អ្នកការពារសិទ្ធិពលករស្នើឱ្យរដ្ឋាភិបាលពិចារណាដាក់ចេញនូវវិធានការជាក់លាក់មុននឹងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកាតា ដើម្បីជៀសវាងការកេងប្រវ័ញ្ច និងការធ្វើបាប។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស(សង់ត្រាល់) បានស្នើឡើងក្នុងកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាគួរតែមានស្ថានទូតនៅប្រទេសកាតាជាមុនសិន មុននឹងបញ្ជូនពលករខ្មែរទៅធ្វើការនៅទីនោះ ហើយត្រូវបង្កើតគណៈកម្មការចុះតាមដានការអនុវត្តអនុស្សារណៈស្តីពីការយោគយល់ (MOU)ដែលបានចុះហត្ថលេខារវាងប្រទេសកាតានិងប្រទេសកម្ពុជា ទន្ទឹមនឹងនោះត្រូវជួយពលករឱ្យយល់ពីវប្បធម៌និងរបៀបរបបនៃការរស់នៅក្នុងប្រទេសនេះជាដើម។
Your browser doesn’t support HTML5
លោកហូយ៉ាព្រួយបារម្ភថា ពលរដ្ឋខ្មែរអាចក្លាយជាជនរងគ្រោះនៅទីនោះដោយសារប្រទេសនេះមិនមានវត្តមានអង្គការសិទ្ធិមនុស្សនិងការងារ ហើយតាមរយៈបទពិសោធន៍នៃប្រទេសដទៃទៀតគឺមានការល្មើសនឹងកិច្ចសន្យានិងធ្វើបាបពលករ។
លោកបន្ថែមថា៖ «នៅប្រទេសកាតាគឺជា ប្រទេសអ្នកមាន ហើយគេជួលពលរដ្ឋមកពីប្រទេសក្រីក្រមកធ្វើការហើយប្រទេសនេះ មិនមានអង្គការសង្គមស៊ីវិលអង្គការសិទ្ធិមនុស្សអ្វីទេ ហើយគេក៏អត់ខ្វល់ពីសិទ្ធិមនុស្សទេ»។
រដ្ឋសភាកម្ពុជាបានអនុម័តយល់ព្រមកាលពីឆ្នាំ២០១២ឱ្យកម្ពុជាបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកាតាតាមអនុស្សារណៈនៃការយោគយល់រវាងកម្ពុជានិងប្រទេសកាតា។
ប្រទេសកាតាបានសម្តែងការចាប់អារម្មណ៍ក្នុងការទទួលពលករខ្មែរចំនួន៣៣.០០០នាក់ ហើយរហូតមកដល់ពេលនេះមានអ្នកដាក់ពាក្យចំនួន១.០០០នាក់ ហើយមាន២០០នាក់បានឆ្លងកាត់ការប្រឡងសមត្ថភាព។ នេះបើតាមការបញ្ជាក់របស់លោកឌី ថេហូយ៉ា។
សកម្មជនសិទ្ធិពលកររូបនេះក៏យល់ថា រដ្ឋាភិបាលគួរតែពិនិត្យមើលលើក្រុមហ៊ុនបញ្ជូនពលករផងដែរ៖
«ខ្ញុំគិតថា ក្រុមហ៊ុនឯកជនដែលត្រៀមនឹងបញ្ជូនទៅក៏គួរតែតាមដានឱ្យមែនទែនថាតើគាត់គោរពសិទ្ធិពលករគោរពច្បាប់ការងារដែរឬអត់ឬមួយវាមានលក្ខណៈកេងប្រវ័ញ្ចដូចជាបទពិសោធន៍ជូរចត់ទៅប្រទេសម៉ាឡេស៊ី និងប្រទេសផ្សេងៗជាដើម»។
មុននឹងពលករចាកចេញពីប្រទេស រដ្ឋាភិបាលគួរតែអញ្ជើញអង្គការជាដៃគូទៅចូលរួមផ្តល់ជាយោបល់ក្នុងការត្រៀមខ្លួន និងមានលេខទំនាក់ទំនងក្នុងពេលដែលមានបញ្ហា។
លោកឌី ថេហូយ៉ាបន្ថែមថា៖«ប៉ុន្តែទាំងអស់ហ្នឹងមិនធានាបានថាតើនៅពេលគាត់មានបញ្ហាយើងទៅជួយគាត់បានទេ»។
ក្នុងពេលកន្លងមក មានពលករមកពីប្រទេសនេប៉ាល់ ឥណ្ឌា និងបង់ក្លាដែស ត្រូវរងការធ្វើបាបដោយម្ចាស់ក្រុមហ៊ុនបានហែកកិច្ចសន្យាចោលមិនបានផ្តល់ប្រាក់ឈ្នួលតាមការសន្យានិងដកយកលិខិតឆ្លងដែនពួកគេទុកមិនអាចឱ្យវិលត្រឡប់មកប្រទេសវិញបាន។
អង្គការសិទ្ធិមនុស្ស Amnesty International បានលើកឡើងពីករណីរំលោភបំពានទាំងនេះ នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា«The ugly side of the beautiful game: Exploitation on a Qatar 2022 World Cup site» (ជ្រុងដ៏អាក្រក់នៃកីឡាដ៏ល្អ៖ ការកេងប្រវ័ញ្ចនៅលើការដ្ឋានកីឡាពិភពលោកនៅប្រទេសកាតាឆ្នាំ២០២២) ចេញផ្សាយខែមីនាឆ្នាំ២០១៦។
លោកស្រី សាលីល សេទី អគ្គលេខាធិការនៃអង្គការ Amnesty International បានបញ្ជាក់ថា«សម្រាប់កីឡាករនិងអ្នកទស្សនា កីឡាដ្ឋានពានរង្វាន់ពិភពលោកនេះគឺទីនៃក្តីសុបិន្តមួយ។ សម្រាប់កម្មករខ្លះដែលបាននិយាយប្រាប់យើង វាគឺជាសុបិន្តអាក្រក់ដែលកំពុងបន្ត»។
ពលរដ្ឋខ្មែរមួយចំនួន ដែលអង្គការសង់ត្រាល់សាកសួរនៅតាមជនបទកម្ពុជា គឺមិនបានដឹងពីការរំលោភទាំងអស់នេះទេ ហើយអ្នកខ្លះមិនទាំងស្គាល់ថា ប្រទេសកាតានៅទីណាផង៕