ក្រោយមានការបង្ហោះវីដេអូឃ្លីបពីសំណាក់ក្មេងស្រីម្នាក់ដែលសុំជំនួយ ដើម្បីជួយសង្រ្គោះពីការបង្ខាំងទុកនៅប្រទេសចិន អាជ្ញាធរខ្មែរបានសហការជាមួយសមត្ថកិច្ចចិនក្នុងការជួយសង្រ្គោះក្មេងស្រីអាយុ ១៦ ឆ្នាំរូបនោះ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនាថ្ងៃចន្ទនេះថាស្ថានទូតកម្ពុជានៅទីក្រុងប៉េកាំង និងស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងសៀងហៃបានទាក់ទងទៅកាន់ក្មេងស្រីដែលជាជនរងគ្រោះ ហើយអាជ្ញាធរចិនបានជួយសង្រ្គោះរួចហើយ កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។
លោកបន្ថែមថា បច្ចុប្បន្ននេះ ក្មេងស្រីរងគ្រោះកំពុងទទួលបានការថែទាំពីសំណាក់ស្ថានអគ្គកុងស៊ុល និងការិយាល័យនគរបាលចិន ហើយកំពុងបំពេញបែបបទទៅតាមនីតិវិធីរបស់ចិន នៅការិយាល័យនគរបាលខេត្តជឺជាំង សម្រាប់ការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។
ក្នុងវីដេអូឃ្លីបដែលមានរយៈពេលប្រមាណ ១ នាទីដែលបង្ហោះលើហ្វេសប៊ុក ក្មេងស្រីរងគ្រោះដែលមានអាយុ ១៦ ឆ្នាំ និងមានទីកន្លែងកំណើតនៅស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បានអះអាងថា ខ្លួនចាញ់បោកមេខ្យល់បោកបញ្ឆោតមករកការងារធ្វើនៅប្រទេសចិន។ ក្មេងស្រីរូបនោះបន្តថា ខ្លួនត្រូវគេយកមក«លក់» និងបង្ខាំងទុកក្នុងបន្ទប់មិនឱ្យចេញទៅខាងក្រៅប្រមាណ ៦ ខែ។
ក្មេងស្រីរូបនោះនិយាយថា៖ «ឥឡូវហ្នឹងខ្ញុំបានចាញ់បោកគេហើយមេខ្យល់យកខ្ញុំមកលក់នៅប្រទេសចិន គេថាយកខ្ញុំមកធ្វើការ ប៉ុន្ដែឥឡូវគេយកខ្ញុំមកលក់ ហើយគេចាប់ខ្ញុំឃុំនៅក្នុងបន្ទប់៥-៦ខែហើយគេអត់ដែលឱ្យចេញទៅក្រៅទេ គេចាក់សោពីក្រៅទៀត»។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តត្បូងឃ្មុំដែលបានព័ត៌មានពីបងស្រីជនរងគ្រោះ កាលពីដើមឆ្នាំ ២០២៣ ប្អូនស្រីរបស់ខ្លួនបានចេញពីផ្ទះទៅរាជធានីភ្នំពេញ ដើម្បីធ្វើការរោងចក្រ និងតែងផ្ញើប្រាក់មកគ្រួសារជាប្រចាំ លុះប្រមាណជា ៦ ខែក្រោយមក ស្រាប់តែបាត់មិនឃើញ និងទាក់ទងលែងបាន។ ក្រុមគ្រួសារមិនបានរាយការណ៍ប្រាប់សមត្ថកិច្ច ដោយគិតថាជនរងគ្រោះខឹងនឹងក្រុមគ្រួសារ ឬមានសង្សារមិនឱ្យគ្រួសារដឹង៕