អតីត​មន្រ្តី​បក្ស​ប្រឆាំង៖ គណ​បក្ស​ថ្មី​«កែ​ទម្រង់​កម្ពុជា» ​មិន​មែន​ជា​«សួន​លម្អ​ប្រជាធិប​តេយ្យ»

រូបឯកសារ៖ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ចាន់រ័ត្ន ផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្បែរអគារតុលាការកំពូល កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ អំឡុងពេលសវនាការសុំនៅក្រៅឃុំរបស់លោក កឹម សុខា មេបក្សជំទាស់។ (ទី អូលីស្សា/វីអូអេ) 

នៅ​សល់​ពេល​មិន​ដល់​មួយ​ឆ្នាំ​ផង មុន​នឹង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ចូល​មក​ដល់នៅ​ថ្ងៃទី៥ ​ខែមិថុនា ​ឆ្នាំ​២០២២ អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន បាន​សម្រេច​បង្កើត​គណបក្ស​ថ្មី​មួយ ដែល​លោក​ថា​មិន​មែន​ជា​ «សួន​លម្អ​ប្រជាធិបតេយ្យ» ឲ្យ​គណបក្ស​កាន់​អំណាច​ឡើយ។

លោក អ៊ូ ច័ន្ទរ័ត្ន ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​នយោ​បាយ តាម​រយៈ​ការ​ស្នើ​សុំ​ទៅ​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​គណបក្ស​មួយ​ឈ្មោះ​ថា ​«កែ​ទម្រង់​កម្ពុជា» ទៅ​ក្រសួង​មហា​ផ្ទៃ កាល​ពី​ថ្ងៃ​ច័ន្ទ។ ការ​ដាក់​ពាក្យ​ស្នើ​សុំ​ជា​ផ្លូវ​ការ​នេះ ក្រោយ​លោក​បាន​ប្រកាស​រង់​ចាំ​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ផ្សេង​ទៀត ចូល​ប្រទេស​វិញ ប៉ុន្តែ​គម្រោង​នោះ​មិន​បាន​សម្រេច។

ទោះ​ប្រឈមការ​រិះគន់​មួយ​ចំនួន អតីត​អ្នក​នយោ​បាយ​គណបក្ស​សង្រ្គោះ​ជាតិរូប​នេះ លើក​ឡើង​ថា​បក្ស​នយោ​បាយ​ថ្មីនេះ​មិន​មែន​ជា​ «សួន​លម្អ​ប្រជាធិបតេយ្យ» ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រដ្ឋា​ភិបាល។

លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិក​ «គណបក្ស​កែទម្រង់​កម្ពុជា​» មាន​ប្រសាសន៍​ថា ​គណបក្ស​របស់​លោកនឹង​ត្រៀម​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់ ដែល​រដ្ឋាភិបាល​កំណត់​យកថ្ងៃ​ទី៥​ ខែមិថុនា ​ឆ្នាំ​២០២២​ខាង​មុខ នៅ​ពេល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ដោយ​ក្រសួង​មហាផ្ទៃ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​រៀបចំ​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន​នៅ​ស្រុក​ខេត្ត​និង​ថ្នាក់​ជាតិ។ ហើយ​ប្រាកដ​ណាស់ ​យើង​ធ្វើ​នេះ​ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត ​២០២២ ​នេះ»។

ទោះ​ជា​យ៉ាងណា លោក​ថា ​ប្រសិន​បើ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ កាល​ពី​ឆ្នាំ​ ២០១៧ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ឡើង​វិញ គណបក្ស «​កែ​ទម្រង់​កម្ពុជា»​ នឹង​ផ្អាក​សកម្មភាព​របស់​ខ្លួន ហើយ​លោក​នឹង​ត្រឡប់​មក​ចូលរួម​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី និង​លោក​កឹម សុខា​ វិញ។

លោក ​អ៊ូ ច័ន្ទរ័ត្ន បាន​ការពារ​ខ្លួន​លោក​ថា ​ការ​បង្កើត​គណបក្ស​នេះ មិន​មែនសម្រាប់​ប្រយោជន៍​បុគ្គលនោះ​ទេ ដោយ​លោក​ចាត់​ទុ​ក​ថា​ការ​លើក​ឡើង​នេះ គ្រាន់​តែ​ជា «ការ​លាប​ពណ៌ មូល​បង្កាច់» តែ​ប៉ុណ្ណោះ​។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ​ក្រសួង​បាន​ទទួល​ស្គាល់​ការ​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​គណ​បក្ស​នយោបាយ​របស់​លោក អ៊ូ ច័ន្ទរ័ត្ន។ ប៉ុន្តែ​លោក​ថា ​ពាក្យ​សុំ​បង្កើត​គណបក្ស​មិន​ទាន់គ្រប់គ្រាន់​តាម​ការ​កំណត់​របស់​ច្បាប់​នោះ​ទេ ដោយ​សារ​នៅ​ខ្វះ​ឯកសារ​បញ្ជាក់​ស្នាម​មេ​ដៃ​សមាស​ភាព​ចំនួន​ ៨០​ នាក់ ដែល​ជា​អ្នក​ទ្រទ្រង់​បង្កើត​គណបក្ស​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នោះ ​បញ្ជាក់​ថា ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​ក្រសួង​ថា​ នឹង​ប្រគល់​ឯកសារ​បញ្ជាក់​ស្នាម​មេដៃ​សមាស​ភាព នៅ​មុន​ថ្ងៃ​ទី​១៥ ខែ​មីនា។

លោក មាជ សុវណ្ណារ៉ា អតីត​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ម្នាក់ មាន​ប្រសាសន៍​ថា ​លោក​សង្កេត​ឃើញអតីត​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​ទទួលសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី ក្នុងគោល​បំណង​ស្រោច​ស្រង់​គណបក្ស​សង្រ្គោះ​ជាតិ​ឡើង​វិញ។

ទោះ​ជា​យ៉ាងណា លោក​នៅ​មាន​មន្ទិល​នៅ​ឡើយជុំវិញ​ការ​បង្កើត​ជា​គណបក្ស​តូ​ចៗ​រៀង​ខ្លួន ដែល​លោក​ថា ​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។​

លោក​មាន​ប្រសាសន៍​ថា៖ «អតីត​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ហ្នឹង​គាត់​ថា គាត់​ចង់​ជ្រោង​បក្ស​សង្រ្គោះជាតិ​ ដោយសារ​សុំ​សិទ្ធិ​នយោបាយ ដោយ​រក​វិធី​ណា​ឲ្យ​គេ​ដោះ​ឪពុក​ម្តាយ មាន​ន័យ​ថា ដោះ​មេ ឬ​ដោះ​វិបត្តិ​នយោបាយ​ជាប់​គាំង។ ប៉ុន្តែ​កន្លង​មក អ្នក​នយោ​បាយ​សុំ​សិទ្ធិ​ជាង​មួយ​ឆ្នាំ​ហ្នឹង​ គឺ​ថា​គាត់​មិន​បាន​ធ្វើ​អី​សោះ»​។

រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/វីអូអេ)

លោក មាជ សុវណ្ណារ៉ា ឲ្យ​ដឹង​ទៀត​ថា ​អតីត​មន្រ្តី​បក្ស​សង្រ្គោះ​ជាតិ​ផ្សេង​ទៀត បាន​បង្កើត​គណបក្ស​ផ្សេងៗគ្នា ដូ​ច​ជាគណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ គណ​បក្ស​អភិរក្ស​និយម និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ជា​ដើម។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​ពួក​គាត់​សុទ្ធ​តែ​អះអាង​ថា ​នឹង​ជ្រោង​ដួង​ព្រលឹង​សង្រ្គោះ​ជាតិ ចុះ​ថា ហេតុ​អី​បាន​ជា​យើង​មិន​រួម​គ្នា ​ដើម្បី​បង្កើត​ជា​កម្លាំង​ធំ​នៃ​គណ​បក្ស​នយោបាយ​។ តើ​ជា​ឆន្ទៈ​យើង ឬ​ក៏​យើង​ដើរ​នៅ​ក្នុង​អ្វី​ដែល​បក្ស​គាត់​អំណាច​ហ្នឹង ​គេ​ចង់បាន?»។

លោក​បន្ថែម​ថា៖ «ពួក​គាត់​មិន​អាច​អូស​ទាញ​បេះ​ដូង​ប្រជាជន​បោះ​ឆ្នោត​បាន​ទេ។ ខ្ញុំ​ហ៊ាន​និយាយ​អ៊ីចឹង ដោយសារ​តែ​ខុស​កាលៈទេសៈ។ កាលៈ​ទេសៈ​នេះ ​គេ​កំពុង​មើល​ឃើញ​ សម រង្ស៊ី និង​កឹម សុខា អញ្ចឹង​ក្នុង​សារ​នេះ​អន្តរជាតិ​ ក៏​គេ​កំពុង​មើល​វិបត្តិ​នយោបាយ អន្តរជាតិ​កំពុង​តែ​រក​ដំណោះ​ស្រាយ។ ហើយ​ដល់​ពេល​យើង​ឆក់​ឱកាស​ដើម្បី​ទៅ​យក​ឈ្មោះ ដួង​ព្រលឹង​សង្គ្រោះ​ជាតិ​យើង​មក​ប្រាប់​ប្រជាពលរដ្ឋ​ក៏​គេ​អត់​ជឿ​ជាក់​ដែរ»។

នៅ​ពេលសួរ​ទាក់ទង​នឹង​លទ្ធភាព​ដែល​លោក កឹម សុខា ឬ​លោក​ សម រង្ស៊ី មក​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​គណបក្ស​ «កែ​ទម្រង់​កម្ពុជា» នេះ លោក អ៊ូ ច័ន្ទរ័ត្ន ដែល​បង្កើត​គណបក្ស​ថ្មី ថ្លែង​ថា​ លោក​ព្រម​ទទួល​អ្នក​ទាំង​ពីរ​ឲ្យ​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​គណ​បក្ស​មួយ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ប្រាកដ​ណាស់​យើង​អាច​អញ្ជើញ​មក​ធ្វើ​ជា​ប្រធាន ប្រសិន​បើ​លោក​ទទួល​យល់​ព្រម។ ហើយ​មក​ដល់​ពេល​នេះ ​ខ្ញុំ​មិន​ចង់​ពាក់​ព័ន្ធ​ទេ ព្រោះ​មាន​ការ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ពី​សំណាក់​មេធាវី​លោក​កឹម សុខា ហើយ​ៗ​ថា មិន​អាច​យក​ឈ្មោះ​លោក​មក​ពាក់ព័ន្ធ ឬ​កេង​ចំណេញ​នយោ​បាយ​ទេ»។

ទោះ​ជា​យ៉ាងណា លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា​ លោកមិន​ទាន់​មើល​ឃើញ​លទ្ធភាព​ដែល​មេដឹកនាំ​ទាំងពីរ​អាច​ត្រឡប់​មក​ឆាក​នយោ​បាយ​វិញ​នោះ​ទេ ខណៈ​ម្នាក់ៗ​កំពុងជាប់ក្នុង​សំណុំ​រឿង​របស់​តុលាការ។

លោក​មាន​ប្រសាសន៍​ថា​៖ «ម្យ៉ាង​ទៀត ឥឡូវ​នេះ លោក​ប្រធាន ​សម រង្ស៊ី​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ហ្នឹង​កាត់ទោស​លោក​ថា​ មាន​ទោស។ ដូច្នេះ​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ឈ្មោះ​លោក​ គឺ​មិន​អាច​យក​មក​ប្រើប្រាស់​ទេ»។

លោក​ មាស នី អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ទាញ​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ អាស្រ័យ​លើ​គោលនយោបាយ​របស់​គណ​បក្ស​ «កែ​ទម្រង់​កម្ពុជា»​។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​គ្រប់គ្រង​របស់​បក្ស​ ឬ​កំណែ​ទម្រង់​នៅ​ក្នុង​ការ​លើក​កម្ពស់​គោល​នយោ​បាយ​ណា​មួយ​ កំណែ​ទម្រង់​គោល​នយោបាយ​ណា​មួយ ដែល​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ទៅ​នឹង​ការ​រៀបចំ​គោល​នយោបាយ​សម្រាប់​សង្គម​ជាតិ​ សម្រាប់​ប្រទេស​ជាតិ​អា​ហ្នឹង​ វា​ជា​រឿង​សំខាន់​សម្រាប់​គណ​បក្ស​ហ្នឹង​បាទ»។

អ្នក​នាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ ឥសាន ​ធ្លាប់​លើក​ឡើង​ថា ​បក្ស​កាន់​អំណាចស្វាគមន៍​ការ​បង្កើត​គណ​បក្ស​នយោ​បាយ​ថ្មី។ លោក​លើកឡើង​ថា ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ចោល​ដោយ​ការ​ប្រព្រឹត្ត​បទ​ល្មើស មិន​មែន​ដោយ​សារ​គណបក្ស​កាន់អំណាច​មាន​ចេតនា​រំលាយ​ចោល​ទេ៕