វិសោធនកម្មមាត្រាចំនួន១០ នៃច្បាប់ស្តីពីសហជីព នៅមិនទាន់ផ្តល់សិទ្ធិពេញលេញដល់ក្រុមអ្នកការពារសិទ្ធិកម្មករនៅក្នុងប្រទេសកម្ពុជានៅឡើយ ដោយសារលក្ខខណ្ឌរឹតត្បិតមួយចំនួនសម្រាប់ការបង្កើតសហជីពនៅមិនទាន់បានកែសម្រួល ហើយសហជីពអាចប្រឈមនឹងចំណាត់ការផ្លូវច្បាប់ ប្រសិនបើពួកគេធ្វើខុសពីកាតព្វកិច្ចដែលចែងក្នុងច្បាប់ស្តីពីសហជីព។ នេះបើតាមលិខិតរួមមួយរបស់ក្រុមអង្គការសិទិ្ធមនុស្សជាតិ និងអន្តរជាតិ និងសហជីពចំនួនជិត៤០។
លិខិតរួមដែលបានផ្ញើទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ បានលើកឡើងថា វិសោធនកម្មមាត្រាទាំង១០ ដែលបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធភានោះ មិនទាន់បង្កឲ្យមានភាពងាយស្រួលក្នុងការបង្កើតសហជីពនោះទេ ហើយក៏នៅបង្កឲ្យមានការរំលោភលើសិទ្ធិនិងរើសសហជីពទៀតផង។
លិខិតដដែលក៏បានអះអាងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏អាចមានសិទ្ធិប្តឹងលុបចោលការចុះបញ្ជីរបស់សហជីព ប្រសិនបើសហជីពនោះមិនបំពេញតាមកាតព្វកិច្ចដែលមានចែងក្នុងច្បាប់ស្តីពីសហជីពបច្ចុប្បន្ននេះ។
អង្គការជាតិ និងអន្តរជាតិ ដែលរួមមានអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) អង្គការលើកលែងទោសអន្តរជាតិ (Amnestry International) អង្គការការពារសិទ្ធិមនុស្សលីកាដូ និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសហព័ន្ធសហជីពកម្ពុជា (CATU) ជាដើម បានបញ្ជាក់ក្នុងលិខិតរួមនោះបន្តថា បទប្បញ្ញត្តិជាច្រើននៅក្នុងច្បាប់ស្តីពីសហជីព ចាំបាច់ត្រូវមានការពិនិត្យឡើងវិញ។
ពួកគេបានបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពលើកចុងក្រោយ ហើយដែលបានអនុម័តដោយសភា និងព្រឹទ្ធសភាកាលពីចុងខែវិច្ឆិកា និងដើមខែធ្នូនេះ អាចធ្វើឲ្យប៉ះពាល់ដល់ការងាររបស់កម្មករ និងសិទ្ធិមនុស្សបន្ថែមទៀត ដោយសារមានការរឹតត្បិតសេរីភាពក្នុងការបង្កើតសមាគម និងសិទ្ធិក្នុងការរៀបចំ និងការចរចាជាសមូហភាព។
ក្រុមអង្គការការពារសិទ្ធិមនុស្ស និងសហជីពបានបញ្ជាក់ក្នុងលិខិតដែលបានផ្ញើទៅលោកហ៊ុន សែនតាមន័យដើមថា៖ «យើងជំរុញឱ្យលោកពិនិត្យឡើងវិញនូវបទប្បញ្ញត្តិនៃច្បាប់សហជីពទាំងនេះ និងពិចារណាឱ្យបានហ្មត់ចត់នូវអនុសាសន៍ដែលបានដាក់ស្នើដោយអ្នកពាក់ព័ន្ធ សង្គមស៊ីវិល ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងអង្គការពលកម្មអន្តរជាតិ»។
ពួកគេបន្ថែមថា៖ «បើធ្វើបែបនេះបាន រដ្ឋាភិបាលកម្ពុជាអាចធានាថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីព គឺស្របតាមកាតព្វកិច្ចរបស់សហជីព ដូចមានចែងនៅក្នុងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងអនុសញ្ញាការងារអន្តរជាតិ»។
ក្រុមអង្គការសិទ្ធិមនុស្ស និងសហជីពទាំងនោះក៏បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារ តាមរយៈការអនុញ្ញាតឲ្យមានការពិគ្រោះយោបល់ដោយពេញលេញជាមួយអ្នកពាក់ព័ន្ធ ក្នុងការអនុម័តច្បាប់។ បញ្ឈប់រាល់ការយាយី និងទម្លាក់ចោលនូវករណីព្រហ្មទណ្ឌដែលគ្មានមូលដ្ឋានប្រឆាំងនឹងមេដឹកនាំសហជីព កម្មករ និងអ្នកតស៊ូមតិខាងសិទ្ធិការងារ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់ VOA ថា លោកមិនទាន់អាចបកស្រាយលើលិខិតរួមរបស់សង្គមស៊ីវិលផ្ញើជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននៅឡើយទេ។ លោកបញ្ជាក់ថា លិខិតនោះនឹងត្រូវបញ្ជូនទៅក្រសួងការងារដែលជាស្ថាប័នជំនាញដើម្បីឆ្លើយតប មុននឹងផ្ញើទៅប្រមុខរដ្ឋាភិបាលកម្ពុជា។
«ខ្ញុំអត់ដឹងថា ចំណុចណាដែលគេមិនពេញចិត្ត ចំណុចណាដែលគេពេញចិត្ត។ គេហ្នឹងគឺអង្គការទាំងប៉ុន្មានអស់ហ្នឹង។ ដូច្នេះត្រូវតែទាំងអស់ហ្នឹងផ្ញើមកនាយករដ្ឋមន្រ្តី នាយករដ្ឋមន្រ្តីនឹងទម្លាក់ទៅក្រសួងជំនាញ ហើយក្រសួងជំនាញឆ្លើយតប ផ្តល់យោបល់មកគណៈរដ្ឋមន្រ្តី»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារមានប្រសាសន៍ថា រាល់ការស្នើច្បាប់ ឬស្នើវិសោធនកម្មច្បាប់ ក្រសួងបានដាក់បង្ហាញជូនភាគីពាក់ព័ន្ធក្នុងសិក្ខាសាលាចំនួន ២លើក ដោយមានការពិគ្រោះយោបល់ជាមួយអ្នកជំនាញអង្គការអន្តរជាតិខាងការងារ។
អ្នកនាំពាក្យរូបនេះបន្តថា អត្ថបទច្បាប់ថ្មីនេះ មានលក្ខណៈល្អប្រសើរជាងអត្ថបទចាស់ និងថាការលើកឡើងរបស់ក្រុមសង្គមស៊ីវិលទាំងនោះ គឺជាសេរីភាពបុគ្គលប៉ុណ្ណោះ។
ក្រុមសហជីពបានបន្តជំទាស់នឹងច្បាប់ស្តីពីសហជីព ដោយហេតុថា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសហជីពដែលធ្វើការការពារប្រយោជន៍កម្មករ។ ផលប៉ះពាល់ដែលបានកើតឡើងកន្លងមករួមមាន ដូចជាការធ្វើឲ្យលែងមានសហជីពតាមរោងចក្រ ការរឹតត្បិតមិនឲ្យកម្មករធ្វើកូដកម្ម បាតុកម្ម និងការប្រឈមនឹងផ្លូវច្បាប់ផ្សេងៗ ដែលកើតចេញពីការទាមទារសិទ្ធិជាដើម។
លិខិតរបស់ក្រុមសង្គមស៊ីវិលទាំងជិត៤០នេះ ធ្វើឡើងខណៈដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីដកឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ «Everything But Arms (EBA)» ដែលអនុញ្ញាតឲ្យកម្ពុជាចំណេញប្រាក់ជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ ពីការនាំទំនិញចូលទីផ្សារសហភាពអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធ។
ការសម្រេចរបស់សហភាពអឺរ៉ុបធ្វើឡើងក្រោយរកឃើញថា រដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យខូចខាតលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលរួមមានការបង្ក្រាបសហជីព សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងគណបក្សនយោបាយជាដើម៕