សកម្មជន​​រិះរកវិធី​បញ្ចៀស​ការកេងប្រវ័ញ្ច​ពលករ​​នៅ​ជប៉ុន

រូបឯកសារ៖ ពលករ​ចំណាកស្រុក​ខ្មែរ​​មក​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​ធ្វើការ។ (ប៉ូច រាសី/VOA)

ប្រទេស​ជប៉ុនមានគម្រោង​ជ្រើសរើសកម្មករជំនាញ​ចំនួន​៣៤៥.០០០​នាក់​ក្នុងរយៈពេល​៥ឆ្នាំខាងមុខ​ដើម្បី​ធ្វើការងារ​នៅ​ផ្នែក​ភោជនីយដ្ឋាន សំណង់ កសិកម្ម និង​ថែរក្សា​មនុស្ស​ចាស់។ ពលករ​នឹងមកពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដែលមានដូចជា​ចិន ភូមា វៀតណាម ហ្វីលីពីន​ និង​កម្ពុជា​ជាដើម។ ​

ក្នុងពេល​ដែល​ប្រទេស​ជប៉ុន​កំពុង​តែ​ត្រៀម​លក្ខណៈ​ទទួល​យកពលករ​ពី​បណ្តាប្រទេសនៅ​តំបន់​អាស៊ី​ ដើម្បី​បំពេញកង្វះខាតកម្លាំង​ពលកម្មដោយសារតែពលរដ្ឋ​ជប៉ុនមាន​វ័យ​ចំណាស់ ក្រុមសកម្មជន​ការពារសិទ្ធិ​ពលករ​បាន​ស្នើ​ឡើង​នូវ​វិធានការ​សុវត្ថិភាព​និង​សន្តិសុខ​ការងារដើម្បី​ជៀសវាង​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើត​មានឡើង​ចំពោះ​ពលករដូចក្នុងពេល​កន្លងមក។​

សកម្មជនសិទ្ធិ​ពលករ​ដែលមក​ពី​ប្រទេសជប៉ុន កម្ពុជា វៀ​តណាម ​និង​ភូមា​ បាន​ពិភាក្សា​គ្នា​នៅ​ទីក្រុង​តូក្យូ កាលពីដើម​ខែ​កក្កដា​ ដោយផ្តោត​លើបញ្ហា​ដែល​អាច​ជួយ​សម្រួល​ការងារ​ដល់​ពលករ​ដែលមានដូច​ជា​ក្រមប្រតិបត្តិ​សម្រាប់​ក្រុមហ៊ុនជ្រើស​រើសពលករ​ ការកំណត់​កម្រៃ​ជើងសារ​ទាប​បំផុត​ ប្រព័ន្ធ​ផ្តល់​ព័ត៌មានត្រឹមត្រូវ​ និង​សារៈ​សំខាន់​នៃការ​ចងក្រង​ជាបណ្តាញ​ជាដើម។ ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាលជប៉ុនរៀបចំ​គោលការណ៍​ជាក់លាក់​សម្រាប់​ការអនុវត្ត​ដើម្បី​ជៀស​វាងបញ្ហា​នានា។ នេះ​បើតាម​ការបញ្ជាក់​របស់​បណ្តាញ​ជនចំណាកស្រុក​តំបន់​មេគង្គ។

អ្នកស្រីរីកូ ហារីម៉ា អ្នកសម្របសម្រួល​ថ្នាក់តំបន់​នៃ​បណ្តាញ​ជនចំណាកស្រុក​តំបន់​មេគង្គ​យល់ថា​ការកំណត់​តម្លៃកម្រៃ​ជើង​សារ​ច្បាស់លាស់​នឹង​ជួយ​ទប់​ស្កាត់​ក្រុមហ៊ុន​ជ្រើស​រើស​បុគ្គលិកទុច្ចរិតមួយ​ចំនួនដែល​គំរាម​ទារប្រាក់ពី​ពលករច្រើន​ហួសហេតុ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ជំពាក់​បំណុលច្រើន។​

អ្នកស្រី​រីកូ ហារីម៉ា​បាន​បន្ថែមប្រាប់​វីអូអេថា៖

«នៅពេល​ដែល​កម្មករ​ជំពាក់បំណុល​គឺពួកគេ​ពិបាក​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ការិយាល័យ​របស់​រដ្ឋាភិបាល​អំពី​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ប្រាក់កម្រៃការងារ​និងបញ្ហា​ការងារ​ដទៃ​ទៀត​ដែល​ពួកគេទទួល​រង​ពី​ថៅកែជប៉ុន‍»។

ក្នុងពេល​កន្លងមក​មានការយកថ្លៃសេវាជ្រើសរើស​ខ្ពស់​ដូចជា​នៅ​ប្រទេស​វៀតណាម​ច្បាប់​តម្រូវ​ឱ្យ​យក​តែ​៣៦០០ដុល្លារ​ប៉ុន្តែ​ក្រុមហ៊ុន​ទាររហូតដល់​៧០០០​ឬ​១០០០០​ដុល្លារ។ រីឯ​នៅ​កម្ពុជា​មិន​មាន​ការកំណត់តម្លៃ​ទេ​ប៉ុន្តែ​ពលករខ្លះ​បាន​ចំណាយ​ប្រាក់​ចន្លោះពី​៥០០០​ទៅ​៧០០០ដុល្លារ​ដើម្បី​បាន​ទៅធ្វើការ។

អ្នកស្រី​រីកូ ហារីម៉ា​ បាន​បន្ថែម​ថាដោយ​សារតែ​ហេតុនេះ​មានពលករ​មួយ​ចំនួន​បាន​រត់ចោល​ក្រុមហ៊ុន​ចាស់​ទៅធ្វើការនៅ​កន្លែង​ដែលទទួលបាន​ប្រាក់ខែ​ច្រើន៖

«ជារឿយៗ​រដ្ឋាភិបាល​នៅ​ប្រទេស​ទាំងសងខាង​និង​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​និយាយ​អំពី​ពលករ​រត់​ចោល​ការងារ​ថា​ជាបញ្ហា​មួយ ប៉ុន្តែ​យើង​មើលឃើញ​ថា​ប្រសិន​បើ​បញ្ហា​ប្រាក់​បំណុល​របស់​ពលករ​ត្រូវ​បាន​ដោះស្រាយ​ដោយ​ការមិន​យក​កម្រៃ​ជើងសារ​ច្រើន​ គឺ​ពួកគេ​នឹង​មាន​សម្ពាធ​តិចតួច​ ក្នុងការខិតខំ​ស្វែងរក​ការងារ​ដែល​បាន​ប្រាក់ឈ្នួល​ខ្ពស់ ហើយ​យើង​ជឿ​ថា​ការរត់​ចោល​ការងារ​នឹង​ថយ​ចុះដែរ‍»។​

ប្រទេស​ជប៉ុនមានគម្រោង​ជ្រើសរើសកម្មករជំនាញ​ចំនួន​៣៤៥.០០០​នាក់​ក្នុងរយៈពេល​៥ឆ្នាំខាងមុខ​ដើម្បី​ធ្វើការងារ​នៅ​ផ្នែក​ភោជនីយដ្ឋាន សំណង់ កសិកម្ម និង​ថែរក្សា​មនុស្ស​ចាស់។ ពលករ​នឹងមកពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដែលមានដូចជា​ចិន ភូមា វៀតណាម ហ្វីលីពីន​ និង​កម្ពុជា​ជាដើម។ ​

ការណ៍​នេះ​ដោយសារតែ​ប្រទេស​ជប៉ុន​បាន​ធ្វើ​វិសោធនកម្មច្បាប់​អន្តោប្រវេសន៍​របស់ខ្លួន​ដែល​មានលក្ខណៈតឹងរ៉ឹង​ដោយ​បន្ថែមឱ្យ​មាន​ទិដ្ឋាការ​ប្រភេទ​កម្មករជំនាញ​ពិសេស។

ពលករខ្មែរ​ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន​គឺ​ធ្វើ​ឡើង​ក្រោម​កម្មវិធី​កម្មសិក្សា​ហើយ​ បច្ចុប្បន្ន​មាន​ចំនួន​៣.៣២៨នាក់​។

កញ្ញា​ឆែម ស្រីពៅ​ កម្មសិក្សា​ការី​ខ្មែរ​ម្នាក់បាន​បញ្ជាក់​ប្រាប់វីអូអេ​ថា​ នាង​បាន​ចំណាយ​ប្រាក់​ចំនួន៥០០០​ដុល្លារ​ដើម្បី​បាន​ទៅធ្វើការនៅប្រទេស​ជប៉ុន​។ កញ្ញា​បាន​បន្ថែម​ទៀត​ថា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ដែល​ពលករ​ជួប​ប្រទះ​គឺ​ពេល​ធ្វើការថែមម៉ោង​គឺថៅកែ​បង់ប្រាក់​ ​តែ​ពាក់​កណ្តាល​នៃ​តម្លៃ​ឈ្នួល​នៅ​ម៉ោង​ធម្មតាប៉ុណ្ណោះ៖

​«ភាគច្រើន​បើតាមខ្ញុំ​ឮ​ថៅកែ​គេ​ធ្វើបាប​គេកាត់​ប្រាក់ខែយើង។ ដូចជាម៉ោង​ថែម​គេកំណត់​ឱ្យ​តែ​៣០​ទៅ៤០​ម៉ោង ប៉ុន្តែបើយើងធ្វើ​លើស​ហ្នឹង​គេ​គិត​ឱ្យ​ត្រឹមតែ​មួយម៉ោង​៤ដុល្លារ​ទេ​។ គេ​អត់​បន្ថែម​គេ​ទៅ​ជា​បន្ថយ​ ដល់អីចឹង​យើង​ធ្វើ​ការច្រើន​ប្រាក់ខែ​បើកមក​បាន​តិច‍»។

សកម្មជន​សិទ្ធិ​ពលករ​ក៏បានស្នើ​ឱ្យ​ផ្តល់សិទ្ធិ​ដល់​កម្មសិក្សាការី​ដូច​ជា​ពលករ​ដទៃ​ទៀត​ដែរ​គឺ​ពួកគេ​មិន​មែន​ជាអ្ន​ក​ដែល​ធ្វើ​កម្មសិក្សា​ទេ។ ដូច្នេះ​ពួកគេ​មាន​សិទ្ធិ​ផ្លាស់​ប្តូរ​ការងារ​ដូច​ជា​ពលរដ្ឋ​ជប៉ុន​ដទៃ​ទៀត​ដែរ​ដោយ​មិន​ត្រូវ​រងពាក្យ​រិះគន់​ថា​ពួកគេ​រត់ចោល​ការងារ​ឡើយ។

ពលការិនី​ម្នាក់ទៀតគឺ​អ្នកស្រី ស៊ៀ ណៃគួយ បាន​រត់ចោល​ការងារ​ដោយ​សារតែ​ស្ថានភាព​ការងារនិង​សកម្មភាព​នយោបាយ​ដែល​បាន​ចូលរួម​ក្នុង​ប្រទេស​ជប៉ុន​ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅ​ជា​ជន​ភៀសខ្លួន​នយោបាយ​។

«កាលពីខ្ញុំ​បញ្ចប់​ការងារ​គឺជិតដល់​អាណត្តិ​ខ្ញុំ​ត្រឡប់​ទៅខ្មែរវិញ។ ពេល​យើង​មក​ជា​កម្មសិក្សា​ការី គឺ​យើង​មាន​រយៈ​ពេល​មួយឆ្នាំ។ បន្ទាប់ពីមួយឆ្នាំ​បើសិន​ជា​យើង​ប្រឡង​ជាប់ គឺ​បន្ត​៣ឆ្នាំ​បាន​ប៉ុន្តែ​បើ​ប្រឡង​មិន​ជាប់​ទេ​គឺ​ថៅកែ​បញ្ជូនយើង​ទៅផ្ទះវិញ​ហើយ​ដោយសារ​ខ្ញុំ​ទៅវិញ​អត់បាន។ ទីមួយ​មកដល់​ប្រទេស​ជប៉ុន​ការងារ​ច្រើន​។ មួយថ្ងៃ​ខ្ញុំ​ធ្វើការ​១៣​ឬ​១៤​ម៉ោង​ហើយ​គ្មាន​ពេល​រៀនទេ​ ថ្ងៃសៅរ៍​អាទិត្យ​ក៏អត់​ពេល​សម្រាក​ទេ។ មួយ​ខែ​ហ្នឹងសម្រាក​តែ​មួយថ្ងៃ​ទេ។ អីចឹង​ហើយ​ខ្ញុំ​នឹកឃើញ​ថា​ប្រឡង​អត់ជាប់​គឺថៅកែ​បញ្ជូន​ទៅវិញ​ហើយ។ ខ្ញុំ​គិត​ថា​ខ្ញុំ​មិន​អាច​ប្រឡង​បាន​ទេ​ព្រោះ​ខ្ញុំ​អត់​ចេះ​អី​សោះ​។ អីចឹង​ហើយ​ពេល​ដល់​៧​ខែ​តាម​រយៈមិត្តភក្តិ​គេ​ប្រាប់​ថា​បើ​សិន​ជា​អត់​ទៅ ស្រុក​បាន​អីចឹង​ទៅសុំ​សិទ្ធិ​នយោបាយ​ទៅ​ព្រោះ​អី​នៅ​ជប៉ុន​គេ​ឱ្យ​សិទ្ធិ​នយោបាយ‍»។

បញ្ហា​ប្រឈម​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​កិច្ច​សន្យា​ដែល​មាន​ខុស​គ្នា​រវាង​ភាសាជប៉ុន​និង​ភាសា​ដើម​របស់​ពលករ​ចំណាកស្រុក។ ឧទាហរណ៍​ពលករ​ខ្លះ​បាន​ចុះ​លើ​កិច្ចសន្យា​ថា​នឹង​ត្រូវបញ្ជូន​ត្រឡប់​មក​ប្រទេសដើមវិញ​ក្នុងពេល​ដែល​មាន​ផ្ទៃពោះ​ក្នុងខណៈ​ពេល​ដែល​កិច្ចសន្យា​ជា​ភាសាជប៉ុនមិន​មាន​ចែង​ពីចំណុចនោះទេ។

លោក​ Kazuomi Aoyagi នៃសម្ព័ន្ធសមាគម​សម្រាប់​ការជំរុញ​ការចូលរួម​និង​ចម្រុះ​ជាតិសាសន៍(The Alliance of Associations for Diversity and Inclusion Acceleration) នៅ​ប្រទេស​ជប៉ុនបាន​ថ្លែងថា៖

«ពលករ​ចំណាកស្រុក​ក៏​ជាមនុស្ស​ដែរ។ គេមិន​ត្រូវ​បដិសេធ​សិទ្ធិមិន​ឱ្យ​ពួកគេ​ស្រឡាញ់គ្នា​ បង្កើត​កូន​និង​កសាង​ក្រុមគ្រួសារបានទេ‍»។​

លោកសាស្ត្រាចារ្យ​វ៉ាកូ អាសាតូ នៃ​សាកលវិទ្យាល័យ​ក្យូតូ​បាន​បញ្ជាក់​ថាការអនុវត្ត​នឹង​នៅ​តែ​ខុសគ្នា​នៅក្នុង​ប្រទេស​នីមួយៗ។ លើសពីនោះទៀត​រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​ចេតនា​មិន​ចូលរួមពាក់ព័ន្ធ​នឹង​ការងារលម្អិត​ក្នុងការអនុវត្ត​ទេ។

លោកហៃ វណ្ណា សកម្មជន​ខ្មែរនៅ​ប្រទេស​ជប៉ុន​នៅតែ​ព្រួយបារម្ភ​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​ស្នើ​ឱ្យ​គោរព​នូវ​អ្វី​ដែលបាន​ចែង។

«ជាការពិតណាស់ប្រសិន​បើ​មានការគោរព​ច្បាប់​ខ្ជាប់ខ្ជួន មានការកំណត់ការយក​កម្រៃ​វា​ជា​ការ​ល្អ​ប៉ុន្តែ​បើសិន​ជា​មាន​អំពើ​ពុករលួ​យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទោះ​បីជាយើង​កំណត់​តម្លៃ​ជើង​សារ​ហ្នឹង​យ៉ាងណា​ក៏​វានៅ​តែមានឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​នៅ​តែ​បន្ត​យក​លើស​ពីអ្វី​ដែល​គេ​បាន​ចែង។ អីចឹងជាសរុប​មក​ ​ចង់​ឱ្យ​អ្វី​ៗ​វា​ប្រសើរ​ទាល់តែ​យើង​ហ្នឹង​គោរព​ច្បាប់​សិន‍»។

ប្រទេស​ខ្លះ​ក្នុង​តំបន់​ដូច​ជា​ប្រទេស​វៀតណាម​បាន​ប្រើវិធី​ដាក់ពិន្ទុក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​តាមការ​អនុវត្ត​ការងារ​របស់​ពួកគេ ដែលបាន​ជួយសម្រួល​ដល់​ពលក​រ​យល់​ដឹង​ច្រើន​ហើយ​ជ្រើស​រើស​ក្រុមហ៊ុន​ណា​ដែល​ពួកគេ​ចង់​បាន។ វិធីសាស្រ្ត​នេះ​បាន​នាំ​ឱ្យមានភាពល្អប្រសើរ​ខ្លះ។ នេះ​បើតាម​ការបញ្ជាក់​របស់​បណ្តាញ​ជនចំណាកស្រុក​តំបន់មេគង្គ៕