ខេត្ត ​Banda ​​​Aceh ​បាន​​ស្តារ​ឡើង​វិញ​បន្ទាប់​ពី​ស៊ូណាមិ​ ប៉ុន្តែ​ស្លាកស្នាម​នៅ​តែ​រក្សា​

  • Steve Herman

ផ្ទះ​សម្បែង​ត្រូវ​បាន​សាងសង់​ឡើង​វិញ​តាម​បណ្តោយ​ឆ្នេរ​នៅ​ខេត្តBanda​​ Aceh​ នៅ​ក្នុង​តំបន់​កាត់​ផ្តាច់​៣០០ម៉ែត្រ​ ដែល​ត្រូវ​បាន​​ណែនាំ​មិន​ឱ្យ​មាន​ការ​ស្នាក់​អាស្រ័យ​សារ​ជា​ថ្មី​។

ថ្ងៃ​ទី​២៦​ខែ​ធ្នូ​ ឆ្នាំ​២០០៤​ មាន​ការ​រញ្ជួយ​ផែនដី​ដ៏​ខ្លាំង​មួយ​នៅ​ក្នុង​មហា​សមុទ្រ​ឥណ្ឌា​ ដែល​បណ្តាល​ឲ្យ​អ័ក្ស​របស់​ផែនដី​រញ្ជួយ​កក្រើក​ពីរ​បី​សង់ទីម៉ែត្រ។​ឆ្នេរ​សមុទ្រ​នៅ​កោះស៊ូម៉ាត្រា​ (Sumatra)​ ត្រូវ​បាន​អន្តរាយ​ដោយសារ​ព្យុះ​រលក​យក្ស ស៊ូណាមិ​ (Tsunami)។​ មួយ​ទសវត្សរ៍​ក្រោយ​មក​ លោក​ ស្ទៀវ​ ហឺម៉ាន់​ (Steve Herman) អ្នក​យក​ការណ៍​ព័ត៌មាន ​វីអូអេ រាយការណ៍​ពី​ខេត្ត​ ប៉េនដា​ អាជេ​ (Banda Aceh)​ ប្រទេស​ឥណ្ឌូនេស៊ី​ កន្លែង​ដែល​ទោះ​បី​ជា​នៅ​មាន​សេសសល់​ភស្តុតាង​បន្តិច​បន្តួច​ពី​ការ​បំផ្លិចបំផ្លាញ​ជាក់ស្តែង​នោះក្តី​ ស្លាកស្នាម​ក្នុង​ចិត្ត​នៅ​ក្នុង​ចំណោម​អ្នក​នៅ​រស់​ជីវិត​នៅ​តែ​មាន​ជាប់​ជានិច្ច។

មាន​វិមាន​ជា​ច្រើន​ កន្លែង​កប់​ខ្មោច​និង​ផ្នូរ​ខ្មោច​ដែល​មាន​ទ្រង់ទ្រាយធំនៅ​ពាសពេញ​ខេត្ត​ Aceh​ ដែល​ជា​កន្លែង​នៅ​ជិត​ចំណុច​ជិត​បំផុត​នៅ​លើ​ដី​ ទៅ​នឹង​កន្លែង​រញ្ជួយ​ផែនដី​នៅ​ខាង​ក្រោម​សមុទ្រ​កម្រិត​៩​ដែល​នាំ​ឲ្យ​មាន​ព្យុះ​រលក​យក្ស​ស៊ូណាមិ។ ឥណ្ឌូនេស៊ី​បាន​រង​គ្រោះ​ខ្លាំង​ដោយ​មាន​ចំនួន​អ្នក​រង​របួស​និង​អ្នក​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​១៣​ដែល​រង​ការ​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ ដែល​បាន​សម្លាប់​មនុស្ស​ជិត​២៥​ម៉ឺន​នាក់​ ហើយ​មួយ​ភាគ​បី​នៃ​អ្នក​ស្លាប់​គឺ​កុមារ និង​បន្សល់​ទុក​អ្នក​គ្មាន​ផ្ទះ​សម្បែង​ជិត​ប្រាំ​លាន​នាក់​ទៀត។

កញ្ញា​ សាលមី​ ហាឌីយ៉ានទី​ (Salmi Hardiyanti)​ បាន​បាត់បង់​សាច់​ញាតិ​អស់​២៣​នាក់​។ ដូចជា​ករណី​នៃ​ជន​រងគ្រោះ​ដទៃ​ទៀត​ច្រើន​ម៉ឺន​នាក់​ សាកសព​សាច់ញាតិ​របស់​ពួកគេ​មិនបាន​រក​ឃើញ​សោះ​ឡើយ។នាង​បាន​និយាយ​ថា​«ខ្ញុំ​ព្យាយាម​ទៅរក​មើល​នៅ​គ្រប់​ផ្នូរ​ធំៗ​នៅ​ក្នុង​ខេត្ត​ Banda​ Aceh​ ដើម្បី​បួងសួង​ឲ្យ​ពួកគេ»។

ភរិយា​របស់​លោក​ សាមុល ​ប៉ារី (Samsul Bahri) ដែល​នៅ​ផ្ទះ​ចម្ងាយ​តែ​២០​ម៉ែត្រ​ពីមាត់​សមុទ្រ​ ជា​អ្នក​សា្លប់​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ភ្លាមៗ​ដោយ​គ្រោះ​មហន្តរាយ​។​ក្រុម​សង្គ្រោះ​មួយ​បាន​ជួយ​សង់​ផ្ទះ​ឲ្យ​លោក​ឡើង​វិញ​នៅ​ក្នុង​កន្លែង​ដដែល។​

លោក​សាមុល​បាន​មាន​ប្រសាសន៍​ថា​ «ខ្ញុំ​មិនមាន​លទ្ធភាព​ទៅ​រស់នៅនៅ​ទី​ណា​ផ្សេង​ទៀត​បាន​ទេ។ ដូច្នេះ​ខ្ញុំត្រូវ​ត្រឡប់​មក​ទីនេះ​វិញ ទោះ​បី​ជា​ខ្ញុំ​ខ្លាច​ក៏​ដោយ»។​

កោះ​ដែល​មាន​ប្រវែង​បី​គីឡូម៉ែត្រ​ មាន​បូជនីយដ្ឋាន​មួយ​ដែល​ជា​សក្ខីភាព​នៃ​អនុភាព​របស់​រលក​យក្ស​ស៊ូណាមិ​ នៅ​ក្នុង​ភូមិ​ដែល​វិនាស​នេះ។ សក្ខីភាព​នោះ​ គឺ​នាវា​មួយ​ចំណុះ​២,៧០០​តោន​ បណ្តោយ​៦៩​ម៉ែត្រ​ ទទឹង​១៩​ម៉ែត្រ ដែល​បង្កើត​អគ្គិសនី​នៅ​ឆ្ងាយ​ពី​ច្រាំង​សមុទ្រ​។ រលក​យក្ស​ស៊ូណាមិ លើក​ទី​ពីរ​បាន​បោក​បក់នាវាមួយនោះទៅ​ផុត​ពី​កន្លែង​ដើម​របស់​វា​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ​ និង​ធ្វើ​ឲ្យនាវា​មកជាប់ទើ​លើ​ផ្ទះ​ពីរ​ខ្នង។​

ព្រេង​វាសនាបានបន្សល់​ទុកឲ្យ​វិទ្យាល័យ​មួយ​នូវ​សិស្ស​តែ៦០នាក់​ប៉ុណ្ណោះនៃសិស្ស​សរុប​បួន​រយ​នាក់​។ ក្មេង​ប្រុស​ឈ្មោះ​ ស៊ូយ៉ា(Surya)​ រៀន​នៅ​សាលា​នេះ​។

ក្មេង​ប្រុស​នេះ​មាន​អាយុ​៧ឆ្នាំ​ នៅ​ពេល​មាន​វិបត្តិ​ដ៍​គួរ​ឲ្យ​តក់ស្លុត​នេះ​និង​បាន​បាត់បង់​សមាជិក​គ្រួសារ​១២​នាក់​។ ក្រុម​សង្គ្រោះ​អន្តរជាតិ​បាន​រក​ឃើញ​ស៊ូយ៉ា​ ដោយ​មាន​បាក់​ជើងម្ខា​ងនិង​របួស​ច្រើន​កន្លែង​ ហើយ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រយៈ​ពេល​មួយ​ខែ។

កុមារា​ ស៊ូយ៉ា​ បាន​និយាយ​ថា​«ទោះ​ជា​យើង​ទៅ​ទី​ណា​ អង្គុយ​នៅ​កន្លែង​ណា​ ឬ​រត់​ទៅ​ទី​ណា​ក៏​ដោយ​ ក៏​សេចក្តី​ស្លាប់​នឹង​មក​តាម​ទាន់​នៅទី​បំផុត​ដែរ​។ ដោយ​ការ​អនុគ្រោះ​របស់​ព្រះ​អាឡោះ​(Allah) យើង​រស់​នៅ​ហើយ​យើង​ស្លាប់»។

អង្គការ​អន្តរជាតិ​និង​ក្នុង​ស្រុក​បាន​ចូល​ទៅខេត្ត Aceh ជាមួយ​ក្រុម​បុគ្គលិក​សង្គ្រោះ​និង​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។ សម្រាប់​ពេល​មួយ​រយៈ​ អ្វីៗ​ទាំងអស់មិន​អាច​គ្រប់គ្រង​បាននៅ​ឡើយ ហើយ​ទី​ភ្នាក់​សង្គ្រោះ​ខ្លះ​បាន​ប្រកាស​ថា​មាន​ការ​ខ្វះ​ចន្លោះក្នុងការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​។

«មាន​ផ្ទះ​ថ្មី​ច្រើន​ជាង​មនុស្ស​ដែល​ទៅ​រស់នៅនៅ​ក្នុង​ផ្ទះ​ទាំងនោះ​។ មាន​ទូក​និង​សំណាញ់​នេសាទ​ច្រើន​ជាង​អ្នក​នេសាទ។»

អ្នកស្រី​ មីងមីង​ រ៉ាម៉ាតា​ អេវ៉ររ៉ា​ (MingMing Remata-Evora) ដែល​ជា​នាយក​អង្គការ​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ​សម្រាប់​កុមារ​ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ឥណ្ឌូនេស៊ី​ បាន​ណែនាំ​ឲ្យ​មាន​ការ​សហការ​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​នៅ​ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សភាពការណ៍​ដូច​នោះ​កើត​មាន​ឡើង​សារ​ជា​ថ្មី​។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ព្យុះរលក​យក្ស​ស៊ូណាមិ​ ដ៏​បំផ្លិចបំផ្លាញ​បាន​បោកបក់​មក​លើ​កោះ Sumatra ជាលក្ខណៈ​ប្រវត្តិសាស្ត្រ។ ដូច្នេះ​អ្នក​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ​នៅ​ទី​នេះ​គួរ​តែ​ប្រុងប្រៀប​ជាប់​ជានិច្ច​សម្រាប់​ការ​មក​ដល់​ព្យុះ​រលក​យក្សស៊ូណាមិ​ មួយ​ផ្សេង​ទៀត៕

ប្រែសម្រួលដោយ៖ នុច សារីតា