ក្រឹត្យថ្មីមួយបានចូលជាធរមានដោយផ្តល់ឱ្យអាជ្ញាធរវៀតណាមនូវអំណាចច្រើនជាងមុនដើម្បីរឹតត្បិតសេរីភាពរបស់បណ្តាញផ្សាយព័ត៌មាន។
ក្រុមសិទ្ធិមនុស្សនិយាយថាក្រឹត្យថ្មីមួយក្នុងប្រទេសវៀតណាមបានដាក់កំហិតបទបញ្ញត្តិថ្មីៗមិនច្បាស់លាស់លើពួកអ្នកកាសែតនិងពួកអ្នកសរសេរអត្ថបទចុះផ្សាយតាមបណ្តាញអ៊ីនធឺណិត (Internet) ដែលធ្វើឱ្យពួកគេមានការពិបាកជាងមុនក្នុងការធ្វើកិច្ចការរបស់ពួកគេ។
ក្រឹត្យនេះដែលចូលជាធរមានកាលពីថ្ងៃសុក្រ កំណត់ការបង់ពិន័យរហូតដល់១.០០០ដុល្លារសម្រាប់អ្នកនិពន្ធនិងបណ្ណាធិការទាំងទ្បាយណាដែលមិនប្រាប់ឱ្យដឹងប្រភពព័ត៌មាន ហើយកំណត់ការបង់ពិន័យរហូតដល់២.០០០ដុល្លារសម្រាប់ជនទាំងទ្បាយណាដែលបោះពុម្ពផ្សាយព័ត៌មានដោយគ្មានការអនុញ្ញាត។
លោក Phil Robertson ជានាយករងផ្នែកអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch)។ លោកនិយាយថាក្រឹត្យនេះជាផ្នែកមួយនៃការបង្ក្រាបដែលកំពុងមានធ្វើដោយរដ្ឋាភិបាលវៀតណាមប្រឆាំងនឹងសេរីភាពខាងការនិយាយស្តីបញ្ចេញមតិ ពួកជំទាស់ខាងនយោបាយនិងការប្រើប្រាស់បណ្តាញអ៊ីនធឺណិត។
«វិស័យសារព័ត៌មានបញ្ចូលរបៀបថ្មីៗជាច្រើនក្នុងប្រទេសវៀតណាម ដោយមានមនុស្សបើកកកាយរឿងពុករលួយមានមនុស្សបើកកកាយរឿងរំលោភបំពាន ក៏ប៉ុន្តែទីបំផុតការណ៍នេះជាច្រើននឹងថមថយ នឹងរលាយ ប្រសិនបើអ្នកផ្តល់ព័ត៌មានពិតជាត្រូវការបញ្ចេញឈ្មោះក្នុងអត្ថបទ»។
លោក Robertson និយាយថាក្រឹត្យនេះជាបញ្ហា មួយផ្នែក ដោយសារវាអនុញ្ញាតឱ្យអាជ្ញាធរវៀតណាមត្រួតពិនិត្យចាប់ពិរុទ្ធព័ត៌មាននៅក្រោមលេសនៃការថែរក្សាសន្តិសុខជាតិ។
“អ្វីដែលយើងឃើញច្បាស់លាស់ខ្លាំងណាស់គឺរដ្ឋាភិបាលវៀតណាមកំពុងឆ្លើយតបក្នុងវិធីអវិជ្ជមានមួយដល់សេរីភាពធំជាងមុនខាងគមនាគមន៍និងការផ្តល់ព័ត៌មានដែលបណ្តាញអ៊ីនថឺណិតផ្តល់ឱ្យ»។
ដោយបានត្រូវទាក់ទងតាមទូរស័ព្ទកាលពីថ្ងៃសុក្រ អ្នកនិពន្ធវៀតណាមល្បីឈ្មោះម្នាក់បាននិយាយថាក្រឹត្យថ្មីនេះនឹងធ្វើឱ្យពួកអ្នកកាសែតញញើតមិនហ៊ានរាយការណ៍អំពីអំពើពុករលួយក្នុងប្រទេសវៀតណាម។
អ្នកនិពន្ធរូបនេះថ្លែងថាក្រឹត្យនេះផ្ទុយពីច្បាប់កាសែតកាលពីឆ្នាំ១៩៩០នៃប្រទេសវៀតណាម ដែលតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សថាអនុញ្ញាតឱ្យពួកអ្នកកាសែតមានសិទ្ធិមិនប្រាប់ឈ្មោះពួកមនុស្សដែលផ្តល់ព័ត៌មានឱ្យពួកគេ។
លោកនាយករដ្ឋមន្ត្រីង្វៀន តាន់ដុង (Nguyen Tan Dung) បានចុះហត្ថលេខាលើក្រឹត្យនេះកាលពីថ្ងៃទី៦ ខែមករា តែប៉ុន្មានថ្ងៃមុនគណបក្សកុម្មុយនីស្តគ្រប់គ្រងប្រទេសបានបោះឆ្នោតជ្រើសរើសពួកមេដឹកនាំនៅក្នុងសមាជ៥ឆ្នាំម្តងរបស់គណបក្សនេះ។
នៅមុនសមាជនេះ អាជ្ញាធរវៀតណាមបានបង្ក្រាបពួកអ្នកសរសេរអត្ថបទចុះផ្សាយតាមបណ្តាញអ៊ីនថឺណិតនិងពួកសកម្មជននៅក្នុងការប៉ុនប៉ងមួយដើម្បីបិទមាត់ពួកអ្នកប្រឆាំង។ គណៈកម្មាធិការការពារក្រុមអ្នកកាសែតក្នុងបូរី New York និយាយថាយ៉ាងតិចណាស់មានអ្នកកាសែត៥នាក់ដែលសរសេរអត្ថបទចុះផ្សាយតាមបណ្តាញអ៊ីនធឺណិតឋិតនៅក្នុងចំណោមមនុស្សច្រើននាក់ដែលបានត្រូវចាប់ខ្លួនពីបទចោទប្រកាន់ថា «ផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋ» និង «រំលោភលើសេរីភាពប្រជាធិបតេយ្យ»។
កាលពីឆ្នាំ២០០៩ ក្រុមនេះបានចាត់ទុកប្រទេសវៀតណាមថាជាប្រទេសអាក្រក់បំផុតទី៦ក្នុងពិភពលោកសម្រាប់ពួកអ្នកសរសេរអត្ថបទចុះផ្សាយតាមបណ្តាញអ៊ីនធឺណិត។ ប្រទេសភូមាជាប្រទេសអាក្រក់បំផុតហើយបន្ទាប់មកមានប្រទេស អ៊ីរ៉ង់ ស៊ីរី គុយបា និង អារ៉ាប៊ី សាអូឌី៕
ប្រែសម្រួលដោយ ឈឹម សុមេធ