ប្រធានាធិបតី​វៀតណាម​​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយ​មាន​ជំនួយ​​អគារ​២៥​លាន​ដុល្លារ

លោកប្រធានាធិបតីវៀតណាម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) (ឆ្វេង) ចាប់ដៃស្វាគមន៍ជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន ខណៈ​ដែលលោកបានមកចូលរួមកិច្ចប្រជុំមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

អ្នកវិភាគ​លើក​ឡើង​​ថា ការ​​ទទួល​យក​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​ដទៃ​ដើម្បី​សាង​សង់​អគារ​សំខាន់ៗ​របស់​រដ្ឋ​ជា​ការ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល។

នៅ​ថ្ងៃអង្គារ​នេះ​ ​រដ្ឋាភិបាល​វៀតណាម​បាន​ចុះ​ហត្ថលេខាផ្តល់ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ​២៥​ លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ ​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អាគារ​រដ្ឋបាល​របស់​រដ្ឋសភា​កម្ពុជា​ ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ភាគី​កម្ពុជា។

ការ​ចុះ​ហត្ថលេខា​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​នេះ​ ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ង្វៀន ហ៊្វូជុង​ (Nguyen Phu Trong)​ ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ចំនួន​២ថ្ងៃ​ នៅ​កម្ពុជា។

​បើ​តាម​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ អំពី​ជំនួប​រវាង​លោក​ ​ហ៊ុន សែន​ ​និង​លោក​ ​ង្វៀន ហ្វ៊ូជុង​ ​នៅ​ថ្ងៃ​ទី​២៦ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩​នេះ​ ​បញ្ជាក់​ថា​ ក្រោយ​ជំនួប​ពិភាក្សា​ទ្វេ​ភាគី​រវាង​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​រួច​លោក ​ហ៊ុន សែន​ ​និង​លោក​ ​ង្វៀង ហ៊្វូជុង​ ​បាន​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ចំនួន​៥​រួមគ្នា។

ឯកសារ​ចំនួន​៥​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​មន្រ្តី​ជាន់ខ្ពស់កម្ពុជា​ ​និង​វៀតណាម​នោះ​ ​រួម​មាន​ ពិធីសារ​ស្តីពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា-វៀត​ណាម​ ​ស្តីពី​ការ​ដឹក​ជញ្ជូន​ផ្លូវគោក។​ ​សេចក្ដី​បន្ថែម​ស្តី​ពី​ការ​កែប្រែ​មាត្រា៦​ ​និង​មាត្រា១៧​ ​នៃ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា-​វៀតណាម​ ​ស្តី​ពី​ការ​ដឹក​ជញ្ជូន​ផ្លូវទឹក។​ ​អនុស្សារណៈ​នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​២៥លាន​ដុល្លារ​អាមេរិក ​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋ​បាល​របស់​រដ្ឋសភា។

ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សម្រប​សម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-វៀតណាម​ ​ស្តី​ពី​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ឆ្នាំ​២០១៩​-២០២០​ ​និង​ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​ទេសចរណ៍​សម្រាប់​ឆ្នាំ​២០១៩-២០២១​ ​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម។

ក្នុង​សារ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​អំពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ដើម្បី​សាង​សង់​អគារ​រដ្ឋបាល​របស់​រដ្ឋសភា​ តាម​ន័យ​ដើម​ថា៖​

«អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​២៥​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ការអនុវត្ត​គម្រោង​សាង​សង់​អាគារ​រដ្ឋបាល​របស់​រដ្ឋសភា ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​ ​ឌីញ គៀនយ៉ុង​ ​(Dinh Tien Dzung)​ ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម​ ​និង​ឯកឧត្តម​ ​ឡេង ប៉េងឡុង​ ​អគ្គលេខាធិការ​រដ្ឋសភា​ជាតិ​កម្ពុជា»។

លោក​ ​ឡេង ប៉េងឡុង​ ​អ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃអង្គារ​នេះ​ថា​ គម្រោង​នៃ​ការ​ផ្តល់​ជំនួយ​ដើម្បី​សាងសង់​អគារ​រដ្ឋបាល​រដ្ឋសភា​ ​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ​២០១៧​បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​ភាគី​កម្ពុជា។​ ​លោក​បន្ត​ថា​ មូល​ហេតុ​នៃ​ការ​ស្នើ​ពី​រដ្ឋាភិបាល​ដើម្បី​សាងសង់​គឺ​ដោយ​សារ​រដ្ឋសភា​កម្ពុជា​ខ្វះខាត​អគារ​សម្រាប់​ធ្វើការ​ និង​ខ្វះខាត​ថវិកា​សម្រាប់​សាងសង់។

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​សាង​សង់​អគារ​ ​ហើយ​គ្មាន​លុយ ​យើង​សុំ​អំពាវ​នាវ​ទៅ​ គាត់​ផ្តល់​ឲ្យ»។

លោក​បញ្ជាក់​ពី​មូលហេតុ​ដែល​រដ្ឋសភា​ត្រូវ​ការ​អគារ​បន្ថែម​ថា៖​

«ឥឡូវ​ហ្នឹង​វា​ចង្អៀត​ខ្លាំង​ពេក​ ​មន្រ្តីក៏​ច្រើន ​ហើយ​មាន​រថយន្ត​អី​ ​អញ្ចឹង​ត្រូវ​ការ​បន្ថែម​ទៀត​ ​កន្លែង​ប្រជុំ​ក៏​ខ្វះ ដូច្នេះ​ហើយ​ត្រូវ​ការ​កន្លែង​បន្ថែម​ទៀត»។

​លោក​ ឡេង ប៉េងឡុង​ ​បន្ថែម​ថា ​ការ​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​អង្គារ​នេះ ​គឺ​ជា​ការ​ផ្តល់​លុយ​ជំនួយ​នោះ​ដើម្បី​សាង​សង់​ ​និង​ថា​អគារ​រដ្ឋបាល​នោះ​ នឹង​ត្រូវ​សាង​សង់​ក្នុង​បរិវេណ​រដ្ឋសភា​នៅ​ផ្នែក​ខាង​ជើង​ ដោយ​នឹងមាន​ការ​ដេញ​ថ្លៃ​ដើម្បី​សាង​សង់​ផង​ដែរ។

​កន្លង​មក​រដ្ឋាភិបាល​វៀតណាម​តែង​ផ្តល់​ជំនួយ​ឥត​សំណង​ ​ក្នុង​ការ​សាងសង់​អគារ​រដ្ឋ​សំខាន់ៗ​នៅ​កម្ពុជា។

កាលពី​ឆ្នាំ​២០១២​ ​រដ្ឋាភិបាល​វៀតណាម​បាន​ផ្តល់​ជំនួយ​ជា​ថវិកា​ចំនួន​ជិត​១៧​ម៉ឺន​ដុល្លារ​អាមេរិក​ (១៦៧,៧០០​ដុល្លារ​អាមេរិក) ​ដល់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ដើម្បី​យក​ទៅ​សាងសង់​អគារ​វិទ្យាស្ថាន​ពិសោធន៍​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​អាវុធ​គីមី​កម្ពុជា។​ ហើយ​នៅ​ខែ​សីហា ឆ្នាំ​២០១៧ ​វៀតណាម​បាន​ផ្តល់​ជំនួយ​ឲ្យ​កម្ពុជា​ ​៣លាន​ដុល្លារ​ ដើម្បី​សាងសង់​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ ​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម។

អ្នកវិភាគ​ពី​សង្គម ​និង​នយោបាយ​តែង​លើក​ឡើង​ថា ​ការ​ទទួល​យក​ជំនួយ​ពី​បរទេស​ក្នុង​ការ​សាង​សង់​អគារ​រដ្ឋ​សំខាន់ៗ​ ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​គ្រប់គ្រង​ការ​ការពារ​ជាតិ។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​លើកឡើង​ថា​ រដ្ឋាភិបាល​គួរ​ពឹង​ជំនួយ​ពី​បរទេស​ដើម្បី​ពង្រឹង​ផ្នែក​ណា​មួយ​ដែល​កម្ពុជា​មិន​មាន​សមត្ថភាព​ក្នុង​ការ​អនុវត្ត​ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​មិន​គួរ​សុំ​ជំនួយ​ពី​បរទេស​សម្រាប់​គ្រប់​នោះ​ទេ។ ​លោក​បន្ត​ថា​ សម្រាប់​ការទទួល​យក​ជំនួយ​ពី​រដ្ឋាភិបាល​ប្រទេស​ដទៃ​ដើម្បី​សាងសង់​អគារ​សំខាន់ៗ​របស់​រដ្ឋ​ ជា​ការ​បង្ហាញ​ពី​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល។​

​លោក​មាន​ប្រសាសន៍​ថា៖​

«អ្វី​ដែល​យើង​ធ្វើ​កើត​ខ្លួន​យើង​ យើង​គួរ​ខំ​ប្រឹងប្រែង​ខ្លួន​យើង។ អ្វី​ដែល​យើង​ធ្វើ​មិន​កើត​ ដូចជា​ខាង​វិស័យសេដ្ឋកិច្ច ហើយ​និង​វិទ្យាសាស្រ្ត​បច្ចេកទេស​អី​ហ្នឹង ដែល​យើង​ធ្វើ​មិន​កើត យើង​ពឹង​គេ ឬ​ក៏​កន្លែង​ណា​ដែល​ជា​រោងចក្រ​សំខាន់ៗ អាហ្នឹង​ដែល​យើង​អត់​មាន​សមត្ថភាព​ទៅ​ដល់​ តាំង​ពី​ជំនាញ​ និង​ធនធាន​ ទុន អាច​យើង​ពឹង​គេ​ទៅ។ ប៉ុន្តែ​យើង​គួរ​តែ​រំដោះ​ខ្លួនចេញ​ពី​ការ​ពឹង​ផ្នែក​លើ​គេ​ គឺ​សឹង​តែ​គ្រប់​វិស័យ​ទៅ មិន​ល្អ​ទេ​សម្រាប់​ជាតិ​មួយ»។

នេះ​ជា​លើក​ដំបូង​ដែល​លោក ង្វៀន ហ្វ៊ូជុង​ (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាមធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​រដ្ឋ​ផ្លូវការ​ កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨។ ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​កម្ពុជា​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៥ ដល់ ​២៦ ខែ​កុម្ភៈ​ ដោយ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ ព្រះ​បាទ​ នរោត្តម សីហមុនី។​ នេះ​បើ​តាម​ការ​ផ្សាយលើ​គេហទំព័រ​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​កម្ពុជា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ ង្វៀន ហ្វ៊ូជុង​ បាន​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា និង​សម្តេច​ព្រះ​មហាក្សត្រី​ នៅ​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ។​ ហើយ​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៩ មេ​ដឹកនាំ​វៀតណាម​រូប​នេះ​ បាន​ចូល​ថ្វាយ​បង្គំ សម្តេច​សង្ឃ​ ទេព វង្ស​ សម្តេច​សង្ឃ បួរ គ្រី។​ លោក ង្វៀន ហ្វ៊ូជុង​ ​ក៏​បាន​ជួប​ជាមួយ​លោក​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា និង​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។

ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​របស់​មេដឹកនាំ​វៀតណាម​រូប​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ជាច្រើន​រូប​កាល​ពី​ពេល​ថ្មីៗ ​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ជា​បន្ត​បន្ទាប់​ ដោយ​មាន​ទាំង​សម្តេច​សង្ឃ​របស់​កម្ពុជា​ផង​ដែរ៕