តំណាងរាស្រ្ដរាជានិយមគណបក្សហ៊្វុនស៊ិនប៉ិចមួយរូបបានប្ដឹងអតីតសមាជិកគណបក្សរបស់ខ្លួនចំពោះការជេរប្រមាថថ្នាក់ដឹកនាំគណបក្សជាបន្តបន្ទាប់តាមបណ្តាញសង្គម ក្រោយការបោះឆ្នោតជាតិឆ្នាំ២០២៣។
លោក ញ៉ែម អេន អតីតសមាជិកគណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតអ្នកថតរូបនៅអតីតគុកទួលស្លែង ឬមន្ទីរស-២១ ត្រូវបានបឹ្តងដោយ សមាជិកសភាមណ្ឌលខេត្តកំពង់ចាមលោកញឿន រ៉ាដែនពីបទ «បរិហាររកេរ្ដិ៍ជាសារធារណៈ ជេរប្រមាថជាសារធារណៈ ញុះញង់ឲ្យមានការរើសអើង ប្រមាថ ក្លែងព័ត៌មាន និងធ្វើសកម្មភាពបង្កើតឲ្យមានយល់ច្រឡំជាមួយការបំពេញមុខងារសារធារណៈ»។ នេះបើតាមដីកាកោះរបស់លោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ញឿន រ៉ាដែន ដែលជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចផងនោះ ប្រាប់វីអូអេថា លោកសម្រេចប្តឹងលោក ញ៉ែម អេន ដោយសារតែអតីតសមាជិកគណបក្សរូបនេះ មិនព្រមបញ្ឈប់សកម្មភាពបរិហាររកេរ្តិ៍ជេរប្រមាថថ្នាក់ដឹកនាំគណបក្ស តាមរយៈការបញ្ចេញមតិ និងការនិយាយផ្សាយផ្ទាល់ក្នុងបណ្ដាញសង្គម បើទោះបីជាលោកត្រូវបានបញ្ចប់តំណែងជាសមាជិកគណបក្សក៏ដោយ។
លោកថ្លែងថា៖«កន្លងមកឃើញបុគ្គលនេះគាត់តែងតែជេរប្រហារតាមរយៈបណ្ដាញសង្គមហ្វេសបុក ដោយយកមាតិកាឡាយហើយជាពិសេសមានសារមួយចំនួនបានជេរប្រមាថថ្នាក់ដឹកនាំក៏ដូចជាពាក់ព័ន្ធនឹងគណបក្ស បើទោះបុគ្គលនេះត្រូវបានបញ្ចប់សមាជិកភាពពីគណបក្សហ៊្វុនស៊ិនប៉ិចក៏ដោយ»។
បណ្តឹងរបស់សមាជិកសភាមកពីគណបក្សរាជានិយមទៅលើលោកញ៉ែម អេន ធ្វើឡើង ក្រោយលោក ញ៉ែម អេន បានចោទប្រកាន់ថា បុគ្គលមួយចំនួននៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច បានប្រព្រឹត្តទង្វើមិនស្មោះត្រង់ ជុំវិញការយកលុយកាក់ពីសមាជិកគណបក្សជាថ្នូរនឹងការបានមុខតំណែងជាតំណាងរាស្ត្រ ក្រោយការបោះឆ្នោត។
លោក ញឿន រ៉ាដែន ច្រានចោលការចោទប្រកាន់នោះថា គណបក្សមិនដែលបង្ខំថ្នាក់ដឹកនាំបក្ស សមាជិកបក្ស ឬសកម្មជនឲ្យបង់លុយចូលបក្សនោះទេ។
អំឡុងពេលនៃការធ្វើយុទ្ធនាការរកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាលពីឆ្នាំ២០២៣ លោកញ៉ែម អេន ត្រូវគេឃើញចុះឃោសនារកសន្លឹកឆ្នោតជូនគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប) លោក ញ៉ែម អេន ជា បេក្ខជនតំណាងរាស្ត្រនៅមណ្ឌលរាជធានីភ្នំពេញស្ថិតនៅលេខរៀងទី៦មកពីគណបក្សហ៊្វុនស៊ិនប៉ិច។ ប៉ុន្តែលោក ញ៉ែម អេន មិនបានជាប់ឆ្នោតជាតំណាងរាស្រ្តនោះទេ។
ទាក់ទិនពាក្យបណ្តឹងរបស់លោក ញឿន រ៉ាដែន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ញ៉ែម អេន ថ្លែងថា លោកមិនបាននិយាយប្រមាថ ឬបរិហារកេរ្តិ៍នរណាម្នាក់ឡើយ ដោយថា លោកគ្រាន់តែ និយាយអ្វីដែលជាការពិតទាក់ទងនឹងការប្រព្រឹត្តសកម្មភាពមិនប្រក្រតីរបស់បុគ្គលមួយចំនួននៅក្នុងបក្សដើម្បីឲ្យមហាជនបានដឹងតែប៉ុណ្ណោះ។
លោកប្រាប់វីអូអេថា៖«ខ្ញុំអត់មានបរិហារកេរ្ដិ៍អីគេទេ ខ្ញុំនិយាយការពិតទាក់ទងទៅនឹងបញ្ហាហ្នឹង ទីមួយយើងចំណាយថវិកាដើម្បីរៀបចំអស់ហើយតំណែងក៏អត់បាន អ្វីៗបានតែបក្សពួកគ្នាវា»។
លោកបន្ដថា ការតវ៉ារបស់លោកដែលធ្វើឡើងកន្លងមកនោះ គឺដើម្បីចង់បានតែលុយចំនួន១៥៥០ដុល្លារ ដែលលោកបានដាក់សម្រាប់ជួយក្រុមការងារគណបក្សនៅរាជធានីភ្នំពេញ។
លោកថ្លែងថា៖ «លុយៗ ១៥៥០ដុល្លារហ្នឹង គឺជាលុយដាក់នៅក្នុងក្រុមការងារ រាជធានីភ្នំពេញ ដែលខ្ញុំបាទ ញ៉ែម អេនឈរពេញសិទ្ធិដែរ។ ឈរពេញសិទ្ធិហ្នឹង គឺខ្ញុំដាក់ចូលនៅក្នុងក្រុងភ្នំពេញហ្នឹង ១៥៥០ដុល្លារ។ ខ្ញុំទាមទារវិញនេះ ដោយសារអី ដោយសារពួកគាត់ជាប់តំណាងរាស្ត្រ។ ហើយអាខ្លះ អត់ទាំងបានចូលលុយផង យកតំណែងទាំងអស់ ព្រោះតំណែងលុយ១៥៥០នេះ គឺជាតំណែងពេញសិទ្ធិ។ បាទ ពេញសិទ្ធិ។ ដាក់ចូលទៅជួយបក្សក្នុងក្រុងភ្នំពេញហ្នឹង។ ទីចុងបញ្ចប់ ការនិយាយគ្នា អ្នកណាចេញលុយ គឺអ្នកហ្នឹងបានតំណែង ទីបញ្ចប់បានតំណែងមកវាដាក់តែគ្នាវា បក្ខពួកវាទាំងអស់»។
លោកបន្ថែមថា លោកទំនងជានឹងមិនចូលទៅបំភ្លឺតាមដីកាកោះរបស់តុលាការនោះទេ ដោយលើកហេតុផលថា ដីកាបានសរសេរខុស ទាក់ទងទីកន្លែងរស់នៅបច្ចុប្បន្នរបស់លោក។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់វីអូអេឲ្យដឹងតាម ប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថាលោកមិនទាន់បានដឹងអំពីដីកាកោះហៅលោក ញ៉ែម អេន នៅឡើយទេ ដូច្នេះលោកសុំមិនធ្វើការអត្ថាធិប្បាយ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំមុន លោកញ៉ែម អេន ធ្លាប់ដាក់ពាក្យបណ្ដឹងប្ដឹងលោក ហេង ហាក់លីម ពីបទលួចយកទូរស័ព្ទរបស់លោក ដើម្បីឆែកមើលឯកសារ និងធ្វើសកម្មភាពទុច្ចរិតផ្សេងទៀតក្នុងបណ្តាញសង្គម។ ប៉ុន្តែក្រោយមកលោក ញ៉ែម អេន បានដកពាក្យបណ្តឹងវិញ ដោយមិនចង់មានរឿងវែងឆ្ងាយតទៅទៀត។ លោក ហេង ហាក់លីម ត្រូវគេដឹងថា ជាជំនួយការព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ដែលជាព្រះមហេសីរបស់អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ។ ទោះយ៉ាងណា លោក ញឿន រ៉ាដែន បានបដិសេធថា មិនមានករណីលួចទូរស័ព្ទ ដូចការចោទប្រកាន់របស់លោកញ៉ែម អេននោះទេ៕
រាជធានីភ្នំពេញ —