើ​សកម្មជន​សិទ្ធិ​មនុស្ស

លោក​នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក។ (ផ្តល់​ឲ្យ​ដោយ នី​​ ចរិយា)

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ចំណាត់​ការ​តុលាការ​កម្ពុជា​ដែលបាន​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​លេច​ធ្លោ​ម្នាក់​ ដោយ​ចាត់​ទុក​ថា​ ​ចំណាត់ការ​នាំ​ឲ្យ​មាន​ការ​បារម្ភ ​និង​ជា​ការ​ព្យាយាម​បំបិទ​សំឡេង​​ក្រុមអ្នក​តស៊ូ​មតិ​ការពារ​សិទ្ធិ​មនុស្ស។

អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រិះគន់​ចំណាត់​ការ​តុលាការ​កម្ពុជា​ដែលបាន​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​លេច​ធ្លោ​ម្នាក់​ ដោយ​ចាត់​ទុក​ថា​ ​ចំណាត់ការ​នាំ​ឲ្យ​មាន​ការ​បារម្ភ ​និង​ជា​ការ​ព្យាយាម​បំបិទ​សំឡេងក្រុមអ្នក​តស៊ូ​មតិ​ការពារ​សិទ្ធិ​មនុស្ស។​ មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាហុកនេះ​ត្រូវ​តុលាការ​កោះ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃស្អែក​ពី​បទចោទ​មួយ​ចំនួន​បន្ថែម​លើ​បទ​បរិហារកេរ្តិ៍។​

ចៅក្រម​ស៊ើប​អង្កេត​តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះហៅលោក​នី ចរិយា ​ប្រធាន​ក្រុម​អ្នក​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាហុក​ដើម្បី​បំភ្លឺ​នៅថ្ងៃ​ស្អែក​ពី​បទ​ចោទ​ប្រកាន់ដែល​គេ​សង្ស័យ​ថា​ អាច​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ ​ហើយ​នេះ​ជា​ការចោទ​ប្រកាន់បន្ថែម​ពីលើ​បទ​បរិហារ​កេរ្តិ៍​ដែល​ប្តឹង​តប​ត​នឹង​បណ្តឹង​របស់​អង្គការ​សិទ្ធិ​មនុស្ស​ចោទ​មន្ត្រី​តុលាការ​អំពី​បញ្ហា​ជម្លោះ​ដីធ្លី។​ ​តែ​ចំណាត់​ការ​របស់​តុលាការ​នេះ​ត្រូវ​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ជាតិ ​និង​អន្តរជាតិ​ខ្លះ​ចាត់​ទុក​ថា ​អាចជា​ការ​បំបិទ​សំឡេងក្រុម​សង្គម​ស៊ីវិល។

លោក​នី ចរិយា​បាន​ប្តឹង​មន្ត្រី​តុលាការ​មួយ​ចំនួន​ រួម​មាន​ព្រះរាជ​អាជ្ញា ​និង​ចៅក្រម​ តុលាការ​ខេត្ត​សៀមរាប​ទៅកាន់​ស្ថាប័ន​ចំនួន​៤ ​រួមទាំង​ក្រសួង​យុត្តិធម៌ ​ឧត្តម​ក្រុម​ ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ពី​បទ​ចាប់ខ្លួន​ពលរដ្ឋ​រឿង​ដីធ្លី​ និង​ចោទ​ប្រកាន់​ពួកគាត់​ខុស​ ទាក់ទង​នឹងរឿង​ជម្លោះ​ដីធ្លី​នៅក្នុង​ស្រុក​ស្វាយលើ​ ខេត្ត​សៀមរាប​ កាលពី​ឆ្នាំ​២០១៤។​

ការ​បញ្ចេញ​មតិ​ថ្មីៗ​របស់​លោកនី ចរិយា​ក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​ចំណាត់​ការ​របស់តុលាការ​រឿង​ដីធ្លីនោះ​គឺជា​មូលហេតុ​ដែលចៅក្រម​ស៊ើប​អង្កេត​កោះ​លោក​ទៅ​បំភ្លឺ​នៅថ្ងៃពុធ​ទី២១​ ខែតុលា​ស្អែក​ តែ​នី ចរិយា​លោកនិយាយថា​ លោក​នឹង​មិន​ចូល​ទៅបំភ្លឺ​ទេ ​ដោយសារមិនមាន​ដីកា​កោះ​ហៅ​បញ្ជូន​មក​ដល់លោក​ផ្ទាល់។​

លោក​ Phil Robertson ​អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights ​Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ថា​ ចំណាត់​ការ​របស់តុលាការ​នេះ​ជា​រឿង​គំរាម​កំហែង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​ជា​ការ​ព្យាយាម​បំបិទ​មាត់​ក្រុម​អ្នក​ហ៊ាន​និយាយ​អំពីការ​រំលោភ​បំពាន​របស់​រដ្ឋាភិបាល។​

«យើង​មាន​ការ​បារម្ភ​ថា​ ការ​កោះ​ហៅ​នេះ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​ដោយ រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​នឹង​ក្រុម​អ្នក​តស៊ូមតិ​ផ្នែក​សិទ្ធិ​មនុស្ស​ប្រឆាំង​នឹង​អ្នក​ដែល មាន​អាជីព​យូរលង់​ ហើយ​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស ​និង​អ្នក​ដែល​គ្មាន​កំហុស»។​

លោក​អំ សំអាត ​ប្រធាន​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​អះអាង​ថា ​កិច្ចការ​របស់​លោក​នី ចរិយា​គឺជួយ​ការពារ​សិទ្ធិ​ពលរដ្ឋ ​និង​ជំរុញ​ឲ្យ​មាន​យុត្តិធម៌​ សម្រាប់​ពលរដ្ឋ​ និង​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ប្រជា​ពលរដ្ឋ​មាន​ទំនុក​ចិត្ត។​

«ហើយ​បើសិន​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ខំ​បំពេញ​ការងារ​របស់​ខ្លួន​ដើម្បី​ឲ្យ​ដល់​ គោល​ដៅ​នេះ ​ហើយ​ត្រូវ​បាន​ទទួល​ការ​ប្តឹងផ្តល់ ​ហើយ​នឹង​ចោទ​ប្រកាន់​ពី​ប្រព័ន្ធ​ តុលាការ ​អា​ហ្នឹង​វា​ទៅ​ជា​រឿង​មួយ​ដែល​ធ្វើការ​គំរាម​កំហែង​បំភិត​បំភ័យ​ទៅ​ដល់​ការ​ ងារ​ ឬ​ក៏​សកម្មភាព​នៃ​អ្នក​ការពារ​សិទ្ធិ​មនុស្ស»។​

លោក​ថ្លែង​ថា ​លោក​នី ចរិយា​មាន​សិទ្ធិ​មិន​ចូល​បំភ្លឺ​ បើ​ការ​កោះហៅ​ធ្វើ​មិន​ត្រឹមត្រូវ​ តាម​នីតិវិធី​ច្បាប់។​

លោក​នី ចរិយា​បាន​អះអាង​ថា ​លោក​នឹង​មិន​ទៅ​បំភ្លឺនៅ​តុលាការ​នៅថ្ងៃ​ស្អែកទី​២១​ខែ​តុលានេះ​ទេ ដោយ​លោក​ចាត់​ទុក​ថា​ ការ​បញ្ជូន​ដីការ​របស់​តុលាការ​ធ្វើមិនត្រូវ​តាម​ច្បាប់។​ លោក​និយាយ​ថា ​តុលាការ​ត្រូវ​បញ្ជូន​ដីការ​មក​ដល់​ដៃ​របស់​លោក​ជា​ថ្មី​ទៀត​ មិន​ត្រូវ​បញ្ជូន​ទៅ​អ្នក​ផ្សេង​ ក្រៅពី​ខ្លួន​លោក ​ហើយ​ឲ្យ​លោក​ចូល​ទៅ​បំភ្លឺ​នោះ​ទេ។​

នៅ​ពេល​សួរ​ថា ​តើ​លោក​អាច​បារម្ភ​នឹង​ការ​ចាប់ខ្លួន​ទេ​ បើ​សិន​ជា​មិន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុលាការ​នោះ​ ​លោក​ចរិយា​បាន​អះអាង​ថា៖​

«បើ​យើង​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​យើង​រវល់​តែ​ខ្វល់​ខ្វាយ​ពីរឿង​ភ័យ​ខ្លាច​ការ​ចាប់ខ្លួន​ ឬ​មិន​ចាប់ខ្លួន​ហ្នឹង​ យើង​មិន​អាច​ធ្វើ​កិច្ចការ​ជាអ្នក​ការពារ​សិទ្ធិ​មនុស្ស​បាន​ទេ​នៅ​ក្នុង​ បរិបទ​ប្រទេស​មួយ​ដែល​មិនទាន់​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​អញ្ចឹង​នោះ»។​

សកម្ម​ជន​សិទ្ធិ​មនុស្ស​អះអាង​ថា​ ក្រុម​សកម្ម​ជន​សង្គម​ស៊ីវិល​ និង​សិទ្ធិ​មនុស្ស​កំពុង​ប្រឈម​មុខ​នឹង​ការ​រឹតត្បិត​សេរីភាព​ និង​ការ​គំរាម​ខាង​ស្មារតី​ និង​តាមផ្លូវ​តុលាការ ​ហើយ​ពួក​គេ​មានក្តី​បារម្ភ​កាន់តែ​ខ្លាំង​ឡើង ​ដោយសារ​ច្បាប់​អង្គការ​អាច​នឹង​កាន់តែ​មាន​ការ​រឹតត្បិត​សេរីភាព​ពួកគេ​ ក្នុង​ការ​បំពេញ​ការងារ​ជូន​ពលរដ្ឋ​ ជាពិសេស​ នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ខាង​មុខ​នេះ៕