សកម្មជន​និង​សមាជិក​គណបក្ស​ជំទាស់ ៥ នាក់​ត្រូវ​ឃាត់​ខ្លួន

រូបឯកសារ៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ (ឆ្វេង) លោក ទា វណ្ណុល (កណ្តាល) និងលោក គង់ មុនីកា (ស្តាំ) ថ្លែងនៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ ភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

សមាជិក​និង​សកម្មជន​ប្រាំនាក់​នៃ​គណបក្ស​ភ្លើងទៀន​និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​សម្ព័ន្ធ​របស់​គណបក្ស​ភ្លើងទៀន ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។ ​នេះ​បើ​តាម​គណបក្ស​ភ្លើងទៀន។​

គណបក្ស​ភ្លើងទៀន​បញ្ជាក់​ថា​ ​ពួកគេ​ត្រូវ​បាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ និង​ស្វាយរៀង​ឃាត់​ខ្លួន​ ដោយ​មិន​បញ្ជាក់​មូល​ហេតុ​ឡើយ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ភ្លើងទៀន​ ចុះ​ថ្ងៃ​ទី​ ២៩ ​ខែ​កក្កដា ​ឆ្នាំ​ ២០២៤​ សមាជិក​គណបក្ស​ពីរនាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ក្នុង​នោះ​រួម​មាន​លោក​ តុ ដារ៉ា ​ ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន ​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​កក់ ​ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ ​និង​លោក​ ពៀក វណ្ណា ​បេក្ខជន​ក្រុម​ប្រឹក្សា​សង្កាត់​លេខ​រៀង​ទី ៣ ​នៅ​សង្កាត់​ចេក ​ក្រុង​ស្វាយរៀង ​ខេត្ត​ស្វាយរៀង។​

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖​ «គណបក្ស​ភ្លើងទៀន​ចាត់​ទុក​សកម្មភាព​ខាង​លើ​នេះ​គឺ​ជា​ការ​គំរាម​កំហែង​ និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​គ្រប់​រូបភាព ​ក្នុង​គោល​បំណង​រារាំង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​សកម្ម​ជន​គណបក្ស​ភ្លើងទៀន​នៅ​ទូទាំង​ប្រទេស»។​

ចំណែក​កាល​ពី​សប្តាហ៍​មុន​ គណបក្ស​ភ្លើងទៀន​បាន​ឱ្យ​ដឹង​ថា​ ​សកម្មជន​របស់​ខ្លួន​បីនាក់ ​គឺ​លោក​ អ៊ុក សុវណ្ណឆន ​ជំទប់​ទី ២ ​ឃុំ​ពោធិ៍​អង្រ្កង ​ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ ​លោក ​ប៊ុន សារុំ ​និង​លោក​ ចែម សាវឿន ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ ​មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន ​កាល​ពី​ថ្ងៃ​ទី​ ២៦ ​ខែ​កក្កដា​ ឆ្នាំ​ ២០២៤។ ​គណបក្ស​បញ្ជាក់​ថា​ ​ការ​ចាប់​ខ្លួន​នេះ​កើត​ឡើង ​«អំឡុង​ពេល​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បរសេដ្ឋ​កោះ​ហៅ​ពួក​គាត់​ទៅ​សួរ​នាំ​អំពី​ករណី​ចាំ​បាច់​ផ្ទាល់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរ​បល​ស្រុក​បរសេដ្ឋ ​ខេត្ត​កំពង់ស្ពឺ»។​

អគ្គ​លេខាធិការ​គណបក្ស​ភ្លើងទៀន​ លោក​ លី សុធារ៉ាយុត្តិ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ការ​ចាប់​ខ្លួន​សមាជិក​និង​សកម្ម​ជន​គណបក្ស​ជំទាស់​ប្រាំនាក់​នេះ​ជា​ការ​គំរាម​កំហែង​សកម្ម​ជន​ដដៃ​ទៀត​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ និង​មិន​ហ៊ានចូល​រួម​សកម្ម​ភាព​នយោបាយ​ជា​មួយ​គណបក្ស​ជំទាស់។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​យល់​ឃើញ​ថា​ ការ​ចាប់​ខ្លួន​សកម្ម​ជន​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​ភ្លើងទៀន​ជា​បន្ត​បន្ទាប់​នៅ​ស្រុក​បរសេដ្ឋ​ខេត្ត​កំពង់ស្ពឺ ​គឺ​ជា​រូប​ភាព​បំភិត​បំភ័យ ​ក៏​ដូច​ជា​គំរាម​កំហែង​យាយី ​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នយោបាយ​ទៅ​លើ​ផ្នែក​នយោបាយ​ ​ទៅ​លើ​សកម្ម​ជន​ និង​សមាជិក​គណបក្ស​ភ្លើងទៀន។​ ហើយ​វា​បង្ហាញ​ថា​ ជា​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​នយោបាយ​របស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ដូចជា​គណបក្ស​ភ្លើងទៀន»។​

លោក​អំពាវនាវ​ដល់​អាជ្ញាធរ​និង​តុលាការ​ឱ្យ​ពិនិត្យ​មើល​ឡើង​វិញ ​ព្រម​ទាំង​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​លើ​សកម្ម​ជន​ និង​សមាជិក​របស់​គណបក្ស​ភ្លើងទៀន ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​មក​វិញ​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​នយោបាយ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ​ចុះ​ថ្ងៃទី​ ២៨ ​ខែ​កក្កដា ​ឆ្នាំ​ ២០២៤ ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​បញ្ជូន​សំណុំ​រឿង​ពាក់ព័ន្ធ​ករណី​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​រំលោភ​លើ​ទំនុក​ចិត្ត​ ញុះញង់​ឱ្យ​មាន​ការ​រើស​អើង ​និង​ប៉ុនប៉ង​កំហែង​យក ​មាន​សា្ថន​ទម្ងន់​ទោស​ ទាក់​ទង​នឹង​ជន​រង​គ្រោះ ​និង​បញ្ជូន​ជន​សង្ស័យ​ដែល​បាន​ឃាត់​ខ្លួន​មក​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ​កំពង់ស្ពឺ​ចំនួន​៣​នាក់។ ​ពួកគេ​មាន​លោក ​អ៊ុក សុវណ្ណឆន ​លោក​ ប៊ុន សារុំ ​និង​លោក ​ចែម សាវឿន ​ដែល​ជា​សមាជិក​របស់​គណបក្ស​ភ្លើងទៀន។​

តុលាការ​បញ្ជាក់​ថា​ ការ​ឃាត់​ខ្លួន​និង​កសាង​សំណុំ​រឿង​ទៅ​លើ​ជន​សង្ស័យ​ទាំង​៣​នាក់​ខាង​លើ ​គឺ​ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ។​

ព្រះរាជ​អាជ្ញារង​ខេត្ត​កំពង់ស្ពឺ ​និង​ជា​អ្នក​នាំពាក្យ​របស់​តុលាការ ​លោក​ រ៉ា លីសួន ​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ។​

ចំណែក​អធិការ​នគរបាល​ស្រុក​បរសេដ្ឋ ​លោក​ ចន សុភិត ​ប្រាប់​វីអូអេ​ឱ្យ​ទាក់ទង​ទៅ​តុលាការ​វិញ។​

លោក​ថ្លែង​ថា៖ ​«ពាក់ព័ន្ធ​នឹង​កិច្ចការ​ងារ​នេះ​ជា​រឿង​វិធានការ​ផ្លូវ​ច្បាប់​ដែល​យើង​អនុវត្ត​តាម​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ​ហ្នឹង​ហើយ។​ ប្រសិន​បើ​បង​ឆ្ងល់​អី ​ទាក់ទង​ទៅ​អយ្យការ​ខេត្ត​កំពង់ស្ពឺ»។​

ចំណែក​អធិការ​ក្រុង​ស្វាយរៀង ​លោក​ កែន រិទ្ធី ​បាន​បដិសេធ​មិន​អត្ថាធិប្បាយ ​ដោយ​ប្រាប់​វីអូអេ​ឱ្យ​ទាក់ទង​ទៅ​កាន់​ស្នងការ​ខេត្ត​ស្វាយរៀង​វិញ។​

លោក ​ឈីវ អ៊ិចគង់ ​ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ​និង​ជា​អ្នក​នាំ​ពាក្យ ​ប្រាប់​វីអូអេ​ថា​ លោក​ ពៀក វណ្ណា ​ត្រូវ​បាន​ចាប់​ខ្លួន​ ដោយ​សារ​«ពាក់អាវ​ទាហាន​ខុស​ច្បាប់»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខេត្ត​ស្វាយរៀង​ ចុះ​ថ្ងៃ​ទី ​៣០​ ខែ​កក្កដា​ ឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០២៤ ​ការិយាល័យ​សន្តិសុខ​ផ្ទៃ​ក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​បាន​បញ្ជូន​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ ករណី​ឈ្មោះ ​ពៀក​ វណ្ណា ​«បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សម្លៀក​បំពាក់​យោធា ​(អាវ​ប៉ារ៉ា)​ទៅ​ប្រើប្រាស់​ជា​សាធារណៈ ​ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា​ ឆ្នាំ​ ២០២៤​ រហូត​ដល់​ថ្ងៃ​ទី២៨​ ​ខែ​កក្កដា​ ឆ្នាំ ​២០២៤​ ដោយ​បាន​ប្រើប្រាស់​សម្លៀក​បំពាក់​នេះ​ នៅ​កន្លែង​លក់​ដូរ​របស់​ខ្លួន​ ក៏ដូច​ជា​បាន​ពាក់​ទៅ​ចូលរួម​ប្រជុំ​នៅ​ក្នុង​ក្រុម​បក្ស​របស់​ខ្លួន​ទាំង​ដែល​ឈ្មោះ ពៀក​ វណ្ណា ​ឈ្មោះ​ហៅ​ក្រៅ ​ឡូញ ​មិន​មែន​ជា​មន្ត្រី​យោធា​នោះ​ទេ»។​

តុលាការ​បញ្ជាក់​ថា​ លោក​ ពៀក វណ្ណា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សម្លៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ​ដែល​មាន​បញ្ញត្តិ​ឱ្យ​ផ្តន្ទា​ទោស​តាម​មាត្រា​ ៦១២ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​ដែល​អាច​ជាប់​ពន្ធនាគារ​ពី​ ១​ខែ​ទៅ​ ១​ឆ្នាំ ​ប្រសិន​បើ​តុលាការ​រក​ឃើញ​កំហុស។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក​ ឆាយ គឹមខឿន ​និង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ​ទូច សុឃៈ ​បាន​នៅ​ឡើយ​ទេ។​

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ លោក​ យី សុខសាន្ត ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​អាច​ធ្វើ​ឱ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែ​រួម​តូច​ ហើយ​វា​អាច​ធ្វើ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ពី​មជ្ឈដ្ឋាន​អន្តរ​ជាតិ៕​