លោក នី ណាក់ ត្រូវការ​យុត្តិធម៌ ខណៈ​មិន​ទទួល​បាន​តម្រុយ​ជន​បង្ក​ដែល​វាយ​ដំ​រូប​លោក

រូបឯកសារ៖ លោក នី ណាក់ កំពុង​ព្យាបាល​របួស ក្នុង​គ្លីនិក​ព្យាបាល​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ក្រោយ​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​វាយដំ  ហើយ​រូប​ថត​នេះ ថត​ថ្ងៃ​ទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

មួយ​សប្តាហ៍​ក្រោយ​រង​ការ​វាយ​ដំ​យ៉ាង​ដំណំលោក ​នី ណាក់ ​ដែល​ស្ថាន​ភាព​សុខភាព​ទើប​តែ​បាន​ល្អ​ប្រសើរ​បន្តិច ​ថ្លែង​ថា ​លោក​ចង់​ឃើញ​ពន្លឺ​យុត្តិ​ធម៌ ​ខណៈ​តម្រុយតាមចាប់​ក្រុមជន​បង្កដែល​ប្រើ​ហិង្សា​លើ​រូប​លោក​មិន​ទាន់​មាន​នៅ​ឡើយ។​

លោក ​នី ណាក់ ​គឺជាសកម្ម​ជន​សង្គម​មួយ​រូបដែល​ធ្លាប់​ជាប់​ពន្ធនាគារ ​និង​តែងតែ​រិះ​គន់​អំពី​ភាព​អវិជ្ជ​មាន​ក្នុងសង្គម។ ​លោក​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម ​ធាក់​ម៉ូតូ​ផ្តួល​ និង​បានវាយ​ដំ​លើ​រាង​កាយ ​និង​ក្បាល​យ៉ាង​ដំណំ​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ នៅ​ពេល​ដែល​លោក​ និង​ភរិយា​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ​នៅ​ជិត​វត្ត​ព្រែក​ប្រា ​ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ។​

លោក ​នី ណាក់ ​ប្រាប់​វីអូអេថា​ រហូត​មក​ដល់​ថ្ងៃ​អង្គារ​នេះ ​អាជ្ញាធរ​មិន​ទាន់​បង្ហាញ​តម្រុយអ្វី​នៃ​ការ​ចាប់​ក្រុម​ជន​បង្កដែល​វាយ​ដំ​រូប​លោក​នោះ​ទេ បើ​ទោះ​ជាកន្លែង​កើត​ហេតុ​មាន​កាមេរ៉ា​សុវត្ថិ​ភាព​ក៏​ដោយ។​

លោក​ថ្លែង​ថា៖ «មក​ដល់​ពេល​នេះ ខ្ញុំ​អត់​ទាន់​មាន​ការ ​Update ​ឬ​ផ្តល់​តម្រុយ​ផ្តល់​ព័ត៌មានអ្វី ​សូម្បីតែ​បន្តិច ​[ពី​អាជ្ញាធរ] ​ក៏​អត់​មាន​ដែរ»។​

លោក នី ណាក់ ​ចង់​ឃើញ​ពន្លឺ​យុត្តិ​ធម៌​ និង​ចង់​មើល​វីដេអូ​ពី​កាមេរ៉ា​សុវត្ថិ​ភាព​នៅ​ទី​តាំង​កើត​ហេតុ​ ដើម្បីឱ្យ​បាន​ដឹង​ច្បាស់​នូវហេតុ​ការណ៍​ដែល​កើត​លើ​រូប​លោក។​

លោក​ថ្លែង​ថា៖ ​«តាម​ខ្ញុំ​ទទួល​បាន​ព័ត៌​មាន​គឺ​ទាំង​ប៉ូលិស​ ទាំង​ប៉េអឹម ​ទាំង​ស្នង​ការ សុទ្ធ​តែ​ពួក​គាត់​ដុត​ដៃ​ដុត​ជើង​ក្នុង​ការ​ធ្វើ​ការងារ​ហ្នឹង​ ក៏​ប៉ុន្តែ​លទ្ធ​ផល​យ៉ាង​ណា ​ខ្ញុំ​នៅ​តែ​មិន​រំពឹង​គិត​ថា​ រឿង​ហ្នឹង​នឹង​បង្ហាញ​ឱ្យ​ចេញ​ថា ​ឃាតក​ ឬ​អ្នក​ដៃ​ដល់​ជា​អ្នក​ណា​នៅ​ឡើយ​ទេ។

ហេតុ​នេះ​ហើយ​បាន​ខ្ញុំ​តែង​តែ​សំណូម​ពរ ​ហើយទទូច​ទៅ​កាន់​អង្គការ​ជាតិ អន្តរ​ជាតិ ​មហា​ជន ដើម្បី​តាម​ដាន​ទៅ​លើ​ការ​ធ្វើ​ការ​របស់​សមត្ថ​កិច្ចបន្ត​ទៀត ​ដើម្បី​ធ្វើយ៉ាង​ម៉េច​ឱ្យ​យុត្តិ​ធម៌ ​វា​កើត​មាន​ឡើង​ចំពោះ​ជន​រង​គ្រោះ​ សម្រាប់​រូប​ខ្ញុំ​ និង​សម្រាប់អ្នក​រង​គ្រោះ​ដទៃ​ទៀត​នៅ​ក្នុង​សង្គមកម្ពុជា​នេះ»។​

បើ​តាម​លោក ​នី ណាក់ ​ករណី​ហិង្សា​នេះគឺជា​ផែន​ការគិត​ទុក​ជា​មុន​របស់​ក្រុម​ជន​បង្ក​ ដែល​មិន​មែន​ជា​ករណីប្លន់​យកទ្រព្យ​សម្បត្តិ​នោះ​ទេ។ ​លោក​អះ​អាង​ថា​ លោក​មិន​បាត់​បង់​របស់​របរ​អ្វី​ឡើយ។​

លោក​ថា៖​«យើង​មើល​សកម្ម​ភាព​ជាក់​ស្តែង!​ ​ចុះ​មក​គឺវាយ ​ហើយ​អត់​មាន​ប៉ះ​ពាល់​ទ្រព្យ​សម្បត្តិ​ខ្ញុំ​មួយ​កាក​ មួយ​សេន​ណា​ឡើយ។ ​ហើយ​នេះ​គឺ​ជា​ការ​រៀប​គម្រោង​ផែន​ការ ជា​អំពើ​មនុស្ស​ឃាត​ដោយ​ចេតនា ​គ្រាន់​ថា​ ចៃដន្យ​គឺ​គេ​ធ្វើ​វា​មិន​បាន​សម្រេច»។​

លោក ​ទូច សុឃៈ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ សូម​មិន​អត្ថា​ធិប្បាយ​បន្ថែម​ជុំវិញ​ករណី​វាយ​ដំ​លើលោក ​នី ណាក់ ​ដោយ​ខ្លាចប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត។ ​លោក ​ស្នើ​សុំពល​រដ្ឋ​ឱ្យ​ជឿ​ជាក់​លើ​ការ​បំពេញ​ការងារ​របស់​សមត្ថ​កិច្ច​ជំនាញ​ក្នុង​សំណុំ​ព្រហ្ម​ទណ្ឌ។​

កាល​ពី​ថ្ងៃ​ទី​១៥ ​ខែ​កញ្ញា ​លោក​ ទូច សុឃៈ​ ​ប្រាប់​វីអូអេ​ថា​ សមត្ថ​កិច្ច​ជំនាញ​បាន​សន្និ​ដ្ឋាន​បឋម​ថា​ ការ​វាយ​ដំ​លោក ​នី ណាក់ ​ជា​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ​ក្នុង​ចេតនា​ចង់​យក​ទ្រព្យ​សម្បត្តិ​ ព្រោះ​ជន​បង្ក​មាន​គ្នា​ច្រើន ​ឬ​ជា​ក្រុម​ និង​មាន​ឧបករណ៍​គ្រោះ​ថ្នាក់​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស។ ​

លោក​បន្ថែម​ថា ​ក្រោយ​កើត​ហេតុ​នៃ​ការ​វាយ​ដំ​លើ​លោក ​នី ណាក់ ​ភ្លាមៗ​នោះ ​អង្គ​ភាព​អគ្គ​ស្នងការ​ដ្នាន​នគរបាល​ជាតិ ​ស្នង​ការ​ដ្ឋាន​រាជ​ធានី​ភ្នំពេញ ​និង​អធិការ​ដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ​រួម​ទាំង​កម្លាំង​ប៉ុស្តិ៍​នៅ​កន្លែង​កើត​ហេតុ​ បាន​ធ្វើ​ការ​ងារ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ ដោយ​ចុះ​ប្រមូល​ព័ត៌មាន​ជុំវិញ​កន្លែង​កើត​ហេតុ ​ពិនិត្យ​រាល់​វត្ថុ​តាង​នានា​ រួម​ទាំង​មធ្យោបាយ​ផ្សេងៗ ​ដែល​អាច​គ្រប់​គ្រង​មុខ​សញ្ញា​បាន​ ដូច​ជា​កាមេរ៉ា​សុវត្ថិ​ភាព​តាម​ដង​ផ្លូវ។​

លោក ​នី ណាក់ ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ ​កាល​ពី​ថ្ងៃទី​១៥​ ខែ​កញ្ញាថា ​ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ាណែត ​«ជួយ​ពន្លឿន​ដល់​ការ​ស៊ើប​អង្កេត​របស់​សមត្ថ​កិច្ច ​ដើម្បី​រក​មុខ​អ្នក​ពាក់​ព័ន្ធ ​និង​អ្នក​ដៃ​ដល់​មក​ដាក់​ទោស»។​

លោក ​នី ណាក់ ​រៀប​រាប់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​បន្ថែម​ថា៖​ «បើ​សម្តេច​ជួយ​បាន ខ្ញុំ​បាទនឹង​ប្រកាស​ចុះ​ចូល​បម្រើ​រាជ​រដ្ឋា​ភិបាល​ ក្រោយ​ពេល​យុត្តិ​ធម៌​កើត​មាន​ចំពោះ​រូប​ខ្ញុំ»។​
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ ​(Human Rights Watch) ​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា ​និង​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន ម៉ាណែត ​ស៊ើប​អង្កេត​ករណី​នេះ ​និង​កាត់​ទោស​អ្នក​ដែល​ប្រព្រឹត្ត​សកម្ម​ភាពហិង្សា​នោះ។​

លោក ​Phil Robertson​ នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ប្រចាំ​តំបន់​អាស៊ី ​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​វាយ​ដំ​លោក​ នី ​ណាក់ ​នេះ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ក្លា​ថា​ «ភាព​ឃោរ​ឃៅ​របស់​រដ្ឋាភិបាល ​ហ៊ុន សែន ​ប្រឆាំង​នឹង​សំឡេង​រិះគន់​មិន​ផ្លាស់​ប្តូរ​ឡើយ ​ក្រោម​ការ​ដឹកនាំ​របស់​កូន​ប្រុស​របស់​លោក»។​

អង្គការ​នេះ​បញ្ជាក់​ថា​ ការ​វាយ​ប្រហារ​នេះ​ស្រដៀង​គ្នា​នឹង​ការ​វាយ​ប្រហារ​ទៅ​លើ​សមាជិក​គណបក្ស​ភ្លើង​ទៀន​កាល​ពី​កន្លង​ទៅ។​

លោក ​Phil Robertson ​បន្ថែ​ម​ថា៖ ​«វា​ជា​ការ​សាក​ល្បង​ឆន្ទៈរដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ​ក្នុង​ការ​ស៊ើប​អង្កេត ​និង​កាត់​ទោស​សម​រម្យ​លើ​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បំពាន»។​

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​កត់​សម្គាល់​ថា​ សមត្ថ​កិច្ច​កម្ពុជា​មាន​សមត្ថ​ភាព​ ព្រោះ​សូម្បី​បទ​ឧក្រិដ្ឋ​ធំៗ​ក៏​រក​ឃើញជន​ប្រព្រឹត្ត​បទ​ល្មើស​ ​យក​ផ្តន្ទា​ទោសតាម​ផ្លូវ​ច្បាប់​បាន​ភ្លាមៗ​ផង​ដែរ។ ​ដូច្នេះ​លោក​យល់​ថា​ ករណី​វាយ​ដំលើលោក ​នី ណាក់ នេះ​ ​ប្រសិន​សមត្ថ​កិច្ច​មា​ន​ឆន្ទៈ​នឹង​រក​ឃើញ​ជន​ដៃ​ដល់។​

ក្រៅ​ពីនេះ​ លោក​ថា​ បើ​វីដេអូនៃ​កាមេរ៉ា​សុវត្ថិ​ភាពនៅ​ទីតាំង​កន្លែង​កើត​ហេតុ​ត្រូវ​បាន​អាជ្ញាធរ​ប្រមូល​ទុក ​គឺ​អាជ្ញាធរ​អាច​សហការ​ជាមួ​យ​ជន​រង​គ្រោះ ​ឬ​ជន​រង​គ្រោះ​អាច​ស្នើ​ទៅ​អាជ្ញាធរ​ដើម្បី​ពិនិត្យ ​និង​ងាយ​ឈាន​ទៅ​កំណត់​អត្ត​សញ្ញាណ​ក្រុម​ជន​បង្ក​ និង​យក​មក​ផ្តន្ទា​ទោស។​

លោក​ថ្លែង​ថា៖ ​«សមត្ថ​កិច្ច​អាច​សហការ​ ​ដោយ​សុំ​ឱ្យ​ជន​រង​គ្រោះ ​និង​សាក្សី​ពិនិត្យ​មើល​ទៅ​លើ​កាមេរ៉ា​ហ្នឹង ​ថា​តើ​ស្គាល់​ជន​ណា​ខ្លះ ​ឬ​កំណត់​អត្ត​សញ្ញាណ​បាន​យ៉ាង​ម៉េច​ខ្លះ។ ​អា​នេះ​ទីមួយ។ ​ទីពីរ ​បើ​សមត្ថ​កិច្ច​មិន​បង្ហាញ​ទេ ​មិន​ប្រាប់​ទេ ​លោក ​នី ណាក់ ​ក៏​អាចមាន​សិទ្ធិ​ស្នើ​សុំ​សមត្ថ​កិច្ច​ដើម្បី​មើល​វីដេអូកាមេរ៉ា​សុវត្ថិ​ភាព​នោះដែរ ​បើ​សិន​ជាវីដេអូ​កាមេរ៉ា​សុវត្ថិ​ភាព​ត្រូវ​បា​ន​សមត្ថ​កិច្ចថត​ចម្លង​យក​ទៅ ​ហើយ​ច្បាប់​ដើម​[លោក នី ណាក់] ​អត់​មាន»។

លោក ​អំ សំអាត ​បន្ថែម​ថា​ ប្រសិន​បើ​សមត្ថ​កិច្ច​មិនអាច​ចាប់​ជន​បង្ក​មក​ផ្តន្ទា​ទោស ​វា​នឹង​នាំ​ឱ្យ​មាន​ការ​រិះគន់​ចំពោះ​ភាព​អយុត្តិ​ធម៌​សម្រាប់​អ្នក​ហ៊ាន​រិះគន់​បញ្ហា​សង្គម ​ក៏​ដូច​ទៅ​នឹ​ង​ករណី​វាយ​ដំ​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ ដែល​កម្រ​ចាប់​បាន​ជន​បង្ក៕