ក្រុម​សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ផ្លូវ​វេងស្រេងក្នុងការិយាល័យ​របស់​ខ្លួន

លោក​ វន់​ ពៅ​ ប្រធាន​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ​កាលពីថ្ងៃទី៣​ ខែ​មករា​ ឆ្នាំ​ ២០១៧ ឈរ​នៅពី​មុខ​រូបភាព​បង្ហាញ​រូប​លោក​ដែល​រងរបួស​ធ្ងន់​ពី​ការ​បង្ក្រាប​ដោយ​កង​ទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​២០១៤។ (ហ៊ុល​ រស្មី/VOA)

ការ​វាយ​ដំ​នោះ​ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី២​ ខែ​មករា​ ឆ្នាំ​២០១៤​ គឺ​មុន​មួយថ្ងៃ​នៃ​ការ​បើក​ការ​បង្ក្រាប​ដ៏​ហិង្សា​ពី​កម្លាំង​មានសមត្ថកិច្ច​ទៅលើ​ក្រុម​កម្មករ​ ដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។

បី​ឆ្នាំ​កន្លង​ផុត​ទៅ​ ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ និង​កម្មករ​ នៅ​មិន​ទាន់​អាច​បំភ្លេច​បាន​ អំពី​ការ​វាយ​ដំ​លើ​រាងកាយ​របស់​ពួកគេ​ ដែល​ពួក​គេ​ចោទ​ថា​ បាន​ធ្វើឡើង​ដោយ​កម្លាំង​ទ័ព​ពិសេស​នៃ​កង​ពល​៩១១។

ការ​វាយ​ដំ​នោះ​ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី២​ ខែ​មករា​ ឆ្នាំ​២០១៤​ គឺ​មុន​មួយថ្ងៃ​នៃ​ការ​បើក​ការ​បង្ក្រាប​ដ៏​ហិង្សា​ពី​កម្លាំង​មានសមត្ថកិច្ច​ទៅលើ​ក្រុម​កម្មករ​ ដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ។

លោក​ វន់ ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ IDEA​ និង​ជា​តំណាង​កម្មករ បាន​ពិពណ៌នា​អំពី​ការ​វាយ​ដំ​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖

«មាន​ន័យ​ថា​ ថ្ងៃ​ទី​២ មករា​ គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​រូប​ខ្ញុំ​ ក៏​ដូច​ជា​សកម្មជន​ដទៃ​ទៀត​ បាទ។ ប្រវត្តិសាស្ត្រ​នៃ​ការ​ឈឺចាប់​ដែល​យើង​ក្នុង​នាម​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ រង​ការ​ឈឺចាប់​ ដោយ​ទាហាន​ឆត្រយោង​៩១១​ ដែល​តួនាទី​ជា​អ្នក​ការពារ​ប្រជា​ពលរដ្ឋ​ ជា​អ្នក​ការពារ​ប្រទេសជាតិ​ តែ​បែរ​មិន​បាន​មក​ការពារ​ប្រទេស​ជាតិ​ បែរ​ជា​យក​ដំបង​ មាន​ទាំង​ពី​ចម្ពាម​កៅស៊ូ​ មាន​ទាំង​ពី​អាវុធ​ មក​វាយ​ធ្វើ​បាប។​ ខ្ញុំ​សូម​ជម្រាប​ថា​ ថ្ងៃ​នោះ​ គេ​មាន​ចេតនា​យ៉ាង​ច្បាស់​លាស់​ ក្នុង​ការ​សម្លាប់​រូប​ខ្ញុំ​ នៅ​មុខ​រោងចក្រ​យ៉ាកជីង​ ដោយ​ទាហាន​ឆត្រយោង​៩១១​ និង​ជន​ស៊ីវិល​ផ្សេង​ទៀត​ដែល​សហការ​គ្នា»។

លោក​ ថេង​ សាវឿន អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ ដែល​ជា​អ្នក​រងគ្រោះ​ដោយ​អំពើ​ហិង្សា​នោះ​ដែរ​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ បញ្ឈប់​ការ​ប្រើ​ប្រាស់​កម្លាំង​មក​ដោះ​ស្រាយ​បញ្ហា។

លោក​ថ្លែង​ថា៖

«រដ្ឋាភិបាល​គួរ​តែ​មាន​ជម្រើស​ក្នុង​ការ​ចរចា​ ឬ​ក៏​ដោះស្រាយ​ដោយ​សន្តិវិធី​ មិន​គួរ​ណា​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដើម្បី​បង្ក្រាប​ឬ​ដោះស្រាយ​បញ្ហា​ទេ​ ពី​ព្រោះ​អំពើ​ហិង្សា​គ្មាន​នរណា​ចង់​បាន​ គ្មាន​នរណា​ចង់​ជួប​ទេ​សម្រាប់​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ អញ្ចឹង​ មាន​តែ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ទេ ដែល​យើង​អាច​បង្ក​នូវ​ភាព​ស្ងប់​ក្នុង​ចិត្ត​បាន»។

កងទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ដែល​គេ​ស្គាល់​ថា​ជា​ជំនិត​លោក ​ហ៊ុន សែន​ បាន​បើក​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី​២ ខែ​មករា​ ឆ្នាំ​២០១៤។​

មួយ​ថ្ងៃ​ក្រោយ​មក​ គឺ​ថ្ងៃ​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤​ មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់ ម្នាក់​បាត់​ខ្លួនហើយ​២៤​នាក់​ផ្សេង​ទៀត ​បាន​រង​របួស​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នោះ​ ដោយ​ក្នុង​ថ្ងៃ​នោះ​ មាន​ការ​បាញ់​រះ​មួយ​បាន​កើត​ឡើង​ពី​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​ កាណាឌីយ៉ា​ ក្នុង​រាជ​ធានី​ភ្នំពេញ​ លើ​កំណាត់​ផ្លូវ​វេង​ស្រេង។​

មេបញ្ជាការ​កង​ពល​តូច​ទ័ព​ពិសេស​ឆត្រយោង​លេខ​៩១១ លោក​ ចាប​ ភក្តី បដិសេធ​មិន​ផ្ដល់​ការ​អធិប្បាយ​ ដោយ​លោក​អះអាង​ថា​លោក​កំពុង​ប្រជុំ។

VOA ​ក៏​មិន​ទាន់​អាច​ទាក់​ទង​ លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ដែរ​នៅ​ថ្ងៃ​អង្គារ​នេះ។

នៅ​ឆ្នាំ​ទី​បី​នៃ​ការ​រំឭក​ដល់​ការ​បង្ក្រាប​ដ៏​ហិង្សា​នេះ​ ​ក្រុម​សកម្ម​ជន​មិន​បាន​ធ្វើ​ពិធី​ដើរ​ហែ​ក្បួន បង្ហាញ​ដល់​សាធារណជន​ឲ្យ​បាន​ដឹង​ទូលំទូលាយនោះ​ទេ ដោយ​ពួក​គេ​អះ​អាង​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​បន្ត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្ដុំ។

លោក​ វន់ ពៅ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ និយាយ​ថា​ ការ​សម្រេច​មិន​ធ្វើ​ពិធី​ហែ​ក្បួន​រំឭក​ដល់​អំពើ​ហិង្សា​នេះ​នៅ​លើ​កំណាត់​ផ្លូវ​វេងស្រេង គឺ​ដោយសារ​តែ​មាន​ក្តី​បារម្ភ​អំពី​ការ​រារាំង​ពី​អាជ្ញាធរ​ ដូច​ដែល​ធ្លាប់​បាន​កើត​ឡើង​កាលពី​ឆ្នាំមុន។

រូបភាព​បង្ហាញ​ពី​ការ​វាយ​បង្រ្កាប​លើ​ក្រុម​បាតុករ​ ដែល​ធ្វើឡើង​ដោយ​កង​ទ័ព​ពិសេស​នៃ​កង​ពល​៩១១​ កាលពី​ដើម​ខែ​មករា​ ឆ្នាំ​២០១៤។​ (ហ៊ុល រស្មី/VOA)

លោក​បន្ថែម​ថា​ ការ​ប្រមូល​ផ្ដុំ​ត្រូវ​បាន​រឹត​បន្តឹង​ដោយ​អាជ្ញាធរ​នៅ​ឆ្នាំ​២០១៦​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុម​សកម្មជន​ធ្វើ​ពិធី​រំឭក​នេះ​ នៅ​ការិយាល័យ​ធ្វើការ​របស់​ខ្លួន នៅ​រាជ​ធានី​ភ្នំពេញ​វិញ។

«ក្នុង​ឆ្នាំ​២០១៦​ យើង​ឃើញ​ថា សេរី​ភាព​នៃ​ការ​ជួប​ប្រជុំ​ត្រូវ​បាន​រឹតត្បិត​ទាំង​ស្រុង​តែ​ម្ដង។ អញ្ចឹង​ហើយ​បាន​យើង​បង្ខំ​ចិត្ត​ធ្វើ​នៅ​ការិយាល័យ​របស់​យើង​នេះ​ឆ្នាំ​នេះ»។​

កាលពី​ឆ្នាំ​២០១៦​ លោក​ វន់ ពៅ​ បាន​ដឹក​នាំ​ការ​ដើរ​ហែ​ក្បួន​ប្រារព្ធ​ខួប​នៃ​ការ​បង្ក្រាប​ដ៏​ហិង្សា​នេះ​ នៅ​លើ​កំណាត់​ផ្លូវ​វេងស្រេង​ ក៏​ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​រារាំង​មិន​ឲ្យ​មាន​ការ​ហែ​ក្បួន​លើ​កំណាត់​ផ្លូវ​នោះ​ឡើយ។

​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រារព្ធ​ពិធី​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ព្រមាន​សើរើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ប្រធាន​សមាគម​រូប​នេះ។

លោក​ វន់ ពៅ​ និង​ក្រុម​កម្មករ​ ព្រម​ទាំងសកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស​២២​នាក់​ទៀត​ ត្រូវ​ចាប់​ខ្លួន ​កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​២០១៤​ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ដោយ​ចេតនា​ ការ​បង្ក​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ការ​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ ​និង​សណ្ដាប់​ធ្នាប់​សង្គម។

លោក​ អំ​ សំអាត​ ប្រធាន​ការិយាល័យ​ស៊ើប​អង្កេតនៃ​អង្គការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​ VOA ​ថា យុត្តិធម៌​ គឺ​នៅ​ឯជើង​មេឃ​សម្រាប់​អ្នក​ទាំង២៣​នាក់​ ដោយសារ​ថា​ ជាង​បី​ឆ្នាំ​មក​ហើយ ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ មិន​បាន​បើក​កិច្ច​ស៊ើប​អង្កេត​ជាក់លាក់​ណាមួយ​នៅ​ក្នុង​ករណី​បង្ក្រាប​ដ៏​ហិង្សា​នេះ​ទេ។

«យើង​រយៈពេល​ឥឡូវ​បី​ឆ្នាំ​ហើយ​ មិន​ទាន់​ឃើញ​មាន​ពន្លឺ​ណាមួយ គឺថា​ ស៊ើប​អង្កេត​ឲ្យ​ចេញ​ជា​រូបរាង​ណាមួយ។ អានេះ​ហើយ​ ដែល​ខ្ញុំ​គិត​ថា​ យុត្តិធម៌​នៅ​ឯ​ជើង​មេឃ»។

លោក​សង្កត់​ធ្ងន់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ខក​ខាន​មិន​បាន​រក​ឲ្យ​ឃើញ​អ្នក​បង្ក​ហិង្សា​កាល​ពី​ឆ្នាំ​ ២០១៤​នោះ​ទេ​ អំពើ​និទ្ទណ្ឌភាព​ នឹង​បន្ត​កើត​មាន​នៅ​ប្រទេស​កម្ពុជា​ ហើយ​ការណ៍​នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​មានសមត្ថកិច្ច​ប្រើ​យុទ្ធសាស្ត្រ​ដដែល​នេះ​ក្នុង​វាយ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា។

ក្រុម​អ្នក​រង​គ្រោះ​ពី​ការ​បង្ក្រាប​ដោយ​កង​ទ័ព​ពិសេស​នៃ​កង​ពល​៩១១ បាន​លើក​ឡើង​ក្នុង​ថ្ងៃ​គម្រប់​ខួប​បី​ឆ្នាំ​នៃ​ការ​បង្ក្រាប​ដ៏​ហិង្សា​នេះ​ថា​ ពួក​គេ​នឹង​ចាប់ផ្ដើម​ស្វែងរក​យុត្តិធម៌​ នៅ​ពេល​ដែល​មាន​ការ​កែ​ទម្រង់​ក្នុង​ប្រព័ន្ធ​តុលាការ​នៅ​ប្រទេស​កម្ពុជា​ពិត​ប្រាកដ។

ពួក​គេ​និយាយ​ថា​ ការ​វាយ​ដំ​ដែល​ពួកគេ​បាន​ទទួល​នោះ​ នឹង​មិន​អាច​បំភ្លេច​បាន​នោះ​ឡើយ៕