សកម្មជនសង្គម លោក កើត សារ៉ាយ ដែលជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានអំពាវនាវឱ្យតុលាការទម្លាក់ការចោទប្រកាន់លើរូបលោក។
នៅក្នុងសវនាការជំនុំជម្រះ នៅថ្ងៃទី៩ ខែតុលា លោក កើត សារ៉ាយ ប្រាប់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញថា លោកមិនបានញុះញង់ដូចការចោទប្រកាន់នោះទេ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក សាន ប៊ុនធឿន បានចោទសួរលោក កើត សារ៉ាយ នូវសំណួរដំបូងថា៖«តើលោកមានបានប្រព្រឹត្តដូចការចោទប្រកាន់ទេ?»។
ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូចដៃវែង លោក កើត សារ៉ាយ ឆ្លើយថា៖ «ទេ»។
លោក កើត សារ៉ាយ ក៏បានស្នើសុំឱ្យចៅក្រមផ្តល់យុត្តិធម៌ដល់រូបលោក។
លោក កើត សារ៉ាយ ត្រូវបានឃុំខ្លួនពីបទ ញុះញង់ ចំពោះការនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីជម្លោះដីធ្លីនៅខេត្តព្រះវិហារ។ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចម្រុះចាប់ខ្លួននៅទីស្នាក់ការសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោយការផ្សព្វផ្សាយ និងបញ្ចេញមតិអំពីវិវាទដីធ្លីដ៏រសើបនៅឃុំស្រយង់ និងឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទមិនរាងចាលបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម។ កាលពីឆ្នាំ២០២១ លោក កើត សារ៉ាយ ធ្លាប់ត្រូវបានកាត់ទោសដាក់ពន្ធនាគារ២០ខែ ពីបទញុះញង់ដូចគ្នា ពាក់ព័ន្ធនឹងការទាមទារឱ្យដោះលែងលោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព។
ក្នុងសវនាការនាព្រឹកថ្ងៃពុធ លោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានចោទសួរសំណួរជាច្រើន ពាក់ព័ន្ធនឹងការចោទប្រកាន់នោះ។ ចៅក្រមបានសួរលោក កើត សារ៉ាយ ដូចជា«តើលោកមានបានប្រព្រឹត្តដូចការចោទប្រកាន់ទេ? តើលោកមានបានបង្ហោះរូបភាព ឬវីដេអូទេ? ការបង្ហោះនោះក្នុងគោលបំណងអ្វី? តើលោកយល់ថា ការចុះទៅក្នុងព្រៃធ្វើជាវីដេអូ និងរូបភាព និងផ្តល់បទសម្ភាសន៍ជាមួយវិទ្យុមួយដែលលោកប្រើពាក្យភៀសខ្លួន តើលោកយល់ថា វាស្របតាមគោលបំណងរបស់សមាគមរបស់លោកទេ?
ពាក់ព័ន្ធនឹងសំណួរទាំងនោះ លោក កើត សារ៉ាយ បានតបទៅចៅក្រមថា លោកមិនបានញុះញង់ដូចការចោទប្រកាន់ឡើយ។ លោកបញ្ជាក់គោលបំណងរបស់លោកថា ការផ្សព្វផ្សាយបញ្ហារបស់ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធបានឃើញ និងដោះស្រាយដោយសន្តិវិធី។
លោក កើត សារ៉ាយ លើកឡើងថា៖«ខ្ញុំគ្រាន់តែចង់ឱ្យអាជ្ញាធរពាក់ព័ន្ធបានឮ បានឃើញ និងដោះស្រាយជូនពួកគាត់ និងពិនិត្យមើលលទ្ធភាពណាកាត់ឆ្វៀលដីឱ្យពួកគាត់ប្រសិនជាអាច...និងកុំឱ្យពលរដ្ឋរត់ចូលព្រៃ។ ដូច្នេះបានជាខ្ញុំគិតថា សង្គមស៊ីវិល ដើរតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ទើបខ្ញុំធ្វើសកម្មភាពនោះ»។
ទាក់ទងនឹងភស្តុតាងដែលយកមកចោទប្រកាន់លោក កើត សារ៉ាយ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃដែលមានវត្តមានក្នុងបន្ទប់សវនាការ បញ្ជាក់ថា សមត្ថកិច្ចបានស្រាវជ្រាវតាមបណ្តាញសង្គមដែលរកឃើញថា លោក កើត សារ៉ាយ បានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ និងការបង្ហោះរូបភាព និងវីដេអូ លើគណនីហ្វេសប៊ុកឈ្មោះ កើត សារ៉ាយ និងទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមដែលសមត្ថកិច្ចចោទថា ជាពាក្យពេចន៍«ញុះញង់»។
ក្នុងសវនាការ ចៅក្រមបានបញ្ជាឱ្យចាក់វីដេអូនៃបទសម្ភាសន៍របស់លោក កើត សារ៉ាយជាមួយវិទ្យុអាស៊ីសេរី និងភស្តុតាងដែលអាជ្ញាធរបានយកមកដាក់បន្ទុក ក្នុងការចោទប្រកាន់នោះផងដែរ។
កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនក្នុងនោះមានអង្គការលីកាដូផងដែរ បានអំពាវនាវឱ្យមានការដោះលែងលោក កើត សារ៉ាយជាបន្ទាន់ និងឥតលក្ខខណ្ឌ។ អង្គការសិទ្ធិមនុស្សលីកាដូធ្លាប់បានអំពាវនាវឱ្យដោះលែងលោក កើត សារ៉ាយ ជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយសូមឱ្យទម្លាក់បទចោទប្រកាន់ទាំងអស់លើរូបលោក។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានចូលស្តាប់សវនាការ ប្រាប់វីអូអេនៅថ្ងៃពុធថា ភស្តុតាងដាក់បន្ទុកមានវិមតិសង្ស័យច្រើន និងមិនឃើញមានធាតុផ្សំញុះញង់ឡើយ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍ គឺភស្តុតាងទាំងអស់ហ្នឹងសុទ្ធតែមានវិមតិសង្ស័យច្រើន ហើយវាមិនមែនជាភស្តុតាងមួយសម្រាប់ដាក់បន្ទុកបទល្មើសហ្នឹងដែរ។ ភស្តុតាងដែលបានបង្ហាញ គឺសារសំឡេង ឬសំឡេង ឬរូបភាពទាំងអស់ហ្នឹង គ្មានកន្លែងណាមួយដែលជាការញុះញង់ទេ។ វាអត់មានសោះ»។
លោក អំ សំអាត ស្នើឱ្យទម្លាក់បទចោទប្រកាន់លោក កើត សារ៉ាយ។
លោកថ្លែងថា៖ «ខ្ញុំនៅតែយល់ស្របទៅតាមការសន្និដ្ឋាន និងការស្នើសុំរបស់មេធាវី ក៏ដូចជាលោក កើត សារ៉ាយ គឺសុំឱ្យមានការទម្លាក់បទចោទប្រកាន់ទៅលើលោក កើត សារ៉ាយ»។
មេធាវីការពារក្តីរបស់លោក កើត សារ៉ាយ គឺលោក អ៊ឹម ផាន់ណា និងលោក លី សុចិត្រា បានព្យាយាមការពារកូនក្តីរបស់ខ្លួន និងស្នើឱ្យចៅក្រមពិចារណាលើកលែងទោសឱ្យកូនក្តីរបស់ខ្លួន ដោយលើកឡើងថា សកម្មភាពទាំងនោះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមលក្ខន្តិកៈដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងថា មិនមានធាតុផ្សំគ្រប់គ្រាន់ក្នុងការចោទប្រកាន់ឡើយ។ មេធាវីការពារក្តីទាំងពីរបានបញ្ជាក់ថា ចេតនារបស់លោក កើត សារ៉ាយ គឺដើម្បីប្រាប់ទៅអាជ្ញាធរឱ្យមានវិធានការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងដើម្បីសន្តិភាព ដែលមិនមែនជាការញុះញង់ទេ។
បើតាមមេធាវី ការចោទប្រកាន់កូនក្តីរបស់លោកមិនទាន់មានអង្គហេតុច្បាស់លាស់នៅឡើយ ដោយសារមន្ត្រីនគរបាលយុត្តិធម៌ មិនមានអ្វីដាក់បន្ទុក ក្រៅពីបទសម្ភាសន៍រវាងកូនក្តីរបស់លោកជាមួយស្ថាប័នសារព័ត៌មាន។
មេធាវីលោក អ៊ឹម ផាន់ណា ថ្លែងក្នុងសវនាការនោះថា៖«តើលោក កើត សារ៉ាយ ទៅខេត្តព្រះវិហារ មានភស្តុតាងដែលបញ្ជាក់ថា ញុះញង់ ឬបញ្ចុះបញ្ចូលឱ្យពលរដ្ឋប្រឆាំងរដ្ឋាភិបាលទេ? គ្មានទាល់តែសោះ ទាំងសាក្សី និងភស្តុតាង គ្មានឡើយចំណុចសង្ស័យ និងមិនមានភស្តុតាង។ តើឱ្យកូនក្តីខ្ញុំទទួលខុសត្រូវដូចម្តេច?»។
មេធាវីរូបនេះក៏បានឆ្លើយតបទៅនឹងការលើកឡើងរបស់តំណាងអយ្យការដែលចាត់ទុកថា ការលើកឡើងរបស់លោក កើត សារ៉ាយជាព័ត៌មានមិនពិត។ លោកមេធាវី អ៊ឹម ផាន់ណា ប្រាប់ចៅក្រមថា៖«បើសិនជាព័ត៌មាននោះមិនពិត លោក កើត សារ៉ាយ ត្រូវបានចាប់ខ្លួនតាំងពីពេលមានបញ្ហាមកម៉្លេះ»។
ក្នុងសវនាការជំនុំជម្រះនោះ តំណាងអយ្យការ លោក សេង ហៀង ក៏បានចោទសួរលោក កើត សារ៉ាយ ជាច្រើនសំណួរផងដែរ ដូចជា៖ «មុនពេលលោកធ្វើការងារនេះ តើលោកធ្លាប់ធ្វើការអ្វីដែរ? ខាងវិស័យច្បាប់ទេ? វិស័យដីធ្លី ឬដោះស្រាយទំនាស់ដីធ្លីទេ? តើលោកបានសិក្សាច្បាស់ទេអំពី បញ្ហាដីធ្លីដែលពលរដ្ឋកាន់កាប់ មុនពេលលោកចុះទៅ? មុននឹងបង្ហោះជាសាធារណៈ លោកមានបានផ្ទៀងផ្ទាត់ច្បាស់ទេ ជុំវិញការលើកឡើង និងភស្តុតាងផ្ទៀងផ្ទាត់ផ្សេងៗ? តើលោកបានឃើញលិខិតទិញ លក់ដីទាំងនោះទេ? តើឃើញពលរដ្ឋកាន់កាប់ដីនោះជារបស់អ្នកណា?»។
លោក សេង ហៀង បញ្ជាក់ថា ការនិយាយរបស់លោក កើត សារ៉ាយ គឺជាព័ត៌មានមិនពិត គ្មានភស្តុតាង ដែលគ្រាន់តែទទួលបានដោយពលរដ្ឋនិយាយប្រាប់ ដែលលោកថា ជា«គ្រោះថ្នាក់ដល់សង្គម»។ តំណាងអយ្យការរូបនេះសំណូមពរទៅចៅក្រមឱ្យផ្តន្ទាទោសធ្ងន់ធ្ងរលើលោក កើត សារ៉ាយ។
ចំណែកលោក កើត សារ៉ាយ នៅតែការពារខ្លួនថា ការផ្សព្វផ្សាយអំពីបញ្ហារបស់ប្រជាពលរដ្ឋនៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ គឺលោកចង់ឃើញដំណោះស្រាយមួយដោយសន្តិវិធី ជាមួយសំណូមពរនាពេលនោះ មាន៣ចំណុច គឺ៖ ទី១ ស្នើឱ្យអាជ្ញាធរពិនិត្យលទ្ធភាពកាត់ឆ្វៀលដីឱ្យពលរដ្ឋ ដែលគ្មានលំនៅឋាន ទី២ ដោះលែងពលរដ្ឋដែលត្រូវបានអាជ្ញាធរចាប់ឃុំ និងទី៣ អាជ្ញាធរត្រូវប្រកាសជាសាធារណៈថា មិនមានការចាប់ខ្លួនពលរដ្ឋនោះទេ។
សម្តីចុងក្រោយរបស់លោក កើត សារ៉ាយ ក្នុងសវនាការនោះ គឺលោកបានសំណូមពរថា៖ «ខ្ញុំស្នើឱ្យចៅក្រម ពិចារណាផ្តល់យុត្តិធម៌ដល់ខ្ញុំ»។
មុនបិទបញ្ចប់សវនាការ លោក សាន ប៊ុនធឿន ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា តុលាការនឹងជូនដំណឹងតាមក្រោយ ទាក់ទងការកំណត់ថ្ងៃប្រកាសសាលក្រមលើលោក កើត សារ៉ាយ៕