លោក Christopher Miller រដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ស្តីទីនិយាយផ្ទុយគ្នាអំពីសង្គ្រាមសាកលដឹកនាំដោយស.រ.អា.ប្រឆាំងនឹងភេរវកម្មនៅក្នុងលិខិតទីមួយរបស់លោកទៅកាន់ក្រសួង នៅពេលមានកង្វល់ខ្លាំងថា នឹងមានការផ្លាស់ប្តូរគោលនយោបាយធំខាងការការពារប្រទេសនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) កាន់តំណែង។
លោក Miller បានសរសេរនៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃសុក្រទី១៣វិច្ឆិកាថា៖«សង្គ្រាមនេះមិនទាន់ចប់ទេ។ យើងជិតយកជ័យជំនះលើពួក al-Qaida និងបណ្តាញរបស់ក្រុមនេះហើយ តែយើងត្រូវតែចៀសវាងកំហុសខាងយុទ្ធសាស្ត្ររបស់យើងកាលពីអតីតកាល ដោយមិនធ្វើការប្រយុទ្ធរហូតដល់ចប់»។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅក្នុងកថាខ័ណ្ឌបន្ទាប់ លោក Miller បានសរសេរថា៖«យើងបានជួបឧបសគ្គ។ យើងបានពុះពារឧបសគ្គទាំងនេះ។ នៅពេលនេះ ដល់ពេលវិលមកផ្ទះវិញហើយ»។
ពួកអ្នកជំនាញនិងពួកមន្ត្រីយោធាជាន់ខ្ពស់កំពុងកាន់តំណែងនិងអតីតក្រុមមន្ត្រីយោធាបានលើកឡើងនូវកង្វល់អំពីពេលនៃការតែងតាំងលោក Miller ដែលជំនួសលោក Mark Esper ក្នុងសប្តាហ៍នេះ។ ពួកគេបានព្រមានថាចំណាត់ការនេះអាចបង្កើតការយល់ឃើញថា មានអស្ថិរភាពហើយអាចនាំឱ្យមានវិធានការខាងគោលនយោបាយយោធាដោយប្រញិបប្រញាប់។
លោក Bradley Bowman ជានាយកជាន់ខ្ពស់នៃមជ្ឈមណ្ឌលអំពីអំណាចយោធានិងអំណាចនយោបាយនៅឯក្រុមស្រាវជ្រាវឈ្មោះមូលនិធិសម្រាប់ការពារលទ្ធិប្រជាធិបតេយ្យ។ លោកបាននិយាយប្រាប់វីអូអេថា៖«នៅក្នុងពេលពីរបីខែទៀត យើងត្រូវការពួកមេដឹកនាំនៅឯក្រសួងការពារប្រទេសដែលចង់រុញច្រានគំនិតអាក្រក់ទាំងឡាយណាចេញពីសេតវិមាននិងធ្វើការជិតស្និទ្ធជាមួយក្រុមអន្តរកាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត។
នៅក្នុងចំណោមការខ្វល់ខ្វាយទាំងនេះគឺបំណងលោកប្រធានាធិបតី ត្រាំក្នុងការដកទាហានស.រ.អា.ទាំងអស់ប្រមាណ៤ពាន់៥រយនាក់បម្រើការក្នុងប្រទេសអាហ្វហ្កានិស្ថាន។ នៅក្នុងប្រទេសនេះស.រ.អា.បានប្រយុទ្ធជិតពីរទសវត្សរ៍មកហើយដើម្បីរារាំងពួក al-Qaida និងក្រុមភេរវជនឯទៀតៗកុំឱ្យបង្កើតជម្រកសុខសាន្តដែលពីទីនោះពួកវាអាចធ្វើការវាយប្រហារលើស.រ.អា.និងពួកសម្ព័ន្ធមិត្តរបស់ប្រទេសអាមេរិក។
ទីប្រឹក្សាជាន់ខ្ពស់របស់លោក Miller ដែលទើបបានត្រូវតែងតាំងកាលពីពេលថ្មីៗនេះគឺលោក Douglas McGregor វរសេនិយឯកចូលនិវត្តន៍នៃកងទ័ពជើងគោកស.រ.អា.បានអំពាវនាវឱ្យមានការដកកងកម្លាំងស.រ.អា.ទាំងអស់ចេញពីប្រទេសអាហ្វហ្កានិស្ថាន និងបិទស្ថានទូតស.រ.អា.ក្នុងក្រុងកាប៊ុលផងដែរ។
អតីតមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បាននិយាយប្រាប់វីអូអេកាលពីថ្ងៃសុក្រ១៣វិច្ឆិកាថា៖ «ខ្ញុំយល់ថា យើងនឹងស្តាយចំពោះការដកកងទ័ពយ៉ាងប្រញាប់ពីប្រទេស អាហ្វហ្កានិស្ថាន--មិនមែនគ្រាន់តែអ្វីដែលនឹងធ្វើឱ្យប៉ះពាល់ដល់ អាហ្វហ្កានិស្ថាននិងពួកដៃគូរបស់យើងក្នុងក្រុមចម្រុះប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ដោយសារអ្វីដែលវានឹងបង្ហាញអំពីសញ្ញាយុទ្ធសាស្ត្រនិងមុខនាទីរបស់យើងជាមេដឹកនាំ»។
មន្ត្រីស.រ.អា.ម្នាក់ដែលនិយាយដោយមានលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះបានថ្លែងថា ការដកកងទ័ពយ៉ាងលឿនដោយប្រញាប់ប្រញាល់ចេញពីប្រទេសអាហ្វហ្កានិស្ថាន ក្នុងពេលពីរបីអាទិត្យអាច«នាំឱ្យមានការបង់ខាតនិងនាំឱ្យមានគ្រោះថ្នាក់ច្រើន»ជាងការដកថយដោយយឺតៗ ដោយមានការគិតទុកជាមុនផ្អែកលើស្ថានភាពសន្តិសុខនៅនឹងកន្លែង។
មន្ត្រីរូបនេះបាននិយាយបន្ថែមថា វិធានការបែបនេះអាចនាំឱ្យមានបញ្ហាដល់គ្រឿងឧបករណ៍ស.រ.អា.នៅក្នុងប្រទេសអាហ្វហ្កានិស្ថាន។ គ្រឿងឧបករណ៍ស.រ.អា.តម្លៃច្រើនរយលានដុល្លារអាស្រ័យលើតុល្យភាពនៃការដកកងទ័ព ដោយឧបករណ៍ខ្លះត្រូវប្រគល់ឱ្យកងកម្លាំងអាហ្វហ្កានិស្ថាន គ្រឿងឧបករណ៍ខ្លះត្រូវដឹកចេញពីប្រទេសនេះដោយសារហេតុផលសន្តិសុខ ហើយបករណ៍ខ្លះចាំបាច់ត្រូវបំផ្លាញចោលផងដែរ។
កាលពីខែតុលា លោកប្រធានាធិបតី ត្រាំបានសរសេរតាម ធ្វីតថា ស.រ.អា.គួរឱ្យទាហានខ្លួនដែលបម្រើការក្នុងប្រទេសអាហ្វហ្កានិស្ថានវិលមកផ្ទះវិញមុនបុណ្យណូអែល។
មិនយូរប៉ុន្មានក្រោយមក ទីប្រឹក្សាសន្តិសុខជាតិរបស់លោកត្រាំបាននិយាយថា ធ្វីតរបស់លោកប្រធានាធិបតីដែលថាកងកម្លាំងស.រ.អា.ទាំងអស់គួរមកផ្ទះវិញមិនហួសពីថ្ងៃទី២៥ធ្នូនោះគឺគ្រាន់តែជា«បំណង»មួយជាជាងបទបញ្ជាយោធា។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិបាននិយាយកាលពីថ្ងៃទី១៦តុលាថា៖«នៅពេលនេះ យើងយល់ស្របជាមួយពួកសម្ព័ន្ធមិត្តអឺរ៉ុបរបស់យើងថា --យើងចូលក្នុងប្រទេស អាហ្វហ្កានិស្ថាន ជាមួយគ្នា យើងនឹងចេញពីប្រទេសនេះជាមួយគ្នា។ នៅពេលនេះយើងទំនងជានឹងដកទាហានប្រមាណ៤ពាន់៥រយនាក់ក្នុងរដូវស្លឹកឈើជ្រុះនិងដកចំនួនតិចជាងនេះក្នុងខែមករានិងខែកុម្ភៈ»។
លោក Miller ដែលជាអតីតនាយកមជ្ឈមណ្ឌលជាតិប្រឆាំងនឹងភេរវកម្ម បានត្រូវតែងតាំងជារដ្ឋមន្ត្រីការពារប្រទេសស្តីទីកាលពីថ្ងៃច័ន្ទទី៩វិច្ឆិកានៅពេលលោកដូណាល់ ត្រាំ ប្រធានាធិបតីចេញពីតំណែងបានដកលោករដ្ឋមន្ត្រីការពារប្រទេស Mark Esper ចេញពីតំណែងជាបន្ទាន់។ មន្ត្រីម្នាក់បាននិយាយប្រាប់វីអូអេថា ចំណាត់ការនេះបានត្រូវប្រកាសគួរឲ្យភ្ញាក់ផ្អើលនៅក្នុងសារតាមធ្វីតក្នុងសង្គម ភ្លាមៗក្រោយពីលោក Mark Meadows នាយខុទ្ទកាល័យលោកត្រាំ បានហៅទូរសព្ទទៅលោក Esper ដើម្បីប្រាប់លោកអំពីការបញ្ចប់តំណែងលោក។
គេបានរំពឹងថាលោក Esper នឹងបម្រើការក្នុងពេលអន្តរកាលគឺពីពេលនេះរហូតដល់ការសម្ពោធតំណែងលោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតនៅថ្ងៃទី២០មករាឆ្នាំ២០២១ ទោះណាជាពាក្យចចាមអារាមអំពីការដកលោកចេញពីតំណែងឆាប់ៗបានលេចឮនៅក្នុងក្រុង វ៉ាស៊ីនតោន ច្រើនសប្តាហ៍មកហើយក៏ដោយ។
នៅក្នុងសារចុងក្រោយមួយដល់ក្រសួងការពារប្រទេសកាលពីថ្ងៃទី៩វិច្ឆិកា លោក Esper សរសើរការជឿនលឿនអំពីការអនុវត្តយុទ្ធសាស្ត្រការពារជាតិដែលក្រសួងការពារប្រទេសដែលបានផ្តោតការយកចិត្តទុកដាក់លើទំនើបកម្មនិងប្រសិទ្ធភាពនៅពេលការប្រកួតប្រជែងជាមួយប្រទេសរុស្សីនិងប្រទេសចិន។
លោក Esper បានសរសេរថា៖«ចូរផ្តោតការយកចិត្តទុកដាក់លើបេសកកម្មលោក។ អ្នក ចូរធ្វើការឱ្យបានល្អប្រសើរបំផុតនិងត្រូវធ្វើអ្វីដែលត្រឹមត្រូវជានិច្ច។ ដោយធ្វើតាមភាពចាំបាច់ទាំង នេះ លោកអ្នកប្រាកដជានឹងនៅតែជាកងកម្លាំងយោធាមានការប្រុងប្រៀប មានការគោរពនិងមានសមត្ថភាពជាងគេនៅក្នុងពិភពលោក»។
គេរបាយការណ៍ថាទំនាក់ទំនងរវាងលោកត្រាំ និងលោក Esper តានតឹងចាប់តាំងពីមានការខ្វែងគំនិតគ្នាកាលពីខែមិថុនា។ ប៉ុន្មានថ្ងៃក្រោយលោកប្រធានាធិបតីគំរាមកំហែងថានឹងបញ្ជួនកងកម្លាំងសកម្មឱ្យទៅបង្ក្រាបបាតុកម្មប្រឆាំងនឹងអំពើហិង្សាដោយពួកប៉ូលិសនិងអយុត្តិធ៌មខាងពូជសាសន៍នោះ លោក Esper បានប្រកាសជាសាធារណៈអំពីការជំទាស់របស់លោកដល់វិធានការបែបនេះ។
លោក Esper ធុញទ្រាន់នឹងឈ្មោះក្រៅ «Yesper» ដែលពួកអ្នករិះគន់រួមទាំងលោក ត្រាំផងដែរហៅលោកថា «Yesper» ដែលលោកបានត្រូវអ្នករិះគន់និយាយរាប់បញ្ចូលលោកត្រាំផង ដោយប្រាប់កាសែត Military Times នៅក្នុងសេចក្តីសម្ភាសន៍មួយកាលពីថ្ងៃទី៤ វិច្ឆិកាថា លោកបានរក្សាសេចក្តីថ្លៃថ្នូនៅពេលលោកកាន់តំណែងដោយលោកមិនមែនជា«បុរសបាទទាន»របស់នរណាម្នាក់ឡើយ។
លោក Esper បានមានប្រសាសន៍នៅក្នុងសេចក្តីសម្ភាសន៍នេះថា៖«នៅចុងបញ្ចប់ លោកអ្នកត្រូវតែប្រយុទ្ធ។ ព្រោះអ្វី? តើនរណានឹងចូលមកគាំទ្រខ្ញុំ? គេប្រាកដជា«បុរសបាទទាន»។ហើយបន្ទាប់មកព្រះជួយយើង»។
លោក Esper បានបម្រើការជារដ្ឋមន្ត្រីការពារប្រទេសស.រ.អា.ចាប់តាំងពីខែកក្កដាឆ្នាំ២០១៩៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ