មន្ទីរ​ដែល​ខុសប្លែក​ពី​គេ​មួយ​នៅក្នុង​ទីក្រុង​ញូយ៉ក​ដែល​មាន​សេវាកម្ម​ព័ត៌មាន​គ្រប់សព្វ​អំពី​ទីក្រុង​នេះ

មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក (រូបទាញយកពីវេបសាយ)

មនុស្ស​រាប់លាន​នាក់បាន​មក​ទីក្រុង​ញូយ៉ក ដើម្បី​ស្វែងរក​ជីវិត​ដែល​ល្អ​ប្រសើរ​ជាង​មុន ហើយ​ទីក្រុង​នេះបាន​សន្សំ​ទុក​ដោយ​យកចិត្ត​ទុកដាក់​នូវ​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​នានា​ជាច្រើន។ មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក មាន​អ្វីៗ​ជាច្រើន​ចាប់តាំងពី​វីដេអូ រូបភាព ម៉ាស៊ីន​ពិនិត្យ​លិខិត​ឆ្លងដែន រូបថត​អគារ​នានា រហូត​ដល់​លិខិត​ឆ្លើយឆ្លង​គ្នា​របស់​អភិបាល​ក្រុង និង​លិខិត​មរណភាព​របស់​បុគ្គល​ល្បី​ឈ្មោះ​ជាដើម។

មនុស្ស​ជាច្រើន​ចូលចិត្ត​ទីក្រុង​ញូយ៉ក ដោយសារតែ​ភាព​មមាញឹក ​ភាព​រស់រវើក​សោភ័ណភាព​និង​ឱកាស​ដែល​មាន​នៅក្នុង​ទីក្រុង​នេះ។ ទីក្រុង​នេះ បាន​យកចិត្ត​ទុក​ដាក់​ក្នុងការ​កត់ត្រា​អំពី​ព្រឹត្តិការណ៍​នានា ហើយ​បាន​តម្កល់​ទុក​នៅក្នុង​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក។

នៅក្នុង​មន្ទីរ​នេះ មាន​ទូដែក​សុវត្ថិភាព​ចំណាស់​ដ៏​ធំ​មួយ ដែល​មាន​កំណត់ត្រា​ដំបូងគេ​នៃ​ការផ្តល់​សញ្ជាតិ​ជា​លើក​ទីមួយ​នៅ​ក្នុង​ទីក្រុង​ញូយ៉ក ដល់​ជនអន្តោប្រវេសន្ត​ទាំងស្រី​ទាំង​ប្រុស គ្រប់ជាតិ​សាសន៍ និង​ពណ៌សម្បុរ។

លោក Michael Lorenzini ជា​អ្នកគ្រប់គ្រង​ផ្នែក​ប្រតិបត្តិការ​នៃ​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក។ លោក​ថ្លែង​ថា៖

«ពលរដ្ឋ​កាន់សាសនា​ជ្វីស​មួយ​ចំនួន បាន​ដាក់ពាក្យ​សុំ​សញ្ជាតិ តែ​ត្រូវបាន​បដិសេធ។ ពួកគេ​ត្រូវ​បាន​ប្រាប់​ឲ្យ​ដាក់​ញ្ញត្តិ បើសិនជា ពួកគេ​គិត​ថា ​ការបដិសេធ​នោះ ជា​រឿង​អយុត្តិធម៌។ ពួកគេ​បាន​ដាក់​ញ្ញត្តិ ហើយ​ជាក់ស្តែង ពួកគេ​បាន​ដាក់​ញ្ញត្តិ​នោះ​រហូត​ទៅ​ដល់​ទីក្រុងAmsterdamវិញ។ នាយក​នៃ​ក្រុមហ៊ុន Dutch West India និយាយ​ថា «ទេ បើ​ពួកគេ​ទៅ​ទីនោះ ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ហើយ​មាន​សញ្ជាតិ​នោះ ពួកគេ​គួរតែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ក្លាយជា​ពលរដ្ឋ​មាន​សញ្ជាតិ​អាមេរិក»»។

មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ ទើបតែ​ត្រូវបាន​ស្ថាបនា​ឡើង​កាលពី​៤​ទសវត្សរ៍​មុន​នេះ​ប៉ុណ្ណោះ ក៏ប៉ុន្តែ មន្ទីរ​នេះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា វា​ជា​មន្ទីរ​ដែល​ខុសប្លែក​ពី​គេ គ្មាន​ទីក្រុង​ណា​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក​នេះ មាន​មន្ទីរ​ដូចនេះ​ឡើយ។

នៅក្នុង​បន្ទប់​ងងឹត គេ​កំពុងផ្តិត​ហ្វីលរូបថត​ជាង​៥លានរូប ដែល​ត្រូវ​បាន​ថតតាំងពី​មុន​សម័យ​មាន​ផែនទី​ឌីជីថល​របស់​ក្រុមហ៊ុន​Google ទៅ​ទៀត។ ក្រសួង​ហិរញ្ញវត្ថុ បាន​ថត​រូប គ្រប់​អាគារ​ទាំងអស់​ដែល​អាច​យក​ពន្ធ​បាន​នៅក្នុង​ទីក្រុង​ញូយ៉ក។

រូបទាំងនោះ​រួមទាំង​រូប​អាគារ​អាប៉ាតឺម៉ង់​មួយ​ប្លុកៗ រូប​អតីត​អភិបាល​ក្រុង​ដែល​បាន​ទទួល​មរណៈភាព​ហើយ គឺ​លោក Ed Koch កំពុង​ជិះរទេះ​ភ្លើង​ក្រោមដី ហើយនឹង​រូប​នៅក្នុង​អាប៉ាតឺម៉ង់​របស់​តារា​ភាពយន្ត គឺ​លោក Andy Warhol ផងដែរ។ ក្រៅ​ពីនេះ ក៏មាន​ទៅ​ដោយ​បណ្តុំ​ផ្ទាំង​រូបធំៗ​នៃ​រូបភាព​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​នៅក្នុង​ទីក្រុង​ញូយ៉ក​នោះ​ផងដែរ។

លោក Matt Minor ជា​អ្នកថតរូប​បណ្ណាសារ​ក្រុង​នៃ​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ។ លោក​ថ្លែង​ថា៖

«អ្វី​ដែល​ប្លែក​ជាងគេ​ដែល​ខ្ញុំ​ត្រូវ​ថត​នោះ គឺ​រូប​វ៉ាលីស​មួយ​ដែល​វា​ជា​វត្ថុ​មួយ​ពាក់ព័ន្ធ​នឹង​រឿង​ជុំនុំ​ជម្រះ​ក្តី​សម្លាប់​ក្រុម​អ្នកលេង​ម៉ាហ្វៀ​នៅក្នុង​ទសវត្សរ៍១៩២០ ដែល​នៅក្នុង​វ៉ាលីស​នោះ មាន​កម្រាល​ពូក​ប្រឡាក់​ដោយ​ឈាម នៅពេលដែល​គេ​យក​សាកសព​ទៅ​បោះបង់​ចោល»។

ក៏ប៉ុន្តែ សម្រាប់​លោក Kenneth Cobb ដែល​ជា​មន្រ្តី​ទទួល​បន្ទុក​ខាងកំណត់ត្រា​នៃ​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ ឯកសារ​សំណុំ​រឿង​ក្តី​ឧក្រិដ្ឋកម្ម​រាប់​លាន គឺ​មិនមែន​គ្រាន់តែ​ជា​ក្រដាស​សាមញ្ញ​នោះ​ទេ វា​គឺ​ជា​រឿងរ៉ាវ ប្រវត្តិ​របស់​គ្រួសារ និង​សោកនាដកម្ម​របស់​មនុស្ស​ពិតៗ ហើយ​វាក៏ផ្ទុក​ទៅ​ដោយ​ប្រវត្តិសាស្រ្ត​ផងដែរ។ លោក Kenneth Cobb ថ្លែង​ថា៖

«លោក Mosses Rossen ត្រូវ​បាន​កាត់ទោស​ដោយសារ លោក​បាន​រៀបការ​ជាមួយ​មនុស្ស​ស្រី​ផ្សេង​ក្នុង​គ្រាដែល​លោក​នៅ​រៀបការ​ជាមួយ​ប្រពន្ធ​មុន។ ក្រោយមក​យើង​ដឹង​ថា មនុស្ស​គ្រប់គ្នា​ក្នុង​រឿង​នោះ ជា​ជនជាតិ​រុស្ស៊ី»។

នៅក្នុង​មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ មាន​លិខិត​ឆ្លើយឆ្លងគ្នា​រវាង​អភិបាលក្រុង​ លិខិត​កំណើត ឯកសារ​ពាណិជ្ជកម្ម ករណី​ដែល​ពាក់ព័ន្ធ​នឹង​ការស្វែង​រកមនុស្ស​ដែល​បាត់​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០០១ ហើយ​នឹង​សូម្បី​តែ​រឿងអាថ៌កំបាំង ដែល​មាន​ចំណង​ជើង​ថា «Bodies in Transit» ដែល​ត្រូវបាន​ប្រមូល​ផ្តុំ​ឡើង​តាំងពី ១៦០ ឆ្នាំមុន។ ការចាប់ផ្តើម​ប្រមូលផ្តុំ​វត្ថុ​ទាំងនេះ ធ្វើឡើង​នៅពេលដែល​ពួកគេ​ត្រូវ​ស្វែងរក​ការដឹកជញ្ជូន​សាកសព​ក្នុង​អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទីមួយ ដើម្បី​កំចាត់​មេរោគ​មិន​ឲ្យ​រីករាលដាល​នៅក្នុង​ទីក្រុង។

មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ មាន​ព័ត៌មាន​ និង​ឯកសារ​ដែល​អាច​ប្រាប់អំពី​ទីក្រុង​ញូយ៉ក បាន​ច្រើនជាង មនុស្ស​ណា​ម្នាក់​ប្រាប់​បាន​ទៅ​ទៀត។

លោក Kenneth Cobb បាន​ថ្លែង​បន្ត​ថា៖

«នៅ​ថ្ងៃ​ទី២៤ ខែមេសា នៅ​ឆ្នាំ១៨៦៥។ ឈ្មោះ​របស់​មនុស្ស​ស្លាប់ គឺ​លោក Abraham Lincoln។ អាយុ ៥៦ ឆ្នាំ និង២​ខែ។ ទីកន្លែង​ស្លាប់ នៅក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។ នៅក្នុង​ក្រឡោន​នេះ សរសេរ​ថា លោកស្លាប់​ដោយសារ​ជម្ងឺ ក៏ប៉ុន្តែ ជាក់ស្តែង ការស្លាប់​របស់​លោក គឺ​ដោយសារ​គេ​បាញ់​សម្លាប់។ បញ្ជី​ឈ្មោះ​មរណភាព​នេះ គឺ​ដូចគ្នា​ទាំងអស់​ មិន​ថា​អ្នក​នោះ​ជា ទាហ៊ាន ឬ ក៏​ប្រធានាធិបតី​នោះ​ទេ នឹង​ដាក់​ឈ្មោះ​នៅ​ទីនេះ ដូចៗ​គ្នា»។

មន្ទីរ​កំណត់ត្រា​និង​សេវាកម្ម​ព័ត៌មាន​នៃ​ទីក្រុង​ញូយ៉ក​នេះ បើក​ជូន​សាធារណៈជន។ អ្នកណា​ក៏​អាច​មក​ទីនេះ​មើល​បាន​ដែរ​ថាតើ​មាន​របស់​ច្រើន​ប៉ុណ្ណា និង​ក្នុង​គ្រា​តែមួយ​ក៏អាច​ឃើញ​ផងដែរ​ថា ទីក្រុង​ញូយ៉ក ក៏​មិន​បានផ្លាស់ប្តូរ​ច្រើន​ប៉ុន្មាន​ដែរ ក្នុងរយៈ​ពេល​ប៉ុន្មាន​សតវត្សរ៍​មក​នេះ។

លោក Kenneth Cobb បាន​ថ្លែង​ទៀត​ថា៖

«មនុស្ស គឺ​អ៊ីចឹង​ហើយ គ្មាន​អ្វី​ផ្លាស់ប្តូរ​ទេ»៕

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់