អូស្រ្តាលី​អំពាវនាវ​ឲ្យ​ឥណ្ឌូនេស៊ី​ទុក​ជីវិត​ជន​ជាតិ​អូស្រ្តាលី​

រូបភាព​ឯកសារ៖ បុរស​ជន​ជាតិ​អូស្រ្តាលី Andrew Chan​ ស្តាំ និង Myuran Sukumaran ឆ្វេង ឈរ​នៅ​ក្នុង​បន្ទប់​រនាំង​ដែក​ បន្ទាប់​ពី​ការ​កាត់​ក្តី​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង Denpasar កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០០៦។

នាយករដ្ឋ​មន្រ្តី​ប្រទេស​អូស្រ្តាលី​ លោក​ Tony Abbott កំពុង​បង្កើន​ការ​ដាក់​សំពាធ​លើ​ប្រទេស​ឥណ្ឌូនេស៊ី ដើម្បី​ទុក​ជីវិត​អ្នក​ជួញ​ដូរ​ថ្នាំ​ញៀន​ជនជាតិ​អូស្រ្តាលី​២​នាក់​ ​ដែល​ស្ថិត​ក្នុង​បញ្ជី​ប្រហារ​ជី​វិត។

​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ ​លោក Abbottបាន​មាន​ប្រសាសន៍​ថា​ អូស្រ្តាលី​នឹង​ធ្វើ​ឲ្យ​ឥណ្ឌូនេស៊ី​ដឹង​យ៉ាង​ច្បាស់​ពី​ «​លក្ខខណ្ឌ​ពិត​ប្រាកដ​ដែល​ធ្វើ​អូស្រ្តាលី​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង» ​ប្រសិន​បើ​ការប្រហារ​ជី​វិត​នោះ​ធ្វើ​ឡើង។

​លោកនាយករដ្ឋមន្រ្តី​ក៏​បាន​ជំរុញ​ឥណ្ឌូនេស៊ី​ឲ្យ​មាន​ការតប​ត​វិញ​នូវជំនួយ​ដ៏​ធំ​ដែល​អូស្រ្តាលី​បាន​ផ្តល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ហ្សាកាតា ​បន្ទាប់​ពី​ប្រទេស​ដែល​សំបូរ​ដោយ​កោះ​នោះ​បាន​ទទួល​រង​ផល​ប៉ះ​ពាល់ដោយ​សារ​មហា​រលក​យក្ស​ស៊ូណាមិ​កាល​ពី​ឆ្នាំ​២០០៤។

​លោក​នាយក​រដ្ឋ​មន្រ្តី​មាន​ប្រសាសន៍​ថា៖ «សូម​កុំ​ភ្លេច​ថា ​កាល​ពី​3-4​ឆ្នាំ​មុននៅ​ពេល​ដែល​ប្រទេស​ឥណ្ឌូនេស៊ី ​បាន​រង​ផល​ប៉ះ​ពាល់​ដោយ​រលក​យក្ស​ស៊ូណាមិ​នៃ​មហា​សមុទ្រ​ឥណ្ឌា​ អូស្រ្តាលី​បាន​បញ្ជូន​ជំនួយ​ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ យើង​បាន​បញ្ជូន​កងទ័ព​របស់​យើង​យ៉ាង​ច្រើន​ដើម្បី​ជួយ​ឥណ្ឌូនេស៊ី​ក្នុង​ផ្នែក​មនុស្ស​ធម៌​ ហើយ​ជន​ជាតិ​អូ​ស្រ្តាលី​បាន​បាត់បង់​ជីវិត​របស់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​ដើម្បី​ជួយ​ឥណ្ឌូនេស៊ី​នោះ»។

​ខណៈ​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ Abbott ​បាន​បញ្ជាក់​ប្រាប់​ឥណ្ឌូនេស៊ី​ថា ​«អូស្រ្តាលី​ជានិច្ច​កាល​ស្ថិត​នៅ​ប្រទេស​នោះ​ដើម្បី​ជួយ​ឥណ្ឌណេស៊ី​» លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា៖ ​«យើង​មិន​អាច​ធ្វើព្រងើយ​កន្តើយ​អំពី​បញ្ហា​ទាំង​នេះ​ទេ»។ ​លោក​បន្ថែម​ទៀត​ថា ​គ្មាន​សញ្ញា​ណា​បង្ហាញ​ថា​ឥណ្ឌូនេស៊ី​មាន​បំណង​ផ្តល់​ការ​អត់ឱន​ទោស​ដល់​ជន​ជាតិ​អូស្រ្តាលី​ទាំង​២​នាក់​នោះ​ទេ។

​សេចក្តី​សង្ឃឹម​បាន​កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​អង្គារ ​បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​ឥណ្ឌូនេ ស៊ី​បាន​ពន្យារ​ការផ្ទេរ​អ្នកទោស​ទាំង​២​នាក់​នោះ​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត​ ដែល​នៅ​ទី​នោះ​គេ​គ្រោង​នឹង​សម្លាប់​អ្នក​ទាំង​២​នាក់​នោះ​ដោយ​ការបាញ់​ជា​ក្រុម៕