ប្រព័ន្ធ​គណនេយ្យ​និង​សវនកម្ម​ល្អ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ

  • អ៊ឹម សុធារិទ្ធ

លោក ជុំ សុជាតិ សវនករ​ជាន់ខ្ពស់​នៃ​ក្រុម​ហ៊ុន KPMG នៅ​បូរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។

Your browser doesn’t support HTML5

សារៈសំខាន់​នៃ​គណនេយ្យ​សាធារណៈ​និង​សវនកម្ម

វ៉ាស៊ីនតោន៖ ប្រព័ន្ធ​គណនេយ្យ​និង​សវនកម្ម​ល្អ​ជួយ​លើក​កម្ពស់​ឱកាស​ពាណិជ្ជកម្ម​និង​ការ​អភិវឌ្ឍ។ នេះ​បើ​តាម​សម្តី​អ្នក​ជំនាញ​ហិរញ្ញវត្ថុ។

លោក ជុំ សុជាតិ សវនករ​ជាន់ខ្ពស់​នៃ​ក្រុម​ហ៊ុន KPMG ដែល​ជា​ក្រុម​ផ្តល់​សេវា​គណនេយ្យ​ប្រកប​ដោយ​វិជ្ជាជីវៈ បាន​ប្រាប់​កម្មវិធី​សំឡេង​ថ្មី​នៃ​វីអូអេ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ​វិច្ឆិកា កន្លង​មក​នេះ​ថា «ក្រុម​ហ៊ុន​ដែល​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ល្អ​នឹង​ទាក់ទាញ​ដៃគូ​ពាណិជ្ជកម្ម និង​មាន​លទ្ធភាព​ខ្ចីប្រាក់​ពី​ធនាគារ»។

លោក​បន្ត​ថា ការ​រីកចម្រើន​ផ្នែក​នេះ​អាច​នាំ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម៖ «បើ​មាន​បរិយាកាស​ពាណិជ្ជកម្ម​ល្អគឺ​មាន​អ្នក​វិនិយោគ​ច្រើន​ចូល​មក​ធ្វើ​វិនិយោគ​នៅ​ក្នុង​ប្រទេស ហើយ​នឹង​នាំ​ឲ្យ​ប្រទេសមាន​ស្ថានភាព​សេដ្ឋកិច្ច​ប្រសើរ។»

លោក ជុំ សុជាតិ ថ្លែង​ថា​ ជា​ទូទៅ​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើពាណិជ្ជកម្ម​បែប​គ្រួសារ ​ដែល​គេ​ពុំមាន​របាយការណ៍​ឬ​ប្រព័ន្ធហិរញ្ញវត្ថ​ត្រឹមត្រូវ ដែល​អាច​ជួយ​ឲ្យ​ពាណិជ្ជកម្មក្នុង​ស្រុក​រីក​ចម្រើន​ទេ។ លោក សុជាតិ បន្ត​ទៀត​ថា ប៉ុន្តែ​លទ្ធភាព​កំណើន​ លទ្ធភាព​នៃ​ការ​ខ្ចីលុយ និង​ការ​ទាក់​ទាញ​ដៃ​គូ​ពាណិជ្ជកម្ម​ គឺ​ជារឿង​សំខាន់ ជា​ពិសេស​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជា​មួយ​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​អាស៊ាន។

នាង ញ៉ែម ចាន់ស៊ីវត្ថា ដែល​ជា​គណនេយ្យករ​សាធារណៈ​ម្នាក់​ធ្វើ​ការ​នៅ​ទីក្រុង​ញូវយ៉ក បាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​ទូរស័ព្ទ​ថា​ គណនេយ្យ​សំខាន់​សម្រាប់​គ្រប់​ក្រុមហ៊ុន​នៅ​ក្នុង​គ្រប់​ប្រទេស​មិន​ថា​មាន​ឬ​ក្រ​នោះ​ទេ។ ប្រព័ន្ធ​គណនេយ្យ​ល្អបង្កើន​តម្លាភាព​និង​បន្ថយ​អំពើ​ពុករលួយ។​

«របាយការណ៍​ហិរញ្ញវត្ថុ​មិន​មែន​គ្រាន់​តែ​ជា​តួលេខ​នៅ​លើ​ក្រដាស​ទេ តែ​វា​ឆ្លុះ​បញ្ចាំង​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ដំណើរការ​នៃ​ក្រុម​ហ៊ុន​ ឬ​ប្រទេស​មួយ»។

ក៏​ប៉ុន្តែ នាង​ ចាន់ស៊ីវត្ថា បញ្ជាក់​ថា កម្ពុជា​គួរ​តែ​អនុវត្ត​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​កម្ពុជា​ដែល​ខុសពី​ប្រព័ន្ធ​គណនេយ្យ​របស់​សហរដ្ឋ​អាមេរិក ពីព្រោះ​ពេល​នេះ សហរដ្ឋ​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ពិចារណា​ប្តូរ​ទៅ​ប្រព័ន្ធ​គណនេយ្យ​អន្តរជាតិ​ដែរ​៕