កម្មករម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់អគ្គិភ័យនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ក្នុងខេត្តកណ្តាល

អ្នកពន្លត់អគ្គិភ័យកំពុងប្រតិបត្តិការ​នៅ​រោងចក្រ យីដា មេនូហ្វេកធីរើ ខូ អិលធីឌី (Yi Da Manufacturer Co Ltd) នៅខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ (រូបថតដោយអគ្គស្នងការដ្ឋាន​នគរបាលជាតិ)

កម្មករ​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ ៤​នាក់​ទៀត​រង​របួស​នៅ​ក្នុង​ហេតុ​ការណ៍​អគ្គិភ័យ​ឆេះ​រោង​ចក្រ​កាត់​ដេរ​មួយ​កន្លែង ក្នុង​ខេត្ត​កណ្តាល នា​ថ្ងៃ​ព្រហស្បតិ៍ ដែល​កើត​ចេញ​ពី​ការ​ផ្ទុះ​បំពង់​ឧស្ម័ន​នៅ​កន្លែងស្តុក​សារធាតុ​គីមី។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អគ្គស្នង​ការ​ដ្ឋាន​នគរ​បាលជាតិ។

រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​នោះ មាន​ឈ្មោះ​ថា យីដា មេនូហ្វេកធីរើ ខូ អិលធីឌី (Yi Da Manufacturer Co Ltd) ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ឬស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ អគ្គិភ័យ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ​៦​និង​៤០​នាទី​ព្រឹក ហើយ​ការ​ឆេះ​ដំបូង​បណ្ដាល​មក​ពី​ផ្ទុះ​ឧបករណ៍​ផ្ទុក​សារធាតុ​គីមី​នៅ​ក្នុង​រោង​ចក្រ។ កម្មការិនី​ម្នាក់​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​នៅ​ទី​នោះ​បាន​ស្លាប់ ដោយ​សារ​តែ​មិន​អាច​រត់​ចេញ​ទាន់។

អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា៖ «ភ្លាមៗ​នោះ ក្រុម​កម្មករ​បាន​រត់​គេច​ចេញ​ពី​កន្លែង​កើត​ហេតុ​អស់ នៅ​សល់​តែ​ស្ត្រី​រង​គ្រោះ​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ទីតាំង​ស្តុក​គីមី​នោះ មិន​អាចរ​ត់ចេញ​បាន ក៏​ត្រូវ​ថប់​ខ្យល់​ស្លាប់​តែ​ម្តង​ទៅ»។

លោក ព្រុំ សំណាង អធិការ​នគរបាល​ស្រុក​កៀន​ស្វាយ ប្រាប់​វីអូអេ​ថា​ អគ្គិភ័យ​នេះ​ទំនង​កើត​ឡើង​ដោយ​សារ​ការ​ផ្ទុះ​ឧបករណ៍​ផ្ទុក​សារធាតុ​គីមី​នៅ​ក្នុង​រោង​ចក្រ​នោះ។

លោក​ថ្លែង​ថា​៖ «គឺ​ថាវា​អាច​ផ្ទុះ​ចេញ​ពី​អា​កន្លែង​ស្តុក​សារ​ធាតុ​គីមី តែ​យើង​អត់​ទាន់​ដឹង​អី​ទេ​តែ​យើង​គ្រាន់​តែ​ថា​ចាំ​មើល​របាយ​ការណ៍​លម្អិត​សិន នេះ​តាម​ការ​ស៊ើប​បឋម​ទេ»។

បើ​តាម​ការ​ផ្សាយ​របស់អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ អគ្គិភ័យ​ក្នុង​រោង​ចក្រ​នេះ​ត្រូវ​បាន​ពន្លត់​រួច​រាល់ ដោយ​ប្រើ​រថយន្ដ​ពន្លត់​អគិ្គភ័យ​សរុប​ ១៥​គ្រឿង។

សមាគម​វាយនភណ្ឌ សម្លៀក​បំពាក់ ស្បែក​ជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​លើក​ឡើង​ថា​ រោង​ចក្រ​ដែល​ឆេះ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រោងចក្រ​មាន​ស្តង់ដារ​សុខភាព និង​សុវត្ថិ​ភាព​ការងារ​ខ្ពស់ ហើយ​រោង​ចក្រ​ក៏​បាន​បំពាក់​នូវ​ឧបករណ៍​ចាំបាច់ និង​បាន​រៀបចំចក្រ​ទ្វារ​អាសន្ន​បាន​គ្រប់គ្រាន់។

សមាគម​បញ្ជាក់​ថា​ អគ្គិភ័យ​នេះ​បាន​សម្លាប់​កម្មការិនី​ម្នាក់ ឈ្មោះ សុច ឆវី ដែល​មាន​តួនាទី​ជា​ប្រធាន​ផ្នែក។ សមាគម​ក៏​បាន​ក្រើន​រំឭក​ដល់​រោង​ចក្រ​ដែល​ជា​សមាជិក​ឲ្យបង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​លើ​សុវត្ថិភាព​ឧស្សាហកម្ម៕