លោក ធែល ធីលែន ដែលជាសកម្មជនមួយរូបធ្លាប់ចេញមុខជំទាស់នឹងការចេញបណ្ណស្នាក់អចិន្ត្រៃយ៍សម្រាប់ជនជាតិវៀតណាម និងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមនៅកម្ពុជា បានច្រានចោលការចោទប្រកាន់នានារបស់តុលាកាដែលលោកថា មិនបានធ្វើឡើងដោយផ្អែកលើភស្តុតាងពិតប្រាកដទេ តែតាមភស្តុតាងប្រតិដ្ឋរបស់ដើមបណ្តឹង។ នេះបើតាមលិខិតសរសេរដោយដៃរបស់លោក ធែល ធីលែន។
នៅក្នុងលិខិតដែលផ្ញើចេញពីពន្ធនាគារខេត្តកណ្តាលចុះថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៣ តាមទណ្ឌិតអនាមិកមា្នក់ដែលទើបត្រូវបានដោះលែងឱ្យមានសេរីភាពវិញនោះ លោក ធែល ធីលែន បានរៀបរាប់ថា លោកត្រូវបានតុលាការចោទប្រកាន់ចំនួន៤សំណុំរឿង ដោយគ្មានឯកសារ ឬភស្តុតាងបញ្ជាក់ពិតប្រាកដណាមួយ ដែលបង្ហាញពីទុច្ចរិតភាពរបស់លោកនោះទេ។ លោកបន្ថែមថា ការជំនុំជម្រះសំណុំរឿងរបស់លោកសុទ្ធតែមានការគប់គិតរវាងដើមបណ្តឹង និងអាជ្ញាធរ។
លោកសរសេរតាមន័យដើមថា៖ «ខ្ញុំបាទសូមបញ្ជាក់ថា រាល់ការចោទប្រកាន់មកលើខ្ញុំបាទសុទ្ធសឹងជាការកុហករបស់ដើមបណ្តឹង រួមទាំងគ្មានឯកសារ ភស្តុតាងគតិយុត្តិដែលបង្ហាញថា ខ្ញុំមានទុច្ចរិតភាពនោះទេ គឺជាការជំនុំជម្រះចោទប្រកាន់ដោយពឹងផ្អែកទៅលើតែពាក្យសម្តី និងការក្លែងបន្លំឯកសាររបស់ដើមបណ្តឹងឃុបឃិតជាមួយអាជ្ញាធរតែប៉ុណ្ណោះ»។
ក្នុងលិខិតដដែលនោះ លោកក៏បានលើកឡើងពីករណីរឹបអូសផ្ទះសម្បែងរបស់លោក និងស្នើសុំឱ្យមានការបង្ហាញនូវឯកសារ និងភស្តុតាងគាំទ្រដល់ការរឹបអូសដែលបានកើតឡើងក្នុងពេលមានការឆ្លងរាតត្បាតជំងឺកូវីដ១៩។
លោកបាន ធែល ធីលែន សរសេររៀបរាប់ដោយតាំងសំណួរថា៖ «ឯណាទៅបទបញ្ជាហាមមិនឱ្យមានរឹបអូសអចលនទ្រព្យក្នុងកូវីដ? ឯណាទៅសិទ្ធិរស់រានមានជីវិត និងសិទ្ធិសម្រាប់លំនៅ[ឋាន]?» និងសំណួរមួយទៀតថា៖ «ឯណាទៅភាពយុត្តិធម៌របស់ពលរដ្ឋខ្មែរដែលគ្មានធនធានទីពឹង?»។
លោក ផៃ ធែល ឪពុករបស់លោក ធែល ធីលែន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា លិខិតរបស់កូនប្រុសលោកដែលត្រូវបានគេយកមកបង្ហោះលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីសប្តាហ៍មុននោះ គឺពិតជារបស់លោក ធីលែន ដែលជាអ្នកសរសេរដោយផ្ទាល់ដៃពិតប្រាកដមែន។
ឪពុករបស់លោក ធែល ធីលែន បញ្ជាក់ទៀតថា លោកគាំទ្រចំពោះការបដិសេធរបស់កូនប្រុសលោកជុំវិញការចោទប្រកាន់ដោយគ្មានឯកសារ និងភស្តុតាងច្បាស់លាស់ដែលតុលាការបានធ្វើមកលើកូនប្រុសគាត់។
ទាក់ទិនសំណុំរឿងដីធ្លី លោកថា លោកបានផ្ទេរសិទិ្ធកាន់កាប់ឱ្យទៅលោក ធែល ធីលែន ដើម្បីធ្វើជាទ្រព្យយកកម្ចីទិញរថយន្តសម្រាប់ប្រកបរបរចិញ្ចឹមជីវិត តែបែរជាត្រូវបានចោទប្រកាន់ថា លួចដីគេទៅវិញ។
លោកថ្លែងថា៖ «ការបដិសេធនេះគឺខ្ញុំឯកភាពជាមួយកូនខ្ញុំ ១០០ភាគរយ គឺថាបើសិនជាយើងនិយាយភាសាសាមញ្ញគឺថា ដោយសារតែខ្ញុំអត់លុយអត់កាក់បុកតុលាការបានវាបំពាន។ រឿងករណីដីធ្លីនេះ ខ្ញុំបានបែងចែករួចអស់ហើយកាលពីឆ្នាំ៩៨ និងឆ្នាំ២០០០ បងស្រីហ្នឹងបានដីភូមិ ហើយខ្ញុំបានម៉ែខ្ញុំបានឱ្យដីចម្ការហ្នឹង។ ក្រោយពេលទទួលបានពីម្តាយខ្ញុំ ខ្ញុំក៏ឱ្យកូនខ្ញុំ ធ្វើលិខិតផ្ទេរសិទ្ធិឱ្យកូនខ្ញុំទៅយកលុយគេ ទិញឡានទិញអីរត់ហ្នឹង ហើយគេចោទប្រកាន់ថាកូនខ្ញុំលួចដីគេ គេចាប់កូនខ្ញុំដាក់គុកដល់៣ ទៅ៤ ឆ្នាំ អ៊ីចឹងសូមជួយមានអន្តរាគមន៍ផង វាអយុតិ្តធម៌សម្រាប់កូនខ្ញុំណាស់!»។
វីអូអេបានទាក់ទងទៅលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលដើម្បីសុំការអត្ថាធិប្បាយនៅថ្ងៃចន្ទនេះ ប៉ុន្តែលោកថា ដោយសារតែថ្ងៃនេះជាថ្ងៃឈប់សម្រាកពីការងារដូចេ្នះលោកមិនអាចផ្តល់ព័ត៌មានបាននោះទេ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេតាមប្រព័ន្ធ WhatsApp នៅថ្ងៃចន្ទនេះថា ក្នុងករណីរបស់លោក ធែល ធីលែន នេះ ប្រសិនដូចការរៀបរាប់នៅក្នុងលិខិតនោះមែនវាជាអំពើមួយដែលមិនសមកើតមាននោះឡើយក្នុងសង្គមកម្ពុជា។
លោកក៏បានជំរុញឱ្យស្ថាប័នមានសមត្ថកិច្ចគួរតែបើកការស៊ើបអង្កេតស្រាវជ្រាវទៅលើករណីលោក ធែល ធីលែន ឱ្យមានភាពច្បាស់លាស់ដើម្បីបង្កើននូវជំនឿជឿជាក់ក្នុងប្រព័ន្ធយុត្តិធម៌ពីសំណាក់សាធារណជនទូទៅឡើងវិញ។
លោកថ្លែងថា៖ «អ៊ីចឹងប្រសិនជារកឃើញថា លោក ធែល ធីលែន មិនបានប្រព្រឹត្តអ្វីដូចការចោទប្រកាន់។ ផ្ទុយទៅវិញត្រូវបានមន្ត្រី ឬក៏បុគ្គលណាមួយធ្វើការចោទប្រកាន់ដាក់ទោសអូសដំណើរលើសំណុំរឿងរបស់លោកគួរតែមានការទម្លាក់ចោលរាល់ការចោទប្រកាន់ ហើយនឹងការដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញ អាហ្នឹងគឺជារឿងដែលអាចនឹងមានការសាទរពីសាធារណជន ក៏ដូចជាមតិជាតិ អន្តរជាតិហើយបាទ»។
បើតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដែលវីអូអេទទួលបាន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក ប្លុង វិសាល បានបង្គាប់ឱ្យចាប់ខ្លួន លោក ធែល ធីលែន អាយុ៣២ឆ្នាំ ហើយសកម្មជនរូបនោះក្រោយមកក៏ត្រូវបានតុលាការសម្រេចឃុំខ្លួន។ ដីការបស់តុលាការបញ្ជាក់ថា ជនជាប់ចោទ ធែល ធីលែន នេះ«ត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទលួចលក់អចលនទ្រព្យរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន» ប្រព្រឹត្តនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ២០១៦ ហើយត្រូវផ្តន្ទាទោសតាមមាត្រា ២៥៥ នៃច្បាប់ភូមិបាល៕
សកម្មជនដែលជំទាស់នឹងការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាមចោទតុលាការថា បានកាត់ក្តីដោយផ្អែកលើភស្តុតាងប្រតិដ្ឋ
ភ្នំពេញ —