មន្ត្រីសមាគមអាដហុក ចាត់ទុកទង្វើរបស់សមត្ថកិច្ចខេត្តកំពង់ចាមដែលឱ្យបុគ្គលិកសមាគមដកបដា ទាមទារឱ្យដោះលែងលោក កើត សារ៉ាយ ចេញពីមុខសមាគមថាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពបញ្ចេញមតិ។
លោក យិន ម៉េងលី អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេនៅថ្ងៃពុធនេះថា កាលពីថ្ងៃទី ៨ ខែកក្កដា លោក ចាន់ រស្មី ស្នងការរងនគរបាលខេត្តកំពង់ចាម និងមន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់វាលវង់មួយចំនួនទៀត បានប្រាប់ឱ្យបុគ្គលិកសមាគមអាដហុកប្រចាំខេត្ត ដកបដាទាមទារឱ្យដោះលែង លោក កើត សារ៉ាយ ចេញពីមុខសមាគម ខណៈអាជ្ញាធរ មិនបានបញ្ជាក់មូលហេតុថា ការចងបដាបែបនេះខុសច្បាប់បែបណាឡើយ។ លោកថា ការដកបដានោះ គឺដោយសារអាជ្ញាធរប្រាប់មន្ត្រីសមាគមថា បើមិនដោះបដានោះចេញទេ គឺពួកគេនឹងមិនចាកចេញពីសមាគមនោះទេ។
លោកថ្លែងថា៖ «គាត់សុំឱ្យយើងដោះបដាដែលចងហ្នឹងចេញពីទីស្នាក់ការ។ ពេលហ្នឹងសហការីខ្ញុំគាត់នៅ ហាក់បីគាត់ស្លន់ស្លោ គាត់ភ័យ នៅពេលដែលសមត្ថកិច្ចឱ្យដោះ គាត់ដោះដែរ។ តែគាត់ថា សមត្ថកិច្ចថាបើមិនដោះ គាត់អត់ទៅវិញទេ គាត់នៅហ្នឹងរហូតហ្មង។ ដល់សហការីខ្ញុំជាស្ត្រី គាត់ហាក់បីដូចជា គាត់ភ័យស្លន់ស្លោ គាត់ក៏ដោះទៅ។ យើងមើលឃើញថា តើការចងបដារបស់អង្គការសមាគមនេះ ខុសហ្នឹងអ្វី? មានបទល្មើសអ្វីកើតឡើង? ហើយសមត្ថកិច្ចគប្បីតែបង្ហាញព្រោះសមត្ថកិច្ច ជាអ្នកអនុវត្តច្បាប់ អ៊ីចឹងសមត្ថកិច្ចមិនមែនជាអ្នកអនុវត្តបទបញ្ជាទេ»។
បើតាមលោក យិន ម៉េងលី ការចងបដាដែលមានសរសេរពាក្យថា «ដោះលែង លោក កើត សារ៉ាយ» គឺជាសេរីភាពក្នុងការបញ្ចេញមតិ ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយជាដើម។
លោក យិន ម៉េងលី បន្ថែមថា សមត្ថកិច្ចខេត្តកំពង់ចាម ក៏តម្រូវឱ្យបុគ្គលិករបស់សមាគមអាដហុកប្រចាំខេត្តកំពង់ចាម សរសេរប្រវត្តិរូបផ្ទាល់ខ្លួនយកទៅឱ្យសមត្ថកិច្ច នៅត្រឹមថ្ងៃពុធនេះ ដែលលោកថាការណ៍នេះ ផ្ទុយនឹងលក្ខន្តិកៈដែលសមាគមបានតម្កល់នៅក្រសួងមហាផ្ទៃ។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ចាត់ទុកសកម្មភាពរបស់អាជ្ញាធរថាបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេរីភាពបញ្ចេញមតិ ខណៈលោកទាមទារឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ ជាជាងអនុវត្តតាមតែបទបញ្ជា។
លោកបន្ថែមថា៖ «សកម្មភាពធ្វើរបៀបនេះហើយ ដែលចេះតែមានបញ្ហាកើតឡើង។ សិទ្ធិ និងសេរីភាពបញ្ចេញមតិត្រូវបានរួមតូចទៅៗ។ នេះជាចំណុចទាំងអស់ហ្នឹង»។
លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ត្រូវបានអាជ្ញាធរចាប់ និងឃុំខ្លួនបន្ទាប់ពីលោកបានផ្សព្វផ្សាយ និងផ្តល់បទសម្ភាសន៍ទៅអ្នកសារព័ត៌មានអំពីវិវាទដីធ្លីដ៏រសើបនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៤។ ក្រោយការចាប់ខ្លួន ក្រុមសង្គមស៊ីវិលដែលរួមមានសមាគការពារសិទ្ធិមនុស្សអាដហុក និងលីកាដូ បានទាមទារឱ្យមានការដោះលែងលោក សារ៉ាយ តាមរយៈការចេញសេចក្តីថ្លែងការណ៍ និងការចងបដា «ដោះលែងលោក កើត សារ៉ាយ» តាមស្នាក់ការរបស់ខ្លួនជាដើម។
លោក ចាន់ រស្មី ស្នងការរងនគរបាលខេត្តកំពង់ចាម ដែលបានចុះទៅទីតាំងសមាគមអាដហុកបដិសេដថា អាជ្ញាធរមិនបានបញ្ជាឱ្យបុគ្គលិកអាដហុក ដកបដាទាមទារឱ្យដោះលែងលោក កើត សារ៉ាយ ចេញពីមុខសមាគមនោះទេ គឺអាជ្ញាធរ គ្រាន់តែសំណូមពរតែប៉ុណ្ណោះ។
លោក ចាន់ រស្មី ប្រាប់វីអូអេនៅថ្ងៃពុធនេះថា៖ «ការលើកស្លាកហ្នឹង សុំឱ្យដោះលែង លោក កើត សារ៉ាយ អ៊ីចឹងហ្ហេ៎? អាហ្នឹង ខ្ញុំបានចុះទៅហ្នឹងមែន គ្រាន់ថាពាក់ព័ន្ធរឿងហ្នឹងគ្រាន់ជាការសំណូមពរទេ ដោយសាររឿងហ្នឹងវាមិនកើតលើទឹកដីកំពង់ចាមទេ វាកើតនៅភ្នំពេញ។ ក្រោយមកក៏មានការឯកភាពយល់ព្រមពីគាត់ ពីសមាគម ឯកភាពគ្នាទម្លាក់ទៅ ដោយសារវាមិនមែននៅលើទឹកដីហ្នឹង»។
ស្នងការរងនគរបាលខេត្តកំពង់ចាមរូបនេះបន្ថែមថា អាជ្ញាធរក៏មិនបានបញ្ជាឱ្យបុគ្គលិករបស់សមាគមអាដហុកប្រចាំខេត្តកំពង់ចាម សរសេរប្រវត្តិរូបផ្ទាល់ខ្លួនឱ្យសមត្ថកិច្ចនោះដែរ។
លោកបន្ថែមថា៖ «ពេលខ្ញុំចុះទៅដូចជាមិនមានទេ គ្រាន់តែថាសុំបញ្ជាក់ផ្លាស់ប្តូរទីតាំងដើម្បីងាយស្រួលក្នុងកិច្ចសហការ ពេលមានបញ្ហាអ្វីទៅ អាជ្ញាធរមូលដ្ឋានអាចជួយ អាចអីអ៊ីចឹង»។
ដោយឡែកនៅថ្ងៃពុធនេះ នាយប៉ុស្តិ៍នគរបាលស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក៏បានហៅតំណាងសមាគមអាដហុកប្រចាំខេត្ត ឱ្យសហការ ដោយស្នើសុំឱ្យសមាគមផ្តល់តួលេខនៃចំនួនបុគ្គលិក និងឈ្មោះបុគ្គលិកប្រចាំខេត្តនោះ ប៉ុន្តែមន្ត្រីបុស្តិ៍នគរបាល មិនតម្រូវឱ្យបុគ្គលិកសរសេរប្រវត្តិរូបទេ។ នេះបើតាមលោក យិន ម៉េងលី។
របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ ២០២៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២៤ បង្ហាញថា សិទ្ធិសេរីភាពជាមូលដ្ឋាន និងសេរីភាពសារព័ត៌មាននៅកម្ពុជា រងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរ រួមទាំងការគំរាមកំហែងនៃអំពើហិង្សាលើអ្នកសារព័ត៌មាន ការចាប់ខ្លួនអ្នកសារព័ត៌មានដោយអយុត្តិធម៌ ការចាប់ពិរុទ្ធ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌ ដើម្បីកំណត់ការបញ្ចេញមតិ ការរឹតបន្តឹងធ្ងន់ធ្ងរលើសេរីភាពអ៊ីនធឺណិត ការជ្រៀតជ្រែកយ៉ាងសំខាន់ចំពោះសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី និងសេរីភាពនៃសមាគម។
ចំណែករបាយការណ៍ប្រចាំឆ្នាំ ២០២៣ ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជាដែលធ្វើឡើងរួមគ្នារវាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសង្គមស៊ីវិលក្នុងស្រុកមួយចំនួន ដែលចេញផ្សាយកាលពីខែមេសា ឆ្នាំ ២០២៤ រកឃើញដែរថា ការអនុវត្តសេរីភាពជាមូលដ្ឋានដោយសន្តិវិធី បានជួបប្រទះការរឹតត្បិតកាន់តែខ្លាំងឡើងៗ។ ក្នុងនោះ ពលរដ្ឋកាន់តែច្រើនឡើងបង្ហាញពីការធ្លាក់ចុះការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន អ្នកសម្តែងមតិផ្នែកនយោបាយជំទាស់បានក្លាយជាគោលដៅរងគ្រោះ និងទទួលរងនូវការយាយីតាមផ្លូវច្បាប់ជាដើម៕