ក្រុមសកម្មជនប្រជាធិបតេយ្យភូមា និងរដ្ឋាភិបាលក្នុងតំបន់អាស៊ី បានស្វាគមន៍ការដោះលែងលោកស្រី អង់ សាន ស៊ូគ្យី (Aung San Suu Kyi) ចេញពីការឃុំឃាំង ប៉ុន្តែក៏ជំរុញរដ្ឋាភិបាលយោធាភូមាឲ្យគាំទ្រការអំពាវនាវឲ្យមានការផ្សះផ្សារជាតិដែរ ។
ការដោះលែងលោកស្រី អង់ សាន ស៊ូគ្យី មេដឹកនាំនិយមលទ្ធិប្រជាធិបតេយ្យភូមា ចេញពីការឃុំឃាំងកាលពីថ្ងៃសៅរ៍ ត្រូវបានទទួលស្វាគមន៍ជាទូទៅ ពីសហគមន៍ភូមានៅបរទេស សកម្មជនប្រជាធិបតេយ្យ និងរដ្ឋាភិបាលក្នុងតំបន់។ លោកស្រី អង់ សាន ស៊ូគ្យី ដែលបានត្រូវដោះលែងបន្ទាប់ពីបញ្ចប់ការកាត់ឲ្យជាប់ទោសរយៈពេល១៨ខែ បានចំណាយពេលភាគយ៉ាងច្រើនក្នុងរវាង២ទសវត្សរ៍ ជាប់ក្នុងការឃុំឃាំងរបស់រដ្ឋាភិបាល ដោយសារលោកស្រីអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យនៅភូមា។
លោកបូ គ្យី (Bo Kyi) ដែលជាអតីតអ្នកទោសនយោបាយ និងជាលេខាធិការសមាគមជួយអ្នកទោសនយោបាយ ដែលមានទីតាំងក្នុងទីក្រុង មែសុត (Mae Sot) ប្រទេសថៃ សង្ឃឹមថា ការដោះលែងលោកស្រី អង់ សាន ស៊ូគ្យី គឺជាជំហានមួយឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនៅភូមា។ លោកបញ្ជាក់ថា៖
«ខ្ញុំ ក៏ដូចប្រជាពលរដ្ឋភូមាដែរ មានការសប្បាយរីករាយយ៉ាងខ្លាំងចំពោះការដោះលែងលោកស្រី។ ឥឡូវនេះ មនុស្សរាប់ពាន់នាក់កំពុងច្រៀងឲ្យលោកស្រី ដាវ អង់ សាន ស៊ូគ្យីនៅភូមា។ លោកស្រីនឹងខិតខំអស់ពីសមត្ថភាពដើម្បីធ្វើការផ្សះផ្សាជាតិ ហើយបន្ទាប់មកនឹងធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យនិងសិទ្ធមនុស្សឡើងវិញនៅភូមា»។
លោកស្រី ដេប៊ី ស្តូថាដត៍ (Debbie Stothardt) អ្នកនាំពាក្យអង្គការសិទ្ធិមនុស្សបណ្តាញអាស៊ានជម្រើស (Alternative ASEAN Network) និយាយថា តួនាទីរបស់លោកស្រី អង់ សាន ស៊ូគ្យី នៅភូមានឹងក្លាយជាស្ពានមួយ រវាងគណៈបក្សនយោបាយប្រកួតប្រជែងនានា ចាប់តាំងពីយោធា ដល់ក្រុមជនជាតិភាគតិចភូមា ។ លោកស្រីបន្តទៀតថា៖
«លោកស្រី អង់ សាន ស៊ូគ្យី ជាកម្លាំងបង្រួបបង្រួមដ៏ខ្លាំងតែមួយនៅភូមា ហើយនៅពេលនេះ ភូមាប្រាកដជាត្រូវការមនុស្សម្នាក់ដូចជាលោកស្រី អង់ សាន ស៊ូគ្យី ដែលអាចធ្វើដំណើរ អាចធ្វើការសន្ទនាជាមួយអ្នកដែលមានចំណែក ហើយផ្តល់ថាមពលដល់ចលនានោះឡើងវិញ។
លោកស្រី ស្តូថាដត៍ បានលើកឡើងនូវការខឹងសម្បាដែលកំពុងកើនឡើង បន្ទាប់ពីការបោះឆ្នោតទូទៅ កាលពីពេលថ្មីៗនេះ ដែលលទ្ធផលនាំឲ្យគណបក្សគាំទ្រយោធា ជិតស្និទ្ធនឹងឧត្តមសេនីយ៍ជាន់ខ្ពស់ ថាន់ ស្ស្វេ (Than Shwe) បានទទួលសន្លឹកឆ្នោត៧៥ភាគរយ។ ក៏ប៉ុន្តែ អ្នកវិភាគ និងគណបក្សនយោបាយភូមាផ្សេងទៀតបានអះអាងថា មានការលួចបន្លំសន្លឹកឆ្នោតយ៉ាងច្រើនដោយពួកយោធា។
លោក អូង ឌីន (Aung Din) អ្នកនាំពាក្យយុទ្ធនាការសហរដ្ឋអាមេរិកដើម្បីភូមា និយាយថា លោកស្រី អង់ សាន ស៊ូគ្យី ឥឡូវនេះ ត្រូវគេរំពឹងនឹងដើរតួនាទីខាងនយោបាយម្តងទៀត នៅភូមាបន្ទាប់ពីគាត់ត្រូវបានឃុំឃាំង។ លោកឌីនមានប្រសាសន៍ថា៖
«ក្នុងឋានៈជាមេដឹកនាំម្នាក់ លោកស្រីនឹងធ្វើដំណើរដោយសេរី លោកស្រីនឹងនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងនិយាយទៅកាន់ប្រជាពលរដ្ឋ។ លោកស្រីនឹងចូលធ្វើនយោបាយយ៉ាងឆាប់តាមដែលអាចធ្វើទៅបាន។ មតិសាធារណៈទូទៅ បានកោតសរសើរលោកស្រីថា ជាមេដឹកនាំតែមួយគត់ ដែលអាចនាំលទ្ធិប្រជាធិបតេយ្យ យុត្តិធ៌មទៅកាន់ប្រទេសរបស់ខ្លួន។ ដូច្នេះ វាច្បាស់ណាស់ថា លោកស្រី គឺជាការគម្រាមកំហែងដ៏ធ្ងន់ធ្ងមួយ ដល់រដ្ឋាភិបាលយោធា ជាពិសេស លោក ថាន់ ស្ស្វេ ឧត្តមសេនីយ៍យោធាជាន់ខ្ពស់»។
ក៏ប៉ុន្តែ លោក អូង ឌីន ក៏ជឿជាក់ដែរថា សម្ពាធអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ បានដើរតួនាទីដ៏សំខាន់ក្នុងការធ្វើឲ្យប្រាកដថា លោកស្រី អង់ សាន ស៊ូគ្យី មានសេរីភាព។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក បាន គីមូន (Ban Ki-Moon) អគ្គលេខាធិការអង្គការសហប្រជាជាតិ ជំរុញឲ្យអាជ្ញាធរភូមាដោះលែងអ្នកទោសនយោបាយផ្សេងទៀតឲ្យមានសេរីភាព។ ក្រុមអង្គការសិទ្ធិមនុស្សឲ្យដឹងថា មានអ្នកទោសនយោបាយជាង២ពាន់២រយនាក់នៅភូមា រួមទាំងអ្នកយកព័ត៌មាន និងអតីតសមាជិកគណៈបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អង់ សាន ស៊ូគ្យីផង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ប្រទេសថៃ ដែលជាប្រទេសជិតខាង បានឲ្យដឹងថា ការដោះលែងលោកស្រី អង់ សាន ស៊ូគ្យី គឺជាជំហានដ៏សំខាន់មួយទៀតក្នុងដំណើរការផ្សះផ្សារជាតិ និងដំណើរការប្រជាធិបតេយ្យនៅភូមា។
ប្រទេសអូស្រ្តាលី ក៏ស្វាគមន៍ការដោះលែងលោកស្រី អង់ សាន ស៊ូគ្យីឲ្យមានសេរីភាពផងដែរ ដោយបានឲ្យដឹងថា ជ័យលាភីរង្វាន់ណូបែលសន្តិភាពរូបនេះ បានធ្វើពលីកម្មយ៉ាងច្រើនដើម្បីគាំទ្រសេរីភាព ហើយបានអំពាវនាវឲ្យអាជ្ញាធរភូមាចាប់ផ្តើមដំណើរការផ្សះផ្សារជាតិដ៏ពិតប្រាកដមួយ ដោយមានការចូលរួមពីគណៈបក្សទាំងអស់៕
ប្រែសម្រួលដោយ ជឹង ប៉ូជិន