កម្មករពីរនាក់ត្រូវបានបញ្ឈប់ពីការងារ និងកម្មករម្នាក់ទៀតត្រូវព្យួរការងារ។ កម្មករទាំងបីគឺជាតំណាងសហជីព C-CAWDU ក្នុងរោងចក្រ Quint Major Industrial Co.,Ltd, ក្នុងខេត្តកណ្តាល។ នេះបើតាមលោក អាត់ ធន់ ប្រធានសហជីព C-CAWDU។
ការបញ្ឈប់និងព្យួរការងារនេះធ្វើឡើង ក្រោយពីពួកគេមានរឿងឈ្មោះប្រកែកជាមួយសមាជិកនៃសហជីពមួយទៀតដែលទំនងជាមានជំហរគាំទ្រថៅកែរោងចក្រ។
កាលពីថ្ងៃទី៧ខែឧសភា តំណាងសហជីព C-CAWDU ចំនួនពីរនាក់នៅក្នុងរោងចក្រនេះត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កហិង្សាដោយចេតនា។ កម្មករទាំងពីររូបអាចប្រឈមនឹងទោសជាប់ពន្ធនាគារចំនួនបីឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២៥០០ ដុល្លារអាមេរិក ដោយសារបទចោទប្រកាន់នេះ។
លោកអាត់ ធន់ ប្រធានសហជីព C-CAWDU អះអាងថា សមាជិកសហជីពរបស់លោកមិនមានកំហុសទេ។ ផ្ទុយទៅវិញគឺសមាជិកនៃសមាគមមួយទៀតទេ ដែលជាអ្នកបង្កហេតុឲ្យមានជម្លោះនិងបណ្តាលឲ្យមានការវាយតប់គ្នា៕