ក្រុមអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅប្រទេសអូស្រ្តាលី កំពុងអំពាវនាវដល់រដ្ឋាភិបាលឲ្យថ្កោលទោសជាសាធារណៈ ចំពោះការបោះឆ្នោតថ្នាក់ជាតិក្នុងខែវិច្ឆិកានៅប្រទេសភូមា។ ក្រុមសកម្មជននិយាយថា អាជ្ញាធរទីក្រុងកង់បេរ៉ា (Canberra) ត្រូវតែធ្វើកិច្ចការច្រើនថែមទៀត សំដៅដាក់សម្ពាធទៅលើមេដឹកនាំយោធារបស់ភូមា ដើម្បីឲ្យប្រកាន់យកនូវការផ្លាស់ប្តូរតាមបែបលទ្ធិប្រជាធិបតេយ្យ។
កាលពី៣ឆ្នាំមុន មេដឹកនាំយោធាភូមាបានធ្វើការបង្ក្រាបយ៉ាងឃោរឃៅទៅលើក្រុមបាតុករ ដែលទាមទារឲ្យមានកំណែទម្រង់ដោយសន្តិវិធីតាមបែបលទ្ធិប្រជាធិបតេយ្យ។ បាតុកម្មនៅតាមដងផ្លូវ ដែលដឹកនាំដោយព្រះសង្ឃ បានទាក់ទាញមនុស្សរាប់សែននាក់ មុនពេលដែលក្រុមបាតុករទាំងនោះត្រូវបានបង្ក្រាបដោយយោធាភូមា។
ក្រុមអ្នកតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យនៅអូស្ត្រាលី បានថ្លែងថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ា ត្រូវតែថ្កោលទោសឱ្យបាន ខ្លាំងក្លាថែមទៀតចំពោះការបន្តការយារយី និងការដាក់ពន្ធនាគារសកម្មជនសិទ្ធិមនុស្សនៅភូមា មុនពេលការបោះឆ្នោតថ្នាក់ជាតិ នាខែក្រោយនេះ។
ក្រុមសកម្មជនបានទទូចសុំថា ក្រុមរដ្ឋមន្រ្តីទាំងឡាយត្រូវតែគូសបញ្ជាក់ថា ការបោះឆ្នោតនៅភូមានឹងមិនត្រូវបានចាត់ទុកថាមានភាពស្របច្បាប់ឡើយ ដរាបណាអ្នកទោសនយោបាយទាំងអស់ ដោយរាប់បញ្ចូលទាំងមេដឹកនាំលទ្ធិប្រជាធិបតេយ្យ លោកស្រីអង់ សានស៊ូជី (Aung San Suu Kyi) មិនទាន់ត្រូវបានដោះលែង។ រដ្ឋធម្មនុញ្ញត្រូវតែត្រួតពិនិត្យមើលឡើងវិញ ហើយការរឹតត្បិតទៅលើយុទ្ធនាការនេះត្រូវបានដកចេញ។
អូស្ត្រាលីបានទទូចសុំជាច្រើនលើកច្រើនសារ ឲ្យអាជ្ញាធរភូមាចាប់ផ្តើមធ្វើកំណែទម្រង់នយោបាយពិតប្រាកដ និងការផ្សះផ្សាជាតិ។ ចាប់តាំងពីខែតុលា ឆ្នាំ២០០៧ ទីក្រុងកង់បេរ៉ាបានដាក់ទណ្ឌកម្មមួយចំនួនតាមមុខសញ្ញា ប្រឆាំងទៅនឹងសមាជិករដ្ឋាភិបាលភូមា បន្ទាប់ពីមានការឆ្លើយតបដ៏ហិង្សាទៅលើការតវ៉ាដោយសន្តិវិធី។
លោកហ្សេទី ប្រេក (Zetty Brake) អ្នកនាំពាក្យរបស់ក្រុមយុទ្ធនាការភូមាប្រចាំនៅអូស្ត្រាលី មានប្រសាសន៍ថា អូស្ត្រាលីគួរតែធ្វើកិច្ចការច្រើនថែមទៀត ដើម្បីលើកទឹកចិត្តឲ្យមានកំណែទម្រង់តាមបែបលទិ្ធប្រជាធិបតេយ្យដ៏ពិតប្រាកដ នៅភូមា។
«អស់រយៈពេលបីឆ្នាំហើយនិងជាអកុសល សភាពការណ៍សិទ្ធិមនុស្សគ្មានភាពល្អប្រសើរឡើងទេ ចាប់តាំងពីមានបដិវត្តន៍ពណ៍ស្លាទុំមក (Saffron Revolution)។ តួលេខអ្នកទោសនយោបាយបានកើនឡើងទ្វេដង គឺជាឧទាហរណ៍មួយបញ្ជាក់ថាតើសភាពការណ៍នេះកាន់តែធ្ងន់ធ្ងរឡើងយ៉ាងដូចម្តេចខ្លះ ហើយការបោះឆ្នោតក្នុងខែវិច្ឆិកា ដែលជាការបោះឆ្នោតលើកដំបូងក្នុងរយៈពេល២០ឆ្នាំ នឹងមិនផ្លាស់ប្តូរអ្វីឡើយ។ ដូច្នេះ អ្វីដែលយើងកំពុងអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលីឲ្យធ្វើនោះគឺត្រូវប្រកាន់គោលជំហររឹងមាំជាងអ្វីដែលរដ្ឋាភិបាលនេះធ្លាប់ធ្វើកន្លងមកទាក់ទងនឹងការបោះឆ្នោតនេះ ហើយត្រូវនិយាយថា ការបោះឆ្នោតនេះនឹងមិនអាចជឿទុកចិត្តបាន ឬស្របច្បាប់ឡើយ ដរាបណាបទដ្ឋានវាយតម្លៃមួយចំនួន ដែលបានកំណត់នៅក្នុងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យមិនត្រូវបានឆ្លើយតបជាមុន ហើយបទដ្ឋានវាយតម្លៃទាំងនេះរាប់បញ្ចូលទាំងការដោះលែងអ្នកទោសនយោបាយទាំងអស់»។
ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មរបស់អូស្ត្រាលី បានថ្លែងថា បើទោះជាមាន«ការដាក់លក្ខខណ្ឌកម្រិតធ្ងន់ៗជាយូរមកហើយ»ក៏ដោយ ខ្លួនមិនអាចវិនិច្ឆ័យជាមុនចំពោះដំណើរការ ឬលទ្ធផលនៃការបោះឆ្នោតនេះទេ»។
អូស្ត្រាលីមានទំនាក់ទំនងការទូតជាមួយនឹងភូមា បើទោះជាទំនាក់ទំនងទ្វេរភាគីមានភាពល្អក់កករ ដោយសារតែការព្រួយបារម្ភរបស់ទីក្រុងកង់បេរ៉ា ចំពោះ«ការគៀបសង្កត់ទៅលើលទ្ធិប្រជាធិបតេយ្យ» និង«ការមិនគោរព»សិទ្ធិមនុស្ស។
ប្រទេសញ៉ូវហ្សីឡែនស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលផ្តល់ការគាំទ្ររបស់ខ្លួនចំពោះគណៈកម្មការស៊ើបអង្កេត (Commission of Inquiry) របស់អង្គការសហប្រជាជាតិដែលនឹងត្រូវ បង្កើតឡើង ដើម្បីស៊ើបអង្កេតទៅលើការចោទប្រកាន់ទាក់ទឹននឹងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិនៅភូមា។ ប្រទេសបារាំង កាណាដា និងហូឡង់ដ៍ ក៏បានសន្យាផ្តល់ការគាំទ្ររបស់ខ្លួនដែរ ខណៈដែលការប្រឆាំងជាអន្តរជាតិទៅនឹងមេដឹកនាំយោធានៅភូមា បានកើនឡើងនៅមុនពេលការបោះឆ្នោតក្នុងខែវិច្ឆិកានេះ៕
ប្រែសម្រួលដោយ លោក លី សុខឃាង