មួយ​ឆ្នាំ​ក្រោយ​មក ជន​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​ក្នុង​រឿង​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ​មិន​ទទួល​បាន​យុត្តិធម៌

អ្នកស្រី ឃាន ណារុំ អាយុ៤២ឆ្នាំ គឺជា​ពលរដ្ឋ​ម្នាក់​ដែល​រងរបួស​ដោយសារ​គ្រាប់​កាំភ្លើង នៅក្នុង​ការតវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុនមួយ។ អ្នកស្រី​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​ VOA នៅផ្ទះ​របស់​អ្នកស្រី​ នៅស្រុកស្នួល ខេត្តក្រចេះ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។ (ស៊ុន ណារិន

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនាឆ្នាំ​មុន មាន​ករណី​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​៣​នាក់រង​របួស។ មួយ​ឆ្នាំ​ក្រោយ​មក ជន​រង​គ្រោះ​បាន​លើក​ឡើង​ថា ជីវភាព​របស់​ពួកគេ​មាន​ការ​លំបាកក្រោយ​បាត់​បង់​ដី ហើយ​របួស​បាន​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ថវិកានិង​ជាប់​បំណុល។

អ្នកស្រី ឃាន ណារុំ អាយុ​៤២​ឆ្នាំ បាន​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង ​ត្រង់​ត្រគាក​ខាង​ឆ្វេង​កាល​ពី​ខែ​មីនា​ឆ្នាំ​មុន ខណៈ​ប្រជាជន​រាប់​រយ​នាក់​បាន​តវ៉ា​រឿង​ដី​ធ្លី​របស់​ពួកគេ​ជាមួយ​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ កង​កម្លាំង​ចម្រុះ​ប្រមាណ​១៥០​នាក់ រួម​មាន​នគរបាល ទាហាន និង​កង​រាជ​អាវុធ​ហត្ថ បាន​ចុះ​បង្ក្រាប​ការ​តវ៉ា​រឿង​ដីធ្លី​មួយ ដោយ​បាន​បាញ់​គ្រាប់​ពិត​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ​ដែល​បាន​បិទ​ផ្លូវ។ ពលរដ្ឋ​បាន​អះអាង​ថា ផ្ទះ​រាប់​រយ​ខ្នង និង​ដំណាំ​របស់​ពួកគេ ត្រូវ​បាន​ដុត​បំផ្លាញ ហើយ​ពលរដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ចាប់​ខ្លួន អំឡុង​ពេល​មាន​ការ​បណ្ដេញ​ពួកគេចេញ​ពី​ដី​សម្បទាន​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន។

រស់​នៅ​ក្នុង​ភូមិ​ជ្រោះ​ជ្រៅ ឃុំ​ក្រញូង​សែន​ជ័យ អ្នកស្រី ណារុំ ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៣នាក់ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ អ្នកស្រី​បាន​ធូរ​ស្រាល​ពី​របួស ក្រោយ​បាន​វះកាត់ និង​សម្រាក​ព្យាបាល​ប្រមាណ​៧ខែ។ ប៉ុន្តែ​អ្នកស្រី​អាច​បំពេញ​ការងារ​ស្រាលៗ​តែ​ប៉ុណ្ណោះ។

អ្នកស្រី​បាន​ថ្លែង​ប្រាប់ ​VOA​ នៅ​ផ្ទះ​របស់​អ្នកស្រី​ថា៖ «យើង​ចេះ​តែ​ធ្វើ​ទៅ មើល​ទៅ ធ្វើ​កើត ចេះ​តែ​ធ្វើ​ទៅ។ ធ្វើ​ចម្ការ​ធ្វើ​ស្អី មាន​តែ​ដាំ​ដំឡូង ដាំ​ស្អី។ ជម្រះ​ក៏​ជម្រះ​មិន​កើត គ្រាន់ដើរ​បោច​តិច​តួច។ តិចតួច​ៗ ចេះ​តែ​ទៅ​ៗ។ ដាំ​បាយ​ឲ្យ​កូន»។

អ្នកស្រី​បន្ថែម​ថា៖ «ជួន​កាល​ទៅ ហូប​សាច់​គោ សាច់​អីចឹង​ទៅ ប៉ះពាល់​តិចតួច ក៏​យើង​លែង​ហូប​ទៅ»។

ផ្ទះ​របស់​អ្នកស្រី ណារុំ ស្ថិត​នៅ​ក្នុង​ភូមិ​ជ្រោះ​ជ្រៅ ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ដែល​មាន​ចម្ងាយ​ពីរ​បី​គីឡូ​ម៉ែត្រ​ពី​ដី​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន។ តំបន់​ដែល​អ្នកស្រី​កំពុង​រស់​នៅ ជា​តំបន់​ដាច់​ស្រយាល​មួយ ហើយ​នៅ​មាន​កង្វះ​ខាត​សាលារៀន​សម្រាប់​ក្មេងៗ​នៅ​ឡើយ។

សាលារៀន​បឋម​សិក្សា​មួយ ស្ថិត​នៅក្នុង​ភូមិជ្រោះជ្រៅ ឃុំ​ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលនៅខ្វះខាតបន្ទប់រៀនសម្រាប់សិស្ស​ក្នុង​ភូមិ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

បន្ទាប់​ពី​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង អ្នកស្រី ណារុំ និង​ជន​រង​គ្រោះ​ផ្សេង​ទៀត បាន​ព្យាយាម​លាក់​ខ្លួន ដោយសារ​ពួកគេ​ខ្លាច​មាន​ការ​តាម​ដាន និង​គំរាម​កំហែង​ពី​អាជ្ញាធរ។

ស្វាមី​របស់​ជន​រង​គ្រោះ លោក សៅ ហ៊ា អាយុ​៤៤​ឆ្នាំ មាន​ប្រសាសន៍​ថា លោក​បាន​ព្យាយាម​យក​ភរិយា​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ចំនួន​២ គឺ​មួយ​ក្នុង​ខេត្ត​ក្រចេះ និង​មួយ​ទៀត ក្នុង​ខេត្ត​កំពង់​ចាម។ ប៉ុន្តែ​លោក​អះអាង​ថា មន្ទីរ​ពេទ្យ​មិន​ចង់​ព្យាបាល​នោះ​ទេ ដោយសារ​ពួកគេ​បារម្ភ​ខ្លាច​អាជ្ញាធរ​តាម​ដាន។

ខណៈ​អង្គុយ​ក្បែរ​ភរិយា​របស់​លោក លោក​បាន​ថ្លែង​ប្រាប់​ VOAនៅ​ផ្ទះ​របស់​លោក​ថា ភរិយា​របស់​លោក​បាន​រង​របួស​ប្រហែល​ជា​ម៉ោង​១​រសៀល​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​មុន តែ​ការ​វះកាត់​យក​គ្រាប់​ចេញ គឺ​ធ្វើ​ឡើង​នៅ​មន្ទីរ​ពេទ្យ ក្នុង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​៤​រសៀល នៅ​ថ្ងៃ​បន្ទាប់។

លោក​មាន​ប្រសាសន៍​ថា៖ «យក​ទៅ​ដល់​ណា ក៏​ប៉ូលិស​ទាហាន​គេ​តាម​ដាន។ គេ​តាម​មែន តាម​ឡាន​ខ្ញុំ​រហូត ខ្ញុំ​ដូរ​ឡាន​បី​បួន។ ម៉ា​បង​ប្អូន​ខ្ញុំ​ដូរ​ទាំង​អស់។ វា​កាក់ៗ​ឡាន ឡាន​តាម​ភូមិ​ហ្នឹង​ណា។ កាក់​ដូរ​ឡាន​រហូត»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «បាន​បង​ប្អូន​ខ្ញុំ​ទៅ​ពី​ហ្នឹង​ទៅ ជិះ​ម៉ូតូ​ហូរហែ​ទៅ ស្ដី​ឲ្យ​ទៀត បាន​ឡើង​ទៅ​កំពង់​ចាម។ ចូល​កំពង់ចាម គេ​អត់​ទៀត។ ព្រឹក​ឡើង​គេ​អត់​មើល​ទៀត គេ​ថា​គង់​តែ​ប៉ូលិស​ទាហាន​គេ​តាម​ទេ ប្អូន​ខ្ញុំ​ស្ដី​ឲ្យ​ប៉ូលិស​មួយ​សា​ទៀត បាន​ព្រឹក​ឡើង​ចេញ​ទៅ​ភ្នំពេញ​តែ​ម្ដង»។

លោក​មាន​ប្រសាសន៍​ថា​ ភរិយា​របស់​លោក​ត្រូវ​បាន​បញ្ជូន​មក​ដល់​ពេទ្យ​កាល់​ម៉ែត្រ​នៅ​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៣​រសៀល ហើយ​នៅ​ម៉ោង​៤ ពេទ្យ​ចាប់​ផ្ដើម​វះកាត់។

អ្នកស្រី​ ណារុំ មាន​ប្រសាសន៍​ថា ការ​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង​នេះ ធ្វើ​ឲ្យ​អ្នកស្រី​មិន​អាច​បំពេញ​ការងារ​ជិត​៧​ខែ ហើយ​បាន​ចំណាយ​ថវិកា​ប្រមាណ​១​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ព្យាបាល​មួយ​នេះ។ អ្នកស្រី​បាន​ខ្ចី​លុយ​ពី​បង​ប្អូន សម្រាប់​ការ​វះកាត់ និង​ការ​ព្យាបាល​ភ្លាមៗ។

កាល​ពី​២​ឆ្នាំ​មុន អ្នកស្រី ណារុំ បាន​ខ្ចី​លុយ​ពី​ធនាគារ​ចំនួន​២៥០០០​ដុល្លារ​អាមេរិក ដើម្បី​បាន​ជា​ទុន​ក្នុង​ការ​រៀប​ចំ​ដី​ចម្ការ និង​ដាំ​ដំណាំ​នៅ​លើ​ដី​ដែល​អ្នកស្រី​បាន​បាត់​បង់​ទៅ​ឲ្យ​ក្រុមហ៊ុន​រួច​ទៅ​ហើយ។

អ្នកស្រី​បាន​យក​លុយ​ដែល​ត្រូវ​បង់​សង​ធនាគារ​វិញ​នា​ពេល​នោះ សង​បង​ប្អូន ប៉ុន្តែ​អ្នកស្រី​ត្រូវ​បង់​ធនាគារ​ចំនួន​៣​ឆ្នាំ​ទៀត។

នៅ​ក្នុង​ខែ​មិថុនា​ឆ្នាំ​នេះ អ្នកស្រី​ត្រូវ​បង់​ប្រាក់​រំលស់​ដើម​ចំនួន​៦​ពាន់​ដុល្លារ​ទៅ​ធនាគារ។ ប៉ុន្តែ​អ្នកស្រី​មាន​ប្រសាសន៍​ថា អ្នកស្រី​មិន​មាន​ថវិកា​គ្រប់​នៅ​ឡើយ ហើយ​ប្រហែល​មិន​អាច​រក​លុយ​បាន​បង់​នោះ​ទេ។

អ្នកស្រី​បម្រុង​នឹង​លក់​ដី​ជា​កេរ​ទុក​ឲ្យ​កូន​នា​ពេល​ខាង​មុខ។ អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «លក់​ដី​មួយ​កន្លែង​ចេញ ដី​កូន។ ឥឡូវ​មើល​ទៅ ដក​លក់​វិញ​សិន​ហើយ»។

អ្នកស្រី​បន្ថែម​ថា ជា​រៀង​រាល់​ខែ អ្នកស្រី​ត្រូវ​បង់​ប្រាក់​ចំនួន​ជាង​៣០០​ដុល្លារ​ទៅ​ធនាគារ ជា​ថ្លៃ​ការ​ប្រាក់។

អ្នកស្រី ណារុំ បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកស្រី រួម​ទាំង​កូន​ប្រុស​២​នាក់ និង​កូន​ស្រី​ម្នាក់ បច្ចុប្បន្ន​នេះ កំពុង​តែ​ធ្វើ​ការ​ស៊ី​ឈ្នួល​បេះ​ផ្លែ​ម្រេច​នៅ​ចម្ការ​របស់​អ្នក​ភូមិ​ក្បែរ​នោះ។ សរុប​ចំណូល​ទាំង​អស់​គ្នា ពួកគេ​អាច​រក​បាន​ប្រមាណ​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ​អ្នកស្រី​បញ្ជាក់​ថា លុយ​ទាំង​នោះ គឺ​ទុក​សង​ធនាគារ។

កូន​របស់​អ្នក​ស្រី​៥នាក់ រៀន​បាន​ត្រឹម​ថ្នាក់​ទី​៥ និង​ទី​៦ រួច​ក៏​ឈប់​រៀន ដោយសារ​សាលា​រៀន​នៅ​ឆ្ងាយ និង​អ្នកស្រី​មិន​មាន​ថវិកា​សម្រាប់​ពួកគេ​បន្ត​ការ​សិក្សា។

រូបភាពថតពីវីដេអូ​ដែល​ត្រូវ​បាន​ចែកចាយ​តាម​ទំព័រ​បណ្តាញ​សង្គម Facebook បង្ហាញ​ពី​ការប៉ះទង្គិចគ្នា​ដោយ​ហិង្សា​រវាង​អាជ្ញាធរ​ខេត្ត​ក្រចេះ ​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ការរំលោភ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ក្រចេះ​នៅ​ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨។

ជន​រងគ្រោះ​ដោយសារ​គ្រាប់​កាំភ្លើង​ម្នាក់​ទៀត លោក សេង អ៊ិន អាយុ​៣៣​ឆ្នាំ បាន​ថ្លែង​ប្រាប់​ VOA ​ថា លោក​បាន​រង​របួស​ត្រង់​ភ្លៅ​ខាង​ស្ដាំ។ ប៉ុន្តែ​លោក​បាន​ជា​សះ​ស្បើយ​ហើយ​រហូត​មក​ដល់​ពេល​នេះ។ បច្ចុប្បន្ន​នេះ លោក​កំពុង​ធ្វើ​ការ​ជា​កម្មករ​សំណង់​នៅ​ក្នុង​ខេត្ត​កំពង់​ចាម ដោយ​រក​ចំណូល​បាន​ប្រមាណ​២៥០០០​រៀល​ក្នុង​មួយ​ថ្ងៃ។

លោក​មាន​ប្រសាសន៍​ថា លោក​បាន​ឆ្ការ​ព្រៃ ហើយ​កាន់​កាប់​ដី​ចំនួន​៤​ហិកតា កាល​ពី​៣​ឆ្នាំ​មុន ដោយ​ចេះ​តែ​ធ្វើ​តាម​ប្រជាពលរដ្ឋ​ផ្សេងៗ ដែល​បាន​កាន់​កាប់​ដី​នៅ​ទី​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «មាន​ប្លង់​មាន​អី ​ដី​ព្រៃ​ចឹង​អ្ហា។ យើង​កាប់​យ៉ាង​រេចរឹល​អស់​អា​លីង​ហើយ​ហ្នឹង។ បាន​ដាំ បាន​អី​ខ្លះ​ហើយ ដាំ​ដំឡូង ​ចេក។ ចេះ​តែ​សោក​ស្ដាយ ស្ដាយ​ដំណាំ​អី ដែល​យើង​ខំ​ចំណាយ​ពេល​វេលា​របស់​យើង។ ប្រឹង​កាប់​ប្រឹង​អី ដល់​មាន​រឿង​ទៅ ខក​ខាន​ការ​រក​ស៊ី​អស់។ ទំនេរ​ឡើង​មួយ​ឆ្នាំ មាន​ធ្វើ​អី»។

លោក​មាន​ប្រសាសន៍​បន្ត​ថា​ អាជ្ញាធរ​មិន​ដែល​មក​សាកសួរ​រូប​លោក ក្រោយ​មាន​ការ​បាញ់​ប្រហារ​នោះ​ទេ ហើយ​លោក​ក៏​មិន​មាន​បំណង​ប្ដឹង​ផ្ដល់​អ្វី​ឡើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ស្ងាត់​ជ្រាប​ទាំង​អស់ ក្រោយ​មាន​រឿង​ហ្នឹង​ស្ងាត់​ឈឹង មិន​មក​សួរ​នាំ​យើង។ យើង​ប្ដឹង​គេ យើង​មាន​ធនធាន​ណា​ដូច​គេ រក​តែ​អង្ករ​ច្រក​ឆ្នាំង​មិន​ចង់​បាន​ផង»។

លោក សេង អ៊ិន បាន​លើក​ឡើង​ទៀត​ថា ប្រជាជន​ដែល​តវ៉ា​ពិត​ជា​កាន់​ឧបករណ៍​មួយ​ចំនួន ជា​ការ​ការពារ​ខ្លួន តែ​មិន​នឹក​ស្មាន​កម្លាំង​សន្តិសុខ បាញ់​គ្រាប់​កាំភ្លើង​ពិត​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «មាន​តែ​ព្រនង់ ហើយ​និង​កាំបិត តែ​២​ហ្នឹង។ ហើយ​យើង​ទៅ​ហ៊ាន​អី​ជាមួយ​កាំភ្លើង យើង​គ្រាន់​តែ​កាន់ៗ ដែល​ទៅ​ហ៊ាន​កាប់​គេ គេ​សុទ្ធ​តែ​កាំភ្លើង​ឯណោះ។ កាន់​ដើម្បី​ការ​ពារ​ខ្លួន​ឯង»។

លោក ទីវ វុធធេន អ្នក​នាំពាក្យ​របស់​តុលាការ​ខេត្ត​ក្រចេះ មាន​ប្រសាសន៍​ថា ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​បន្ត តែ​លោក​មិន​ចាំ​ព័ត៌មាន​លម្អិត​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរសព្ទ​ថា៖ «តុលាការ​ប្រហែល​ជា​បាន​ស៊ើប​អង្កេត​ហើយ​រឿង​ហ្នឹង​បង។ វា​ដូច​ជា​មាន​ព្រះ​រាជ​អាជ្ញា​ចោទ​ប្រកាន់​មក។ ចោទ​ប្រកាន់​អ្នក​ប្រឆាំង​នឹង​ការ​អនុវត្ត​ហ្នឹង»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ក្នុង​រឿង​នីតិវិធី តែ​មាន​រឿង​តុលាការ​ចុះ​ទៅ​ស៊ើប​អង្កេត​ហើយ។ គ្រាន់​តែ​គេ​ស៊ើប​មិន​ទាន់​ដល់ ឬ​យ៉ាង​ម៉េច។ មាន​រឿង​គេ​ត្រូវ​ស៊ើប​អង្កេត​ហើយ ពាក់​ព័ន្ធការ​ស្លាប់ ការ​អី គេ​ត្រូវ​ស៊ើប​អង្កេត​ហើយ»។

លោក អំ សំអាត មន្រ្តី​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា តុលាការ​មិន​មាន​ចេតនា​ក្នុង​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «ចំណុច​ត្រង់​នេះ​ហើយ ដែល​យើង​សង្គម​ស៊ីវិល យើង​បាន​ទាមទារ​តាំង​ពី​ដើម​ថា ​ដូច​ជា​នៅ​ខេត្ត​ក្រចេះ​ហ្នឹង សូម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​អំពើ​ហិង្សា ដោយ​សារ​ការ​បាញ់​ប្រជាពលរដ្ឋ​ហ្នឹង ហើយ​និង​ទប់​ស្កាត់​អំពើ​និទណ្ឌភាព​ជា​បន្ត​ត​ទៅ​ទៀត»។

ស្វាមី​របស់​អ្នកស្រី ណារុំ គឺ​លោក សេង ហ៊ា មាន​ប្រសាសន៍​ថា ​លោក​និង​ភរិយា បាន​ចាក​ចេញ​ពី​ភូមិ​កំណើត ក្នុង​ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូង​ឃុំ កាល​ពី​ជាង​១០​ឆ្នាំ​មុន ដើម្បី​ស្វែង​រក​ការងារ និង​ចាប់​ដី​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ពី​ដើម​មក​គ្មាន ក្រ ចេះដើរ​សួរ​តាម​ព្រៃ​ហ្នឹង។ ឭ​គេ​កាប់ៗ​ព្រៃ ចេះ​តែ​មកៗ​តាម​គេ។ ឃើញ​គេ​ចូល​គគ្រឹកគគ្រេង មក​រក​ដី​រក​ធ្លី​ហ្នឹង​គេ​ទៅ។ ស៊ី​ឈ្នួល​គេ​ទៅ ឃើញ​គេ​ចាប់ គេ​ប្រាប់​ថា​ យក​កន្លែង​ហ្នឹង​មួយ​ប្លង់​ទៅ កាប់​តាម​គេ​ទៅ ស៊ី​ឈ្នួល​គេ​ថ្ងៃ ល្ងាច​មក​ធ្វើ​ខ្លួន​ឯង​ទៅ»។

លោក​បញ្ជាក់​ថា លោក​បាន​ទិញ​ដី​មួយ​កន្លែង​ដែល​មានទទឹង​២០០​ម៉ែត្រ និង​បណ្ដោយ​១​ពាន់​ម៉ែត្រ ក្នុង​តម្លៃ​សរុប​តែ​១ពាន់​ដុល្លារ​ប៉ុណ្ណោះ ដោយ​មិន​មាន​ប្លង់​កម្មសិទ្ធិ​អ្វី​នោះ​ទេ។ លោក​បាន​ឆ្ការ​ព្រៃ និង​បាន​ដាំ​ដំឡូង ចេក ខ្នុរ មុន​ត្រូវ​បាន​ដុត​កម្ទេច​ចោល​ដោយ​ក្រុមហ៊ុន ពេល​មាន​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​ដី​នោះ។

លោក សៅ ហ៊ា ស្វាមី​ជន​រងគ្រោះ​ដោយសារ​គ្រាប់​កាំភ្លើង ផ្តល់​បទសម្ភាសន៍​ដល់ VOA នៅផ្ទះ​របស់​លោក នៅក្នុងភូមិជ្រោះជ្រៅ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

នៅ​ស្រុក​កំណើត លោក សេង ហ៊ា ជា​អ្នក​រក​លៀស និង​ខ្ចៅ តាម​ស្ទឹង​បឹងបួ ហើយ​ភរិយា​របស់​លោក ជិះ​កង់​លក់​នៅ​តាម​ភូមិ ដែល​អាច​រក​ចំណូល​ចន្លោះ​ពី​៣​ទៅ​៤​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

ក្រោយ​ការ​បង្ក្រាប​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​ពិត​នោះ​មក ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់​ដែល​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ ដោយ​អះអាង​ថា​ ចាប់​តាំង​ពី​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​វិនិយោគ​អភិវឌ្ឍ​លើ​វិស័យ​កសិឧស្សាហកម្ម​ពី​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០០៨ ក្រុមហ៊ុន​មិន​ដែល​បាន​រំលោភ​បំពាន​ ឬ​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ​ឡើយ។

ប៉ុន្តែ​ក្រុមហ៊ុន​បាន​រង​គ្រោះ​ធ្ងន់ធ្ងរ ដោយ​ការ​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី ពី​ក្រុម​ជន​អនាធិបតេយ្យ​ជា​បន្ត​បន្ទាប់។ ក្រុមហ៊ុន​បាន​បញ្ជាក់​ថា កន្លង​ទៅ ពួកគេ​ធ្លាប់​កាត់​ឆ្វៀល​ដី​ជិត​៣​ពាន់​ហិកតា សម្រាប់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ។

ការ​តវ៉ា​ដី​ធ្លី​នៅ​តំបន់​ផ្សេង​ទៀត ក៏​រង​ការ​បង្ក្រាប​ដោយ​ការ​បាញ់​គ្រាប់​កាំភ្លើង​ផង​ដែរ។ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៩ មាន​ករណី​ផ្ទុះ​ការ​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ក្នុង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ ដែល​នាំ​ឲ្យ​មាន​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត​ពី​សំណាក់​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែលបាន​ចុះ​អនុវត្ត​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល។ ការ​បាញ់​ប្រហារ​នេះ នាំ​ឲ្យ​បុរស​ម្នាក់​ជា​កម្មករ​សំណង់ និង​ជា​អ្នក​ធ្វើ​ដំណើរ​កាត់​នោះ គឺ​លោក ពៅ សារ័ត្ន អាយុ​២៨​ឆ្នាំ បាន​រង​របួស​ដោយសារ​គ្រាប់​កាំភ្លើង។

ចំណែក​កាល​ពី​ឆ្នាំ​២០១២ ក្មេង​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ​នៅ​ក្នុង​ខេត្ត​ក្រចេះ ត្រូវ​បាន​បាញ់​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​តវ៉ា​រឿង​ដី​ធ្លី។

មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​ករណី​រង​គ្រោះ​ដោយ​គ្រាប់​កាំភ្លើង​បែប​នេះ ជន​រងគ្រោះ​មិន​ហ៊ាន​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទេ ប៉ុន្តែ​លោក​ថា​ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ពី​សំណាក់​អាជ្ញាធរ និង​តុលាការ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​ប្ដេជ្ញា​ដោះ​ស្រាយ​រឿង​ដី​ធ្លី និង​នាំ​បុគ្គល​ពាក់​ព័ន្ធ​មកទទួល​ខុសត្រូវ​ ប្រសិន​បើ​ពួកគេ​ប្រព្រឹត្ត​ខុស។ លោក​ថ្លែង​បែប​នេះ​បញ្ជាក់​លើ​ចំណាត់​ការ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ចុង​ខែ​កុម្ភៈ ដែល​បាន​សម្រេច​ដក​តំណែង​អភិបាល​រង​ខេត្ត​ព្រះសីហនុ ចំនួន​២​រូប។

លោក​បន្ថែម​ថា ​ក្នុង​ករណី​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ក្នុង​ការ​តវ៉ា​ដី​ធ្លី ជា​រឿង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​ទូរសព្ទ​ថា៖ «យើង​យល់​ថា ​ដូច​ប្រជាពលរដ្ឋ​អញ្ចឹង​វា​អត់​សម​រម្យ។ អញ្ចឹង​ហើយ​បាន​យើង​ដាក់​ទណ្ឌកម្ម»។ ប៉ុន្តែ​នៅ​ពេល​សួរ​អំពី​ករណី​បាញ់​ប្រហារ​នៅ​ក្នុង​ខេត្ត​ក្រចេះ​កាល​ពី​ឆ្នាំ​មុន លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា​នេះ​ជា​ចំណាត់​ការ​បន្ត​របស់​តុលាការ ដែល​រដ្ឋាភិបាល​មិន​អាច​លូក​ដៃ​បាន​នោះ​ទេ។

ត្រឡប់​មក​ជន​រងគ្រោះ​ដោយ​សារ​គ្រាប់​កាំភ្លើង​វិញ អ្នកស្រី ណារុំ បាន​ខំ​ធ្វើ​ការងារ​ស៊ី​ឈ្នួល​នៅ​ចម្ការ​ម្រេច ដើម្បី​រក​ប្រាក់​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ និង​បង់​រំលស់​បំណុល។

អ្នកស្រី​បាន​បង្ហាញ​ការសោកស្ដាយ​ដែល​មាន​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​អ្នកស្រី ហើយ​ធ្វើ​ឲ្យ​បាត់​បង់​ប្រាក់​ដែល​បាន​ចំណាយ​លើ​ចម្ការ និង​ថ្លៃ​ព្យាបាល​ជំងឺ។

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «ស្តាយៗ​ហើយ លុយ​យើង​ទម្រាំ​បាន​មួយ​ម៉ឺន​ពីរ​ម៉ឺន ឲ្យ​តែ​មាន​ជីវិត​នៅ​រស់​ នៅ​ចិញ្ចឹម​កូន នៅ​រក​បាន​ទៀត»។

អ្នកស្រី​និង​ស្វាមី​របស់​អ្នកស្រី​មាន​ប្រសាសន៍​ថា ពួកគេ​មិន​ចង់​ប្ដឹង​ផ្ដល់​បន្ត​ករណី​នេះ​ទេ ហើយ​ស្នើ​សុំ​បញ្ចប់​ត្រឹម​នេះ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «និយាយ​ទៅ​ដូច​ថា​គ្មាន​ប្រយោជន៍​អី។ មិន​ដឹង​ទៅ​និយាយ​ធ្វើ​អី។ កន្លង​ហួស​ ខ្ជិល​ឲ្យ​ចប់​ត្រឹម​ហ្នឹង​ទៅ។ ខ្ញុំ​ខ្ជិល ប៉ុណ្ណឹង​ឲ្យ​វា​រួច ចាត់​ទុក​ថា​ស៊យ​ទៅ​ចុះ»៕