អ្នកការពារ​សិទ្ធិមនុស្ស​អាដហុក​ទទួលរង្វាន់​ Martin Ennals Prize

អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​ ទី១០ ខែ​តុលា ឆ្នាំ​២០១៧។ (រូបថតដកស្រង់ពី Twitter របស់បេសកកម្ម Finland នៃអង្គការសហប្រជាជាតិ)

អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនេះ​មាន​លោក​យី សុខសាន្ត ​លោក​នី សុខា លោកណៃ វ៉ង់ដា អ្នកស្រី​លឹម មុន្នី ​និង​លោក​នី ចរិយា​ ដែល​ពេលនេះ​បាន​ទៅបំពេញ​ការងារ​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

អ្នកការពារ​សិទ្ធិ​មនុស្ស​បួន​នាក់​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក ​និង​អតីត​បុគ្គលិក​មួយរូប​ទទួល​បាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ Martin Ennals Prize ​នៅថ្ងៃ​អង្គារ​នេះ។ នេះ​បើ​តាម​សេចក្តី ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ផ្តល់​ពានរង្វាន់។

អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនេះ​មាន​លោក​យី សុខសាន្ត ​លោក​នី សុខា លោកណៃ វ៉ង់ដា អ្នកស្រី​លឹម មុន្នី ​និង​លោក​នី ចរិយា​ ដែល​ពេលនេះ​បាន​ទៅបំពេញ​ការងារ​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។​

អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ប្រាំ​នាក់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ដោះលែង​កាលពី​ពេលថ្មីៗនេះ​ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​នៅ​ក្នុង​បទចោទ​ប្រកាន់​សូកប៉ាន់​សាក្សី​នៅក្នុងសំណុំរឿង​ស្នេហា​លួចលាក់​របស់​នាង​ខុម ចាន់តារាទី​ជានារីកាត់​សក់ជាមួយ​នឹង​លោក​កឹម សុខា​កាល​ពី​លោក​នៅ​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​

ការ​ដោះលែង​ពួកគេ​កើតមាន​ឡើង ​បន្ទាប់ពី​មាន​ការ​អំពាវនាវ​ជា​អន្តរជាតិ​ឱ្យ​ដោះលែង​ពួកគេ​ដោយ​គ្មាន​លក្ខខណ្ឌ​ និង​ស្នើ​ឱ្យ​បញ្ឈប់​ការ​យាយី​រំខាន​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកទាំង៥​នេះ​មិន​អាច​ទៅ​ទទួល​រង្វាន់ ​ដែល​ប្រគល់​ជូន​នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ​ ដោយ​ស្នង​ការរង​ជាន់ខ្ពស់​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​សាកលវិទ្យាល័យ​ហ្សឺណែវ ​ក្នុង​ប្រទេស​ស្វីស​បាន​ទេ​ដោយសារ​ពួកគេ​រង់​ចាំ​ការ​កាត់​ទោស​ និងជាប់​នឹង​បម្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន។​

អ្នក​ទទួល​ជ័យ​លាភី​ចំនួន​ពីរ​ទៀត​មាន​លោក​ម៉ូហាម៉េដ ហ្សារី អ្នកការពារសិទ្ធិមនុស្ស​ក្នុង​ប្រទេស​អេហ្សីព ​និង​នាង​ខាឡា អាវេឡា ដែល​ជា​អ្នក​កម្ពស់​សិទ្ធិសេរីភាព​មនុស្ស​ផ្លាស់​ប្តូរ​ភេទ​នៅ​ក្នុង​ប្រទេស​អែលសាវ៉ាឌ័រ។
រង្វាន់​ Martin Ennals ​សម្រាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​គឺ​ជា ​កិច្ចសហការ​របស់​អង្គការ​សិទ្ធិមនុស្ស​ដ៏​ធំ​លើ​ពិភពលោក​ចំនួន​ ១០ ​ដែល​មាន​ដូចជា​អង្គការ ​Amnesty International និង​Human Rights Watch​ ដើម្បី​ផ្តល់​ជា​ការ​ការពារ​ដល់​អ្នកការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក៕