សកម្មជន​មើល​ឃើញ​អនាគត​មិន​ល្អ​នៃ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​ទទូច​ឲ្យ​ធ្វើ​សកម្មភាព​បន្ថែម​

កងសន្ដិសុខ​រឹបអូស​ឧបករណ៍​បំពង​សំឡេង​ពី​បាតុករ​ម្នាក់ ក្នុង​អំឡុងពេល​នៃ​ការ​ធ្វើ​បាតុកម្ម​មួយ​ដើម្បី​ប្រារព្ធ​ខួប​ទី​២៩ នៃ​កិច្ចព្រមព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​នៅ​មុខ​ស្ថានទូត​សហរដ្ឋអាមេរិក រាជធានី​ភ្នំពេញ ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។

ក្រុម​សកម្មជន​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បាន​ទទូច​ជា​ថ្មី​ដល់​ពលរដ្ឋ​និង​អ្នក​នយោបាយ​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​ធ្វើ​សកម្មភាព​រួម​គ្នា​កាន់​តែ​ខ្លាំង​ដើម្បី​ជួយ​លើក​កម្ពស់សិទ្ធិមនុស្សនិង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តាម​រយៈ​សន្និសីទ​តាម​អនឡាញ​ដែល​រៀបចំ​ដោយ​មហា​សនិ្នបាត​កំពូល​ខ្មែរ​ឯនាយ​សមុទ្រ​កាលពី​ចុង​ខែ​កក្កដាដើម្បី​ពិនិត្យ​មើល​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ក្នុង​រយៈ ពេល​១០​ឆ្នាំ​ទៅ​មុខ​ទៀត​ដោយ ផ្តោត​លើ​«ទុក្ខ​ភ័យន្តរាយ​និង​ការ​ស្រោចស្រង់»។ ក្រុម​សកម្មជនដែល​នៅ​សហរដ្ឋ​អាមេរិក​និង​បារាំង​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ដើរថយ​ក្រោយ​នៃ​សិទ្ធិមនុស្សនៅ​កម្ពុជា​និងបាន​ឈាន​ទៅ​ដល់​ការ​គ្រប់គ្រង​ឯកបក្ស​ដែល​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​កាលពី​ខែតុលា​ឆ្នាំ​១៩៩១ដែល​ធានា​ឲ្យ​មាន​របប​នយោបាយ​ពហុបក្ស​និង​ការ​គោរព​សិទ្ធិ​មនុស្ស។​

សកម្មជន​យល់​ឃើញ​ថា​បច្ចុប្បន្ន​មាន​យន្តការ​ច្បាប់​ជាច្រើន​ដែល​ក្រុមអ្នកតស៊ូ​មតិ​អាច​យក​មក​ប្រើប្រាស់​បាន​ក្នុង​នោះ​មាន​ច្បាប់​អន្តរជាតិ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​ដែល​មាន​ដូចជា​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ដែល​ជា​ការបន្ថែម​ទៅ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​ច្បាប់ម៉ានីតស្គី​ដែល​សហរដ្ឋ​អាមេរិក​ទើប​បាន​អនុម័តកាលពីឆ្នាំ​២០១២​និង​បាន​យក​មក​ប្រើដើម្បី​ដាក់​ទណ្ឌកម្ម​ដោយផ្ទាល់​លើ​បុគ្គល​និង​មន្ត្រី​រដ្ឋាភិបាល​ណា​ដែល​បាន​រំលោភ​សិទ្ធិ​មនុស្ស។ ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​បាន​ហៅ​យន្តការ​ច្បាប់​អន្តរជាតិ​ដែល​មាន​នេះ​ថា​ជា​«កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បូក» ឬ​ PPA plus។​

លោក យ័ប គឹមទឹង​ ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​បាន​ថ្លែង​ប្រាប់​កិច្ចប្រជុំ​ថា៖ «ឥឡូវនេះ​ពួកយើង​សមាគម​មួយ​ក្រុម​ធំ​បាន​យល់​ថា​ PPA plus។ PPA plus ​គឺ​ថា​ពួកយើង​អាច​ប្រើ​ជា​ឧបករណ៍។​ក្រៅ​ពី​ PPA​ បូក​នឹង​សន្ធិសញ្ញា​អន្តរជាតិ​ផ្សេងៗ​ទៀត​ហើយ​នឹង​ច្បាប់​ផ្សេងៗ​ទៀត​រួមគ្នា​ទៅ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ស្រុកខ្មែរ។ ម្ល៉ោះ​ហើយ​យើង​មាន​ឧបករណ៍​ច្រើន»។

រូប​ឯកសារ៖ លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​កម្មវិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុង​ទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)

ទន្ទឹម​គ្នា​នោះ​ដែរ​សកម្មជន​ក៏​បានលើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​កម្ពុជា​ត្រូវអប់រំ​ខ្លួន​ដោយ​ស្វែងយល់​ពី​ច្បាប់​ជាតិ​និង​អន្តរជាតិ​ទាំង​នេះ​ផងដែរ។

លោក ​យ័ប ​គឹមទឹង ​បាន​បន្ថែម​ទៀត​ថា៖​ «យើង​ត្រូវ​ដឹង​អំពី​សេចក្តី​ប្រកាស​ជា​សាកល​អំពី​សិទ្ធិមនុស្ស​ហើយ​នឹង​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ឲ្យ​បាន​ច្បាស់លាស់។ បើ​គិត​ទៅ​ច្បាប់​នេះ​វា​មិនមែន​ប៉ុន្មាន​ទេ​គឺ​មួយៗ​ប្រហែល​៧​ទំព័រ​ទេ។ យើង​យក​ទៅ​ ពេល​គេ​រំលោភ​សិទ្ធិ​យើង​យើង​ដឹង»។

ការ​អនុវត្ត​នយោបាយ​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ចាប់តាំងពី​ឆ្នាំ​២០១៧​នៅ​ពេល​ដែល​គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ចុង​ឆ្នាំ​នោះ​និង​បាន​ចាប់​ប្រធាន​គណបក្ស​ដាក់​ពន្ធនាគារ​ដែល​នាំ​ឲ្យ​មន្ត្រី​និង​សកម្មជន​ថ្នាក់​មូលដ្ឋាន​ជាច្រើន​រត់ភៀសខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស។ សកម្មជន​នយោបាយ​អ្នកសារព័ត៌មាន​និង​សកម្មជន​សហជីព​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​ដោយសារ​តែ​ការរិះគន់​រដ្ឋាភិបាល។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បានគ្រប់គ្រង​រដ្ឋសភាទាំងស្រុង​បន្ទាប់​ពី​ការបោះឆ្នោត​ឆ្នាំ​២០១៨​ដោយ​គ្មាន​គូប្រជែង​ដែល​មាន​សក្តានុពល។​

មាត្រា​ទី១៥​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ធានា​ឲ្យ​មាន​ការ​គោរព​និង​អនុវត្ត​សិទ្ធិមនុស្ស​និង​សេរីភាព​ជាមូលដ្ឋាន​តាម​សេចក្តី​ប្រកាស​ជា​សាកល​នៃ​សិទ្ធិមនុស្ស​ហើយ​ប្រទេស​ហត្ថលេខី​ត្រូវ​ជួយ​ធានា​ឲ្យ​មានការអនុវត្ត​ត្រឹមត្រូវ​ដោយ​រារាំង​មិន​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ឡើងវិញ​ដូច​ក្នុង​អតីតកាល​ដែល​កម្ពុជា​ស្ថិតក្រោម​ការត្រួតត្រា​របស់​ប្រទេស​វៀតណាម​និង​របបខ្មែរ​ក្រហម​ដែល​ចិន​គាំទ្រ។​

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាពនៅ​កម្ពុជា​ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​ទី​ក្រុង​ប៉ារីស​ប្រទេស​បារាំង​កាល​ពីថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

ប៉ុន្តែ​ការវិវត្តន៍​ចុងក្រោយ​នេះ​ធ្វើ​ឲ្យ​ក្រុមសកម្មជនយល់​ថាក្តី​សង្ឃឹម​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដើម្បី​បើក​ចំហ​ប្រទេស​កម្ពុជា​ឲ្យ​មាន​ការគោរព​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ក្លាយ​ជា​ក្តីស្រម៉ៃ​មួយ​ប៉ុណ្ណោះ។​

លោក​ ខ្ចៅ សុផល អ្នកសង្កេតការណ៍​ឯករាជ្យ​ថ្លែង​ប្រាប់​កិច្ចប្រជុំ​ថា៖ «បើ​យើង​មើល​ព្រឹត្តិការណ៍​តាំង​ពីឆ្នាំ​២០១៧​មក​ដែល​មាន​ការ​បំបិទ​អង្គការ​ប្រជាធិបតេយ្យ​ដូចជា​អង្គការ​ NDI​ បំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បំបាត់​បក្ស​ប្រឆាំង​រហូត​ដល់​អាច​ត្រួតត្រា​ជា​ឯកបក្ស​យើង​អាច​សន្និដ្ឋាន​ថា​ប្រទេស​យើង​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​របប​ផ្តាច់ការហើយ»។

​ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​នេះ​មាន​ករណី​ឃាតកម្ម​ជា​បន្ត​បន្ទាប់​ដែល​មាន​ជនរងគ្រោះ​ជា​មេដឹកនាំ​សហជីពអ្នកវិភាគ​នយោបាយ​អ្នកការពារ​បរិស្ថាន​និង​តារា​ចម្រៀង​ជាដើម។ ប៉ុន្តែ​អាជ្ញាធរ​កម្រ​រកឃើញឃាតករ​ពិតប្រាកដ​មក​ផ្តន្ទាទោស​ណាស់។ នេះ​បើតាម​ការកត់​សម្គាល់​របស់​ក្រុម​អ្នកចូលរួម​កិច្ចប្រជុំ។

លោក ខ្ចៅ សុផល​ យល់​ថា​ក្នុងខណៈពេល​នេះ​ដែររដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​ការ​បញ្ចេញ​មតិ​ដោយ​មាន​ការ​ធ្វើទុក្ខ​បុកម្នេញ​អ្នកដែល​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ហើយ​អ្នក​សារព័ត៌មាន​គ្រាន់តែ​យក​សម្តី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​អំពី​វិធានការ​ក្នុង​ពេល​មាន​ជំងឺ​កូវីដ១៩​មក​ផ្សាយ​ដោយ​មិនបាន​ធ្វើ​ឲ្យ​លោក​សប្បាយ​ចិត្ត​ក៏​ត្រូវ​ចាប់​ដាក់​គុក​ផងដែរ។

លោក ខ្ចៅ សុផល​ បាន​បន្ថែម​ថា៖​ «ការចាប់​ស្រដៀង​សម័យ​ប៉ុល ពត​ដែរ​ព្រោះ​យើង​ជា​អ្នករងគ្រោះ​ដឹង​យើង​មិន​ដឹង​ថ្ងៃ​ណា​នឹង​ដល់​វេន​យើង»។

រូបឯកសារ៖ លោក​ ថុន រដ្ឋា​ កញ្ញា​ ឡុង គន្ធា និង​កញ្ញា ​ភួន កែវរស្មី​ (ពី​ឆ្វេង​មក​ស្តាំ) ​ជា​សកម្មជនការពារបរិស្ថាន ដែល​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​យ៉ាងតិច ១៨ខែ ពីបទញុះញង់។

លោក ​លី ចាន់​ដារ៉ា​វុទ្ធ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី (រាប់​ពី​ឆ្វេង) ជា​សកម្មជន​បរិស្ថាន​វ័យ​ក្មេង ដែល​រង​ការ​ចោទ​ប្រកាន់​ថា​«រួម​គំនិត​ក្បត់» និង​«ប្រមាថ​ព្រះ​មហាក្សត្រ»។ (រូបថត​ពី​ Facebook/Mother Nature Cambodia)

សកម្មជន​សហគមន៍​យល់​ថា​ពេល​វេលា​ជិត​អស់​ហើយ​ក្នុង​ការជួយ​ប្រទេស​កម្ពុជា​ឲ្យ​វិល​មក​ដើរ​តាម​ផ្លូវ​ប្រជាធិបតេយ្យ​វិញ។ ពួកគេស្នើ​ឲ្យ​សហគមន៍​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា​ដើម្បី​ជួយ​ដល់​សកម្ម​ជន​នានា​ដែល​បាន​ក្រោកឈរ​ឡើង​ដើម្បី​ការពារ​សិទ្ធិសេរីភាព​លទ្ធិ​ប្រជាធិបតេយ្យ​និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

លោក ​ហាស់ សារ៉េន អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច​ដែល​បច្ចុប្បន្នរស់នៅ​រដ្ឋ​វ៉ាស៊ីនតោន​បាន​ស្នើសុំ​ដល់ថ្នាក់​ដឹកនាំ​គណបក្ស​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​អះអាង​ថា​គាំទ្រ​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​គួរ​ហ៊ាន​ក្រោកឈរ​ឡើង​និង​បញ្ចេញ​មតិ​ដើម្បី​ការពារ​សកម្មជន​នានា​ដែល​រងទុក្ខ​បុក​ម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា។ លោក សារ៉េន​បាន​រិះគន់​ថារាល់ការតវ៉ា​កន្លងមក​និង​ការ​ធ្វើបាប​ជនរងគ្រោះ​កម្រ​មាន​គណបក្ស​នយោបាយ​ណា​ចេញ​សេចក្តី​ថ្លែងការណ៍​ឬ​ធ្វើ​សកម្មភាព​គាំទ្រ​ពួកគេ​ណាស់។

លោក​ ហាស់ សារ៉េន ​បាន​បន្ថែម​ថា៖ «កន្លែង​ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជាខ្មែរ​ខ្វះ​ការសាមគ្គី​រួបរួម​ជា​កម្លាំង​ដើម្បី​ការពារ​អធិបតេយ្យ​របស់​យើង​សេរីភាព​របស់​យើង។ កន្លែង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សព្វថ្ងៃ​គាត់​អាច​ធ្វើ​អ្វី​ក៏បាន​ដែរ»។​

របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​សម្រាប់ឆ្នាំ​២០២០​ស្តី​ពី​ស្ថានភាព​សិទ្ធិម​នុស្សនៅជុំវិញ​ពិភពលោក​ដែល​ទើប​ចេញផ្សាយ​នៅ​ចុងខែ​មីនាឆ្នាំ​នេះ​បាន​បង្ហាញ​ថា​រដ្ឋាភិបាល​កម្ពុជា​មិនបាន​គោរព​សិទ្ធិសេរីភាព​ក្នុង​ការជួបជុំ​ដោយ​សន្តិវិធី​ទេ។ រីឯ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​ត្រូវ​បាន​រឹតត្បិត​ដោយ​មិន​អាច​បញ្ចេញ​មតិ​យោបល់​បាន​ដោយ​សេរី​ទេ​ជា​ពិសេស​ក្រុម​ណា​ដែល​រដ្ឋាភិបាល​ជឿ​ថា​ពាក់ព័ន្ធ​នឹង​នយោបាយ​ប្រឆាំង។

រូប​ឯកសារ៖ ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ Washington និង​ពលរដ្ឋ​ខ្មែរកាណាដា​ ធ្វើ​កិច្ចពិភាក្សា​អំពី​ការ​វិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា អំឡុង​ពេល​សន្និសីទ​ស្តី​ពី​សន្ធិសញ្ញា​ក្រុង​ប៉ារីស​ លើក​ទី​២៦ នៅ​ក្រុង​ Auburn រដ្ឋ Washington កាល​ពី​ថ្ងៃ​ទី១៤ ខែ​តុលា ឆ្នាំ​២០១៧។ (សុខ ខេមរា/VOA)

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ដោយ​ដកស្រង់​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​នានា​ថា​ក្នុង​ឆ្នាំ​២០២០​ប្រទេស​កម្ពុជា​មាន​អ្នកទោស​ឬ​អ្នកជាប់ឃុំនយោបាយ​យ៉ាងហោចណាស់​ចំនួន​៤០នាក់​ក្នុង​នោះ​ចំនួន​២៣នាក់​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​ជាង​៨០​នាក់​ដែល​ចាប់ខ្លួន​ក្នុង​ឆ្នាំ​២០១៩​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​ក្រោយ​ពី​ត្រូវ​ចោទ​ប្រកាន់​ប៉ុន្តែ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​វិញ​ពេល​ណា​ក៏បាន។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏បាន​ឲ្យ​ដឹងថា​ក្នុង​ចំណោម​ការជួបជុំ​តវ៉ា​ចំនួន​១៨៥​ក្នុង​ឆ្នាំ​កន្លង​ទៅនេះ​គឺ​អាជ្ញាធរ​បាន​រឹតត្បិត​ចំនួន​៥៣​និង​បញ្ឈប់​ចំនួន​២១។

ប៉ុន្តែ​ស្ថាន​បេសកកម្មអចិន្ត្រៃយ៍​របស់​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ​បាន​ចោទ​ថា​បាតុកម្ម​មួយ​ចំនួន​គឺ​ធ្វើឡើង​ដោយ​ខុស​ច្បាប់​និង​ចាត់ទុក​ថា​គឺជា​«បាតុកម្ម​ស៊ីឈ្នួល»​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រព័ន្ធ​តុលាការ​ឬ​រំខាន​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​«ពុំ​មែន​ជា​ការ​អនុវត្ត​សិទ្ធិសេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី»​ដូច​មាន​ចែងក្នុង​រដ្ឋធម្មនុញ្ញ​ទេ។​នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​របស់​ស្ថានបេសកកម្ម​បាន​ប្រាប់​ដល់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាតិ​ថា​កាលពីដើម​ខែ​កក្កដា។​

សកម្មជន​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ក៏​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​នានា​បញ្ចូល​គោលការណ៍​សិទ្ធិ​មនុស្ស​ទៅ​ក្នុង​កម្មវិធី​នយោបាយ​ផងដែរ។

លោក យ័ប គឹមទឹង​ នៃ​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​បាន​បន្ថែម​ថា៖ «បើ​អ្នកខ្លះ​ទៅ​បង្កើត​ជា​គណបក្ស​អីចឹង​សូម​ដាក់​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ចូល​ក្នុង​គោលការណ៍​នយោបាយ​ផងដែរ​ដើម្បី​ឈ្នះឆ្នោត»។

រូប​ឯកសារ៖ លោក អេង ឆៃអ៊ាង ​(ស្តាំ) ​អនុប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ និង​អតីត​សមាជិក​រដ្ឋសភា​នៃ​បក្ស​នេះ លោក ឡុង រី កាន់ញត្តិនៅក្បែរស្ថានទូតកម្ពុជា​ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ (ម៉ែន គឹមសេង/វីអូអេ)

លោក អេង ឆៃអ៊ាង​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​បរិយាកាស​នយោបាយ​ដូច​បច្ចុប្បន្ន​ពិបាក​ធ្វើ​ឲ្យ​គណបក្ស​ក្នុង​ប្រទេស​កម្ពុជា​ហ៊ាន​រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​នេះ​នឹង​បន្ត​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក អេង ឆៃអ៊ាង​ បាន​បន្ថែម​ថា៖ «យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ឡើងវិញ​មាន​ការគោរព​សិទ្ធិ​មនុស្ស​ឡើងវិញ​ស្រប​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក៏​ដូច​ជា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អីចឹង​ទោះបី​ជា​យើង​ធ្វើ​ពី​ខាងក្រៅ​មិនមាន​ប្រសិទ្ធភាព​ខ្លាំង​ក៏ដោយ​ក៏​ប៉ុន្តែ​យើង​មាន​ជំនឿ​ថា​នៅ​ពេល​មួយ​ប្រទេស​កម្ពុជា​នឹង​ប្រែប្រួល​ផ្លាស់ប្តូរ»។

គណៈកម្មការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ទើបតែ​បាន​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ​(HR 4686)​ កាលពី​ចុងខែ​កក្កដា​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ដែល​បាន​ធ្វើ​ឲ្យ​ខូចខាត​លទ្ធិប្រជាធិបតេយ្យ។ លោក​ Steve Chabot​ សមាជិក​រដ្ឋសភា​នៃ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Ohio​ និង​ជា​អ្នក​ស្នើ​សេចក្តី​ព្រាងច្បាប់​នេះ​ឡើង​បាន​ចាត់ទុក​ថា​ទង្វើ​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ផ្ទុយ​នឹង​អ្វី​ដែល​បាន​សន្យា​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស៕